ពលរដ្ឋ​​ជិត​​១០០​​នាក់​​​នឹង​​ ប្រមូល​ផ្តុំ​គ្នា​​នៅ​​សាលា​ ដំបូង​​ខេត្ត​​ព្រះ​សីហនុ​​ប្រឆាំង​​ ការ​បណ្តេញ​ចេញ​​

10/16/2013 0 Comments A+ a-

ប្រជាពលរដ្ឋ​​ជិត​១០០​នាក់ នៅ​ស្រុក​កំពង់​សីលា ខេត្ត​​ព្រះ​សីហនុ នឹង​​ប្រមូល​ផ្តុំ​គ្នា តវ៉ា​មុខ​សាលាដំបូង​ខេត្ត​នេះ​នៅ​ថ្ងៃ​ស្អែក ប្រឆាំង​​នឹង​ការ​បណ្តេញ​ចេញ។​
​លោក ជិន សុផល ដែល​​អះ​អាង​​ថា តំណាង​​ពលរដ្ឋ​​នៅ​ឃុំ​​បាក់​រទេះ ស្រុក​​កំពង់​សីលា ខេត្ត​ព្រះសីហនុ ប្រាប់​VOD​នៅ​រសៀល​ថ្ងៃ​​ពុធ​​ទី​​១៦​ខែ​តុលា​នេះ​ថា នៅ​ថ្ងៃ​ទី​១៧​ខែតុលា​ស្អែក​​នេះ ពួកគាត់​នឹង​ប្រមូលផ្តុំ​គ្នា​​នៅ​មុខ​សាលា​ដំ​បួង និង​សាលាខេត្ត​នេះ ជំទាស់​​នឹង​​ពាក្យ​បណ្តឹង ដែល​បង្គាប់​ឲ្យ​ពួកគាត់​រុះរើ​ពី​​លំ​នៅ​ឋាន​​បច្ចុប្បន្ន។​
​លោក ជិន សុផល បន្តថា តាម​ដីកា​កោះ​​របស់​តុលាការ ដើម​បណ្តឹង​​នោះ ឈ្មោះ​ចាន់ ហេង ស៊ួ សូ​ហ្វាង និង​លឹម ជូ ដែល​ពួកគាត់​មិន​ធ្លាប់​ស្គាល់​។​
មេឃុំបាក់រទេះ លោក ពិន សេម បញ្ជាក់ថា ពលរដ្ឋ​ដែល​កំពុង​ប្រឈម​និង​ការបណ្តេញចេញ​នោះ បាន​មក​រស់នៅ​តំបន់​នេះ ចាប់​ពី​​១០​​ឆ្នាំ​​ឡើង​​ទៅ ចំណែក​ដើម​បណ្តឹង ដែល​អះអាងថា​​ជា​ម្ចាស់​​កម្ម​សិទ្ធិ លោក​​ថា ជា​​មនុស្ស​​មិន​​ដែល​​ស្គាល់។
VOD​មិនទាន់​ទាក់ទង​ដើមបណ្តឹង ដើម្បី​អត្ថាធិប្បាយ​ពី​ការលើកឡើង​របស់​ពល​រដ្ឋ​បាន​ទេ នៅ​ថ្ងៃ​ពុធ​នេះ ។
បើ​តាម​ដីកា​កោះ​របស់​សាលាដំបូង​ខេត្ត​ព្រះសីហនុ ចុះហត្ថ​លេខា​ដោយ​ចៅក្រម លោក ស្វាយ តុ​ញ បង្គាប់​ឲ្យ​ពលរដ្ឋ​៨៨​គ្រួសារ ចួល​ខ្លួន​​មក​តុលាការ នា​​ថ្ងៃ​ទី​១៧​​ខែ​តុលា ដើម្បី​សម្រុះ​សម្រួល​​ជាមួយ​ភាគី​ពាក់ព័ន្ធ ជាដើ​មណ្តឹ​ង​៕