ព្រះ​សង្ឃ​ និង​និស្សិតខ្មែរ​កម្ពុជា​ក្រោម​ ចែក​អំណោយ​ដល់​ពលរដ្ឋ​ រងគ្រោះ​ដោយ​ទឹក​ជំនន់​

10/12/2013 0 Comments A+ a-

ព្រះ​សង្ឃ​ និង​និស្សិត​ នៃ​សម្ព័ន្ធ​សមណ​និស្សិត​-និស្សិត​ខ្មែរ​កម្ពុជា​ក្រោម​ បាន​នាំ​យក​អំណោយ​មួយ​ចំនួន​ទៅ​ចែក​ជូន​ប្រជាពលរដ្ឋ​រងគ្រោះ​ដោយសារ​ទឹក​ជំនន់​នៅ​ស្រុក​បវិល​ ខេត្ត​បាត់ដំបង​ នៅ​ថ្ងៃ​ទី១១​ ខែ​តុលា​ ឆ្នាំ​២០១៣​។ 
អំណោយ​ទាំង​នោះ​ បាន​មក​ពី​ការ​ជួយ​ឧបត្ថម្ភ​របស់​ព្រះសង្ឃ​ខ្មែរ​កម្ពុជា​ក្រោម​ ដែល​គង់​នៅ​វត្ត​បទុមវត្តី​ វត្ត​មហា​មន្រ្តី​ វត្ត​អង្គ​តាម៉ិញ​ វត្ត​អង្គ​ពោធិញាណ​ វត្ត​ព្រែកប្រា​ វត្ត​ជាន់ឯក​ វត្ត​សំបួរមាស​ វត្ត​សាមគ្គីរង្ស៉ី​ វត្ត​ទួលសង្កែ​ ព្រម​ទាំង​ពី​ព្រះសង្ឃ​ខ្មែរ​កម្ពុជា​ក្រោម​ដែល​គង់​នៅ​សហរដ្ឋអាមេរិក​ផង​ដែរ​។​
ព្រះ​តេជ​គុណ​ ចន្ទ​ សុផាត​ មាន​ថេរ​ដីកា​ថា​៖​ «​តាម​ពិត​ការងារ​មនុស្ស​ធម៌​នេះ​ មិនមែន​យើង​ទើប​តែ​ធ្វើ​ក្នុង​ពេល​ថ្មីៗ​នេះ​ទេ​ គឺ​តាំង​ពី​ដើម​មក​យើង​ធ្លាប់​ជួយ​ជា​ច្រើន​ហើយ​ ក្នុង​ការ​មនុស្សធម៌​ជួយ​ដល់​ជន​កំសត់​ ដូចជា​ជន​កំព្រី​កំព្រា​ មាន​គ្រោះថ្នាក់​ចរាចរណ៍​ជា​ដើម​ ឬ​មួយ​មាន​ជម្ងឺ​តំកាត់​ជា​ដើម​ ដែល​យើង​អាច​ជួយ​បាន​ គឺ​យើង​ជួយ​តាំង​ពី​ដើម​មក​ ហើយ​ក្នុង​ខណៈ​នេះ​បើ​ យើង​ទទួល​បាន​ព័ត៌មាន​ ដែល​យើង​ឃើញ​ជាក់ស្តែង​ គឺ​ប្រជាពលរដ្ឋ​ខ្មែរ​ ក្នុង​រយៈពេល​ប៉ុន្មាន​ថ្ងៃ​នេះ​ មាន​ការលំបាក​ច្រើន​ដោយ​ទឹកជំនន់​នេះ​យ៉ាងខ្លាំង​។​»
610-2-ព្រះ​សង្ឃ​-​និស្សិតខ្មែរកម្ពុជាក្រោម ​ចែក​អំណោយ​ដល់​អ្នក​រងគ្រោះ​ដោយ​ទឹក​ជំនន់
ព្រះ​សង្ឃ​-​និស្សិត ខ្មែរកម្ពុជាក្រោម ​ចែក​អំណោយ​ដល់​អ្នក​រងគ្រោះ​ដោយ​ទឹក​ជំនន់​នៅ​ស្រុក​បវិល ខេត្តបាត់ដំបង នៅ​ថ្ងៃ​ទី១១​ ខែ​តុលា​ ឆ្នាំ​២០១៣​។

អំណោយ​ដែល​យក​ទៅ​ចែក​ជូន​ពលរដ្ឋ​ រួមមាន​ ប្រេង​កូឡា​ ប្រេង​ខ្យល់​ មី​ ទឹកដោះ​គោ​ តែ​ ស្ករ​ អង្ករ​ និង​ប្រាក់​ឧបត្ថម្ភ​មួយ​ចំនួន​ផ្សេង​ទៀត​។​ អង្គការ​ខ្មែរ​កម្ពុជា​ក្រោម​មួយ​នេះ​ ក៏​បាន​អំពាវនាវ​អោយ​ពលរដ្ឋខ្មែរ​ទូទៅ​ ទាំង​ក្នុង​និង​ក្រៅ​ប្រទេស​បន្ត​ចូលរួម​ឧបត្ថម្ភ​ពលរដ្ឋ​រងគ្រោះ​ អោយ​បាន​គ្រប់ៗ​គ្នា​ ដោយ​មិន​ប្រកាន់​និន្នាការ​គណបក្ស​នយោបាយ​៕
ប្រភពពី វិទ្យុអាស៊ីសេរី