អង្គការ​ព័ត៌មាន និង​សង្គម​ស៊ីវិល​អំពាវនាវ​ ឲ្យ​រដ្ឋាភិបាល​គោរព​សេរី ភាព​ពលរដ្ឋ និង​អ្នកសារព័ត៌មាន​

10/16/2013 0 Comments A+ a-

អង្គការ​ព័ត៌មាន​ក្នុង និង​ក្រៅ​ស្រុក និង​សង្គម​ស៊ីវិល អំពាវនាវ​ឲ្យ​រាជរដ្ឋាភិបាល​កម្ពុជា ធានា​ការគោរព​សិទ្ធិ​របស់​ប្រជាពលរដ្ឋ ជា​ពិសេស​សិទ្ធិ​ទទួល​បាន​​ព័ត៌​មាន សិទ្ធិ​​បញ្ចេញ​មតិ និង​សេរីភាព​របស់​អ្នកសារព័ត៌មាន​ក្នុង​ការបំពេញ​ការងារ​​របស់គេ​។​
​សេចក្តីថ្លែងការណ៍​រួម​ចុះ​ថ្ងៃ​ទី​៩ ខែតុលា និង​ចេញផ្សាយ​នៅ​ថ្ងៃ​នេះ​​របស់​មជ្ឈមណ្ឌល​កម្ពុជា​​ដើម្បី​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ​(CCIM) រួម​ជាមួយ​វិទ្យា​ស្ថាន​​កម្ពុជា​សម្រាប់​ការសិក្សា​អំពី​ប្រព័ន្ធ​ផ្សព្វផ្សាយ​(CIMS) សម្ព័ន្ធ​អ្នកសារព័ត៌មាន​ប្រចាំ​តំបន់​អាស៊ីអាគ្នេយ៍​(SEAPA) អង្គការ​ឃ្លាំមើល​ការបោះឆ្នោត​នៅ​​កម្ពុជា ខុម​ហ្វ្រែល​(Comfrel) ឲ្យដឹងថា នៅក្នុង​ស្ថានភាព​ន​យោ​បាយ​មិន​ច្បាស់លាស់​បច្ចុប្បន្ន ប្រជាពលរដ្ឋ​ត្រូវការ​ព័ត៌មាន​ដែល​គួរឲ្យ​ទុកចិត្ត និង​ឯករាជ្យ ដើម្បី​ឲ្យ​ពួកគាត់​អាច​ធ្វើ​សេចក្តីសម្រេចចិត្ត​។​
​សេចក្តីថ្លែងការណ៍​រួម បាន​លើកទ្បើង​ពី​ការបង្ក្រាប​របស់​សមត្ថ​កិច្ច ខណ្ឌដូនពេញ កាលពី​យប់​ថ្ងៃ​ទី​២២ ខែ​កញ្ញា ឆ្នាំ​២០១៣ ទៅលើ​សកម្មជន​ដីធ្លី​ដែល​​ធ្វើ​កូដកម្ម​អត់​​អាហារ នៅ​រមណីយដ្ឋាន​វត្តភ្នំ ដែល​​បណ្តាល​ឲ្យ​ពួកគាត់ និង​អ្នកសារព័ត៌មាន​ជាតិ និង​អន្តរជាតិ​រងរបួស​។​
​សេចក្តីថ្លែងការណ៍ ជំរុញ​ឲ្យ​អាជ្ញាធរ​កម្ពុជា គោរព​សេរីភាព​សារព័ត៌មាន ដើម្បី​ឲ្យ​បណ្តាញសារព័ត៌មា​ន​ទាំងអស់​អាច​រាយការណ៍​គ្រប់​រឿង​ទាំងអស់ ក្នុង​អំ​ទ្បុង និង​ក្រោយ​ការ​បោះ​ឆ្នោត​​។​
​អង្គការ​ព័ត៌មាន និង​សង្គម​ស៊ីវិល ក៏​អំពាវនាវ​ឲ្យ​ឥស្សរជន​នយោបាយ​លើកកម្ពស់​វិន័យ​ក្នុង​ជួរ​កងកម្លាំងប្រដាប់អាវុធ ដើម្បី​ឲ្យ​ពួកគេ​មាន​សមត្ថភាព​បំពេញ​ការងារ​ក្នុង​ការថែរក្សា​សន្តិភាព​។
​សេចក្តីថ្លែងការណ៍​រួម ក៏​អំពាវនាវ​​ឲ្យមាន​ការផ្តល់​កិច្ចការពារ​ដល់​អ្នកសារព័ត៌មាន ​ដែល​រាយការណ៍​ព័ត៌មាន​ក្រោយ​ការបោះឆ្នោត​ផង​ដែរ​។​
VOD មិនអាច​ទាក់ទង​មន្ត្រី​ពាក់ព័ន្ធ​របស់​រាជរដ្ឋាភិបាល​បាន​នៅ​ទ្បើយ​ទេ​៕