ចាប់​ខ្លួន​មេតុង​ទីន​ផ្សារ​កណ្តាល សមា​ជិកតុង​ទីន​រាប់សិប​នាក់ តាម​ដល់​សាលា​ដំបូង​រាជ​ធានី

10/24/2013 0 Comments A+ a-

រាជ​ធានី​ភ្នំពេញ ៖ ​ដោយ​មាន​ការ​បារម្ភ​​​ខ្លាច​​​​មេតុងទីន​អាចនឹង​ត្រូវ​ដោះ​លែង​​ក្រោយ​ពេល​ចាប់​ខ្លួន​​កាលពីរសៀល​ថ្ងៃ​ទី​២១ តុលា ​​​ពល​រដ្ឋ​ប្រមាណ​៥០​នាក់ ​​តំណាង​ឱ្យ​សមា​ជិក​​តុង​ទីន​​រាប​់រយ​នាក់​ បាន​លើក​គ្នា​មក​​ឃ្លាំ​មើល​​មេតុង​ទីន​ទាំង​យប់​​​ថ្ងៃ​ដដែល​​ដោយ​​សុំ​មិន​ឱ្យ​មា​ន​ការ​ដោះ​លែង​​មេត​ុង​ទីន​​រូប​នេះ​​​ឡើយ ​ដរាប​ណា​​​មិន​ព្រម​​សង​ប្រាក់​​​តុងទីន​ដល់​សមាជិក​របស់ខ្លួន​ទេ​នោះ។ ​​ ​​
មេតុង​ទី​ន​​ដែល​ត្រូវ​​បាន​ឃាត់​ខ្លួន​​នេះ​​ឈ្មោះ​សុខ ​កែវ​ពិសី ​អាយុ​៣៣ ឆ្នាំ ​​​មាន​ទីលំនៅ​ផ្ទះ​លេខ​៧៦​​E៣ ផ្លូវលេខ​១៧២ ​ភូមិ​៦ សង្កាត់​ជ័យ​​ជំនះ ខណ្ឌ​ដូន​ពេញ​​ ​​ប្តី​​ឈ្មោះ​ជៀម ​សំអាត ​អាយុ​ជាង​៣០​ឆ្នាំ ​ដូចគ្នា ។ ​សមាជិក​មេត​ុង​ទីន​​​ម្នាក់​​និយាយថា ​​ឈ្មោះ​សុខ ​​កែវ​ពិសី​ ​​ត្រូវ​​សមាជិក​​តុង​ទីន​​​​ទាំងអស់​ដែល​ភាគ​ច្រើន​ជា​អាជីវ​ករ​​នៅ​ផ្សារ​កណ្តាល​​​នាំ​​គ្នា​​ឡោម​ព័ទ្ធ​តូប​លក់​ដូរ​​របស់​មេតុង​ទីន​​រូបនេះ​នៅ​ផ្សារ​កណ្តាល​​កាលពី​រសៀល​ថ្ងៃទី​២១ តុលា ​​ម្តង​រួច​​មក​ហើយ ថែម​ទាំង​បាន​ឱ្យ​​ធ្វើ​កិច្ច​​សន្យា​ទទួល​ស្គាល់​ការ​ជំពាក់​ប្រាក់​​សមាជិក​តុង​ទីន​គ្រប់​ៗ​រូប​ថែម​ទៀត​ផង ។ ប៉ុន្តែ​​ដោយ​​មាន​​សមាជិក​​តុង​ទី​ន​​ខ្លះ​មិនសុខចិត្ត​ក៏​ប្តឹង​​​​ទៅ​​នគរ​បាល​​ក្រសួងមហា​ផ្ទៃ​​ឱ្យ​​ចាប់ខ្លួន​តែ​ម្តង  ហើយ​​អ្វី​​ដែល​ជា​​ការ​កត់​សម្គាល់​​​​គឺ​នៅ​ពេល​ដែល​សមត្ថ​កិច្ច​​ឃាត់​ខ​្លួន​​មេតុង​​ទីន​រូប​នេះ​ហើយ​​​ បង​​ប្អូន​​ប្រជា​ពលរដ្ឋ​មិន​អស់​ចិត្ត​ខ្លាច​នគរបាល​​ដោះ​លែង​​​​ទៅ​វិញ​​ស្ងាត់​ៗ​ក៏នាំគ្នា​​ទៅ​តាម​ឃ្លាំ​មើល​​ទាំង​យប់​ថែម​ទៀត ព្រោះ​​ពួកគាត់​ឮសូរ​ថា​ មេត​ុង​ទីន​​រូប​នេះ​បា​ន​ពឹង​ពាក់​​មេធាវី​ដើម្បី​ធានា​ខ្លួន ។ ជា​លទ្ធ​ផល​ ដោយ​​មាន​ការ​តាម​ឃ្លាំ​មើល​​យ៉ាងយក​ចិត្ត​​ទុក​ដាក់​ពីសមា​ជិក​​​តុង​ទីន​ នគរបាល​ក្រសួងមហា​ផ្ទៃ​សម្រេច​ឃុំ​ខ្លួន​មេត​ុង​ទីន​​​​រូប​នេះ​បណ្តោះ​អាសន្ន​នៅ​ក្រសួង​​មហា​ផ្ទៃ​ដើម្បី​ចាត់​ការ​បន្តតាម​ផ្លូវ​​ច្បាប់​ ។
​សូម​បញ្ជាក់​​ថា សមាជិក​​តុង​ទី​ន​ដែល​​អះ​អាង​​ថា ចាញ់​​បោក​មេ​តុង​ទីនខាង​លើនេះ​​ មាន​​​​ខ្លះ​​ប្រាប់​ថា​អស់​​​​រាប់​ពាន់​​រាប់​​ម៉ឺន​ដុល្លារ​ ហេតុ​ដូច្នេះ​ហើយ​ទើប​ពួកគាត់​តាម​ឃ្លាំ​មើល​​យ៉ាងយក​ចិត្ត​ទុក​ដាក់​​បំផុត​ ក្នុង​គោល​បំណង​​​ថា​ បើ​គ្មាន​លុយ​សង​ពួកគាត់​ទេ គឺទាម​ទារ​ឱ្យ​ច្បាប់​ដាក់​ទោស​ និង​រឹប​អូស​ទ្រព្យ​សម្បត្តិ​​មក​សង​ដល់​​សមា​ជិក​​តុង​ទីន​វិញ ​ព្រោះ​មេតុ​ងទីន​រូប​នេះ​​បាន​យក​លុយ​សមា​ជិក​​ទៅ​ទិញ​​រថយន្ត​ទំនើបជិះ​និងសង់​ផ្ទះ​វីឡា​ នៅ​​ក្នុង​សង្កាត់​ព្រែក​ឯង​ ​​ខណ្ឌ​មាន​ជ័យ ។ រហូត​មក​ដល់​ព្រឹក​ថ្ងៃទី​២២ តុលា​​ មេតុង​​ទីន​​​ឈ្មោះ​​សុខ ​កែវ​​ពិសី កំពុង​ត្រូវ​បាន​ឃុំ​​ខ្លួន​​នៅ​ក្នុង​ក្រសួងមហា​ផ្ទៃ​ និង​ស្ថិត​​ក្រោម​ការ​តាម​ឃ្លាំ​មើល​យ៉ាង​ម៉ត់​ចត់​ពីសំណាក់​​សមាជិក​តុង​ទីន​រាប់​រយ​នាក់ ​។ ​នៅ​រសៀល​ថ្ងៃ​ទី​​២៣ តុលា​​ ស្ត្រី​​ជា​​​មេតុង​ទីន​រូប​នេះ​ត្រូវ​បាន​សមត្ថ​កិច្ច​ក្រសួង​មហា​ផ្ទៃ​​​​បញ្ជូន​ទៅ​សាលា​ដំបូង​រាជ​ធានី​ភ្នំពេញ​ធ្វើ​ការ​សាក​សួរ​តាម​នីតិវិធី​​ ។
ទោះ​ជា​យ៉ាង​ណា​​ការ​សាក​សួរ​នេះ​​ មិន​ទាន់​បាន​បញ្ចប់​​នៅ​ឡើយ​ទេ នៅ​រសៀល​ថ្ងៃ​នោះ​​ ហើយ​ស្ត្រី​​ជាប់​ចោទ​ត្រូវបាន​បញ្ជូន​មក​ឃុំ​ខ្លួន​នៅ​ក្រសួង​មហា​ផ្ទៃ​​​វិញ​​ ប៉ុន្តែ​អ្វី​ដែល​គួរ​ឱ្យ​កត់​សម្គាល់​នោះ គឺ​សមាជិក​ជា​​កូន​តុង​ទីន​ ក៏បាន​តាម​​ទៅ​​ឃ្លាំ​មើល​ដល់​សាលា​ដំបូង​ដែរ ៕