ពៅ បញ្ញាពេជ្រ មានមហិច្ឆតា ចង់បង្ហាញមុខជាថ្មី ក្រោយទទួលជោគជ័យ ថ្ងៃដំបូង

10/24/2013 0 Comments A+ a-

ភ្នំពេញ: បន្ទាប់ពី​ទទួលបាន​នូវ​ការគាំទ្រ យ៉ាងច្រើន​លើសលប់ ពី​សំណាក់​ទស្សនិកជន ទាំង​មិន​នឹកស្មាន​ដល់ ក្នុងការ​បង្ហាញខ្លួន លើកទីមួយ នៅក្នុង​កម្មវិធី​សប្បុរសធម៌​មួយ ដែល​បានរៀបចំ​ធ្វើឡើង នៅ​សាកលវិទ្យាល័យ​បញ្ញា​សាស្ត្រ កន្លងមក អតីត​តារាចម្រៀង ស្រី​ល្បីឈ្មោះ របស់​ផលិតកម្ម រស្មី​ហង្ស​មាស នាង ពៅ បញ្ញា​ពេជ្រ ដែល​បាន​ធ្លាក់ខ្លួន​ពិការ​អង្គុយ​លើ​រទេះ ជិត​១០​ឆ្នាំ ដោយសារ ខ្មាន់កាំភ្លើង មិន​ស្គាល់​អត្តសញ្ញាណ​លួច​បាញ់ ក្នុងអំឡុង​ឆ្នាំ ២០០៧ បាន​បញ្ចេញ​នូវ​មហិច្ឆតា​របស់ខ្លួន ចង់បង្ហាញ​វត្តមាន​ជាថ្មី​បន្តទៀត​។​
​តារាចម្រៀង នាង ពៅ បញ្ញា​ពេជ្រ បាន​លើកឡើងថា នាង​ពិតជា​មិន​នឹកស្មាន​ដល់​ទាល់តែសោះ នៅពេលដែល​ឃើញ ទស្សនិកជន ជាច្រើន បាននាំគ្នា​ស្វាគមន៍​គាំទ្រ និង​លើកទឹកចិត្ត ខណៈ​នាង​សម្រេចចិត្ត ធ្វើការ​បង្ហាញខ្លួន​លើកទីមួយ តប​តាម​ការ​អ​ញ្ចើ​ញ របស់​អ្នករៀបចំ​កម្មវិធី សប្បុរសធម៌​មួយ អោយ​នាង​ចួ​ល​រួម​ច្រៀង ដើម្បី​ស្វែងរក​នូវ​ជំនួយ​ឧ​ត្ថ​ម្ភ ដល់​កុមារកំព្រា​នៅ ក្នុងប្រទេស​កម្ពុជា​។​
​អតីត​តារាចម្រៀង​របស់​ផលិតកម្ម រស្មី​ហង្ស​មាស រូបនេះ បាន​បន្តថា ដោយសារតែ​មានការ​គាំទ្រ និង​លើកទឹកចិត្ត​ពី​ទស្សនិកជន​នេះហើយ ទើប​ធ្វើអោយ​នាង​មានចិត្ត​សប្បាយរីករាយ​ឡើងវិញ បើទោះជា​នាង​ត្រូវ​បង្ហាញ​វត្តមាន បង្ហើរ​បទ​ចម្រៀង នៅមុខ​ទស្សនិកជន​ជាច្រើន ត្រឹម​អង្គុយ​លើ​សា​ឡុង យ៉ាងណាក៏ដោយ​។ ម្យ៉ាងទៀត ការចូលរួម​គាំទ្រ និង​លើកទឹកចិត្ត ក៏​ជា​កត្តា​មួយ​ដែលមាន​សារៈសំខាន់ ក្នុង​ការជួយ​ជម្រុញ​អោយ​សភាព​នៃ​ជម្ងឺ ដែល​កំពុង​ឈឺ​រ៉ាំរ៉ៃ នៅក្នុង​ខ្លួន​របស់​នាង បាន​ស្បើយ​បន្តិច​ផងដែរ​។​
​ពាក់ព័ន្ធ​នឹង​ការបង្ហាញ​ខ្លួន​លើកដំបូង ទទួលបាន​ការគាំទ្រ និង​លើកទឹកចិត្ត​ពី​ទស្ស​និក ជន​ជាច្រើន ព្រមទាំង​ប្រមូលបាន​នូវ​ថវិកា​ពី​សំណាក់​សប្បុរសធម៌ ប្រមាណ ៥០០​ដុល្លារ នោះ តារាចម្រៀង​ដែលជា​ចៅស្រី​របស់​កវីនិពន្ធ​បទ​ភ្លេង និង​ទំនុកច្រៀង​ដ៏​ល្បីល្បាញ គឺ​លោក ពៅ ស៊ី​ផូ នាង ពៅ បញ្ញា​ពេជ្រ បានបង្ហាញ​ពី​គោលបំណង ក្នុងការ​បង្ហាញ​វត្តមាន​បែបនេះ​ជាថ្មី​បន្តទៀត ប្រសិនបើ​មានការ​អញ្ជើញ ខណៈ​អាស្រ័យ​លើ​សុខភាព​របស់​នាង​ផងដែរ​។​
​បើតាម​ការអះអាង​រប​ស់​នាង ពៅ បញ្ញា​ពេជ្រ មកទល់ពេលនេះ នៅ​មិនទាន់មាន​បណ្តា​ក្រុមហ៊ុន សមាគមន៍ ឬ​អង្គការ​ណាមួយ ធ្វើការ​ទំនាក់ទំនង​អញ្ជើញ​នាង អោយទៅ​ចូលរួម​ច្រៀង​នៅឡើយ​ទេ ។ យ៉ាងណាក៏ដោយ ជា​ចុងក្រោយ​នាង ពៅ បញ្ញា​ពេជ្រ បាន​បន្តធ្វើ​ការអំពាវនាវ​ស្វះ​ស្វែងរក​ជំនួយ​ឧបត្ថម្ភ ពី​សប្បុរសជន​នានា​បន្ថែមទៀត ដើម្បី​យកមក​ព្យាបាល​ជំងឺ​របស់​នាង ដែល​ត្រូវ​ប្រើ​រយៈពេល​យូរ​បន្តទៀត​៕​
ប្រភពពី CEN


Read more: http://www.cambodiapage.info/?p=627#ixzz2ichfCi4u