កែង​ផ្លូវ​១០៣ (ភាគទី១)

10/16/2013 0 Comments A+ a-

ដោយ កែវ​ សំណាង
ភាគទី១
….នេះ​ជា​សាកសព​ទី​៤​ហើយ​ដែល​ខ្ញុំ​ត្រូវ​ចុះ​ថត​ក្នុង​ខែ​នេះ​។
…ដែល​ថាំ​ចិត្ត​នោះ​គឺ​សុទ្ធ​តែ​ស្លាប់​ចំ​ពេល​យប់​ជ្រៅ​ធ្វើ​ឲ្យ​ខ្ញុំ​ត្រូវ​ទៅ​សាល​ខ្មោច​សុំ​គេ​ថត​ទាំង​បះ​សក់​ព្រឺ​រោម​ម្តង​ៗ។
…ចាំ​ព្រឹក​ក៏បាន​ប៉ុន្តែ​ខ្ញុំ​អ្នក​កាសែត ខ្លាច​តែ​ចេញ​មិន​ទាន់​ពួក​វេបសាយ​​ទេ…​ធ្វើ​ម៉េច​ភារកិច្ច​ទៅ​ហើយ​មាន​​តែ​សុំ​គុណ​ម៉ែ​ពុក​តាម​ជួយ​កូន….នមោតស្ស​ៗៗៗ។
«អី​គេ​បង?!!!….ស្រី? អ្នក….អ្នក​ស្លាប់​ជា​ស្រី??» ខ្ញុំ​និយាយ​ទៅ​កាន់​បង​អ្នក​យាម​សាល​ទាំង​បះ​សក់​ជ្រោង។​ សំខាន់​គឺ​បី​នាក់​មុន​ជា​ប្រុស​ទាំងអស់ ចំណែក​នេះ​ជា​សព​ស្រី​ដំបូង​ដែល​អ្នក​កាសែត​កម្សត់​ដូច​ខ្ញុំ​ត្រូវ​ចូល​ថត។
«សព​អាយុ​ទើប​អាយុ​៣១ឆ្នាំទេ​អាវ៉ា! ចូល​ថត​ចូល​ទៅ! តែ​ហាម​និយាយ! ធម្មតា​គេ​មិន​ឲ្យ​ទៅ​ទេ! តែ​អាណិត​ឯង​ដែល​ខំ​ទិញ​កាហ្វេ​មក​ផ្ញើ ឲ្យ​ចូល​៥នាទី​បាន​! ថត​កុំ​ដាក់ Flash កុំ​ឲ្យ​ផ្អើល​ដល់​គេ! ទៅ!ឲ្យ​ស្រូត!»។
ស៊យ​ធំ​គឺ​អា​ប្អូន​ជីដូន​មួយ​ដែល​រាល់​ដង​ធ្លាប់​កំដរ​ឯង​មក​ជា​គ្នា ឥឡូវ​វា​គ្រុន​ពោះវៀន​ដេក​មិនទាន់​ងើប មាន​តែ​ប្រថុយ​ដើរ​រុល​ទៅ​មុខ​ម្នាក់ឯង​តាម​ពាក្យ​តឿន​របស់​បង​អ្នកយាម។
«ខ្ញុំ​ធ្វើការ​ឲ្យ​គេ​ដែរ​ទេ! មួយ​ជីវិត​នេះ​សាង​តែ​អំពើ​ល្អ កុំ​ប្រកែ​ប្រកាន់ ខ្ញុំ​ថត​រួច​ចេញ​ទៅ​វិញ​ភ្លាម​ទេ! ម្ចាស់​ទឹក​ម្ចាស់ដី​ជួយ​ផង! លោក​នេះ​គ្មាន​ខ្មោច​ទេ​អាឌី ធ្វើ​កុំ​ខ្លាច​មើល៍ វី!»​ ខ្ញុំ​និយាយ​កំឡា​ខ្លួន​ឯង​ក្នុង​ចិត្ត​ហើយ​លើក​កាមេរ៉ា​ចុច​គ្រឹបៗ​​អត់​ខ្វល់​ប្លង់​អត់​ខ្វល់​ពន្លឺ។
ការងារ​ចុងក្រោយ​ដែល​ត្រូវ​អត់ដង្ហើម​ធ្វើ​គឺ​គ្រប​កំណាត់​ស​ឲ្យ​សព​វិញ។ ខ្ញុំ​ស្ពាយ​កាមេរ៉ា​ទៅ​ក្លៀក​ខាង​ស្តាំ​ហើយ​លូកដៃ​ទៅ​យឺត​ៗ​តម្រង់​ក្រណាត់​ស​ក្បែរ​ទ្រូង​សព….
….ភូស….
ប៉ុន្តែ​កុំ​ភ័យ…មិន​មែន​ស្រី​៣១ឆ្នំា​នោះ​ក្រោក​មក​ទាញ​ដៃ​ខ្ញុំ​ទេ​ គឺ​«ភូស»​នោះ​ស្នូរ​បោក​កាសែត​របស់​បង​ប្រុស​ខ្ញុំ​លើ​តុ​ផ្ដៅ​នៅ​ព្រឹក​បន្ទាប់។
«រៀន​ដល់​ទៅ​អនុបណ្ឌិត​ទៅ​ធ្វើ​អ្នក​កាសែត​​ម៉ា​​រៀលៗ សរសេរ​អី​មិន​សរសេរ ​សរសេរ​តែ​រឿង​ខ្មោច?»
ខ្ញុំ​បូញ​មាត់​បឺត​កាហ្វេ​ធ្វើ​មិន​ដឹង​ដែល​គាត់​ឌឺ​ខ្ញុំ។
ពេល​ក្មួយ​ខ្ញុំ​ដើរ​កាត់ ​ខ្ញុំ​លើក​វា​ថើប​ខ្សឺត​ហើយ​ក្រោក​ទាញ​ម៉ូតូ​ចេញ​ទៅ​ធ្វើការ​វឹង​ខ្ជិល​ស្ដាប់​បង​ខ្ញុំ​ទេសនា។
ជិះ​កាត់​ផ្លូវ​កាច់​ជ្រុង​មួយ ខ្ញុំ​ឃើញ​រទេះ​ភេសជ្ជៈ​ចល័ត​ក៏​បត់​ម៉ូតូ​បក​មក​វិញ​ឈប់​អែប​ក្បែរ​រទេះ​ស្រែក​រក​ម្ចាស់៖
«អ្នក​លក់!?»
ពេល​ខ្ញុំ​ឱន​លូក​កាបូប​លុយ​បើក​យក​ក្រដាស​ពីរ​ពាន់​មួយ​សន្លឹក​ចេញ​មក​ត្រៀម​ឲ្យ​ហើយ​ សំឡេង​ស្រួយ​ឆ្មា​មួយ​ឆ្លើយ​វិញ៖
«ចា៎»
«ចុម! ដូច​សូរ​សំឡេង​ស្រី​ស្អាត?»
ខ្ញុំ​ជា​អ្នក​កាសែត​កាលីប​ងើប​មុខ​រំពៃ​រក​មើល​ប្រភព​នៃ​សំឡេង​ភ្លាម។
ស្រី​តូច​ដូច​សំឡេង​ងើប​មក​ពី​ក្រោយ​រទេះ​មាន​កាន់​កន្សែង​ជូត​តុ​នៅ​នឹង​ដៃ​ផង។ ឃើញ​មុខ​គេ​ខ្ញុំ​ភ្លេច​ពី​រឿង​ថា​​គួរ​ទិញ ​Coca​ឬ​Sting។​ ខ្ញុំ​ចំហ​មាត់​ព្រោះ​តែ​គេ​ស្អាត​ជាង​តួ​ នី ​មុនីនាថ​ ទៅ​ទៀត​គឺ​ស្អាត​ជាង​ត្រង់​គេ​មាន​មុខ​ស្រដៀង​ ប៉ុន្តែ​រាង​រៅ​ខ្ពស់ ហើយ​សាច់​ស​ដូច​កាត់​ចិន។ គេ​ញញឹម​ស្រស់​ស្វាគមន៍​ខ្ញុំ​ប៉ុន្តែ​តាម​ពិត​ចង់​អួត​ធ្មេញ​ស​ត្រឹម​របស់​គេ។
«យក​អី​ដែរ?»
ខ្ញុំ​ភ្ញាក់​មក​វិញ​ធ្វើ​ភ្នែក​មមី។ បើ​ទិញ​ទឹក​ប្រហែល​ជា​មើល​នាង​មិន​បាន​យូរ​ទេ​តែ​បើ​សួរ​ព័ត៌មាន​ប្រហែល​ជា​បាន​យូរ​ជាង​ហ្នឹង។
«កូកា!»
ខ្ញុំ​ចុះ​ពី​ម៉ូតូ​ចំ​ពេល​នាង​គាស់​គម្រប​ឆាច់។ ដៃ​នាង​ស​អើយ​ស​ខ្ចី​អើយ​ខ្ចី។ ពេល​នាង​ហុច​មក​ខ្ញុំ​ញញឹម​ហើយ​ឲ្យ​លុយ​នាង។ ពេល​បឺត​បាន​បន្តិច​ខ្ញុំ​ធ្វើ​ជា​ងើប​មុខ​សួរ។
«ជិះ​កាត់​រាល់​ង៉ៃ ម៉េច​មិន​ដែល​ឃើញ​លក់?»
ស្រី​ស្អាត​មមាញឹក​ជូត​រទេះ តែ​ក៏​នៅតែ​ឆ្លើយ​ធ្វើ​ដូច​មិន​ដឹង​ថា​ខ្ញុំ​កំពុង​លេង​ក្បួន​តាប៉ែ។
«មក​ពី​បង ឯង​អត់​ចាប់​អារម្មណ៍​ហ្នឹង!»
​ចាប់ពី​ពេល​នោះ​មក​ខ្ញុំ​ស្រេក​ទឹក​ច្រើន​ជាង​ឃ្លានបាយ។ ទោះបី​នៅ​ឆ្ងាយ​ដល់​ណា​ក៏ដោយ កាហ្វេ កូកា Sting​គឺ​ត្រូវ​ជិះ​មក​ទិញ​ដល់​នេះ។ ទីបំផុត​ខ្ញុំ​ស្គាល់​ឈ្មោះ​គេ គេ​ឈ្មោះ«អាភស្ស»។
«ហើយ​ថ្ងៃ​ហ្នឹង​បង​ឯង​មក​ហូប​កាហ្វេ​ទាំង​ថ្ងៃត្រង់? បាយ​រួច​ឬ​នៅ?»
នាង​សួរ​ពេល​ខ្ញុំ​មក​ទិញ​ចំ​ម៉ោង​១២​ថ្ងៃ​ត្រង់​។
«ចាំ​បាច់​សួរ? នឹក​អ្នក​លក់​ពេក​ហ្នឹង​ហើយ!»
នាង​សើច​អៀន​ឈ្ងោក​មុខ​ដៃ​រៀបចំ​លាយ​កាហ្វេ​ឲ្យ​អ្នកកាសែត​ស្តេច​តាប៉ែ។
«កុំ​មក​ប្រូ! គ្មាន​កាហ្វេ​ហ្វ្រី​ទេ!»
«នឹក​មែន​ណ៎ា!»
ខ្ញុំ​ក្រឡេក​ទៅ​ឃើញ​សំពត់​នាង​ប្រឡាក់​ដី​ដោយ​អន្លើ​ក៏​សួរ​ភ្លាម៖
«សំពត់​ប្រឡាក់​អី?»
អា​ភស្ស​ផ្លាស់​ទឹកមុខ​ឱន​មើល​ហើយ​រលាស់​បោស​ធូលី​ចេញ។
«ដួល!»
ខ្ញុំ​ភ្ញាក់​ព្រើត​នឹង​ចម្លើយ​កំបុត​ឆ្កុយ​របស់​នាង ហើយ​ប្រញាប់​សួរ​វិញ​ភ្លាម៖
«ម៉េច​បាន​ដួល? មាន​ត្រូវ​ត្រង់​ណា​អត់?»
នាង​ធ្វើមុខ​ស្ងួត ហើយ​ឆ្លើយ​បន្លប់៖
«មាន​អី​ឯ​ណា!»
ខ្ញុំ​ដឹង​ថា​តាមពិត​គេ​ជា​ស្រី​ស្អាត​មិនបាច់​មក​ហត់​នឿយ​ជាមួយ​ការងារ​នេះ​ទេ។ នៅ​ពេល​ដែល​ស្រីៗ​ជា​ច្រើន​គេ​ប្រើ​ផ្លូវ​កាត់​ដើម្បី​រស់នៅ​ស្រួល​មាន​ឡាន​ឡូយ​ៗ​ជិះ​ស្លៀកពាក់​ឡូយឆាយ អាភស្ស​អាច​ជៀស​ពី​ការ​លំបាក​រុញ​រទេះ​កាហ្វេ​នេះ​ហាល​ភ្លៀង​ហាល​ខ្យល់​បាន ប៉ុន្តែ​ភាព​ថ្លៃថ្នូរ​ត្រឹមត្រូវ​របស់​នាង បាន​ធ្វើ​ឲ្យ​នាង​អាច​ស៊ូ​ជាមួយ​ការ​លំបាក​ទាំងអស់​នេះ​បាន។ កាន់​តែ​គិត​ខ្ញុំ​កាន់​តែ​អាណិត​នាង។ ពិសេស​រដូវ​វស្សា​នេះ​ខ្ញុំ​ដឹង​ថា​នាង​កាន់តែ​លំបាក​ជាមួយ​មុខរបរ​ប្រចាំថ្ងៃ។ ខ្ញុំ​និយាយ​តាម​របៀប​មួម៉ៅ​៖
«​អាណា​គេ​ជិះ​ឡាន​ប៉ះ​ដឹង?​»
អាភស្ស​នៅ​ស្ងៀម​ជា​សញ្ញា​ថា​ការសង្ស័យ​របស់​ខ្ញុំ​ត្រូវ​ពិត​មែន។ ខ្ញុំ​កាន់​តែ​នឹក​ក្ដៅ​ចិត្ត​ចុះ​ពី​ម៉ូតូ​ទៅ​ទាញ​កៅអី​ទៅ​អង្គុយ​វឹង​ពី​ក្រោយ​នាង​។ នាង​ហុច​កែវ​កាហ្វេ​មក​ខ្ញុំ​លូក​ដៃ​ទទួល​ទាំង​មុខ​ខឹង។
«អា​ចង្រៃ​ណា​បើក​ឡាន​អត់​មើល​មនុស្ស​ទេ?»
ហេតុ​តែ​អាណិត​នាង​ ពេល​នៅ​យប់​នោះ​ខ្ញុំ​ចេញ​ពី​ធ្វើការ​មក ​ក៏​បបួល​នាង​ដើរ​កម្សាន្ត។ ឆ្លៀត​ពេល​នោះ​ខ្ញុំ​ក៏​សុំ​ស្រលាញ់​នាង​ជា​សង្សារ​ហើយ​សុំ​ការពារ​នាង​ក្នុង​នាម​ជា​កូន​ប្រុស។ អាភស្ស​ប្រាប់​ថា​នាង​ជា​កូនច្បង​ក្នុង​គ្រួសារ​កសិករ​មាន​ស្រុក​កំណើត​នៅ​ខេត្ត​ស្វាយរៀង។ នាង​មក​ភ្នំពេញ​តាំង​ពី​អាយុ​១៦​ឆ្នាំ​ធ្វើការ​រោងចក្រ​ជាមួយ​ម្ដាយ​មីង ​តែ​ដោយ​ហត់​ពេក​នាង​បាន​ចេញ​មក​លក់ដូរ​វិញ។
ចំពោះ​សេចក្ដី​ស្រលាញ់​របស់​ខ្ញុំ នាង​ថា​មិន​ជំទាស់​ទេ តែ​នាង​កាន់តែ​បារម្ភ​ព្រោះ​វណ្ណៈ​ខុសគ្នា​នាំ​តែ​ថ្ងៃ​មុខ​មិន​បាន​ជួប នាំ​មាន​ការ​ឈឺចាប់​លើស​ដើម។ ពេលនោះ​ខ្ញុំ​ប្រាប់​នាង​ថា ស្នេហា​គ្មាន​វណ្ណៈ​ទេ ហើយ​គ្មាន​អ្នកណា​អាច​ធ្វើ​ឲ្យ​នាង​ឈឺចាប់​ឡើយ​ព្រោះ​ខ្ញុំ​នឹង​ការពារ​នាង។
«បង​មិន​យក​ស្រី​ណា​ធ្វើ​ប្រពន្ធ​ទេ​បើ​មិនបាន​អូន​ឯង»
នាង​ឆ្លើយ​មក​វិញ​ថា៖
«ថ្ងៃ​ក្រោយ​បង​ជា​ប្ដី​របស់​អូន​អញ្ចឹង​បង​និយាយ​ថា​ម៉េច​ក៏​អូន​ធ្វើ​តាម​ដែរ!»។
ទោះ​និយាយ​អញ្ចឹង​មែន ​តែ​យប់​នោះ​ត្រលប់​មក​ផ្ទះ​វិញ ខ្ញុំ​ត្រូវ​ឈ្លោះ​ជាមួយ​បង​ប្រុស​ខ្ញុំ​ទៀត​ដោយ​សារ​គាត់​ហៅ​ទៅ​មើល​កូន​គេ​មួយ​ជា​កូនស្រី​ថៅកែ​បោះ​ដុំ​ទឹកក្រូច​នៅ​អូឡាំពិក​ត្រូវ​ជា​ខ្សែ​ឆ្ងាយ​ប្រពន្ធ​គាត់​តែ​ខ្ញុំ​ប្រកែក ព្រោះថា​ទី​មួយ​ខ្ញុំ​អាណិត​អាភស្ស ខ្ញុំ​ស្រលាញ់​គេ​ចង់​បាន​គេ​ជា​គូ​អនាគត​មែន ទីពីរ ខ្ញុំ​ចង់​ធ្វើ​ជា​អ្នក​កាសែត​ល្បី​មិន​ចង់​ក្លាយ​ជា​អ្នក​សំកុក​មើល​បញ្ជី​នៅ​ឃ្លាំង​បោះ​ដុំ​ទឹកក្រូច​ទេ​។ ម្ដង​ណេះ​បង​ខ្ញុំ​គាត់​ខឹង​យក​តែ​មែនទែន​ព្រោះ​គាត់​មិន​ចង់​ឲ្យ​ខ្ញុំ​បន្ត​ការងារ​ហ្នឹង​ទៀត​ទាំង​ខ្ញុំ​មិន​ទាន់​បាន​បញ្ចេញ​សមត្ថភាព​ឲ្យ​អស់​ចិត្ត​ផង។
ចំណែក​ព្រឹក​បន្ទាប់​គឺ….ដល់​វេន​បង​និពន្ធ​នាយក​លត់​ខ្ញុំ​ម្ដង…
«ឌី​ឯង​សរសេរ​រឿង​ខ្មោច​ទៀត​ហើយ?! សំណុំ​រឿង​ហ្នឹង​គេ​បូជា​ជិត​មួយ​ខែ​ហើយ ខ្វះ​រឿង​សរសេរ​ណាស់?​ គិត​ចង់​សរសេរ​រឿង​ដដែលៗ​ហ្នឹង​១​ឆ្នាំ​ពេញ?»
«អត់​ទេ​បង! តែ​នៅ​មាន​តម្រុយ​ច្រើន​ដែល​ទើប​តែ​រក​ឃើញ។ ខ្ញុំ​សង្ស័យ​ថា…..»
ខ្ញុំ​អត់​ទាន់​និយាយ​ចប់​ផង បង​និពន្ធ​នាយក​ស្រែក​កាត់​មក​វិញ៖
«អញ្ចឹង​ឌី​ឯង​ទៅ​ធ្វើ​ប៉ូលិស​វិញ​ទៅ! រឿង​មាន​គំនរ​គរ​ដី​រក​អ្នក​សរសេរ​មិនបាន ឌី​ឯង​ម៉្ងៃៗ​ការងារ​មិន ធ្វើ​ទៅ ធ្វើ​អ្នក​ស៊ើប​ការណ៍​រឿង​ខ្មោច?»
ល្ងាច​នោះ​ខ្ញុំ​អត់​សប្បាយ​ចិត្ត​ជា​ខ្លាំង និយាយ​សរុប​គឺ​បាក់​ទឹកចិត្ត។ ខ្ញុំ​អត់​ទៅ​រក​អាភស្ស​ទេ តែ​មក​អង្គុយ​ផឹក​ម្នាក់​ឯង​នៅ​បៀរ​ហ្គាដេន។ ដែល​ស្មុគស្មាញ​បំផុត​គឺ​បង​ប្រុស​ចាប់​ឲ្យ​ការ​ប្រពន្ធ​ទាំង​ខ្ញុំ​នៅ​ចង់​ធ្វើ​អ្នក​កាសែត​ឯ​មេ​ខ្ញុំ​យល់ថា​ខ្ញុំ​ធ្វើ​អ្នកកាសែត​មិន​កើត​មិន​ដែល​សរសេរ​បាន​រឿង​អី​ក្រៅពី​រឿង​ខ្មោច ឬ​មួយ​ជីវិត​ខ្ញុំ​ពិត​ជា​ត្រូវ​ឃ្លាត​ពី​ចុង​ប៊ិច​ដូរ​ទៅ​ជា​អ្នក​បោះ​ដុំ​ទឹកក្រូច​តែ​ម្ដង​ឲ្យ​វា​ចប់​រឿង?
«បង?»
ខ្ញុំ​ភ្ញាក់​ព្រើត​ទាំង​ស្រឿង​ៗ។ ម៉េច​ក៏​អាភស្ស​ដឹង​ថា​ខ្ញុំ​​នៅ​ហ្នឹង?
ខ្ញុំ​ងើប​មុខ​សម្លឹង​នាង​ដែល​មក​ឈរ​នៅ​ឆ្វេង​ដៃ​ខ្ញុំ​តាំង​ពី​ពេល​ណា​ក៏​មិន​ដឹង។ ទឹកមុខ​នាង​នៅតែ​ក្រហម តែ​ក៏​នៅ​តែ​ស្អាត។ នៅ​ក្រោម​អំពូល​ភ្លើង​ពណ៌​របស់​កន្លែង​ផឹកស៊ី អា​ភស្ស​ស្អាត​ដាច់​អស់​ពួក​នារី​ផ្សាយ​ស្រា​បៀរ។ ខ្ញុំ​ទាញ​កៅអី​ទទួល​នាង។
«ហើយ​ម៉េច​ក៏​មក​កន្លែង​នេះ?»
នាង​មិន​ឆ្លើយ​បែរ​ជា​សួរ​ខ្ញុំ​តិចៗ​បន្ទាប់​ពី​អង្គុយ​ចុះ​ក្បែរ​ខ្ញុំ។
«បង​ឯង​ពិបាក​ចិត្ត?»
ខ្ញុំ​មិន​ចង់​និយាយ​កុហក ហើយ​ខ្ជិល​រក​ពាក្យ​ភរ​ក៏​និយាយ​តាម​ដំណើរ៖
«គេ​ថា​បង​ធ្វើការ​មិន​កើត!»
«បង​ឯង​ចូលចិត្ត​ធ្វើ​អ្នកកាសែត​ណាស់?»
ខ្ញុំ​អត់​ឆ្លើយ​ព្រោះ​កំពុង​ធ្លាក់​ទឹក​ចិត្ត។ ខ្ញុំ​ដឹង​ថា​ត្រឹម​ស្រី​រុញ​រទេះ​កាហ្វេ​ម្នាក់ នាង​គ្មាន​អី​អាច​ជួយ​រំលែក​ទុក្ខ​សង្សារ​បាន​ទេ ខ្ញុំ​ប្រុង​ថា​ងាក​ទៅ​បបួល​នាង​និយាយ​រឿង​ផ្សេង​ស្រាប់​តែ​អា​ភស្ស​និយាយ​មក​បន្ត​ទៀត​ភ្លាម៖
«ចុះ​ម៉េច​បង​ឯង​ចូលចិត្ត​សរសេរ​រឿង​ខ្មោច​ម៉្លេះ?»
ខ្ញុំ​ងាក​សម្លឹង​មុខ​នាង តាម​ពិត​គឺ​ខ្ញុំ​ចង់​ដូរ​ប្រធានបទ​ព្រោះ​ដឹង​ថា​និយាយ​រឿង​ការងារ​ជា​មួយ​នាង​គ្មាន​ប្រយោជន៍​ទេ​ព្រោះ​នាង​រៀន​បាន​តិច តែ​ពេល​ឃើញ​ពន្លឺ​ភ្នែក​នាង​កាលណា ក៏​អាណិត​នាង​ព្រួច​ព្រោះ​នាង​កំពុង​បង្ហាញ​សេចក្តី​បារម្ភ​ពិត។
រំបល់​យ៍​​អាឌី! លើ​លោក​នេះ​បើ​គ្មាន​អ្នកណា​យល់​ចិត្ត​ឯង​ទេ មាន​អា​ភស្ស​ដែរ​តើ និយាយ​ប្រាប់​នាង​ក៏​គ្រាន់​បាន​ធូរ​ទ្រូង​ដែរ។
«ព្រោះ​បង​យល់​ថា​មនុស្ស​អស់​នោះ​ស្លាប់​ចម្លែក​ៗ! ប្រាកដ​ជា​មាន​អាថ៌កំបាំង​ពី​ក្រោយ​ហ្នឹង! អូន​ឯង​គិត​មើល! មនុស្ស​ស្លាប់​បន្ត​កន្ទុយ​គ្នា​ដល់​ទៅ​បួន​នាក់​ស្ថានភាព​ស្លាប់​គឺ​ប្រហាក់​ប្រហែល​គ្នា! ទឹកមុខ​ដូចជា​នៅ​មុន​ពេល​ស្លាប់​បាន​ជួប​រឿង​អ្វី​មួយ​រន្ធត់​ហួស ពួកគេ​យល់ថា​រឿង​កើត​ឡើង​នៅកន្លែង​ខុស​គ្នា​ៗ វា​គ្រាន់​តែ​ជួន​គ្នា តែ​បង​ទើប​តែ​រក​ឃើញ​រឿង​មួយ អូន​ឯង​ដឹង​អត់​មនុស្ស​ប្រុស​បី​នាក់​ដែល​ស្លាប់​កាល​ពី​ប៉ុន្មាន​ខែ​មុន​និង​ម្នាក់​ស្រី​អាយុ​៣១​ដែល​ស្លាប់​ពី​កាល​ជាង១០​ថ្ងៃ​មុន​នេះ​តាមពិត​អាច​ថា​ស្គាល់​គ្នា​ពី​មុន​មក!»
ខ្ញុំ​បញ្ឈប់​សម្ដី​ត្រង់​នេះ​ព្រោះ​ឃើញ​នាង​ដូច​ស្ងាត់​មាត់​ច្រៀប​ពេក។ ខ្ញុំ​ងាក​ទៅ​សម្លឹង​កែវ​ភ្នែក​មូល​ក្លំ​របស់​អា​ភស្ស ឃើញ​នាង​មើល​មក​ខ្ញុំ​ស្ទើរ​មិន​ប៉​ព្រិច​ភ្នែក​សោះ​ទេ។
«អូខេ កុំ​ខ្លាច​អី បង​ឈប់​និយាយ​ហើយ!»
ស្រាប់តែ​នាង​បដិសេធ៖
«អត់​អី​ទេ! បង​ឆាប់​និយាយ​ត​ទៀត​ទៅ!»
ខ្ញុំ​មិន​ចង់​ទេ​តែ​មើល​ទៅ​នាង​ដូចជា​កំពុង​ជក់​ស្ដាប់។ ម្យ៉ាង​ដែរ​កាល​ដែល​ខ្ញុំ​ខំ​ស៊ើប​រឿង​នេះ​ដូច​គ្មាន​អ្នកណា​នៅ​កន្លែង​ធ្វើការ​ខ្ញុំ​ឲ្យ​តម្លៃ​ការ​ប្រឹងប្រែង​របស់ខ្ញុំ​សោះ​ បែរ​ជា​អា​ភស្ស​យល់​ចិត្ត​ខ្ញុំ​ទៅវិញ​។​ ខ្ញុំ​និយាយ​បន្ត​ភ្លាម៖
«អូន​ឯង​ដឹង​អត់? មនុស្ស​បួន​នាក់​ដែល​ស្លាប់​ហ្នឹង​ កាល​ពី១៥ឆ្នាំ​មុន​ធ្លាប់​មាន​ប្រវត្តិ​ជា​អ្នក​លក់​ដូរ​នៅ​សំយាប​ផ្លូវ​មួយ​ក្បែរ​មណ្ឌល​ក្មេងកំព្រា។ ក្រោយ​មក​រដ្ឋាភិបាល​លក់​កន្លែង​នោះ​ឲ្យ​ក្រុមហ៊ុន​ឯកជន​មួយ​ហើយ​គេ​ក៏​ឈូស​ឆាយ​ផ្លូវ​នោះ​ឡើង​វិញ ពួកគេ​ក៏​បែកខ្ញែក​គ្នា​អស់​ទៅ។ ប្រុសៗ​បី​នាក់​មុន​នោះ​ម្នាក់​ជា​មេជាង​កាត់ដេរ ម្នាក់​បក​ទៅ​ស្រុក​រស់នៅ​ជា​កសិករ ចំណែក​ម្នាក់ទៀត​រៀន​ចប់​បាន​រៀបការ​ជាមួយ​កូនស្រី​​អ្នក​មាន។ ចំណែក​ស្រី​ម្នាក់​ចុង​ក្រោយ​គឺ​ជា​ម្ចាស់​ហាង​កែ​សម្ផស្ស​»
អា​ភស្ស​នៅតែ​ស្ងៀម​ដដែល​ប្រហែល​នាង​កំពុង​ជក់​ស្ដាប់ ខ្ញុំ​ក៏​​បាន​ចិត្ត​និយាយ​បន្ត​ទៀត៖
«ចម្លែក​គឺ​ពួកគេ​បែក​គ្នា១​៥ឆ្នាំ​មិន​ធ្លាប់​ទាក់ទង​គ្នា​ទេ​តែ​ឥឡូវ​ស្រាប់តែ​មក​ស្លាប់​បន្តបន្ទាប់​គ្នា! អូន​យល់​ថា​ប្លែក​ដែរ​អត់​? រឿង​បែប​នេះ​បើ​សរសេរ​ទៅ ​មុខ​តែ​មាន​អ្នក​មើល​ច្រើន តែ​មេ​បង​គាត់​គិត​ថា​គ្មាន​បានការ​ទៅវិញ! យ៉ាប់​មែន​ធ្វើ​កូនចៅ​គេ!»
«ជួនកាល​មេ​បង​ក៏​គិត​ត្រូវ នៅ​មិន​នៅ​បង​ឯង​សរសេរ​រឿង​ខ្មោច​ធ្វើ​អី? ពិសេស​រឿង​ហ្នឹង​ទៀត ជួន​កាល​យើង​មិន​សម​ទៅ​គាស់​កកាយ​រឿង​អាថ៌កំបាំង​ដែល​អត់​ទាក់ទង​នឹង​ខ្លួន​យើង​ទេ!»
ខ្ញុំ​មិន​ដឹង​ផង​ទេ​ថា​ហេតុអ្វី​ដល់​វេន​នាង​ម្នាក់​ទៀត​ហើយ​ដែល​ជំទាស់​ខ្ញុំ។ ប្រហែល​នាង​ខ្លាច​ថា​រឿង​ខ្មោច​ជា​រឿង​អពមង្គល​អាច​នាំ​ស៊យ​ដល់​ខ្ញុំ​ហើយ​មើល​ទៅ​បាន​ជា​នាង​និយាយ​ដូច្នេះ។ ខ្ញុំ​ពោល​ពន្យល់​នាង៖
«បង​ចង់​ល្បី! បង​ចង់​ឲ្យ​មេ​បង​ដឹង​ថា​អ្វី​ដែល​បង​អាច​ធ្វើ​បាន វា​គ្រាន់បើ​ជាង​ពួក​កូនចៅ​សំណព្វ​ចិត្ត​របស់​គាត់​ឆ្ងាយ​ណាស់! រឿង​ដែល​កាន់​តែ​អាថ៌កំបាំង បើ​យើង​អាច​លាតត្រដាង​ចេញ​មក យើង​នឹង​ល្បី! មេ​យើង​ក៏​លែង​មើល​ងាយ​យើង​បាន​ទៀត​ដែរ អូន​ឯង​យល់​អត់!»
នាង​ដូចជា​ទើប​យល់​ច្បាស់​ពី​គោលបំណង​ខ្ញុំ​ទើប​ងក់ក្បាល​ផ្ងក់ៗ។
«អញ្ចឹង​បង​ឯង​សង្ស័យ​ថា ការ​ស្លាប់​របស់​ពួកគេ​មាន​ទាក់ទង​នឹង​មុខ​របរ​ចាស់​ឬ​ទាក់ទង​នឹង​កន្លែង​ដែល​គេ​ធ្លាប់​ស្គាល់​គ្នា?»
ខ្ញុំ​តប​វឹង៖
«ទំនង​ជា​អញ្ចឹង! មិន​ទាន់​ថា​បាន​១០០%​ទេ តែ​អាច​ថា​មាន​ទាក់ទង​នឹង​រឿង​រវាង​១៥​ឆ្នាំមុន​ព្រោះ​ហេតុអ្វី​បាន​ជា​អ្នក​ស្លាប់​ជា​មនុស្ស​ដែល​ពី​មុន​ធ្លាប់​លក់ដូរ​ក្បែរ​គ្នា​នៅ​ផ្លូវ​តែ​មួយ​នោះ?»
«អញ្ចឹង​ប្រហែល​ជា​អាច​មាន​អ្នក​ស្លាប់​បន្ត​ដែរ​ទេ​បើ​អ្នក​លក់​នៅ​កន្លែង​នោះ​មិនមែន​មាន​ត្រឹម​តែ​បួន​នាក់​ហ្នឹង?? នាង​សួរ​ខ្ញុំ​ដោយ​ផ្ដោត​សម្លឹង​ខ្ញុំ​ផង។ អា​ឌី​ខ្ញុំ​បើកភ្នែក​ធំ​ៗ​សឹង​មិន​ជឿ​នឹង​ត្រចៀក​ខ្លួន​ព្រោះ​ថា​អ្វី​ដែល​ខ្ញុំ​គិត​មិន​ចេញ​នាង​ស្រាប់​តែ​គិត​ឃើញ?
«មែនហើយ! ម៉េច​ក៏​បង​នឹក​មិន​ឃើញ? បើ​រឿង​ហ្នឹង​មាន​ទាក់ទង​នឹង​កន្លែង​កែង​ផ្លូវ​ដែល​ពួកគេ​លក់ដូរ​មែន ហើយ​បើ​ពួកគេ​មាន​គ្នា​ច្រើន​ជាង​ហ្នឹង ប្រាកដជា​អាច​មាន​អ្នក​ស្លាប់​បន្ត​ទៀត! ពុទ្ធោ! បើ​អញ្ចឹង​មែន….»​ ខ្ញុំ​រៀបនឹង​បញ្ចប់​ថា​ខ្ញុំ​មិន​ចង់​ឃើញ​មាន​អ្នកណា​ម្នាក់​ស្លាប់​បន្ត​ទៀត​ទេ សង្សារ​ខ្ញុំ​ស្រាប់តែ​និយាយ​ឡើង​ថា ៖
«បង​ឯង​នឹង​ល្បី​ឈ្មោះ​មិន​ខាន?»
ខ្ញុំ​ស្វាង​ពី​ភាព​ស្រវឹង។ ឬ​មួយ​អា​ភស្ស​ចង់​និយាយ​ថា​បើ​ខ្ញុំ​រក​អ្នក​ស្លាប់​ទី​ប្រាំ​ឃើញ​ដើម្បី​បញ្ជាក់​ពី​រឿង​ចម្លែក​នេះ ខ្ញុំ​មុខ​តែ​អាច​បញ្ជាក់​ឲ្យ​គ្រប់​គ្នា​រួម​ទាំង​មេ​ក្បាល​រឹង​របស់​ខ្ញុំ​ផង​ថា ខ្ញុំ​ជា​អ្នក​កាសែត​ផ្នែក​ស៊ើបអង្កេត​ដ៏​មាន​ស្នាដៃ​ម្នាក់។ តែ​ខ្ញុំ​តប​នឹង​នាង​វិញ​ដោយ​ក្រៀមក្រំ៖
«បង​ចង់​ល្បី! តែ​បង​មិន​ចង់​ឲ្យ​មាន​អ្នកណា​ម្នាក់​ស្លាប់​ដើម្បី​បង​បាន​ល្បី​នោះ​ទេ!»
នាង​សម្លឹង​ខ្ញុំ​ដោយ​កែវ​ភ្នែក​ផ្អែមល្ហែម។ ខ្ញុំ​ដឹង​ថា​នាង​ពេញចិត្ត​ខ្ញុំ​ជា​ខ្លាំង។ នាង​និយាយ៖
«មនុស្ស​ឥឡូវ​គេ​គិត​តែ​ពី​ប្រយោជន៍​ផ្ទាល់​ខ្លួន! មិត្ត​ក៏​អាច​ក្បត់​មិត្ត​បាន​ដែរ! ចុះ​ប្លែក​អី​តែ​បង! បង​គិត​គេ​ម៉េ្លះ​បើ​បង​មិន​ដែល​ទាំង​ស្គាល់​គេ​ផង!»
ខ្ញុំ​មិនមែន​រំភើប​នឹង​ពាក្យ​នាង​ទេ តែ​ខ្ញុំ​ស្ទុះ​ក្រោក​វឹង​ពី​កៅអី​ព្រោះ​នឹក​ឃើញ​ដល់​រឿង​សំខាន់​មួយ។
«ម៉េច​ហ្នឹង​បង?»
ខ្ញុំ​មិនមែន​ស៊ី​ជោរ​នឹង​ពាក្យ​អា​ភស្ស​សរសើរ​ទេ​ តែ​សម្ដី​នាង​ធ្វើ​ឲ្យ​ខ្ញុំ​នឹកឃើញ។ ហេតុអ្វី​ខ្ញុំ​គិត​ពី​រឿង​អត្ថបទ​មិន​គិត​ពី​អ្នក​ស្លាប់​បន្ត​ទៀត?
«អាភស្ស! អ្នក​ស្លាប់​មុនៗ​ដូចជា​សុទ្ធ​តែ​ស្លាប់​នៅ​ម៉ោង​១​យប់​ហើយ​ប្រហែល​នៅ​ចំ​ថ្ងៃ​ទី​១៤​ឬ​១៥ពាក់​កណ្ដាល​ខែ​ដូច​គ្នា​ទៀត​ បង​ត្រូវ​ទៅ​ឆែក​ឯកសារ​សិន! បើ​ពិត​ជា​មាន​អ្នក​ស្លាប់​បន្ត​មែន គឺ​មានតែ​យប់​ស្អែក​ខានស្អែក​នេះ​ហើយ! ថ្ងៃ​នេះ​ថ្ងៃ​ទី​១៣​ណ៎ា!»
នាង​ក្រោក​មក​សន្សឹមៗ​ប្រឈម​នឹង​ខ្ញុំ​ដោយ​កែវភ្នែក​ក្រៀមក្រំ។ ខ្ញុំ​សម្លឹង​នាង​បន្តិច​រួច​បោយ​ដៃ​ហៅ​អ្នក​គិត​លុយ។ សំឡេង​អាភស្ស​ឮ​មក​តិចៗ៖
«ចុះ​បង​ឌី​ប្រុង​ធ្វើ​ម៉េច?»
ខ្ញុំ​អន្ទះសា​។ ខ្ញុំ​ដឹង​ថា​បើ​ខ្ញុំ​និយាយ​រឿង​នេះ​ប្រាប់​អ្នក​ផ្សេង​គេ​ប្រាកដ​ជា​ថា​ខ្ញុំ​ឆ្កួត ប៉ុន្តែ​ការពិត​គឺ​នៅតែ​ជា​ការពិត​មនុស្ស​សុទ្ធ​តែ​មាន​ប្រវត្តិ​លក់​ដូរ​ក្បែរ​គ្នា​កាល​ពី​១៥​ឆ្នាំ​មុន​ហើយ​មក​ស្លាប់​នៅ​រំលង​អធ្រាត្រ​ ដូច​គ្នា ហើយ​បើ​ពិត​ជា​​នៅ​ថ្ងៃ១៤​ឬ​១៥​ដូចគ្នា​​មែន រឿង​នេះ​ពិតជា​មិន​ធម្មតា​ទេ។ ខ្ញុំ​លូក​យក​លុយ​បណ្ដើរ​ឆ្លើយ​នឹង​អាភស្ស​បណ្ដើរ៖
«បង​ចង់​ទៅ​ផ្ទះ​ឆែក​មើល​ព័ត៌មាន​ចាស់ៗ​ទាក់ទង​នឹង​អ្នក​ស្លាប់​បួន​នាក់​ហ្នឹង។ បើ​ពួកគេ​ស្លាប់​នៅ​ថ្ងៃ​ជាមួយ​គ្នា​មែន យើង​ត្រូវ​រក​មនុស្ស​ផ្សេង​ដែល​ធ្លាប់លក់ដូរ​នៅ​មុខ​មណ្ឌល​ក្មេង​កំព្រា​ឲ្យ​បាន​មុន​ម៉ោង​១​យប់​ស្អែក​ជៀសវាង​រឿង​អពមង្គល​កើតឡើង​ចំពោះ​ពួកគេ»
អាភស្ស​ក្រពាត់ដៃ​និយាយ​ស្មើ​ធេង៖
«បើ​រឿង​អពមង្គល​ពិត​ជា​ប្រុង​កើត​លើ​អ្នក​អស់នោះ បង​ឯង​ជា​ទេវតា​ឬ​ដែល​ចង់​ទៅ​ឃាត់?»
ខ្ញុំ​ទាញ​ដៃ​នាង​ចេញ​តម្រង់​ម៉ូតូ។ មិន​ឆ្លើយ​សំណួរ​នាង​ហើយ​​បែរ​ជា​សួរ​នាង​វិញ៖
«ភស្ស! អូន​លក់​ដូរ​ស្គាល់​ផ្លូវ​ច្រើន ដឹង​ថា​មណ្ឌល​កុមារ​កំព្រា​នោះ​ឥឡូវ​នៅ​ត្រង់​ណា​ទេ?»
នាង​ឡើង​អង្គុយ​ពីក្រោយ​ហើយ​សួរ​បក​ខ្ញុំ​វិញ​៖
«ក្រែង​បង​ឯង​ពូកែ​ស៊ើប​ដឹង​រឿង​គេ​ណាស់​អ្ហី?​ ដឹង​តាំង​ពី​រឿង​គេ​ធ្លាប់​លក់​ដូរ​កាល​ពី​១៥ឆ្នាំ​មុន​ជា​មួយ​គ្នា​ម៉េច​មិន​ដឹង​ថា​តាមពិត​កែង​ផ្លូវ​នោះ​នៅ​ឯណា?»
«អត់ទេ! ពេល​សាកសព​ស្រី​ចុងក្រោយ​ហ្នឹង​បង​បាន​សម្ភាសន៍​លោកយាយ​របស់​គេ លោកយាយ​នោះ​ត្អូញ​ថា​មិន​ដឹង​យ៉ាងម៉េច​បាន​ជា​អ្នក​ធ្លាប់​លក់ដូរ​ក្បែរ​របង​មណ្ឌល​ក្មេងកំព្រា​ហ្នឹង​ចេះ​តែ​ស្លាប់​បន្ត​គ្នា ឥឡូវ​ដល់​វេន​ចៅ​គាត់​សោះ? អញ្ចឹង​បាន​បង​ដឹង​ព័ត៌មាន​ហ្នឹង​ប្រុង​ថា​មក​សរសេរ​ឲ្យ​អ្នក​អាន​វិភាគ តែ​អ៊ំ​នោះ​ចាស់​ហើយ​ពិការ ​គាត់​មិនដែល​ចេញ​ពី​ផ្ទះ​ទេ គាត់​បាន​ត្រឹម​តែ​អាន​កាសែត ដឹង​ពី​រឿង​អ្នក​ស្លាប់​មុន​ៗ។ ចំណែក​ពេល​សួរ​ថា​មណ្ឌល​ក្មេង​កំព្រា​នោះ​ឥឡូវ​ក្លាយ​ជា​ស្អី ហើយ​នៅ​កន្លែង​ណា គាត់​ក៏​មិន​ដឹង​ដែរ! បង​សួរ​អូន​ឯង​ក្រែង​អូន​ឯង​ដឹង​ហ្នឹង! បើ​មិន​ដឹង​មិន​អ្វី​ទេ ចាំ​បង…. »
«ទៅ​ផ្ទះ​សួរ​បង​ប្រុស​បង​ឯង​ទៅ!»
សូម​រង់ចាំតាមដាន​ភាគ​បន្ត​នៅ​ថ្ងៃ​ពុធ​ស្អែក​នេះ…