វាយ​ប្លន់​យក​ទូរស័ព្ទ​ដៃ​ ទំនើប​​មិន​បាន​សម្រេច​​ ផ្ទុះ​អាវុធ​មួយ​គ្រាប់​​​ឃាត់​ ខ្លួន​​ជន​សង្ស័យ​​ម្នាក់​

10/17/2013 0 Comments A+ a-

រាជធានីភ្នំពេញ ៖ ជន​សង្ស័យ​ម្នាក់​ត្រូវ​សមត្ថ​កិច្ច​​ចាប់​ខ្លួន​បាន​​ បន្ទាប់​ពី​​ផ្ទុះ​​អាវុធ​​គំរាម១​គ្រាប់​ ខណៈ​ប្រទះ​ឃើញ​​ជន​សង្ស័យ​​កំពុង​ប្រតាយ​ប្រតប់​ប្លន់​យក​ទូរស័ព្ទ​ដៃ​​ពី​ជន​រង​គ្រោះ​ ហើយ​​ពេល​ចូល​ទៅ​អន្ត​រា​គមន៍​​​​ ជន​សង្ស័យ​  តដៃ ។ ហេតុ​ការណ៍​​នេះ​ បាន​​កើត​ឡើង​​កាល​ពី​វេលា​ម៉ោង​​៨​និង​៣០​នាទី​​យប់ ថ្ងៃ​ទី​១៦ តុលា នៅ​សួន​ច្បារ​​ក្តាន់​ពីរ​​ ស្ថិត​ក្នុង​ភូមិ​៨ សង្កាត់​​មិត្ត​ភាព​​ ខណ្ឌ​៧​ មករា ។​
​មន្ត្រី​សមត្ថ​កិច្ច​បាន​ឱ្យ​ដឹង​ថា ​នៅ​វេលា​​ម៉ោង​​ជាង​​៨ យប់​​នោះ​​ ម្ចាស់​ទូរ​ស័ព្ទ​ដៃ​ឈ្មោះ​ រស់​ ពិសិដ្ឋ ភេទ​ប្រុស អាយុ​១៩​ឆ្នាំ​ ​ជាជាង​ផ្សារ​ដែក ស្នាក់​នៅ​​ភូមិ​ត្រពាំង​សាលា សង្កាត់​ចោម​ចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ​​ រួម​ជាមួយ​​មិត្ត​ភក្តិ​​ឈ្មោះ គាំ គីម​ហុង ភេទ​ប្រុស​​ អាយុ​២១​ឆ្នាំ​​ ​ជា​ជាង​ដែក​ ​ដែរ​ស្នាក់​នៅ​​ក្នុង​​​​សង្កាត់​បឹង​សាឡាង​ ខណ្ឌ​ទួល​គោក​ បាន​ជិះ​ម៉ូតូ​ស្មាស​វី ​ពណ៌​ខ្មៅ មួយ​គ្រឿង​​​ទៅ​ឈប់​​អង្គុយ​លេង​នៅ​លើ​បង់​សួន​ច្បារ​ក្តាន់​ពីរ ដោយ​អង្គុយ​បណ្តើរ​យក​ទូរស័ព្ទ​ដៃ​​ម៉ាក​សាំ​ស៊ុង​​កាឡាក់​ស៊ី​ថេប​ មួយ​គ្រឿង​​ មក​កាន់​​លេង​​ហ្គេម​​។
ខណៈ​នោះ ស្រាប់​តែ​​ជន​ស​ង្ស័យ​​៥​នាក់​​​ចូល​ទៅ​​វាយ​ប្លន់​យក​ទូរ​ស័ព្ទ​ដៃ​ ធ្វើ​ឱ្យ​មាន​ការ​ប្រតាយ​​គ្នា​កើត​ឡើង​ ស្រប​ពេល​នោះ​​ប៉ូលិស​ប៉ុស្តិ៍​មិត្ត​ភាព​​២​នាក់ ជិះ​ម៉ូតូ​ល្បាត​តាម​ផ្លូវ​​ប្រទះ​ឃើញ​​ក៏​ចូល​ទៅ​ជួយ​អន្ត​រាគមន៍​​ ។ ប៉ុន្តែ​ដោយ​ជន​សង្ស័យ​​តដៃ​​ជាមួយ​សមត្ថ​កិច្ច​វិញ​​ ទើប​សមត្ថ​កិច្ច​​បាញ់​គំរាម​​​មួយ​គ្រាប់​ ធ្វើ​ឱ្យ​ជន​សង្ស័យ​​៤​នាក់​រត់​​គេច​តាម​ផ្លូវ​​រថ​ភ្លើង​​ ក្នុង​សង្កាត់​ស្រះ​ចក​​ ខណ្ឌ​ដូន​ពេញ ​ទៅ​បាត់​ទៅ​​ ចំណែក​ជន​សង្ស័យ​​ម្នាក់​រួម​ជាមួយ​វត្ថុ​តាង​គឺ​​​ទូរស័ព្ទ​​ដៃ​ប្លន់​បាន​​ ត្រូវ​សមត្ថ​កិច្ច​​ឃាត់​ខ្លួន​​ ​រួច​ប្រគល់​ទូរស័ព្ទ​ដៃ​ឱ្យ​ម្ចាស់​វិញ ។​
​ជន​សង្ស័យ​​ដែល​សមត្ថ​កិច្ច​​ឃាត់​ខ្លួន​​​​នេះ​​ឈ្មោះ ហុង​ រស្មី ភេទ​ប្រុស អាយុ​១៧​ឆ្នាំ​ មុខ​របរ​លក់​ភេសជ្ជៈ​តាម​រទេះ​​​នៅ​ផ្សារ​រាត្រី ស្នាក់​នៅ​​ក្នុង​សង្កាត់​ស្រះ​ចក​​ ខណ្ឌ​​ដូន​ពេញ​​ ​ត្រូវ​បាន​កសាង​សំណុំ​រឿង​បញ្ជូន​ទៅ​​អធិការ​ដ្ឋាន​ខណ្ឌ​៧​ មករា ៕