លោក ស ខេង ទូរស័ព្ទ​ទៅ​លោក សម រង្ស៊ី ដោយសារ​បារម្ភ​អំពី​អំពើហិង្សា ក្នុងពេល​ដឹកនាំ​បាតុកម្ម​

10/24/2013 0 Comments A+ a-

ភ្នំពេញ: លោក​ឧបនាយករដ្ឋមន្ត្រី ស ខេង រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ បាន​មានប្រសាសន៍ ក្នុង​កិច្ចសំភាសន៍​ជាមួយ CEN កាលពី​ព្រឹក​ថ្ងៃទី​២៣ ខែតុលា ឲ្យ​ដឹងថា លោក​បាន​ទូរស័ព្ទ ទៅ​លោក សម រង្ស៊ី ដោយសារ​លោក​មានការ​បារម្ភ​អំពី​អំពើហិង្សា ក្នុងពេល​ដឹកនាំ​បាតុកម្ម​នេះ​។
​លោក ស ខេង បន្តថា ការបារម្ភ​របស់លោក គឺ​ផ្តើមចេញពី​លោក​កឹម សុខា បាន​និយាយ នៅក្នុង​កាសែត ឌឺ​ខេ​ម​បូ​ឌា​ដេលី ហើយ​គាត់​និយាយ​នឹង ហាក់ដូចជា មានបំណង​អ្វីមួយ​ដែល​វា​មិនសូវ​ល្អ ហាក់ដូចជា​មិន​ចង់​សហការ​ជាមួយ​អាជ្ញាធរ គាត់​ធ្វើ​អី ធ្វើ​តាមចិត្ត​របស់គាត់ ដូចជា មាន​ភាព​ញុះញង់​មួយ អីចឹង​ហើយ​មានការ​បារម្ភ​ណាស់​ទាក់ទង​បញ្ហា​នេះ​។
​លោក​ឧបនាយករដ្ឋមន្ត្រី ស ខេង បាន​បន្តថា “​ផលប្រយោជន៍​គណបក្ស​យើងខ្ញុំ មិន​ហ៊ាន​បដិសេធ​ទេ ប៉ុន្តែ​យើង​គិត​អំពី​ផលប្រយោជន៍​ជាតិ​ជារួម ផលប្រយោជន៍​ជាតិ​ជាធំ ផលប្រយោជន៍​ជាតិ វា​ធំ​ជាង​ផលប្រយោជន៍​គណបក្ស​។ ហើយ​ឲ្យ​អភិបាល​រាជធានី​ភ្នំពេញ អញ្ជើញលោក កឹម សុខា មក​ជជែក​ពិភាក្សា​គាត់​មិន​ព្រម​មក គាត់​បដិសេធ មិន​ព្រម​សហការ អីចឹង​ហើយ ដែល​ខ្ញុំ​បារម្ភ​។ អីចឹង​ហើយ​បាន​ខ្ញុំ​តេ​ទូរស័ព្ទ​ទៅ​លោក​សម រង្ស៊ី ថា ខ្ញុំ​មានការ​បារម្ភ​បញ្ហា​នឹង​។ ហើយ​ខ្ញុំ​ក៏បាន​ជួប​ជាមួយ​ទូត​នានា ហើយ​ខ្ញុំ​ក៏បាន​បញ្ជាក់​អំពី​ទាំងអស់​នឹង​”​។​
​លោក​រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ ស ខេង បាន​បញ្ជាក់ថា នៅក្នុង​ការទាក់ទង​ជាមួយ​លោក សម រង្ស៊ី តាម​ទូរស័ព្ទ​គឺ​គ្រាន់តែ​បញ្ជាក់​បញ្ហា​ថា យើង​រួមគ្នា​ឯកភាព​ជាគោលការណ៍​ថា កុំ​ឲ្យ​មាន​អំពើហិង្សា ទាំង​សមត្ថកិច្ច​ក៏​អត់ធ្មត់ ហើយ​ទាំង​អ្នកដឹកនាំ​បាតុកម្ម នឹង​ក៏ត្រូវ​តែមាន​ការទទួល​ខុសត្រូវ​អំពី​អំពើហិង្សា​។​
​ទាក់ទង​ការចរចា​គ្នា​រវាង​គណបក្ស​ប្រជាជន​កម្ពុជា និង​គណបក្ស​សង្គ្រោះ​ជាតិ ត្រូវបាន​លោក​ឧបនាយករដ្ឋមន្ត្រី ស ខេង លើកឡើងថា “​ការចរចា​នៅ​មិនទាន់មាន​នៅឡើយ​ទេ​។ ហើយ​ខ្ញុំ​គិតថា ប្រហែលជា​ក្រោយពេល​ធ្វើបាតុកម្ម​នេះ នឹង​អាច​ចាប់យក​កិច្ចការ​ចរចា​នេះ​បន្តទៀត​”៕​
ប្រភពពី CEN