ក្រុមអាជីវករ ខ្មែរលក់ដូរ នៅផ្សារថៃ ស្រែកតវ៉ាទាមទារ ចំពោះការតម្លើង ពន្ធទំនិញនាំចូល

10/25/2013 0 Comments A+ a-

ផ្តល់សិទ្ទិដោយ៖ dap-news.com
ភ្នំពេញ៖ អាជីវកខ្មែរ ចំនួន៣០០នាក់ ដែលលក់ដូរ នៅក្នុងផ្សារឆងចម ស្រុកកាបជើ ងខេត្តសុរិន ប្រទេសថៃ បាននាំគ្នាកាន់បាដាស្រែកតវ៉ា ដោយការមិនពេញចិត្ត ចំពោះការតម្លើង ថ្លៃបង់ពន្ធទ្វេរមួយជាបីនៃតម្លៃចាស់។
តាមសម្តីរបស់អាជីវករម្នាក់ សុំមិនបញ្ចេញឈ្មោះបាននិយាយថា ពួកគាត់ត្រូវបាន ក្រុមសមត្ថកិច្ច ថៃទារតម្លើងថ្លៃការនាំចូលទំនិញ ពីប្រទេសកម្ពុជា ទៅលក់ក្នុងផ្សាររហូតដល់ទៅបីដង នៃតម្លៃចាស់ ហើយ ក៏តម្លើងថ្លៃតូបដូចគ្នាដែរ។
ប្រភពបន្តថា ការផ្ទុះការតវ៉ានេះ ទើបតែកើតឡើងនៅព្រឹកថ្ងៃទី២៤ ខែតុលា ឆ្នាំ២០១៣នេះ ដោយសារ មិនអាចទ្រាំ នឹងការតម្លើងថ្លៃនេះ។
អាជីវករខាងលើបន្តថា រាល់ហេតុការណ៍ទាំងអស់នេះពុំឃើញមានសមត្ថកិច្ច ឬអាជ្ញាធរ កម្ពុជាណាម្នាក់ ចេញមុខមកជួយដោះស្រាយទេ។
សូមបញ្ជាក់ថា កាលពីថ្ងៃ២៣ ខែតុលា ឆ្នាំ២០១៣ អាជ្ញាធរថៃបាន ហៅក្រុមអ្នកសារព័ត៌មាន សមាគមកម្ពុជា-ថៃ ចូលរួមប្រជុំដើម្បីរកដោះស្រាយ ជុំវិញបញ្ហានេះ តែដំណោះស្រាយមិនបានផលឡើយ ហើយថែមទាំងបិទផ្សារមិនឲ្យនាំចូលទំនិញទៅក្នុងផ្សារទៀត ហើយរហូតមកដល់ថ្ងៃ២៤ ខែតុលា ទើបឲ្យនាំចូល ដោយគិតតម្លៃមួយជាបី គឺតម្លៃដែលអាជីវករតវ៉ា។
លោក ហោ ជិនវីរយុទ្ធ ប្រធានច្រកអូស្មាច់ ខេត្តឧត្តរមានជ័យ បានមានប្រសាសន៍ ប្រាប់មជ្ឈមណ្ឌលព័ត៌មាន ដើមអម្ពិល នៅព្រលប់ថ្ងៃទី២៤ ខែតុលា ឆ្នាំ២០១៣ថា ក្រុមអាជីវករដែលលក់ដូរនៅផ្សារនេះ មានជាង ១០០០តូប ប៉ុន្តែលោកក៏មិនទាន់ដឹងពីព័ត៌មាននេះ ច្បាស់លាស់នៅឡើយទេ៕