កម្មកររោងចក្រកាត់ដេសុងមីន ហ្វេសស៊ិនធ្វើ​កូដកម្ម​បិទផ្លូវ​វេងស្រេង​ ដើម្បី​ឲ្យក្រសួង ពាក់ព័ន្ធជួយដោះស្រាយ

10/24/2013 0 Comments A+ a-

កម្មកររោងចក្រដេរ​សម្លៀកបំពាក់​ សុងមីន ហ្វេស៊ិន ប្រមាណ​ជា​៣០០​នាក់​ នាព្រឹកថ្ងៃពុធនេះ បាននាំគ្នាកូដកម្ម​បិទផ្លូវវេងស្រេងបណ្ដាល​ឲ្យ​កកស្ទះ​ចរាចរ ក្រោយពីថៅកែរបស់ខ្លួនរត់ចោល ហើយ​មិន​ព្រម​បើកប្រាក់​ឈ្នួល​ឲ្យ​កម្មករ រយះពេល២ខែ ក្រុម​កម្មករ​បាន អំពាវនាវឲ្យអាជ្ញាធរ​និង​មន្ទីរ​ក្រសួង​មន្ទីរ​ពាក់ព័ន្ធ​ជួយ​ដោះស្រាយ​។
ក្រុម​កម្មករ​បាន​នាំគ្នា​ទៅ​ឈរ​បិទផ្លូវ​វេង​ស្រេង​កាលពី​វេលា​ម៉ោង​៩​និង​៣០​នាទី​ព្រឹក​ថ្ងៃទី​២៣​ខែតុលា ឆ្នាំ២០១៣​ ស្ថិតក្នុងភូមិ​ត្រពាំង​ថ្លឹង សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ។
ក្រុម​កម្មករ​បាន​និយាយ​ថា ការដែល​ធ្វើ​ឲ្យ​ពួកគេ​មក​ឈរ​បិទផ្លូវ​បែបនេះ​ដោយសារតែ​ពួកគេ​រក​ដំណោះស្រាយ​មិនបាន​ព្រោះ​អាជ្ញា​ធរមាន​សមត្ថកិច្ច ក៏​ហាក់​ប្រ​ងើយ​កន្តើយ មិន​អើពើ​រក​ដំណោះស្រាយ​ឲ្យ​ពួកគេ ទើប​ពួកគេ​សម្រេច ចិត្ត​ធ្វើបែប​នេះ ដើម្បី​ឲ្យក្រសួង ពាក់ព័ន្ធជួយដោះស្រាយឲ្យ​បាន​ឆាប់ ពីព្រោះ​ពួកគេ​ជួបប្រទះ​ការ​លំបាក ក្នុង​ការ​រស់នៅ​ដូចជា បញ្ហា​ឈ្នួល​ផ្ទះ​ដែល​ត្រូវ ម្ចាស់ផ្ទះ​ទារ ព្រោះ​ដល់​ថ្ងៃ​ត្រូវ​បង់​គ្មាន​លុយ​បង់​ឲ្យ​គេជាដើម។ កម្មករ​បន្ត​ថា រោងចក្រ​នេះ​ត្រូវ​បាន​ថៅកែ​រត់ចោល ដែល​គេ​អះអាង​ថា ក្ស័យធន បាន​បិទទ្វារ​កាលពី​ថ្ងៃ ១១​ខែតុលា ឆ្នាំ២០១៣ ហើយ​ចាប់​ពី​ពេល​នោះ​មក​ក្រុម​កម្មករ​បាន​នាំគ្នា​ធ្វើ​កូដកម្ម​ទាមទារ​រក​ដំណោះស្រាយ ដើម្បី​ថៅកែ​ទទួលខុសត្រូវ​លើ​ប្រាក់​ឈ្នួល​និង ប្រាក់​បន្ទាប់បន្សំ​ផ្សេងៗ​ទៀត​តាមផ្លូវ​ច្បាប់។
ជា​មួយ​គ្នា​នេះ​ដែរ គេ​ឃើញ​អាជ្ញា​ធរមាន​សមត្ថកិច្ច​បាន​ចុះ​មក​ជួយ​អន្តរាគមន៍​ពន្យល់​ដល់​កម្មករ ឲ្យ​ដកថយ​វិញ ហើយ​ងាក​ទៅ​រក​ដំណោះស្រាយ​ដោយ​សន្តិ វិធី តែ​ទោះជា​យ៉ាងណា ក្រុម​កម្មករ​ហាក់​ពុំ​មាន​ជំនឿ​លើ​មន្ត្រី​ដែល​មក​សម្រប សម្រួល​នេះ​ទេ៕
ប្រភពពី  Free Press Magazine ·