រំលោភ​សម្លាប់​ក្មេង​ស្រី១៣ឆ្នាំ ពេល​នាង​ឃ្វាលគោ​នៅក្បែរ​អូរ ឈាម​ស្រែកស្បែក​ហៅត្រូវ​ចាប់​ខ្លួន

10/17/2013 0 Comments A+ a-

ខេត្តបាត់ដំបង ៖ បុរសម្នាក់ត្រូវសមត្ថកិច្ចចាប់ខ្លួន កាលពីវេលាម៉ោង៨ព្រឹក ថ្ងៃទី១៦ តុលា នៅឯខ្ទមចាំស្រែរបស់ខ្លួនក្នុងភូមិសេរីវ័ន្ត ឃុំអណ្តើកហែប ស្រុករតនមណ្ឌល ក្រោយពីសង្ស័យថា មានជាប់ពាក់ព័ន្ធនឹង ការសម្លាប់ក្មេងស្រីម្នាក់ បន្ទាប់ពីចាប់រំលោភនាង យ៉ាងឃោរឃៅ ។ អធិការរងស្រុករតនមណ្ឌលលោក រស់ លឹមសឺន បានឱ្យដឹងថា ជនសង្ស័យរូបនេះឈ្មោះ ខ្លឹង ស៊ុន អាយុ៣៧ឆ្នាំ នៅភូមិកំពង់ឆ្លង ឃុំឈើទាល ស្រុកបាណន់ ប៉ុន្តែបានទៅស្នាក់នៅ ធ្វើស្រែចម្ការនៅចំណុចកើតហេតុខាងលើ ។
រីឯក្មេងស្រីរងគ្រោះឈ្មោះ ងួន ច្រិប អាយុ១៣ឆ្នាំ រស់នៅក្នុងភូមិ-ឃុំខាងលើដែរ ។ លោកបញ្ជាក់ថា សាកសពក្មេងស្រី ត្រូវអ្នកភូមិប្រទះឃើញនៅក្នុងអូរមួយកន្លែង ក្នុងភូមិសេរីវ័ន្ត កាលពីរសៀលថ្ងៃទី១៥ តុលា គ្រាដែលជនបង្កបានសម្លាប់ ពីកន្លែងផ្សេងពេលនាងទៅឃ្វាលគោ រួចយកមកបោះចោលក្នុងអូរនោះ លុះនៅព្រឹកថ្ងៃទី១៦ តុលា ទើបឃាត់ខ្លួនជនដៃដល់តែម្តង ដែលជននេះបានសារភាព ទទួលស្គាល់កំហុសនោះហើយ ។
ជនសង្ស័យឈ្មោះ ខ្លឹង ស៊ុន បានសារភាពប្រាប់សមត្ថកិច្ចថា ខ្លួនបានយកដុំថ្មវាយក្បាលនាង ឱ្យសន្លប់រួចចាប់រំលោភតែម្តង គ្រាដែលនាងទៅឃ្វាលគោម្នាក់ឯង នៅក្បែរស្រែរបស់ខ្លួន ។ ជននេះបន្តថា ក្រោយពីរំលោភរួចរាល់ ខ្លួនក៏ប្រើកូនកាំបិតចាក់សម្លាប់នាង រួចយកសពនាង ទៅបោះចោលក្នុងអូរដើម្បីបង្វែងដាន លុះក្រោយកើតហេតុ១ថ្ងៃ ក៏ត្រូវសមត្ថកិច្ចចាប់ខ្លួនតែម្តង ។ តាមការបំភ្លឺពីសាក្សីថា ក្មេងស្រីរងគ្រោះតែងទៅឃ្វាលគោ នៅចំណុចកើតហេតុនោះជាប្រចាំ និងតែងជួបអង្គុយលេង ជាមួយជនដៃដល់ទៀតផង ។ ប្រភពដដែលថា តាមពិតជននេះបានព្យាយាម ចាប់ក្មេងស្រីរងគ្រោះរំលោភច្រើនលើកហើយ តែគ្មានឱកាស លុះនៅថ្ងៃកើតហេតុពេលមានឱកាស ក៏ចាប់នាងរំលោភ រួចសម្លាប់បំបិទមាត់តែម្តង ។
ជុំវិញករណីនេះ លោក រស់ លឹមសឺន អធិការរងស្រុករតនមណ្ឌល បានបញ្ជាក់ដែរថា នៅលើខ្លួនសាកសពមានស្នាមវាយបែកក្បាល និងស្នាមចាក់ត្រង់ដើមទ្រូងដោយកូនកាំបិត ។
ជនបង្កបានយកសពនាង ទៅបោះចោលក្នុងអូរ ដែលឆ្ងាយពីកន្លែងកើតហេតុប្រហែល១គីឡូម៉ែត្រ ។ លោកបញ្ជាក់បន្ថែមថា ជនសង្ស័យបានសារភាព ទាំងអស់នូវកំហុសរបស់ខ្លួន ដែលបានប្រព្រឹត្តទៅលើក្មេងស្រីរងគ្រោះ ហើយមន្ត្រីជំនាញរបស់លោក កំពុងកសាងសំណុំរឿងបញ្ជូនជនសង្ស័យ ទៅកាន់តុលាការហើយ ៕

ផ្តល់សិទ្ធដោយ កោះសន្តិភាព