កម្មករ SL ជាង​១០​នាក់​រង​របួស​ក្នុង​ការ​ប៉ះ​ទង្គិច ពេល​កំពុង​​​តវ៉ា​បិទ​ផ្លូវ

10/24/2013 0 Comments A+ a-

ភ្នំពេញៈ កម្មករ​ប្រមាណ​ជា​ ១០ នាក់​នៅ​រោងចក្រ​SL បាន​រង​របួស​ស្រាល​ក្នុង​ការ​ប៉ះ​ទង្គិច​គ្នា​រវាង​សន្តិសុខ​ និង​អង្គរក្ស​របស់​រោង​ចក្រ​កាល​ពី​ព្រឹកមិញ​នេះ នៅ​ពេល​ដែល​កម្មករ​ជា​ច្រើន​រយ​នាក់​កំពុង​តែ​ធ្វើ​ការ​តវ៉ា​បិទ​ផ្លូវ​នៅ​ខាងមុខ​រោង​ចក្រ​។
តំណាង​កម្មករ​​អ្នក​នាង សៀន​ សុផល ​បាន​និយាយ​កាល​ពី​ព្រឹក​ថ្ងៃ​ទី​២៤ ខែ​តុលា​នេះ​ថា​ កម្មករ​ប្រមាណជា​៣០០​នាក់​បាន​ធ្វើ​ការ​បិទផ្លូវ ​៣៧១​ ខាង​មុខ​រោង​ចក្រ​ដើម្បី​ទាម​ទារ​លក្ខខណ្ឌ​មួយចំនួន​ពី​រោង​ចក្រ​ ដែល​ការ​តវ៉ា​នេះ​ធ្វើ​ឡើង​ជិត ​៣ ​ខែ​មក​ហើយ។
អ្នក​នាង​បាន​ថ្លែង​ថា​៖ «សន្តិសុខ​ និង​អង្គ​រក្ស​របស់​ក្រុម​ហ៊ុន​បាន​គប់​ដុំថ្ម កំទេច​អំបែង​ស្រាបៀរ​អង្គរ និងបាញ់​ជំពាម​កៅស៊ូ​សំដៅមក​លើ​កម្មករ​ធ្វើ​ឲ្យ​មានការ​រង​របួស​ស្រាល​ប្រមាណជា​ ១០ ​នាក់​ ហើយ​ពួក​គេ​ត្រូវ​បាន​ទៅ​ព្យាបាល​នៅ​គ្លីនិក​ឯកជន និង​អ្នក​ខ្លះ​បាន​ត្រលប់​ទៅ​ផ្ទះ​របស់​គេ​វិញ​»។
កម្មករ​ យិន​ វណ្ណា អាយុ​ ២២ ឆ្នាំ​ដែល​រង​របួស​ចំ​ទ្រូង ជើ​ង និង​ក្បាល​បាន​និយាយថា​​ រូប​គេ​និង​កម្មករ​ផ្សេង​ទៀត​កំពុង​លេង​ទាត់​សី​នៅ​ខាង​មុខ​រោង​ចក្រ​ ស្រាប់​តែ​មាន​កំទេច​អំបែង ​និង​គ្រាប់​ថ្ម​បាន​ហោះ​ចេញ​ពី​រោង​ចក្រ​ធ្វើ​ឲ្យ​ត្រូវ​ចំ​រូប​គាត់ និង​កម្មករ​ផ្សេង​ទៀត​។
លោក​បាន​ថ្លែង​ថា៖​ «លោក​មិន​ទៅ​ណា​ទេ​ ទោះ​បី​ជា​លោក​រង​របួស​ក៏​ដោយ​ គឺ​នៅ​តវ៉ា​រហូត​ទាល់​តែ​បាន​សម្រេច​»។
សូម​បញ្ជាក់​ថា កម្មករ​រាប់​រយនាក់​បាន​នាំ​គ្នា​មក​តវ៉ា​នៅ​ខាង​មុខ​គេហដ្ឋាន​របស់​លោក​ហ៊ុន​ សែន​កាល​ពី​ថ្ងែ​ច័ន្ទ ទី២១​ខែ​តុលា ដែល​ក្នុង​នោះ​មាន​ការ​ប៉ះ​ទង្គិច​គ្នា​មួយ​ប្រាវ​ដែល​ធ្វើ​ឲ្យ​កម្មករ​ប្រមាណជា​ជាង​ ១០ ​នាក់​បាន​រង​របួស​ស្រាល​ផង​ដែរ  ៕