រថយន្ដ​ដឹក​អតីតរដ្ឋមន្ដ្រី​ ការ​បរទេស​អា​មេ​រិ​ក​ ហ៊ី​ល​ឡា​រី​ គ្លី​ន​តុ​ន ​ត្រូវ​ប៉ូលិស​ផាកពិន័យ​

10/16/2013 0 Comments A+ a-

បើ​ទោះបី​មាន​អង្គរក្ស​រហូត​ដល់​៥​នាក់​ឈរ​អម​ជុំវិញ​រថយន្ដ​ម៉ាក​មែរ​សឺ​ដេ​ស ​បេន​ ដឹក​អតីតរដ្ឋមន្ដ្រី​ការ​បរទេស​អា​មេ​រិ​ក​ លោកស្រី​ ហ៊ី​ល​ឡា​រី​ គ្លី​ន​តុ​ន​ ក៏ដោយ ក៏​ប៉ូលិស​ចរាចរអង់គ្លេស​នៅ​តែ​សរសេរ​លិខិត​ផាកពិន័យ​រថយន្ដ​នោះដដែល​ ។​
​ចាប់តាំងពី​ធ្វើការ​ឱ្យ​លោកស្រី​ ហ៊ី​ល​ឡា​រី​ គ្លី​ន​តុ​ន​ បណ្ដា​អង្គរក្ស​របស់​លោក​ស្រី​ មិន​ដែល​បាន​ជួប​ប្រទះ​នូវ​ស្ថានភាព​ស្មុគស្មាញ​បែប​នេះ​ឡើយ​ជាមួយ​ប៉ូលិស​ចរាចរ​ ។​ ប៉ុន្ដែ​រឿង​ដែល​មិន​គួរ​ឱ្យ​ជឿ​នោះ​បាន​កើតឡើង​នៅ​ទីក្រុង​ឡុ​ង​ ប្រទេស​អង់គ្លេស​ ។​ ប៉ូលិស​ចរាចរ​បាន​សរសេរ​លិខិត​ផាកពិន័យ​ដល់​រថយន្ដ​មែរ​សឺ​ដេ​ស​ បេន​ ពណ៌​ប្រាក់​ សម្រាប់​ដឹក​អតីត​រដ្ឋមន្ដ្រី​ការ​បរទេស​អា​មេ​រិ​ក​ចូលរួម​ក្នុង​ព្រឹត្ដិការណ៍​មួយ​នៅ​ទីក្រុង​ឡុ​ង​ ។​ ការ​ ប្រកែក​គ្នា​របស់​អង្គរក្ស​ និង​ប៉ូលិស​ច​រា​ចរ​អង់គ្លេស​ មិន​បាន​គេច​ផុត​ពី​ក្រសែ​ភ្នែក​របស់​អ្នក​សារព័ត៌មាន​ឡើយ​ ។​
​អ្នក​សារព័ត៌មាន​ Brennan​ បានឱ្យ​ដឹង​ថា​ អង្គរក្ស​ផ្ទាល់​៥​នាក់​របស់​លោកស្រី​ ហ៊ី​ល​ឡា​រី​ គ្លី​ន​តុ​ន​ កំពុង​អង្គុយ​នៅ​លើ​រថយន្ដ​មួយ​ក្បែរ​រថយន្ដ​មែរ​សឺ​ដេ​ស​បេន​ ដោយសារ​តែ​ពេល​នោះ​មាន​ភ្លៀង​ធ្លាក់​ខ្លាំង​ ។​ ភ្លាមៗ​នោះ​ក៏​ស្រាប់តែ​មាន​ប៉ូលិស​ចរាចរ​បង្ហាញ​វត្ដមាន​ ហើយ​សរសេរ​លិខិត​ផាកពិន័យ​ដល់​រថយន្ដ​នោះ​តែ​ម្ដង​។​ ក្រុម​អង្គរក្ស​មើលឃើញ​ប៉ូលិស​ចរាចរ​ដើរ​ចូល​ទៅ​កៀក​រថយន្ដ​សម្រាប់​ដឹក​លោកស្រី​ ហ៊ី​ល​ឡា​រី​ គ្លី​ន​តុ​ន​ ក៏​ស្រាប់តែ​រារាំង​ ស្នើ​ឱ្យ​ប៉ូលិស​ចាកចេញ​ពី​ទីនោះ​ ។​
ក្រុម​អង្គរក្ស​ក៏​បាន​បង្ហាញ​ពី​អត្ដសញ្ញាណ​ ហើយ​បណ្ដេញ​ប៉ូលិស​ចេញ​ឱ្យ​ឆ្ងាយ​ពី​រថយន្ដ​សម្រាប់​ដឹក​លោកស្រី​ ហ៊ី​ល​ឡា​រី​ គ្លី​ន​តុ​ន​ ។​ បើ​ទោះបី​ត្រូវ​ អង្គរក្ស​បណ្ដេញចេញ ​តែ​ប៉ូលិស​ចរាចរ​នៅ​តែ​សរសេរ​ក្រដាស​ផាកពិន័យ​ដាក់​នៅ​លើ​រថយន្ដ​មែរ​សឺ​ដេ​ស​បេន​នោះ​ដដែល​ ។​
​រថយន្ដ​ដឹក​លោកស្រី​ហ៊ី​ល​ឡា​រី​ គ្លី​ន​តុ​ន​ ត្រូវ​ផាកពិន័យ​ជា​ទឹកប្រាក់​៨០​ផោន​ ដោយ​ចត​ខុសច្បាប់​កំណត់​នៅ​ទីក្រុង​ឡុ​ង​ កាលពី​ថ្ងៃ​ទី​១៥ ​តុលា​។​ ទឹកប្រាក់​ផាក​ពិន័យ​នឹង​ត្រូវ​កាត់​បន្ថយ​ពាក់កណ្ដាល​ ប្រសិនបើ​លោកស្រី​ចូល​ទៅ​បង់ការ​ផាក​ពិន័យ​ដោយ​ខ្លួនឯង​ក្នុង​រយៈពេល​១៤​ថ្ងៃ​ ។​
​លោក​ Daniel​ Astaire​ សមាជិក​គណៈកម្មាធិការ​ទីក្រុង​ Westminster​ បានឱ្យ​ដឹង​ថា​ ប៉ូលិស​ចរាចរ​ធ្វើ​តាម​កាតព្វកិច្ច​របស់​ខ្លួន​តែ​ប៉ុណ្ណោះ​ ហើយ​លោក​សង្ឃឹមថា​ លោកស្រី​ ហ៊ី​ល​ឡា​រី​ គ្លី​ន​តុ​ន​ នឹងយល់​ថា​ មនុស្ស​គ្រប់​រូប​មាន​តម្លាភាព​នៅ​ពេល​ដែល​ធ្វើ​ខុស​ បើ​ទោះបី​អ្នក​នោះ​ជា​អ្នក​ណាក៏ដោយ​ ៕
 ប្រភពពី នគរវត្ត