រថ​យន្ត​កុង​តឺ​ន័រ​ដឹក​ទំនិញ​ នៅ​តែ​បន្ត​ធ្វើ​ចរា​ចរណ៍​ខណៈដែល​​ ផ្លូវ​ក្នុង​ទី​រួម​ខេត្ត​បន្ទាយ​មាន​ជ័យ​ រង​ផល​ប៉ះ​ពាល់​ដោយ​ទឹក​ជំនន់​

10/12/2013 0 Comments A+ a-

ខេត្ត​បន្ទាយ​មាន​ជ័យ​ ៖ ក្រោយ​ពី​មាន​ជំនន់​ទឹក​លិច​ខេត្ត​បន្ទាយ​មាន​ជ័យ​ ចំណុច​ផ្លូវ​ជាតិ​លេខ​៥​ និង​លេខ​៦​ ឯក​ឧត្តម​ ទ្រី​ ណារិន​​ អភិ​បាល​ខេត្ត​ បាន​ចេញ​សេច​ក្តី​ជូន​ដំណឹង​ដល់​រថ​យន្ត​ដឹក​ទំនិញ​ធំៗ​ ត្រូវ​ផ្អាក​ការ​​ដឹក​ទំនិញ​ឆ្លង​កាត់​ចំណុច​ទឹក​លិច​ខាង​លើ​ ប៉ុន្តែ​ ជា​រៀង​រាល់​យប់​រថ​យន្ត​ទាំង​នោះ​ នៅ​តែ​​ធ្វើ​ចរា​ចរណ៍​ដដែល​។
ជា​ក់​ស្តែង​នៅ​យប់​ថ្ងៃទី​១២​ តុលា​ ២០១៣​ គេ​ឃើញ​មាន​រថ​យន្ត​ប្រភេទ​កុង​តឺ​ន័រ​ចំនួន​ ៥គ្រឿង​ ដឹក​ទំនិញ​បាន​ធ្វើ​ចរា​ចរណ៍​​ចេញ​ពី​ក្រុង​ប៉ោយ​ប៉ែត​ ឆ្លង​កាត់​ទី​រួម​ខេត្ត​បន្ទាយ​មាន​ជ័យ​ ស្រុក​មង្គល​បុរី​ ឆ្ពោះ​ទៅ​ភ្នំ​ពេញ​ ដែល​សកម្ម​ភាព​នេះ បាន​ផ្អើន​នឹង​សេច​ក្តី​ជូន​ដំណឹង​របស់​លោក​​អភិ​បាល​ខេត្ត​។
គួរ​បញ្ជាក់​ថា សកម្ម​ភាព​រថ​យន្ត​ប្រភេទ​ធំ​ៗ ដឹក​ទំនិញ​ឆ្លង​កាត់​ចំណុច​ផ្លូវ​ទឹក​លិច​ក្នុង​ទីរួម​ខេត្ត​បន្ទាយ​មាន​ជ័យ​នេះ គេ​ពុំ​ឃើញ​មាន​សមត្ថ​កិច្ច​ណា​ជួយ​ធ្វើ​អន្តរា​គមន៍​ទប់​ស្កាត់​ឡើយ​ ខណៈ​​ដែល​កំណាត់​ផ្លូវ​មួយ​ចំនួន​ ត្រូវ​បាន​ទឹក​កាត់​ផ្តាច់​ និង​បាន​រង​​ការ​ខូច​ខាត​ដោយ​សារ​ទឹក​ជន់​លិច​៕