ទីបំផុត​លោកស្រី​ស៊ូជី​បាន​ទទួល​នូវ​ពានរង្វាន់​សិទ្ធិមនុស្ស​សាខារ៉ូវ

10/25/2013 0 Comments A+ a-

ក្រុងស្ត្រាប៊្បួរៈ មេដឹកនាំ​ប្រឆាំង​មីយ៉ាន់ម៉ា​លោកស្រី​អ៊ុងសាន ស៊ូជី​កាលពី​ថ្ងៃ​ពុធ​នៅ​ទីបំផុត​បាន​ទទួល​ពាន​រង្វាន់​សិទ្ធិមនុស្ស​សាខារ៉ូវ​(Sakharov rights prize ) របស់​សហភាព​អឺរ៉ុប​ដែល​លោកស្រី​បាន​ឈ្នះ​ក្នុង​ឆ្នាំ​១៩៩០​នៅ​កម្រិត​ខ្ពស់​នៃ​ការ​បង្ក្រាប​ខាង​យោធា​ដ៏​ឃោរឃៅ​ប៉ុន្តែ​បាន​និយាយ ថា​កិច្ចការ​របស់​លោកស្រី​មិន​ទាន់​បាន​សម្រេច​នៅ​ឡើយ​ទេ។
ក្រុម​សមាជិក​សភាអឺរ៉ុប​បាន ផ្តល់​ឲ្យ​ម្ចាស់​ពាន​រង្វាន់​ណូបែល សន្តិភាព​លោកស្រី​ស៊ូជី​នូវ​ការ​ក្រោក​ឈរ​ទះដៃ​សាទរ​ខណៈ​លោកស្រី​បាន​ទទួល​ពាន​រង្វាន់​ពី​ប្រធាន​សភា​លោក​មារទីនស្គុល។
លោក ស្គុល​បាន​ថ្លែង​ថា​៖​«អ្នក​បាន​បង្ហាញ​ថា​អ្នក​ដែល​តស៊ូ​ប្រយុទ្ធ​ដើម្បី​ប្រជាធិបតេយ្យ​នឹង​ទទួល​យក​ជោគជ័យ​នៅ​ទីបំផុត។ ខ្ញុំ​សូម​អបអរសាទរ​អ្នក។ អ្នក​ជា​និមិត្តរូប​ដ៏​អស្ចារ្យ​នៃ​សេរីភាព​និង​ប្រជាធិបតេយ្យ​»។
ក្នុង​សម្លៀកបំពាក់​ជា​ប្រពៃណី​លឿង​ខ្ចី​និង​បៃតងចាស់​លោកស្រី​ស៊ូជី​បាន​មើលស្រាល​យ៉ាង​សមរម្យ​នូវ​ការ​កោតសរសើរ​នេះ​ដោយ​ថ្លែង​ថា នៅ​មាន​កិច្ចការ​ជាច្រើន​ដែល​ត្រូវ​ធ្វើ​ជា​បន្ត​ដើម្បី​នាំ​មក​នូវ​ប្រជាធិបតេយ្យ​ពេញលេញ​ជូន​មីយ៉ាន់ម៉ា។
ដោយ​រំឭក​ពី​របៀប​ដែល​របប​យោធា​បាន​រារាំង​គណបក្ស​សម្ព័ន្ធជាតិ​ដើម្បី​ប្រជាធិបតេយ្យ​របស់​លោកស្រី​មិន​ឲ្យ​ឡើង​កាន់​អំណាច​បន្ទាប់ពី​លោកស្រី​បាន​ឈ្នះ​ការ​បោះឆ្នោត​កាលពី​ឆ្នាំ​១៩៩០​នោះ​លោកស្រី​ស៊ូជី​បាន​សួរ​ថា​៖​«តើ​ពេល​នេះ​យើង​នៅ​ឯណា​? យើង​បាន​បង្កើត​ការ​រីកចម្រើន​តាំងពី​ឆ្នាំ​១៩៩០ ប៉ុន្តែ​យើង​មិន​ទាន់​បាន​ធ្វើការ​រីកចម្រើន​គ្រប់គ្រាន់​ទេ​»។
លោកស្រី​បាន​ថ្លែង​ថា ប្រជាជន​លោកស្រី​«​ទើប​តែ​ចាប់ផ្ដើម​ដឹង​»​ថា ពួកគេ​អាច​សួរ​សំណួរ​ដោយ​សង្កត់​ធ្ងន់​ថា​រដ្ឋធម្មនុញ្ញ​ដែល​គាំទ្រ​ដោយ​យោធា​បច្ចុប្បន្ន​នេះ​ត្រូវ​តែ​ផ្លាស់ប្ដូរ​ចេញ​»​ធ្វើ​ដូច្នោះ​ទើប​វា​ក្លាយ​ជា​ប្រទេស​ប្រជាធិបតេយ្យ​ពិតប្រាកដ​មួយ​»។
លោកស្រី​ស៊ូជី​វ័យ​៦៨​ឆ្នាំ​បាន​ចំណាយ​ពេល​១៥​ឆ្នាំ​នៅក្នុង​ការ​ឃុំ​ខ្លួន​ក្នុង​ផ្ទះ​មុន​ពេល​ត្រូវ​បាន​ដោះលែង​បន្ទាប់ពី​ការ​បោះឆ្នោត​ឆ្នាំ​២០១០៕