ដេញ​ប្រពន្ធមិន​ឲ្យ​ឡើងផ្ទះ កូន​ទៅ​សួរ យក​ចន្ទល់រទេះ​វាយ របួសធ្ងន់​

10/16/2013 0 Comments A+ a-

ខេត្តកំពង់ឆ្នាំង​: យុវជន​ម្នាក់ បាន​រងរបួស​ជា​ទម្ងន់ ដោយសារ​ឪពុក​បង្កើត​របស់ខ្លួន យក​ចន្ទល់រទេះ វាយ​ទៅលើ​ក្បាល និង​ដងខ្លួន​ជាច្រើន​កន្លែង ក្នុង​ជម្លោះ​គ្រួសារ​មួយ ដែល​បាន​កើតឡើង កាលពី​វេលា​ម៉ោងជាង​២១ ថ្ងៃទី​១៥ ខែតុលា ឆ្នាំ​២០១៣ នៅ​នឹង​ផ្ទះ​របស់ខ្លួន ក្នុងភូមិ​ត្រពាំង​ចាន់ ស្រុក​បរិបូរណ៍ ខេត្តកំពង់ឆ្នាំង​។​
​នៅ​មន្ទីរពេទ្យ ក្រុមគ្រួសារ បាន​ប្រាប់​ឲ្យ​ដឹងថា ឪពុក​ដែលជា​ជនដៃដល់​នោះ ឈ្មោះ​កែវ ភៀ​ង អាយុ​៥៦​ឆ្នាំ​។ រីឯ​កូនប្រុស​ដែល​ត្រូវ​ឪពុក​យក​ចន្ទល់រទេះ​វាយ បណ្តាល​ឲ្យ​របួសធ្ងន់​នោះ ឈ្មោះ​អូ ឌឹ​ក អាយុ​២៩​ឆ្នាំ​។ ក្រោយពេល​កើតហេតុ ជនរងគ្រោះ ត្រូវ​បញ្ជូនមក​សង្គ្រោះ​នៅ​មន្ទីរពេទ្យបង្អែក​ខេត្តកំពង់ឆ្នាំង​។​
​ក្រុមគ្រួសារ បាន​ប្រាប់​ឲ្យ​ដឹង​ទៀតថា  នៅក្នុង​យប់កើតហេតុ​នោះ ជនដៃដល់​ជា​ឪពុក បាន​ផឹកស្រា​ស្រវឹង  ហើយ​ពេល​ត្រឡប់មកផ្ទះ​វិញ បាន​រករឿង​ឈ្លោះ​ជាមួយ​ប្រពន្ធ (​ដែល​ត្រូវជា​ម្តាយ​របស់​ជនរងគ្រោះ​)   ដោយ​ដេញ​វាយ​ប្រពន្ធ​មិន​ឲ្យ​ហូបបាយ និង​មិន​ឲ្យ​ឡើងផ្ទះ​ទៀតផង​។  ឃើញ​ដូចនេះ កូនប្រុស​បាន​ទៅ​សួរ​ពី​មូលហេតុ ធ្វើ​ឲ្យ​ឪពុក​ខឹង ក៏​ស្ទុះ​ទៅ​ទាញ​ចន្ទល់រទេះ វាយ​ទៅលើ​ជនរងគ្រោះ ជា​កូន បណ្តាល​ឲ្យ​រងរបួស​ធ្ងន់​តែម្តង​។​
​មកទល់នឹង​ព្រឹក​ថ្ងៃទី​១៦ តុលា​នេះ ជនដៃដល់​ជា​ឪពុក សមត្ថកិច្ច​នៅ​មិនទាន់​ឃាត់ខ្លួន​បាន​នៅឡើយ​ទេ​៕
ប្រភពពី CEN