ព្រះមហាក្សត្រ ប្រោស​ប្រទាន​ថវិកា​ប្រមាណ ១ លាន​ដុល្លារ សម្រាប់​សាងសង់​អគារ​ថែទាំ​មនុស្ស​ចាស់​

10/16/2013 0 Comments A+ a-

ភ្នំពេញ: ព្រះមហាក្សត្រ​កម្ពុជា បាន​ប្រោស​ព្រះរាជទាន​ថវិកា ចំនួន​ប្រមាណ ១ លាន​ដុល្លារ​អាមេរិក សម្រាប់​សាងសង់​អគារ​ថែទាំ​មនុស្ស​ចាស់ នៅ​កម្ពុជា ជា​លើកដំបូង​។ អគារ​នេះ បាននិងកំពុង​សាងសង់ នៅក្នុង​បរិវេណ​នៃ​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ​-​សូ​វៀត ដោយមាន​កំពស់​៤​ជាន់ ដែល​គ្រោង​នឹង​បញ្ចប់​ការសាងសង់ និង​ដាក់​ឲ្យ​ដំណើរការ នៅ​ចុងឆ្នាំ​២០១៤ ខាងមុខ​។​
​លោក​សាស្ត្រាចារ្យ ងី ម៉េង នាយក​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ​-​សូ​វៀត បាន​ឲ្យ​ដឹងថាៈ  “​រដ្ឋាភិបាល បាននិងកំពុង​យកចិត្តទុកដាក់ ដល់​មនុស្ស​ចាស់ ដែល​កំពុង​កើន​ទ្បើង​នៅ​កម្ពុជា ព្រោះ​ជីវភាព​របស់​ប្រជាជន កាន់តែ​ប្រសើរ​ទ្បើង ដែល​ធ្វើ​ឲ្យ​ពួកគាត់រ​ស់បាន​កាន់តែ​យូរ​”​។​
​លោក​បាន​បន្តថា “​នេះ​ជា​លើកទីមួយ​ហើយ ដែល​យើង​មានកម្ម​វិធី​ថែទាំ​មនុស្ស​ចាស់ ក្រោម​ការយកចិត្តទុកដាក់ ពី​ព្រះមហាក្សត្រ និង​រដ្ឋាភិបាល​”​។
​លោក​បាន​បន្តថា​“​អគារ​នេះ មិន​ត្រឹម​ប្រើប្រាស់​សម្រាប់តែ​ព្យាបាល​ជំងឺ​ទេ តែ​ជា​មណ្ឌល​បណ្តុះបណ្តាល​បន្ត​ដល់​គ្រូពេទ្យ សម្រាប់ធ្វើ​ការងារ​ថែទាំ និង​ព្យាបាល​មនុស្ស​ចាស់ ដែល​យើង​នឹង​ពង្រីក​ទៅតាម​បណ្តា​ខេត្ត​មួយចំនួនទៀត នាពេលខាងមុខ ”​។​
​លោក​សាស្ត្រាចារ្យ ងី ម៉េង បាន​ឲ្យ​ដឹង​ដែរ​ថា បច្ចុប្បន្ន យើង​កំពុង​រៀបចំ​ក្រុមគ្រូពេទ្យ​មួយក្រុម សម្រាប់​ការងារ​នេះ ដើម្បី​ឲ្យ​ពួកគាត់​បានទទួល​ការបណ្តុះបណ្តាល​ត្រឹមត្រូវ ដើម្បី​ពេល​អគារ​នេះ បើក​ដំណើរការ យើង​មាន​គ្រូពេទ្យ​សម្រាប់ធ្វើ​ការពិនិត្យ និង​ព្យាបាល​ដល់​មនុស្ស​ចាស់​។
​អគារ​ថែទាំ និង​ព្យាបាល​មនុស្ស​ចាស់ ផ្តោតលើ​ការពិនិត្យ និង​ព្យាបាល​ជំងឺ​មួយចំនួន ដូចជា ជំងឺលើសឈាម ទឹកនោមផ្អែម ជំងឺស្ត្រូក ដែល​ធ្វើ​ឲ្យ​អ្នកជំងឺ​ស្លាប់​មួយ​ចំហៀង​ខ្លួន ងាប់​ដៃជើង ដែល​ត្រូវ​ព្យាបាល​បន្ត ជំងឺ​ភ្លេចភ្លាំង​ច្រើន និង​ការលំបាក​ក្នុងការ​ធ្វើ​ចលនា ដោយ​យើង​នឹងធ្វើ​ការព្យាបាល​ដោយ​ចលនា និង​ការហាត់​ប្រាណ និង​បញ្ហាលំបាក​បន្ទោរ​បង់តូច និង​ធំ​ជាដើម​។ អគារ​នេះ មាន​គ្រែ​សរុប ចំនួន​២៥ គ្រែ និង​កន្លែង​ផ្តល់​សេវា​អប់រំ ហាត់ប្រាណ និង​ការអប់រំ​ទាក់ទង​នឹង​ការប្រើប្រាស់​ចំណីអាហារ ឲ្យ​បាន​ត្រឹមត្រូវ​។​
​យោងតាម​ការអង្កេត​ថ្នាក់ជាតិ​របស់​ក្រសួងផែនការ កាលពី​ឆ្នាំ​២០១១ បាន​រកឃើញថា នៅ​កម្ពុជា មាន​មនុស្ស​ចាស់ ៣,៥ ភាគរយ ដែល​ពួកគាត់​មាន​អាយុ ៦៥​ឆ្នាំ​ទ្បើង​៕
ប្រភពពី CEN