​នាយករដ្ឋមន្ត្រី​ថៃ ប្រកាស​រក្សា​សន្តិភាព​ តាម​ព្រំដែន​ជាមួយ​កម្ពុជា​​

10/18/2013 0 Comments A+ a-

កាសែត​បាងកក​ប៉ុស្តិ៍​ថៃ រាយការណ៍​ថា នាយករដ្ឋមន្ត្រី​ថៃ នឹង​ធ្វើការ​ជាមួយ​ភាគី​កម្ពុជា ដើម្បី​រក្សា​សន្តិភាព​នៅ​តាម​ព្រំដែន បើទោះជា​សេចក្តីសម្រេច​តុលាការអន្តរជាតិ​ទី​ក្រុងឡាអេ​(ICJ) នៅ​ថ្ងៃ​ទី​១១​ខែវិច្ឆិកា យ៉ាងណាក៏ដោយ​។​
​នាយករដ្ឋមន្ត្រី​ថៃ លោកស្រី យី​ង​ឡាក់ កំពុង​រៀបចំ​ការចរចា​ជា​ផ្លូវការ​មួយ​ជាមួយ​ភាគី​កម្ពុជា មុនពេល តុលាការ​អន្តរជាតិ​មួយ​​នេះ ប្រកាស​សេចក្តីសម្រេច​លើ​ជម្លោះ​ប្រាសាទព្រះវិហារ​។​លោកស្រី មានប្រសាសន៍​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ថា ប្រទេស​​​ថៃ និង​ប្រទេស​កម្ពុជា នឹង​ធ្វើការ​រួមគ្នា ដើម្បី​រក្សា​សន្តិភាព​នៅ​តាម​ព្រំដែន​។​លោកស្រី​បញ្ជាក់​ថា ប្រទេស​ទាំង​ពីរ​ត្រូវ​​តែ​​ដោះស្រាយ​ជម្លោះ ដើម្បី​រក្សា​សន្តិភាព​នៅ​តាម​បណ្តោយ​ព្រំដែន​។​
​លោកស្រី យី​ង​ឡាក់ នឹង​បើក​កិច្ចប្រជុំ​ជា​បន្ទាន់​មួយ នៅ​ថ្ងៃ​ចន្ទ​សប្តាហ៍​ក្រោយ ដើម្បី​ពិភាក្សា​អំពី​សេចក្ដីលម្អិត​នៃ​ពាក្យ​ថា "​យន្ដការ​" ឆ្លើយតប​ទៅនឹង​សេចក្តីសម្រេច​របស់​តុលាការ​។​
​លោក Nutthavudh Photisaro អនុលេខាអចិន្ត្រៃយ៍​សម្រាប់​កិច្ចការបរទេសថៃ ឲ្យដឹងថា យន្ដការ​នោះ គឺ​រួមបញ្ចូល​ទាំង​វិធានការ ការទូត យោធា នយោបាយ និង​មធ្យោបាយ​ក្នុង​ការអនុលោម តាម​សេចក្តីសម្រេច​ដោយ​មាន​ផលប៉ះពាល់​ដល់​ទំនាក់ទំនង​រវាង​ប្រទេស​ទាំង​ពីរ​។
​ក្រសួង​ការបរទេស​ថៃ ទស្សន៍​ទាយ​ថា ចំណុច​បួន​យ៉ាង​សម្រាប់​សេក្តីសម្រេច​របស់​ICJ គឺ​ទីមួយ តុលាការ មិន​សិទ្ធិអំណាច​ក្នុង​ការសម្រេច​លើ​ករណី​នេះ ទី​ពីរ តំបន់​ត្រួតស៊ីគ្នា​នៅ​ក្បែរ​ប្រាសាទ​ព្រះវិហារ​ជា​របស់​កម្ពុជា  ទី​បី តុលាការ នឹង​សម្រេច​ថា ដី​​ក្បែរ​ប្រាសាទ​ព្រះវិហារ ត្រូវបាន​កណត់​ដោយ​ប៉ារ៉ាម៉ែត្រ ដែល​កំណត់​ដោយ​ខុទ្ទកាល័យ​របស់​ថៃ​ក្នុង​ឆ្នាំ​១៩៦២  និង​ទី​បួន តុលា​ការ​នឹង​កំណត់​បន្ទាត់​ព្រំដែន​ថ្មី​សម្រាប់​ប្រទេស​ទាំង​ពីរ​។​
​អ្នកនាំពាក្យ​ក្រសួងការបរទេស​កម្ពុ​ជា លោក កុយ គួង ប្រាប់​VOD​កាលពី​ថ្ងៃ​ព្រហ្ប​តិ៍ថា ភាគី​កម្ពុជា សង្ឃឹមថា តុលាការ នឹង​សម្រេច​ដោយ​យុត្តិធម៌ មិន​ឲ្យ​កម្ពុជា បាត់បង់​ទឹកដី និង​ក៏​មិន​ឲ្យ​កម្ពុជា រំលោភ​លើ​ទឹកដី​ប្រទេស​ថៃ​ដែរ​។​
​ភាគី​កម្ពុជា និង​ថៃ បាន​តទល់​គ្នា​ក្នុង​សវនាការ​របស់​តុលាការ​យុត្តិធម៌​អន្តរជាតិ កាលពី​ថ្ងៃ​ទី​១៥ ដល់​ថ្ងៃ​ទី​១៩ ខែ​មេសា ឆ្នាំ​២០១៣​។​
​ក្រោយ​ពី​ការបកស្រាយ​តទល់​គ្នា​ជាមួយ ភាគី​ថៃ សារព័ត៌មាន​នៅ​កម្ពុជា ចុះផ្សាយ​ថា តុលាការ​អន្តរជាតិ​ទី​ក្រុងឡាអេ គ្រោង​​នឹង​ប្រកាស​សេចក្តីសម្រេច​រឿង​ដី​ទំហំ ៤.៦ គីឡូម៉ែត្រ​ក្រឡា ក្បែរ​ប្រាសាទ​ព្រះវិហារ នៅ​ចុង​ខែ​តុលា ឆ្នាំ​២០១៣​នេះ​។​
​គោលការណ៍​គ្រឹះ​នៃ​កម្មវិធី​នយោបាយ​របស់ រាជរដ្ឋាភិបាល​នីតិកាល​ទី​៥ ចេញផ្សាយ​នៅ​ខែកញ្ញា​នេះ បង្ហាញថា រាជរដ្ឋា ភិបាល​កម្ពុជា បន្ត​ខិតខំ​ធ្វើ​ការតស៊ូ​តាម​ផ្លូវច្បាប់ នៅ​តុលាការ​យុត្តិធម៌​អន្តរជាតិ ដើម្បី​ឲ្យ​តុលាការ​មួយ​នេះ បកស្រាយ​សាលក្រម​ឆ្នាំ​១៩៦២ ស្តី​ពី​បូរណភាព​ដែនដី ដែល​ស្ថិត​នៅក្នុង​អធិបតេយ្យ​កម្ពុជា នៅ​តំបន់​ប្រាសាទ​ព្រះវិហារ​៕