បុរស​ម្នាក់​ត្រូវ​ក្មេង​ប្រទះ ​ឃើញ​លង់​ទឹក​ស្លាប់​​នៅ​ចំណុច​ គោក​ស្តែង​ក្រុង​ប៉ោយ​ប៉ែត​

10/12/2013 0 Comments A+ a-

ក្រុង​ប៉ោយ​ប៉ែត​ ៖ បុរស​ម្នាក់​​ ដែល​ជា​មេ​ក្រុម​ក្នុង​ភូមិ​ ត្រូវ​បាន​ក្មេង​​ប្រទះ​ឃើញ​លង់​ទឹក​​ស្លាប់​នៅ​ចំណុច​គោក​ស្តែង​ ស្ថិត​ក្នុង​ភូមិ​ផ្សារ​កណ្តាល​ សង្កាត់​ផ្សារ​កណ្តាល​ ក្រុង​ប៉ោយ​ប៉ែត​ កាល​ពី​វេលា​ម៉ោង​ ៦ល្ងាច​ ថ្ងៃទី​១២​ តុលា​ ២០១៣​ ខណៈ​ដែល​ក្មេង​ៗ​ កំពុង​លេង​ទឹក​នៅ​ចំណុច​ខាង​លើ​។
តាម​សម្តី​ស្ត្រី​ឈ្មោះ​ យុត​ ឡុម​ អាយុ​ ៥៣​ឆ្នាំ​ ជា​ប្រពន្ធ​សព​បុរស​រង​គ្រោះ​លង់​ទឹក​ស្លាប់ខាង​លើ​ បាន​និយាយ​ឲ្យ​ដឹង​ថា​​ ប្តី​គាត់​ឈ្មោះ​ អ៊ុង​ រ៉ាត់​ អាយុ​ ៤០​ឆ្នាំ​ អតី​ត​ប៉ូលិស​ការ​ពារ​ព្រំ​ដែន​ បច្ចុប្បន្ន​ ជា​មេ​ក្រុម​ក្នុង​ភូមិ​។ មុន​ពេល​កើត​ហេតុ​ ម៉ោង​ប្រមាណជា​ ៣រសៀល​ រូប​គាត់​ជា​ប្រពន្ធ​បាន​អ៊ុំ​ទូក​ទៅ​ប្រមូល​បាយ​ជ្រូក​តាម​ភូមិ​ ខណៈ​ដែល​ប្តី​របស់​គាត់​​​ជូន​មិត្ត​ភក្តិ​ឡើង​គោក​ ​ពេល​ត្រលប់​មក​វិញ​ពុំ​ឃើញ​ប្តី​គាត់​ឡើយ​ លុះ​មួយសន្ទុះ​ក្រោយ​មក​ ក៏​មាន​គេ​មក​ប្រាប់​ថា​ មា​នក្មេង​ប្រទះ​ឃើញ​សព​ប្តី​គាត់​លង់​ទឹក​ស្លាប់​។
តាម​សមត្ថ​កចិ្ច​ជំនាញបាន​​សន្និ​ដ្ឋាន​ថា​ បុរស​ខាង​លើ​ពិត​ជា​បាន​លង់​ទឹក​ស្លាប់​ដោយ​ខ្លួន​ឯង​ ព្រោះពុំ​​មាន​​ចំណុច​អ្វី​គួរ​ឲ្យ​សង្ស័យ​ឡើយ​ ហើយ​សព​បុរស​នោះ​ ​ត្រូវ​បាន​យក​ទៅ​កម្តល់​ទុក​នៅ​វត្ត​ជិន​វ័ន្ត​សីមា​រាម​ ហៅ​វត្ត​ម៉ុង​ចិន​ ដើម្បី​ធ្វើ​បុណ្យ​​តាម​ប្រពៃ​ណី​៕