ក្មេងៗ​​ដើរ​​រើស​​ខ្យង ប្រទះ​ឃើញ​​សព​​បុរស​​ម្នាក់ ស្លាប់​​អណ្តែត​​ទឹក​​ក្នុង​​ព្រៃ​ត្រែង​

10/16/2013 0 Comments A+ a-

រាជធានី​ភ្នំពេញ ៖ ប្រ​ជា​ពល​រដ្ឋ​​និង​​អ្នក​ធ្វើ​ដំ​ណើរ ឆ្លង​កាត់​​តាម​​បណ្តោយ ផ្លូវ​ជាតិ​​លេខ​​១ បាន​នាំ​គ្នា​​ចោម​រោម​មើល​ សាក​សព​​បុរស​​ម្នាក់ ដែល​​ដេក​ស្លាប់​​អ​ណ្តែត​ទឹក ក្នុង​​ដី​​ឡូ​​ត៍​មួយ​កន្លែង ដែល​​គេ​​មិន​ទាន់​​សាង​សង់​ផ្ទះ នៅ​រសៀល​ថ្ងៃទី​១៥ ខែតុលា ឆ្នាំ​២០១៣ ស្ថិតនៅ​ខាងកើត​ច្រកចូល​វត្ត ជ្រោយ​អំពិល ស្ថិតនៅ​ភូមិ ជ្រោយ​អំពិល សង្កាត់​ក្បាលកោះ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ​។

​មុនពេល​មានការ​ភ្ញាក់ផ្អើល គេ​ឃើញ​ក្មេងៗ​នាំគ្នា ទៅ​រើស​ខ្យង​នៅក្នុង​ដី​ឡូ​មួយកន្លែង ដែលមាន​ទឹក​ដក់​ត្រឹម​ជង្គង់ និង​ចង្កេះ ក៏​ប្រទះឃើញ​សាកសព​បុរស​ម្នាក់ អាយុប្រមាណ​ជា ៥០​ឆ្នាំ ស្លៀកខោ​ខ្លី​ពណ៌​ខៀវ ពាក់​ស្បែកជើង​ស៊ក អាវយឺត​ដៃខ្លី ទំនង​ដូចជា​អ្នក​ហាត់ប្រាណ បាន​ដេកស្លាប់ ផ្កាប់មុខ​អណ្តែត​ក្នុង​ទឹក​ជាមួយនឹង​ព្រៃត្រែង មើល​មិន​ចង់​ស្គាល់ និង​មាន​ធំ​ក្លិនស្អុយ​។​
គេ​មិនទាន់​សន្និដ្ឋានថា ជនរងគ្រោះ​ស្លាប់ ដោយ​មូល​ហេតុអ្វី​នោះឡើយ ហើយក៏​មិនមាន បន្សល់​អត្តសញ្ញាណ នៅជាប់​ខ្លួន​ដែល​អាច​សំគាល់ ពី​អាសយដ្ឋាន​នោះដែរ​។ គេ​កំពុង​សង្ស័យ​ទៅលើ អ្នក​ចាំចំការ​ម្នាក់ ដែលមាន​អាយុ និង​ភិនភាគ​ដូចខាងលើ មាន​ទីតាំង​ទល់មុខ ចំណុចកើតហេតុ ដែល​គេ​មិនទាន់​រកឃើញ​អ្នក ដែល​បាត់​ខ្លួន​នោះ​។ ប៉ូលិស​បាន​អូស សាកសព​ឡើងលើ​គោក ដើម្បី​ធ្វើ​កោសល្យវិច័យ និង​ស្រាវជ្រាវ​ពី​ករណី​ស្លាប់​នេះ​៕
ប្រភពពី វត្តភ្នំ