ក្រុមហ៊ុន​ថាមពល កោះកុង នឹង​ចុះ​ហត្ថលេខា​ថ្មី​ក្នុង​ការ​សាង​សង់​រោងចក្រ​ថាមពល

10/25/2013 0 Comments A+ a-

កោះកុងៈ លោក លី យ៉ុងផាត់ មហាសេដ្ឋី ដែល​ជា​សមាជិក​ព្រឹទ្ធសភា​មក​ពី​គណបក្ស​ប្រជាជន​កម្ពុជា និង​ជា​ម្ចាស់​ក្រុមហ៊ុន​ថាមពល​កោះកុង (KK Power) របស់​កម្ពុជា​គ្រោង​នឹង​ចុះ​ហត្ថលេខា​លើ​កិច្ច​ព្រម​ព្រៀង​វិនិយោគ​រួម​ថ្មី​មួយ​ជាមួយ​ក្រុមហ៊ុន​ថាមពល​ថៃ​នៅ​ចុង​ខែ​នេះ​ដើម្បី​កសាង​រោងចក្រ​អគ្គិសនី​ដំណើរការ​ដោយ​ធ្យូង​ថ្ម​នៅ​ខេត្ត កោះកុង។
កាល​ពី​ខែ មីនា ឆ្នាំ​នេះ​ក្រុមហ៊ុន​ថាមពល​អគ្គិសនី កោះកុង របស់​កម្ពុជា និង​ក្រុមហ៊ុន Ratchaburi Electricity Generating Holding Plc របស់ ថៃ បាន​ចុះ​ហត្ថលេខា​លើ​កិច្ច​ព្រម​ព្រៀង​វិនិយោគ​រួម​មាន​តម្លៃ ៣ ពាន់​លាន​ដុល្លារ​អាមេរិក​ដើម្បី​សាងសង់​រោងចក្រ​អគ្គិសនី ដំណើរការ​ដោយ​ធ្យូង​ថ្ម​ផ្ដល់​បរិមាណ​ថាមពល ១ ៨០០ មេហ្គាវ៉ាត់​នៅ កោះកុង។ ក្រុមហ៊ុន​ទាំង​ពីរ​កាន់​កាប់​ភាគ​ហ៊ុន ៥០ ភាគរយ​រៀងៗ​ខ្លួន។
ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​ព័ត៌មាន​របស់​ថៃ​កាល​ពី​ថ្ងៃ ទី២១ ខែ សីហា រាយការណ៍​ថា ក្រុមហ៊ុន Ratchaburi Electricity Generating Holding បាន​លុប​ចោល​កិច្ច​ព្រម​ព្រៀង​វិនិយោគ​រួម​របស់​ខ្លួន​ជាមួយ​ក្រុមហ៊ុន KK Power ប៉ុន្តែ​លោក លី យ៉ុងផាត់ បាន​ប្រាប់​កាសែត ភ្នំពេញ ប៉ុស្ដិ៍ កាល​ពី​ថ្ងៃ ទី៣០ ខែ សីហា ថា លោក​ជួប​ជាមួយ​នឹង​ដៃគូ​របស់​ថៃ​ថ្មី​ដោយ​បាន​និយាយ​ថា ក្រុមហ៊ុន Ratchaburi នៅ​តែ​ជា​ដៃ​គូ​ដដែល ប៉ុន្តែ​ពួកគេ​គ្រាន់​តែ​ផ្លាស់​ប្តូរ​ប្រភេទ​នៃ​ការ​វិនិយោគ​ប៉ុណ្ណោះ។
លោក​បាន​និយាយ​ថា៖ «យើង​នៅ​តែ​ធ្វើ​ការ​ជាមួយ​ពួកគេ​។ យើង​បាន​ផ្លាស់​ប្តូរ​ការ​វិនិយោគ​របស់​យើង​ពី​រោងចក្រ​ថាមពល​អគ្គិសនី​ដើរ​ដោយ​ធ្យូង​ថ្ម​ទៅ​ជា​ការ​ដំឡើង​ខ្សែ​ភ្លើង​អគ្គិសនី​នៅ​ក្នុង​ប្រទេស​របស់​យើង​វិញ យើង​កំពុង​តែ​សិក្សា​ពី​លទ្ធភាព​របស់​យើង​នៅ​ក្នុង​ពេល​នេះ»។
លោក លី យ៉ុងផាត់ ប្រាប់ ភ្នំពេញ ប៉ុស្ដិ៍ កាល​ពី​ចុង​ខែ សីហា ថា៖ «យើង​មាន​ដៃ​គូ​ថៃ​ថ្មី​មួយ​ដើម្បី​រួម​គ្នា​ក្នុង​ការ​សាងសង់​រោងចក្រ​ថាមពល​អគ្គិសនី​ដើរ​ដោយ​ធ្យូង​ថ្ម​ជាមួយ​យើង»។
លោក លី យ៉ុងផាត់ ជា​ម្ចាស់​ក្រុមហ៊ុន LYP Group កាល​ពី​ថ្ងៃ​ពុធ​បាន​និយាយ​ថា លោក​នឹង​បើក​កិច្ច​ប្រជុំ​មួយ​ជាមួយ​នឹង​ដៃ​គូ​ថ្មី​នេះ​ក្នុង​ពេល​ឆាប់ៗ​ក្នុង​រង្វង់​ខែ​នេះ។
លោក​លើក​ឡើង​ថា៖ «យើង​នឹង​ចុះ​ហត្ថលេខា​លើ​កិច្ច​ព្រម​ព្រៀង​នេះ​ជាមួយ​នឹង​ដៃ​គូ​ថ្មី​នៅ​ចុង​ខែ​នេះ»។ ប៉ុន្តែ​លោក​នៅ​តែ​មិន​ប្រាប់​ឈ្មោះ​ដៃ​គូ​ថ្មី​នេះ​ដោយ​លើក​ឡើង​ថា ដៃ​គូ​ជប៉ុន​នឹង​ចូល​រួម​ក្នុង​ការ​ចុះ​ហត្ថលេខា​លើ​កិច្ច​ព្រម​ព្រៀង​នេះ៖ «ដូច្នេះ អ្នក​នឹង​ស្គាល់​ឈ្មោះ​ដៃ​គូ​ថ្មី​របស់​យើង​នៅ​ពេល​អ្នក​ចូល​រួម»។
លោក​បញ្ជាក់​យ៉ាង​ច្បាស់​ថា ក្រុមហ៊ុន KK Power នឹង​វិនិយោគ​រហូត​ដល់ ៣០ លាន​ដុល្លារ​ខាង​ផ្នែក​ខ្សែ​ភ្លើង​អគ្គិសនី រវាង​រោងចក្រ​ថាមពល​ធ្យូង​ថ្ម និង​ទំនប់​វារី​អគ្គិសនី តាតៃ។
ក្រសួង ឧស្សាហកម្ម រ៉ែ​និង ថាមពល​និយាយ​ថា តម្រូវការ​ថាមពល​សរុប​របស់​កម្ពុជា​គឺ​ប្រហែល ៥០០ ម៉េហ្គាវ៉ាត់ ប៉ុន្តែ​នឹង​កើន​ឡើង​ដល់ ៣ ០០០ ម៉េហ្គាវ៉ាត់​ត្រឹម​ឆ្នាំ ២០២៥៕