ជំនន់​ទឹក​ភ្លៀង​បណ្តាល​អោយ​ ចំនួន​មនុស្ស​ស្លាប់​កើន​ឡើង​ ១៦​នាក់​នៅ​ខេត្ត​បាត់ដំបង

10/12/2013 0 Comments A+ a-

អាជ្ញាធរខេត្ត​បាត់ដំបង​បាន​អោយ​ដឹង​នៅ​ព្រឹក​នេះ​ថា ចំនួន​មនុស្ស​ស្លាប់​ទាំង​កុមារ និង​មនុស្ស​ចាស់​ កើន​ឡើង​១៦​នាក់​ហើយ នៅ​ខេត្ត​បាត់ដំបង​ដោយ​សារ​ជំនន់​ទឹកភ្លៀង​ដែល​អូស​បន្លាយ​ជា​ច្រើន​ថ្ងៃ។
លោក សឿម ប៊ុនរិទ្ធ នាយក​រដ្ឋបាល​សាលា​ខេត្ត​បាត់​ដំបង និង​ជា​សមាជិក​អចិន្រ្តៃយ៍ នៃ​គណៈកម្មាធិការ​គ្រប់​គ្រង​គ្រោះ​មហន្តរាយ​មាន​ប្រសាសន៍​ថា​ជន​រង​គ្រោះ​ ស្លាប់​កើន​ឡើង​ជា​បន្ត​បន្ទាប់​នោះ​ ភាគ​ច្រើន​ដោយ​សារ​លង់​ទឹក។
(សំឡេង​លោក សឿម ប៊ុនរិទ្ធ)
លោកថ្លែងបន្ត ​ថា មក​ទល់​ពេល​នេះ​ជំនន់​ទឹក​ភ្លៀង​នៅ​ខេត្ត​បាត់​ដំបង​បាន​ស្រក​ស្ទើរ​គ្រប់​ កន្លែង​ហើយ​ ដែល​គេ​រំពឹង​ថា ប៉ុន្មាន​ថ្ងៃ​ខាង​មុខ​នេះ​ទឹក​នឹង​ស្រក​អស់ ​បន្ទាប់​ពី​ទឹក​ហូរ​ចេញ​ពី​អាង​កំពីង​ពួយ​ កាត់​តាម​ភូមិ​មួយ​ចំនួន​នៅ​ឃុំ​អូរតាគី និង​បណ្តា​ឃុំ​ផ្សេង​ទៀត​ធ្លាក់​ទៅ​កាន់​ទន្លេសាប។
មក​ទល់​ពេល​នេះ​ អាជ្ញាធរ​មិន​ទាន់​បញ្ជាក់​ពី​ទំហំ​ខូច​ខាត​ដោយ​សារ​គ្រោះ​ទឹក​ជំនន់​នៅ​ឡើយ ​ទេ​ ដោយ​អាជ្ញាធរ និង​ស្ថាប័ន​នានា​ព្រម​ទាំង​សង្គម​ស៊ីវិល​ផង​ កំពុង​ប្រជុំ​វាយ​តម្លៃ​ពី​ផល​ប៉ះពាល់​ដោយ​សារ​ទឹក​ជំនន់​នា​ព្រឹក​នេះ ។
ទោះ ​បី​យ៉ាង​ណា​លោក អ៊ុយ រី អភិបាល​រង​ខេត្ត​បាត់​ដំបង​ នៅ​បន្ត​អំពាវ​នាវ​ដល់​ពល​រដ្ឋ​ត្រូវ​មាន​ការ​ប្រុង​ប្រយ័ត្ន​បន្ថែម​ទៀត​ ចំពោះ​កូន​ចៅ​របស់​ខ្លួន​ក្នុង​ខណៈ​ពេល​ដែល​ទឹក​ជំនន់​មិន​ទាន់​ស្រក​អស់​ រួម​ទាំង​ សត្វ​មាន​ពិស និង​ផ្នែក​បញ្ហា​អនាម័យ​ផង​។
សូម​បញ្ជាក់​ថា ជំនន់​ទឹក​ភ្លៀង​បាន​អូស​បន្លាយ​ជា​ច្រើន​ថ្ងៃ​នៅ​តាម​បណ្តា​ខេត្ត​ជា​ច្រើន ​នៅ​ប្រទេស​កម្ពុជា​ ដែល​ធ្វើ​អោយ​ចំនួន​មនុស្ស​ស្លាប់​ដោយ​សារ​ទឹក​ជំនន់​កើន​ឡើង​ជាង​មួយ​រយ​ នាក់​នៅ​ទូទាំង​ប្រទេស៕
_________________________
ប្រភពព័ត៌មានពី៖ វិទ្យុអូស្រ្តាលី