បើកកុង​តឺន័រ​ប៉ះគេ​ហើយ​ ដេញ​វាយគេ​ថែម​ទៀត បង្ក​ឲ្យស្ទះ​ចរាចរ​ពេញ​ខាងមុខ ធនាគារ​អេស៊ី​លីដា

10/17/2013 0 Comments A+ a-

ភ្នំពេញ៖ អ្នកបើករថយន្តកុងតឺន័រមួយគ្រឿង បានប៉ះទង្គិចពាក្យសំដី ជាមួយអ្នកបើកម៉ូតូ ហើយបានឈ្លោះប្រកែកកគ្នា ដោយសារតែ អ្នកបើកម៉ូតូ មិនសុំទោសអ្នកបើកកុងតឺន័រ ធ្វើឲ្យស្ទះចរាចរកាលពីល្ងាចថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៣ នៅចំណុចខាងមុខធានាគារ អេស៊ីលីដា ផ្លូវព្រះមុនីវង្ស ក្នុង សង្កាត់ស្រះចក ខណ្ឌដូនពេញ ។
សាក្សីឃើញហេតុការណ៍គ្រោះថ្នាក់នោះ បានឲ្យដឹងថា នៅវេលាកើតហេតុ គេឃើញរថយន្តកុងតឺន័រ របស់ស្វយ័តក្រុងភ្នំពេញ មួយគ្រឿង ពាក់ស្លាកលេខ ភ្នំពេញ 2B-3236 បើកបរដោយតៃកុងទំនើងម្នាក់ បានបើកចេញពីក្នុងធនាគារអេស៊ីលីដា មកដល់ផ្លូវមុនីវង្ស គាប់ជួន មានម៉ូតូ មួយគ្រឿងម៉ាក C125 ពណ៌ខ្មៅ បើកបរដោយបុរសម្នាក់ ឌុបនារី ២នាក់ ធ្វើដំណើរពីជើងមកត្បូង ដល់ចំណុចកើតហេតុ ក៏ត្រូវរថយន្តកុងតឺន័រ ប៉ះចំកំបាំងខាងស្តាំបន្តិច ក៏ស្រាប់តែអ្នកបើករថយន្តកុងតឺន័ររូបនោះ បានជេរប្រមាថមើលងាយជីវិត អ្នករងគ្រោះ ជាអ្នកជិះម៉ូតូ ដោយនិយាយថា អ្ហែងចង់ងាប់ បានជិះម៉ូតូអីចឹង ហើយក៏មានការតម៉ាត់គ្នាទៅវិញទៅមក ហើយដោយជនរងគ្រោះជាម្ចាស់ម៉ូតូ មិនចង់មានបញ្ហាវែងឆ្ងាយ នោះក៏បើកម៉ូតូទៅមុខទៀត ដល់ខាងមុខក្រសួងព័ត៌មាន ស្រាប់តែអ្នកបើករថយន្តកុងតឺន័ររូបនោះ បានឈប់ រថយន្តកុងតឺន័រកណ្តាលផ្លូវ រត់ដេញវាយជនរងគ្រោះ ធ្វើឲ្យមានការភ្ញាក់ផ្អើល និងមានការកកស្ទះចរាចរពេញផ្លូវទៀតផង។
ប្រភពព័ត៌មានបានបន្តទៀតថា ក្នុងហេតុការណ៍នោះ អ្នកបើករថយន្តកុងតឺន័រទំនើងរូបនោះ ខ្លាចគេព្រួតវាយវិញ ក៏ប្រញ៉ាប់រត់ចូលគេចខ្លួន ទៅក្នុងធនាគារអេស៊ីលីដា ហើយប្រហែលជាង ១ម៉ោងក្រោយ ទើបឃើញតំណាងរបស់រថយន្តកុងតឺន័រ បានមកសុំទោសជនរងគ្រោះ ដើម្បីបញ្ចប់បញ្ហាផងដែរ ៕



ផ្តល់សិទ្ធដោយ ដើមអម្ពិល