គ្រោះ​ទឹក​ជំនន់​ឆ្នាំ​នេះ​បំផ្លាញ​អស់​ប្រមាណ​ជាង $១ ពាន់​លាន

10/25/2013 0 Comments A+ a-

ភ្នំពេញៈ មន្រ្តី​គណៈកម្មាធិការ​គ្រប់​គ្រង​គ្រោះ​មហន្តរាយ​បាន​ថ្លែង​ឲ្យ​ដឹង​ថា ទំហំ​នៃ​ការ​ខូច​ខាត​ទឹក​ជំនន់​បណ្តាល​មក​ពី​ទន្លេ​មេគង្គ​ទឹក​ភ្លៀង​ជន់​មក​ពី ថៃ តាម​ការ​ប៉ាន់​ប្រមាណ​គិត​ជា​ទឹក​ប្រាក់​មាន​រហូត​ដល់ ១ ពាន់​លាន​ដុល្លារ​សហរដ្ឋ​អាមេរិក ដែល​ជា​ចំនួន​ខូច​ខាត​ដ៏​ច្រើន​លើស​លប់ ទៅ​លើ​ប្រព័ន្ធ​ធារាសាស្រ្ត ផ្លូវ​ថ្នល់ និង​ហេដ្ឋា​រចនា​សម្ព័ន្ធ​ផ្សេង​ទៀត។
លោក ញឹម វណ្ណដា អនុ​ប្រធាន ទី១ នៃ​គណៈកម្មាធិការ​ជាតិ​គ្រប់​គ្រង​គ្រោះ​មហន្តរាយ​បាន​ថ្លែង​នៅ​ក្នុង​ឱកាស​ពិធី​ប្រគល់​អំណោយ ជា​ជំនួយ​សង្គ្រោះ​បនា្ទន់​របស់​ប្រទេស ជប៉ុន សម្រាប់​ជួយ​ដល់​ជន​រងគ្រោះ​ដោយ​ទឹក​ជំនន់ នៅ​ព្រលាន​យន្តហោះ​អន្តរជាតិ ភ្នំពេញ កាល​ពី​ម្សិលមិញ​ថា រដ្ឋាភិបាល​ប៉ាន់​ប្រមាណ​តម្លៃ​នៃ​ការ​ខូច​ខាត​ទឹក​ជំនន់​ឆ្នាំ​នេះ​មាន​ទំហំ​ដល់​ទៅ​ជាង ១ ពាន់​លាន​ដុល្លារ​អាមេរិក ព្រោះ​គ្រាន់​តែ​ខេត្ត​ពីរ គឺ បន្ទាយ​មាន​ជ័យ និង បាត់ដំបង មាន​ជាង ៥០០ លាន​ដុល្លារ​ទៅ​ហើយ ខណៈ​ដែល​ទឹក​ជំនន់​ធំ ក្នុង​ឆ្នាំ ២០១១ មាន​ការ​ខូច​ខាត​ប្រមាណ​តែ​ជាង ៥៥០ លាន​ដុល្លារ​ប៉ុណ្ណោះ។
លោក​បន្ត​ថា ឆ្នាំ​នេះ​មាន​ការ​ខូច​ខាត​ច្រើន ដោយ​សារ​ខូច​ខាត​ប្រព័ន្ធ​ធារាសាស្រ្ត​ទំនប់​ធំៗ ដូចជា​នៅ​ខេត្ត បាត់ដំបង បន្ទាយ​មាន​ជ័យ និង សៀមរាប ហើយ​និង​ខូច​ខាត​ផ្លូវ​ថ្នល់ ជាច្រើន​ថែម​ទៀត​ផង។
លោក ញឹម វណ្ណដា បាន​បន្ត​ថា៖ «ខ្ញុំ​ចង់​បញ្ជាក់​ថា​ផ្លូវ​ហើម​អស់​ហើយ បន្ទាប់​ពី​ទឹក​ស្រក ទំនប់​ប្រេះ​ធ្លាយ​ត្រូវ​ជុស​ជុស ប្រព័ន្ធ​ធារាសាស្រ្ត​ស្ទើរ​រង​នូវ​ការ​ខូច​ខាត​ទាំង​ស្រុង ហើយ​ចាំ​បាច់​ត្រូវ​ស្តារ​ឡើង​វិញ»។
យោង​តាម​គណៈកម្មាធិការ​ជាតិ​គ្រប់​គ្រង​គ្រោះ​មហន្តរាយ​បាន​ឲ្យ​ដឹង​ថា ទឹក​ជំនន់​ឆ្នាំ​នេះ បាន​សម្លាប់​មនុស្ស​ចំនួន ១៦៨ នាក់ ក្នុង​នោះ ក៏​បាន​បង្ក​ផល​ប៉ះពាល់​ដល់​ដំណាំ​ស្រូវ​ជាង ៣០ ម៉ឺន​ហិកតា ខូចខាត​ជា​បណ្តោះ​អាសន្ន​ចំនួន ៣ ម៉ឺន​ហិកតា ប៉ះពាល់​ដល់​ដំណាំ​រួម​ផ្សំ​រួម​មាន ពោត សណ្តែក​និង​ដំឡូង​មី ប្រមាណ ៥០៥ ៧៤៣ ហិកតា ក្នុង​នោះ​ខូច​ខាត ៦ ៦០០ ហិកតា។ ប៉ះពាល់​ផ្លូវ​ជាតិ​និង​ផ្លូវ​ខេត្ត​ប្រវែង ២៤១ គីឡូម៉ែត្រ និង​ផ្លូវ​ក្រាល​ក្រួស​ក្រហម-ស មាន​ប្រវែង ៣ ១៤៩ គីឡូម៉ែត្រ។
ជំនួយ​រដ្ឋាភិបាល​ជប៉ុន ដែល​ផ្តល់​ជា​ជំនួយ​សង្គ្រោះ​បន្ទាន់​ក្នុង​គ្រោះ​មហន្តរាយ​ដោយ​ទឹក ជំនន់​សម្រាប់​កម្ពុជា ដែល​ប្រារព្ធ​ពិធី​ប្រគល់​ជូន​កាល​ពី​ម្សិលមិញ រួម​មាន​ម៉ាស៊ីន​ភ្លើង ៥០ គ្រឿង​ធុង​ដាក់​ទឹក​យួរ​ដៃ​ចំនួន ២១០០ ធុង ម៉ាស៊ីន​បន្សុទ្ធ​ទឹក​ស្អាត​ចំនួន ៤៥ គ្រឿង និង​ធុង​ដាក់​ទឹក​ចំនួន ៤៥ ធុង ដែល​មាន​តម្លៃ​សរុប ៣២ លាន​យ៉េន។
លោក អគ្គ​រាជទូត​ជប៉ុន​ប្រចាំ​ប្រទេស​កម្ពុជា គូម៉ា ម៉ារ៉ូ យូជិ បាន​ថ្លែង​ថា ជប៉ុន​បាន​ទទួល​រង​នូវ​ការ​បាត់បង់​អាយុ​ជីវិត​ប្រជាជន​ខ្លួន​និង​ទ្រព្យ​សម្បត្តិ​ធំ​ធេង កាល​ពី​គ្រោះ​ជួប​រញ្ជួយ​ដី​និង​រលក​យក្ស ស៊ូណាមី កាល​ពី​ឆ្នាំ ២០១១ តែ​ត្រូវ​បាន​ស្តារ​ឡើង​វិញ​ដោយ​សារ​ជំនួយ​សហគមន៍​អន្តរជាតិ ក្នុង​នោះ រួម​មាន​ជំនួយ​ពី​កម្ពុជា​ផង​ដែរ។
លោក​បន្ត​ថា៖ «យើង​សង្ឃឹម​យ៉ាង​មុត​មាំ​ថា ជំនួយ​នេះ​នឹង​រួម​ចំណែក​ជួយ​សម្រាល​ការ​លំបាក​របស់​ប្រជាជន​ដែល​រងគ្រោះ​ដោយ​ទឹក​ជំនន់​នា​ពេល​ថ្មីៗ​នេះ​នៅ​កម្ពុជា»៕