កែងផ្លូវ ១០៣ (ភាគទី២)

10/17/2013 0 Comments A+ a-

ភាគទី២
នាង​និយាយ​កាត់​សម្ដី​ខ្ញុំ។ ខ្ញុំ​រៀប​នឹង​សួរ​ថា​ហេតុអ្វី​នាង​ឲ្យ​ខ្ញុំ​ទៅ​សួរ​អ្នក​ផ្ទះ​ខ្ញុំ​ទៅវិញ ស្រាប់​តែ​ឮ​នាង​និយាយ​បន្ថែម៖
«គាត់​អាយុ​ច្រើន​ជាង​បង ឯង​ក្រែង​លោ​គាត់​ស្គាល់»
នៅ​តាម​ផ្លូវ​យើង​មិន​បាន​និយាយ​គ្នា​រឿង​ស្នេហា​អី​ទៀត​ទេ​ព្រោះ​ក្នុង​ក្បាល​ខ្ញុំ​មាន​តែ​រឿង​អ្នក​លក់​នៅ​ជាប់​របង​មណ្ឌល​ក្មេង​កំព្រា។
ពេល​ខ្ញុំ​ចុច Laptop រក​ឯកសារ​ព័ត៌មាន​ពី​អ្នក​ស្លាប់​មុន​ៗ​ដើម្បី​មក​ផ្ទៀងផ្ទាត់​ថ្ងៃខែ​ស្លាប់​ស្រាប់តែ​បង​ខ្ញុំ​ចូល​មក​ដល់។ គាត់​ប្រហែល​ចង់​និយាយ​រឿង​កូនស្រី​អ្នក​រកស៊ី​បោះ​ដុំ​នោះ​ទៀត​ហើយ តែ​ខ្ញុំ​ឆ្លៀត​សួរ​បាន​មុន​៖
«បង​ឌឿន! បង​ឯង​មើល​នៀក!»
«ស្អី​គេ? មក​ឲ្យ​អញ​មើល​ខ្មោច?»
និយាយ​អញ្ចឹង​ក៏​ដោយ​តែ​គាត់​ក៏​ឈ្ងោក​មក​មើល។
«ខ្ញុំ​មិនមែន​និយាយ​ពី​អ្នក​ស្លាប់​ទេ​តែ​ខ្ញុំ​ចង់​សួរ​បង​ឯង​ថា…..»
ខ្ញុំ​មិនទាន់​បាន​បង្ហើយ​ផង​ស្រាប់​តែ​គាត់​កញ្ឆក់​លើក​កុំព្យូទ័រ​ខ្ញុំ​ទៅ​មើល​ឡើង​កៀក។
«អា​ស៊ូ??»
សំឡេង​ភ្ញាក់​តិចៗ​របស់​គាត់​ម៉េច​សម​ថា​គាត់​មិន​ធ្លាប់​ស្គាល់​សាកសព​ទៅ? ខ្ញុំ​បើកភ្នែក​មូល​ក្លុំព្រោះ​ផ្អើល​នឹង​​សូរ​សំឡេង​បង​ប្រុស ខ្ញុំ​ដែល​កំពុង​រត់​មាត់​អាន​ព័ត៌មាន​ដោយ​ទឹកមុខ​ស្លេក​ស្លាំង។
«បង​ឯង​ស្គាល់​គាត់? គាត់​ស្លាប់​បួន​ខែ​ហើយ!»
បង​ខ្ញុំ​ងាក​មុខ​ចេញ​ដាក់​កុំព្យូទ័រ​ចុះ​លើ​តុ​ហើយ​ថយ​ទៅ​អង្គុយ​ដោយ​ទឹកមុខ​ច្រាស់ច្រាល់។ ខ្ញុំ​ស្រាប់​តែ​នឹក​ឃើញ​ដល់​រឿង​អ្វី​ម្យ៉ាង ខ្ញុំ​ងាក​សួរ​បង​ខ្ញុំ​បន្ត៖
«ហើយ​ចុះ​អ្នក​ស្លាប់​ម្នាក់​នេះ​បង​ឯង​ស្គាល់​ដែរ?»
ខ្ញុំ​ចុច​បង្ហាញ​អ្នក​ស្លាប់​ទីពីរ។ បង​ខ្ញុំ​ក្រោក​មក​ឱន​មើល​ទៀត​តែ​គាត់​គ្រវីក្បាល។ ខ្ញុំ​យល់​ហើយ​ថា​ថ្វី​ត្បិត​តែ​មនុស្ស​ទាំង​អស់​ហ្នឹង​ជា​អ្នក​លក់​នៅ​កែង​ផ្លូវ​តែ​មួយ​កាល​ពី​ជាង​១០ឆ្នាំមុន តែ​អាច​មាន​ន័យ​ថា​មាន​តែ​ម្នាក់​ក្នុង​ចំណោម​ពួកគេ​ដែល​ស្គាល់​បង​ខ្ញុំ។ ខ្ញុំ​នឹក​ឃើញ​សួរ​វឹង៖
«ម្នាក់​ឈ្មោះ​ស៊ូ​ហ្នឹង​ធ្លាប់​លក់ដូរ​នៅ​កែង​ផ្លូវ​ជាប់​របង​មណ្ឌល​ក្មេង​កំព្រា​មែន​អត់?»
បង​ខ្ញុំ​រក​នឹក​បន្តិច​បាន​ព្រម​និយាយ៖
«អត់​ច្បាស់​ដែរ! ព្រោះ​ពេល​ស្គាល់​វា ​វា​ជា​កូន​ប្រសារ​ថៅកែ​ថុង! វា​មាន​សម្បើម​ណាស់​ព្រោះ​រកស៊ី​ឡើង​រហូត​បើក​ហាង​រាប់​ភ្លេច​មិន​ថា​នៅ​ភ្នំពេញ​ឬ​នៅ​ខេត្ត​ទេ! តែ​ពេល​ស៊ី​ផឹក​ម្ដងម្កាល​ធ្លាប់​សម្គាល់​ថា​វា​ដូរ​ចរិត​ពេល​ឃើញ​អ្នក​លក់ដូរ​តាម​ផ្លូវ វា​ថា​អតីតកាល​វា​ធ្លាប់​ជា​រកស៊ី​តាម​ចិញ្ចើម​ថ្នល់! តែ​លក់​អី លក់​នៅ​ឯណា អត់​បាន​ចាំ​ទេ! អើ!ហើយ​សួរ​ធ្វើ​អី?»
ខ្ញុំ​លើក​កុំព្យូទ័រ​ទៅ​ជិត​គាត់​ហើយ​ចុច​ព័ត៌មាន​អ្នក​ស្លាប់​ទាំង​បួន បង្ហាញ​គាត់​ម្ដង​ម្នាក់ៗ។ បង​ខ្ញុំ​ដែល​កន្លង​មក​មិន​ដែល​យក​ចិត្ត​ទុក​ដាក់​នឹង​ព័ត៌មាន​អស់​នេះ ម្តង​នេះ​គាត់​ស្រាប់តែ​បង្ហាញ​ការ​ចាប់​អារម្មណ៍​ចម្លែក។ គាត់​តាម​សម្លឹង​គ្រប់​អ្វី​ដែល​ខ្ញុំ​បង្ហាញ៖
«បង​ឯង​ឃើញ​អត់​មនុស្ស​ទាំង​បួន​នាក់​នេះ​ស្លាប់​ក្នុង​របៀប​ដូចគ្នា! តែ​ដែល​សំខាន់​គឺ​គេ​មាន​ប្រវត្តិ​ធ្លាប់​លក់ដូរ​នៅ​របង​មណ្ឌល​ក្មេង​កំព្រា​ជាមួយគ្នា​កាល​ពី​១៥​ឆ្នាំ​មុន​នេះ ​បើ​តាម​ការ​ចងចាំ​របស់​ដូន​ចាស់​ម្នាក់​! ឥឡូវ​នេះ​ខ្ញុំ​សង្ស័យ​ថា​អ្នក​ស្លាប់​អាច​មាន​ជា​បន្ត​ទៀត​ព្រោះ​ថា​បួន​នាក់​មុន​សុទ្ធ​តែ​ស្លាប់​នៅ​ម៉ោង​មួយ​ភ្លឺ​ថ្ងៃទី១៥ទំាង​អស់។ ខាន​ស្អែក​នេះ​ថ្ងៃ​ទី​១៥​ហើយ​មាន​ន័យ​ថា​ម៉ោង​១​យប់​អាច​នឹង​ជា​វេន​របស់​អ្នក​ស្លាប់​ទី៥! ខ្ញុំ​ចង់​រក​ឲ្យ​ឃើញ​ថា មណ្ឌល​កុមារ​កំព្រា​នោះ​នៅឯណា ឥឡូវនេះ​គេ​សង់​វា​ជា​កន្លែង​អី! ខ្ញុំ​មាន​ពេល​មិន​ដល់៤៨​ម៉ោង​ទេ! បង​ឯង​ជួយ​រក​នឹក​ផង​ទៅ! ម្នាក់​ឈ្មោះ​ស៊ូ​កាល​នៅ​រស់​ធ្លាប់​ប្រាប់​ថា​គាត់​រកស៊ី​ចិញ្ចើម​ថ្នល់​ម្តុំ​ណា​ទេ?»
បង​ខ្ញុំ​មិន​ឆ្លើយ​បែរជា​គំហក​វិញ​តិចៗ៖
«អ្ហែង​ធ្វើ​អ្នកកាសែត​ហ្អី​ក៏​ធ្វើ​អ្នក​និពន្ធ​កុន​អ្ហា៎? និយាយ​មើល​តែ​ក្នុង​​វីដេអូ​អា​នេះ! ហើយ​អ្ហែង​ជឿ​យាយ​នោះ​ម៉េះ? ​គាត់​ចាស់​ពេក​ក៏​វង្វេង​និយាយ​ផ្ដាស​​ទៅ អញ្ចឹង​ៗ​ក៏​ឯង​នឹក​សរសេរ​ចង​មុង​ដល់​បាន​រឿង​បោក​គេ​មួយ​ដែរ? ​កោតតែ​ប្រធាន​អ្ហែង​បើក​ប្រាក់ខែ​ឲ្យ​អ្ហ៎ា»
«បង​ឯង​មិន​ជឿ​ក៏​បាន! តែ​បង​ឯង​គិត​មើល​ទៅ ម្នាក់ៗ​សុទ្ធតែ​ស្លាប់​នៅ​ម៉ោង​មួយ​រំលង​អធ្រាត្រ​ទៀង​ម៉េះ ហើយ​នៅយប់ទី១៤​ដូច​គ្នា​ទៀត? ជួន​គ្នា​អញ្ចឹង​មាន​ដែរ? ស្លាប់​មាន​ទឹក​មុខ​ដូចគ្នា ប៉ូលិស​រក​អី​មិន​ឃើញ​ចេះ​តែ​ថា​គាំង​បេះដូង។ មាន​ដែរ? ម៉ោង​ស្លាប់​ដូចគ្នា ថ្ងៃ​ស្លាប់​ដូច​គ្នា ធ្លាប់​លក់​ដូរ​ជិត​គ្នា របៀប​ស្លាប់​គឺ​ជំងឺ​គាំង​បេះដូង​ដូចគ្នា​ទៀត?»
បង​ខ្ញុំ​ចំហ​មាត់​ធ្លុង​ជា​សញ្ញា​ថា​គាត់​ក៏​កំពុង​ជក់ចិត្ត​នឹង​សំណួរ​ទាំង​នេះ។ គាត់​មិន​ស្ដី​បែរ​ទៅ​ចុច​ទូរស័ព្ទ​ហើយ​និយាយ​៖
«នែ​អ្ហែង​ដឹងរឿង​អា​ស៊ូ​ស្លាប់​អត់?»
ខ្ញុំ​នៅ​ស្ងៀម​សឹង​អត់ដង្ហើម​ចាំ​ស្ដាប់​គាត់​និយាយ​ទូរស័ព្ទ។ ភ្លាម​នោះ​ឮ​គាត់​និយាយ​បន្ថែម៖
«អើ​ហើយ​ចុះ​ដឹង​ថា​ពី​មុន​វា​ធ្លាប់​លក់ដូរ​តូចតាច​នៅ​របង​សាលា….»
ខ្ញុំ​ខ្សឹប​គាត់៖
«របង​មណ្ឌល​ក្មេង​កំព្រា»
បង​ខ្ញុំ​កែ​ពាក្យ​វិញ៖
«អើ! អ្ហែង​ដឹង​កាល​ពី​វា​នៅ​ក្រ វា​ធ្លាប់​រកស៊ី​នៅ​កៀន​របង​មណ្ឌល​ក្មេងកំព្រា​ណា​មួយ​អ្ហ៎ា?»
ខ្ញុំ​ដឹង​ថា​ម្នាក់​ដែល​គាត់​តេទៅរក​នេះ​ប្រាកដ​ជា​អ្នកណា​ម្នាក់​ដែល​គាត់​ច្បាស់​ថា​ដឹង​រឿង​អ្នក​ស្លាប់​ទី​មួយ​ច្រើន។ ប្រសិនបើ​ខ្ញុំ​អាច​រក​ឃើញ​ថា​ទីនោះ​ជា​កន្លែង​ណា ស្អែកនេះ​ខ្ញុំ​ប្រហែល​អាច​រក​ឃើញ​មនុស្ស​ខ្លះ​ទៀត​ដែល​ធ្លាប់​ស្គាល់​អ្នក​ទាំង​បួន​កាល​ពី​១៥​ឆ្នាំ​មុន។ ខ្ញុំ​ងើប​ពី​តុ​ដើរ​មក​ក្បែរ​បង​ប្រុស​ខ្ញុំ​ ព្រម​ពេល​គាត់​ចុច​បិទ​ទូរស័ព្ទ​ហើយ​ងាក​មក​ប្រាប់៖​
«មណ្ឌល​នោះ​ឥឡូវ​ក្លាយ​ជា​ក្លឹប​ស្រី​ស​នៅ​កែង​ផ្លូវ​១០៣​ចាស់​និង​ផ្លូវ​៤Aជា​ផ្លូវ​បង្កើត​ថ្មី។ »
ខ្ញុំ​ជ្រួញ​ចិញ្ចើម​គិត​ផង​ទន្ទេញ​ពាក្យ​គាត់​ប្រាប់​ផង​៖
«ស្រី​ស?»
ខ្ញុំ​បើក​ភ្នែក​ធំៗ​ព្រោះ​ទើប​នឹក​ឃើញ។ តាមពិត​ក្លឹប​ស្រី​ស​នៅ​កែង​ផ្លូវ​១០៣​ជា​ទី​ដែល​ខ្ញុំ​ជិះ​កាត់​រាល់​ថ្ងៃ​ពិសេស គឺ​មាន​ចម្ងាយ​មិន​ដល់​៥០​ម៉ែត្រ​ពី​កន្លែង​ដែល​ខ្ញុំ​ស្គាល់​អាភស្ស​ទេ​។ នាង​លក់​កាហ្វេ​នៅ​ជិត​នោះ​រាល់ថ្ងៃ។ ក្នុង​ពេល​ខ្ញុំ​កំពុង​ភាន់ភាំង​បង​ខ្ញុំ​ងាក​ដើរ​ចេញ​ទាំង​បោះ​សម្ដី​មក​ចុងក្រោយ៖
«ដឹង​រឿង​អី​ទៀត ប្រាប់​ផង​វ៉ី»
គាត់​ទៅ​គេង​បាត់​ទុក​ខ្ញុំ​នៅ​រវើរវាយ​តែ​ឯង។ មិន​អាច​រង់ចាំ​ស្អែក​បាន​ទេ ខ្ញុំ​ងើប​មុខ​មើល​នាឡិកា ឃើញ​ម៉ោង​១០យប់​ក៏​ក្រោក​ទាញ​អាវ​ពាក់​ហើយ​ជិះ​ម៉ូតូ​ទៅ​កាន់​ទីនោះ​ភ្លាម។
ទីបំផុត​ខ្ញុំ​ក៏​ទៅ​ដល់​កែង​ផ្លូវ១០៣ដែល​ស្ងាត់​ច្រៀប​នោះ​ហើយ​ខកចិត្ត។ នៅ​តាម​ផ្លូវ​ខ្ញុំ​យល់ថា​ហោច​ណាស់​នឹង​មាន​អ្នក​លក់ដូរ​ពេលយប់​នៅ​ទីនោះ​គ្រាន់​នឹង​សួរ​ព័ត៌មាន ដឹង​អី​កន្លែង​នោះ​ត្រូវ​ហ៊ុមព័ទ្ធ​​ជា​ការដ្ឋាន​ជីក​ត​បណ្ដាញ​ទឹក​ស្អាត​ធ្វើ​ឲ្យ​បរិយាកាស​ទៅ​ជា​ស្ងាត់​ជ្រងំ។
«បង​ម៉េច​ក៏​ជុំវិញ​នេះ​អត់​មាន​ផ្ទះ​ប្រជាជន​សោះ?»
ខ្ញុំ​សួរ​បង​សន្តិសុខ​មួយ​ដែល​យាម​ម៉ូតូ​នៅ​ចំហៀង​ក្លឹប។ បង​នោះ​ឆ្លើយ​ផង​ស្ងាប​ផង៖
«កាល​ដី​ឡើង​ថ្លៃ​កប់​ពពក ​ប្រជាជន​លក់​ផ្ទះ​ចេញ​អស់ហើយ! ពី​មុន​កន្លែង​នេះ​ជា​កន្លែង​ក្មេង​កំព្រា​ដី​ធំ​ណាស់ ចំណែក​ផ្ទះ​គេ​នៅ​កៀន​ៗនេះ​មាន​មិន​ដល់​២០​គ្រួសារ​ទេ​! ពេល​ថៅកែ​ចិន​មក​ទិញ គេ​ទិញ​យក​ទាំងអស់! ឥឡូវ​គេ​ជួល​ឲ្យ​បើក​ក្លឹប​ផង បើក​កន្លែង​បើក​ការ៉ាស​ឡាន!​​ ដី​សល់​ព័ទ្ធ​របង​ចោល​គ្មាន​ពីណា​នៅ​ទេ»
«អញ្ចឹង​ខ្ញុំ​ចង់​សួរ​រឿង​ពី​១៥​ឆ្នាំ​មុន​ ប្រហែល​អត់​ផ្លូវ​ទេ​មើល​ទៅ!»
បង​សន្តិសុខ​មើល ខ្ញុំ​លើ​ក្រោម​ហើយ​និយាយ៖
«អូន​ឯង​អ្នក​កាសែត​មិន​មែន?»
«បាទ​បង!»ខ្ញុំ​ឆ្លើយ។ បង​នោះ​បង្ហុយ​បារី​រួច​បាន​និយាយ​ធ្វើ​ហី៖
«សរសេរ​រឿង​ថ្មី​មិន​សរសេរ ទៅ​សរសេរ​អី​រឿង​​ពី​យូរ​មក​ហើយ?»
ខ្ញុំ​មិន​ប្រកាន់​ព្រោះ​ថា​មក​ពី​គាត់​មិន​យល់ ទើប​ពន្យល់​គាត់​ទៀត៖
«ចង់​សរសេរ​រឿង​លក់​ដី​រដ្ឋ​កាល​១៥​ឆ្នំា​មុន​ហ្នឹង​បង​!»
គាត់​និយាយ​ធ្វើ​ហី​ទៀត៖
«ពីណា​ដឹង? រឿង​យូរ​ពេក​ហើយ! ខ្ញុំ​ទើប​មក​ពី​ខេត្ត​បាន​ពីរ​ឆ្នាំ​ដែរ មក​យាម​ណេះ​បាន​ជាង​ម៉ា​ឆ្នាំ! ឮ​តែ​គេ​ថា​ដែរ​ថា​មុន​កន្លែង​នេះ​ក្មេង​កំព្រា​នៅ តែ​មិន​ដឹង​អី​ច្រើន​ជាង​ហ្នឹង​ផង!»
ខ្ញុំ​ឆ្លើយ​ភ្លាម៖
«អត់​អី​ទេ! និយាយ​លេង​ជាមួយ​បង​ឯង​កែ​អផ្សុក​ក៏​ល្អ! ហើយ​វេន​បង​ឯង​ដល់​ម៉ោង​ប៉ុន្មាន? អត់​ខ្លាច​ទេ​ម្នាក់​ឯង​អញ្ចឹង?»
«មាន​ពីរ​នាក់! ម្នាក់​ទៀត​ទៅ​បត់​ជើង​មិន​ទាន់​មក​វិញ! ខ្លាច​អី​ធ្លាប់​ទៅ​ហើយ! អូ បើ​ប៉ុន្មាន​ថ្ងៃមុន​វិញ​បាន​ចម្លែក អ៊ំ​មួយ​ចាស់​ប្រហែល​៧០​ឆ្នាំ​មិន​ដឹង​គាត់​មក​ពេល​ព្រលប់ៗ​នាំ​អាចារ្យ​មក​ច្រូងច្រាង​ហើយ​ដើរចូល​ទៅ​ក្នុង​កន្លែង​គេ​ជីក​លូ​ទឹក​តែ​ថា​ពួក​ហ្នឹង​មិន​ឲ្យ​គាត់​ចូល​គាត់​ឡើង​ឡាន​ទៅ​វិញ​គិត​ពី​និយាយ​ដាក់​កូន​គាត់​ដែល​គ្រា​គាត់​មក​នោះ​ថា ជិត​មាន​រឿង​ធំ​ហើយ​ៗ! ប្លែក​ដែរ​!»
ខ្ញុំ​បើក​ភ្នែក​គ្រលួង​ព្រោះ​ចាប់​អារម្មណ៍។
«គាត់​ជា​អ្នកណា? ចម្លែក​មែន​ហ្ន»
សន្តិសុខ​នោះ​គ្រវីក្បាល​ជា​សញ្ញា​​ថា​អត់​ដឹង។
ខ្ញុំ​ត្រលប់​មក​ផ្ទះ​ដេក​យក​កម្លាំង​ហើយ​ព្រឹក​ឡើង​ម៉ោង​៧​មិន​ទាន់​ក្រោក​ក្រេស​ជិះ​ទៅ​ដឹក​អា​ប្អូន​ជីដូន​មួយ​ទៅ​សង្កាត់​ក្បែរ​នោះ​ជាមួយគ្នា​ព្រោះ​វា​មាន​ស្គាល់​គេ​ខ្លះ​នៅ​ទីនោះ។
«មាន​រឿង​រញ៉េរញ៉ៃ​អញ្ចឹង​មែន​តែ​អ៊ំ​ចាស់​នោះ​ដូចជា​វង្វេង​បន្តិច​អី​បន្តិច! គេ​បាន​ឃាត់​គាត់​ឲ្យ​​ចេញ​ទៅវិញ​កុំ​ឲ្យ​រំខាន​ការដ្ឋាន​គាត់​ចេញ​តែ​ស្រែក​ថា​មាន​រឿង​ធំ​ៗ! ដល់​យើង​សួរ​ទៅ​កូន​ៗ​គាត់​ក៏​អត់​យោបល់​ព្រោះ​មិន​ដឹង​រឿង​ដូចគ្នា! នេះ​រូបថត​ដែល​ពួក​យើង​ថត​បាន​ទុក​ធ្វើ​របាយការណ៍​កាល​ពី​ថ្ងៃ​នឹង!»
នេះ​ជា​សម្ដី​ស្មៀន​សង្កាត់​ប្រាប់​ពួក​យើង។ ខ្ញុំ​ឱន​សម្លឹង​រូបថត​ដែល​គេ​ថត​បាន។ ទឹកមុខ​អ៊ំ​ប្រុស​នោះ​មិន​សម​ថា​គាត់​វង្វេង​ដូច​គេ​ថា​ទេ ប៉ុន្តែ​តើ​គាត់​នាំ​អាចារ្យ​ចូល​ទៅ​កន្លែង​នោះ​ធ្វើ​អី​?
ខ្ញុំ​ងើប​មុខ​សួរ​បង​ស្មៀន​ភ្លាម៖
«បង​អ្ហា៎! អ៊ំ​នេះ​គាត់​ផ្ទះ​នៅ​ឯណា​បង​ដឹង​អត់?»
«ឮថា​គាត់​នៅ​ខេត្ត​កំពង់ចាម!»
«បង​មាន​លេខ​ទំនាក់ទំនង​គាត់​ដែរ?»
បង​មៀន​គ្រវី​ក្បាល។ ខ្ញុំ​នឹក​ឃើញ​សួរ​បន្ថែម៖
«អេ្ហ​បង!​ បង​ធ្វើ​ការ​សង្កាត់​ហ្នឹង​មាន​ស្គាល់​អ្នក​ណា​ជា​ប្រជាជន​ចាស់​ធ្លាប់​រស់​នៅ​ក្បែរ​មណ្ឌល​កុមារ​កំព្រា​តាំង​ពី​១៥​ឆ្នាំ​មុន​! សង្ស័យ​តែ​អ្នក​ចាស់​ចេញ​អស់​ហើយ​ទេ​ដឹង​បង?»
បង​ស្មៀន​ឆ្លើយ​ផូង៖
«អ៊ំ​សីហា​នោះ​! អ៊ំ​នោះ​ពី​មុន​នាយក​មណ្ឌល​កុមារ​កំព្រា​ហ្នឹង​ហើយ! ឥឡូវ​កូន​គាត់​បើក​បៀរ​ហ្គា​ដេន​នៅ​ផ្លូវ​១០៧​រំលង​ពីរ​ផ្លូវ​ទេ!»
ដូច​រក​ឧស​ប្រទះ​ឈើ​ងាប់។ យើង​សុំ​បង​ស្មៀន​ជូន​ទៅ​ភ្លាម។ ដោយសារ​បង​ស្មៀន​និង​អា​ប្អូន​ជីដូន​មួយ​ខ្ញុំ​ស្គាល់​គ្នា​ស្និទ្ធ​គ្រាន់​ដែរ ខ្ញុំ​កាន់​តែ​​មាន​សង្ឃឹម​ច្រើន​ឡើង​ក្នុង​ការ​ស្វែង​រក​ការពិត​នៅ​ពី​ក្រោយ​មរណភាព​ដ៏​ចម្លែក​ទាំង​បួន​ករណី។
យើង​ទាំង​បី​ទៅ​ដល់​ចំ​ពេល​អ៊ំ​សីហា​កំពុង​ស្រោច​ផ្កា។ គាត់​ហាក់​ង៉េមង៉ាម​ពេល​ឃើញ​ពួក​យើង​តែ​ដោយ​បង​ស្មៀន​ណែនាំ​បាន​មួយ​សន្ទុះ​គាត់​ក៏​ព្រម​និយាយ​​ជាមួយ​ពួកខ្ញុំ។
ដោយសារ​អ៊ំ​សីហា​ចាស់​ហើយ ពេល​គាត់​ឃើញ​រូបថត​អ្នក​ស្លាប់​ទាំង​បួន​ដែល​ត្រូវ​បាន​បង្ហាញ​ចេញ​មក គាត់​ស្រាប់​តែ​ស្រក់​ទឹកភ្នែក​ច្រោក​ព្រោះ​ទប់​ការ​រំជួល​ចិត្ត​អត់​បាន។
«ប៉ា មាន​ជំងឺ​លើស​ឈាម ហើយ​ក៏​វិវត្តន៍​មក​ជា​ខ្សោយ​បេះដូង​ទៀត! តាំងពី​មណ្ឌល​នោះ​ត្រូវ​គេ​លក់​ឲ្យ​ចិន ប៉ា​បាន​ចូល​រ៉ឺត្រែត​ហើយ»
កូន​គាត់​និយាយ​ហាក់​មិន​ចង់​ឲ្យ​យើង​បន្ត​សួរ​នាំ​រំខាន​អារម្មណ៍​ជន​ជរា។ ដោយ​យល់​ការណ៍​ខ្ញុំ​ក៏​ប្រញាប់​ចូល​សាច់រឿង។
«បាទ​បង! បំណង​ខ្ញុំ​មក​ថ្ងៃ​នេះ​គ្រាន់តែ​សុំ​សួរ​លោកអ៊ំ​ថា ដោយសារ​លោកអ៊ំ​ជា​នាយក​មណ្ឌល​ក្មេង​កំព្រា​នោះ​តើ​គាត់​ស្គាល់​អ្នក​ទាំង​បួន​ទេ? ពួក​គេ​ពិតជា​ធ្លាប់​លក់​ដូរ​ក្បែរ​នោះ​មែន​អត់? ហើយ​ក្រៅពី​ពួកគេ​នៅ​មាន​អ្នកណា​ទៀត? និយាយ​ដោយ​ស្មោះ​ខ្ញុំ​កំពុង​សង្ស័យ​ថា​អាច​មាន​អ្នក​ស្លាប់​បន្ត​ទៀត​ក្នុង​ចំណោម​អ្នក​ធ្លាប់​លក់​ដូរ​នៅ​ម្តុំ​នោះ អញ្ចឹង​ចម្លើយ​របស់​គាត់​អាច​ថា​ជា​បុណ្យ​កុសល​ជួយ​ជីវិត​មនុស្ស»
ពេល​កូន​គាត់​ទីទើរ​មិន​យល់​សម្ដី​ខ្ញុំ ខ្ញុំ​ហៀប​នឹង​ពោល​ពន្យល់​បន្ថែម​ទៅ ហើយ​ស្រាប់តែ​អ៊ំ​ប្រុស​នោះ​និយាយ​កាត់​វឹង។
«បួន​នាក់​នេះ​ពី​មុន​ក្រ​ៗ​ណាស់! ពួកវា​នៅ​ក្មេងៗ​ខំ​រក​ស៊ី​ក្បែរ​របង​មណ្ឌល​ព្រោះ​ចិញ្ចឹម​ឪពុកម្ដាយ ពួក​នេះ​ខ្ញុំ​ស្គាល់​ច្បាស់​ ​ព្រោះ​ខ្ញុំ​ដើរ​កាត់​ចេញ​ចូល​រាល់ថ្ងៃ ឲ្យ​តែ​ត្រូវការ​ទិញ​អ្វី ពួក​គេ​លើក​យក​ឲ្យ​ដល់​ប៊ុយរ៉ូ រឿង​អី​ថា​ខ្ញុំ​ភ្លេច»​ គាត់​និយាយ​ផង​លើកដៃ​ជូត​ទឹកភ្នែក​ផង​ប្រហែល​ជា​មរណភាព​របស់​ពួកគេ​ជា​ដំណឹង​ដ៏​ស្រងេះស្រងោច​សម្រាប់​អ៊ំ​ដែល​តែងតែ​នឹក​រលឹក​ដល់​អតីតកាល។
ខ្ញុំ​បាន​ឱកាស​សួរ​បន្ថែម​ភ្លាម៖
«ចុះ​កាល​ហ្នឹង​ក្រៅពី​ពួកគេ​បួន​នាក់​ហ្នឹង​មាន​អ្នក​លក់​ផ្សេង​ទៀត​ទេ​អ៊ំ​?»
«ខ្វះ​អី! មាន​គគោក! បួន​ដប់​នាក់​ឯណោះ»
គាត់​ឆ្លើយ​ធ្វើ​ឲ្យ​ខ្ញុំ​បុកពោះ​ភឹប។ ប្រសិន​បើ​ម៉ោង​មួយ​យប់​នេះ​មាន​អ្នក​ស្លាប់​ម្នាក់ទៀត​ហើយ​គេ​ក៏​ស្ថិត​ក្នុង​ចំណោម​អ្នក​ធ្លាប់​រកស៊ី​ក្បែរ​របង​មណ្ឌល​ក្មេង​កំព្រា​កាលពី​១៥ឆ្នាំមុន​តើ​ខ្ញុំ​មាន​វិធី​អី​អាច​ជួយ​អ្នក​ដែល​នៅ​សល់?
ក្នុង​ភាព​តក់ក្រហល់​ខ្ញុំ​សួរ​ឡើង​បន្ទាន់៖
«អ៊ំ​អ្ហា៎! អ៊ំ​ដឹង​ថា​ពួក​អ្នក​លក់​ផ្សេង​ទៀត​បែក​គ្នា​ទៅ​រស់​នៅ​ឯណា​អស់​ទេ? ខ្ញុំ​មាន​រឿង​ចាំ​បាច់​ចង់​ជួប​ពួក​គេ​​!»
អ៊ំ​នោះ​គ្រវីក្បាល​យឺត​ៗ​ធ្វើ​ឲ្យ​ខ្ញុំ​ធ្លាក់​ថ្លើម​ក្ដុក។
«តាំងពី​គេ​វាយ​សាលា​ក្មេងកំព្រា​ចោល ពួក​ហ្នឹង​ក៏​បែក​ខ្ចាត់ខ្ចាយ​អស់។ មិន​ដែល​ដឹង​មិន​ដែល​បាន​ជួប​សោះ! បើ​កុំ​ក្មួយ​មក​ប្រាប់ អ៊ំ​ក៏​មិន​ដឹង​ថា ពួក​នេះ​អាយុ​ខ្លី​ស្លាប់​ត​គ្នា​អញ្ចឹង​ទេ!»
ខ្ញុំ​កំពុង​អស់​សង្ឃឹម​ព្រោះ​គ្មាន​ខ្សែ​រយៈ​តែ​នៅ​តែ​ព្យាយាម​ក្រែងលោ​បាន​គាត់​យល់​ម្នាក់​ទៀត​យើង​មាន​មនុស្ស​សស្រាក់សស្រាំ​កាន់តែ​ច្រើន​ក្នុង​រឿង​នេះ។ ខ្ញុំ​និយាយ​ពន្យល់៖
​«អ៊ំ​ បើ​អ៊ំ​អាច​រក​នឹកឃើញ​ពី​តម្រុយ​កន្លែង​រស់នៅ​របស់​អ្នក​ផ្សេង​នោះ​វា​កាន់​តែ​ល្អ! ខ្ញុំ​ចង់​និយាយ​ថា ប្រហែល​ជា​អាច​នឹង​មាន​អ្នក​ស្លាប់​បន្ត​ទៀត​ក៏​ថា​បាន! គឺ​ក្នុង​ចំណោម​អ្នក​ដែល​ធ្លាប់​លក់ដូរ​ក្បែរ​របង​មណ្ឌល​នោះ​»
អតីត​នាយក​មណ្ឌល​ក្មេងកំព្រា​រក្សា​ភាព​ស្ងប់ស្ងាត់​ហាក់​មិន​មាន​អ្វី​ភ្ញាក់​ផ្អើល​នឹង​សម្ដី​ខ្ញុំ​ទេ​តែ​កូន​ប្រុស​គាត់​បែរ​ជា​លូក​មាត់​មក​និយាយ​កាត់៖
«ពុក​ខ្ញុំ​ចាស់​ហើយ! ម្ដង​ច្បាស់​ម្ដង​វង្វេង! គាត់​មើល​ទៅ​មិន​អាច​ជួយ​អី​អ្នក​ទាំង​ពីរ​បាន​ទេ! សូម​ទោស! គាត់​ត្រូវ​ដល់​ម៉ោង​ពិសា​ថ្នាំ​ផង!»
ការ​លូក​មាត់​របស់​គាត់​ហាក់​ដូចជា​ពញ្ញាក់​ខ្ញុំ​ថា​គ្រួសារ​អ្នកមាន​នេះ​មាន​ដូចជា​មាន​ចេតនា​ក្នុង​ការ​យក​រួច​ខ្លួន​ទោះបី​មនុស្ស​ដែល​គាត់​ធ្លាប់​ស្គាល់​បាន​ស្លាប់​បន្តបន្ទាប់​គ្នា ​គាត់​ដឹងឮ​នៅ​នឹង​មុខ​ហើយ​ក៏ដោយ​សូម្បីតែ​សួរ​រក​ហេតុផល​មួយម៉ាត់​ក៏​អត់។
ខ្ញុំ​កំពុង​ពិភាល់​ចិត្ត​តាម​ចរិត​អ្នកកាសែត​ចូលចិត្ត​ស៊ើបការណ៍ ស្រាប់​តែ​ឮប្អូន​ជីដូន​មួយ​មួយ​និយាយ​ផូង៖
«ចុះ​អ៊ំ​មាន​ស្គាល់​លោកតា​ដែល​ប៉ុន្មាន​ថ្ងៃមុន​នេះ​នាំ​អាចារ្យ​មក​ឆាឆៅ​កន្លែង​គេ​ជីក​លូ​ទឹក​ដែរ​ទេ?»
អ៊ំ​ចំណាស់​ងក់ក្បាល​ផ្ងក់ៗ៖
«កាល​ហ្នឹង​អ៊ំ​ទៅ​ស្រុក មក​វិញ​ឮ​ក្មេងៗ​និយាយ តែ​មិន​ដឹង​ថា​គាត់​មែន​ឬ​មិនមែន»
«អ៊ំ​សង្ស័យ​ថា​អ្នកណា?​» ខ្ញុំ​លាន់មាត់​សួរ​តែ​អ៊ំ​នោះ​មិន​ទាន់​បាន​ឆ្លើយ​ផង​ស្មៀន​លើក​រូបថត​បង្ហាញ​គាត់។
«ណេះ​រូបថត! អ៊ំ​មើល​ទៅ ចំណាំ​គាត់​បាន​ដែរ?»
អ៊ំ​អតីត​នាយក​មណ្ឌល​ក្មេង​កំព្រា​ឱន​សម្លឹង​មនុស្ស​ក្នុង​រូបថត​ក្រោម​ភាព​អន្ទះសា​របស់​យើង​គ្រប់គ្នា។​ ខ្សែក​​បន្តោង​ភ្លុក​សស្ងាច​មួយ​លៀន​ចេញ​ពី​ក្នុង​ក​អាវ​អាចារ្យ​របស់​គាត់។ វា​ជា​ភ្លុក​ដ៏​មាន​ពន្លឺ ក្រឡេក​ដឹង​ភ្លាម​ថា​១០០%ជា​របស់​សុទ្ធ​និង​ជា​វត្ថុ​ដ៏​កម្រ​រក​បាន​ក្នុង​ពេល​បច្ចុប្បន្ន។ ខ្ញុំ​ដក​ភ្នែក​ចោល​បន្តោង​នោះ​ព្រោះ​នេះ​មិនមែន​ជា​ពេល​សម្រាប់​ជាប់​ចិត្ត​នឹង​វត្ថុបុរាណ​ឡើយ។ អ៊ំ​សីហា​ជ្រួញ​ចិញ្ចើម​ទប់​ស្កាត់​​ភាព​ភ្ញាក់ផ្អើល​ហើយ​និយាយ​មួយៗ៖
«គាត់​មែន! គឺ​ល្បង​ស៊ីម!»
«លោក​តា​ស៊ីម​ជា​អ្នកណា? ហេតុអ្វី​គាត់​នាំ​អាចារ្យ​មក​ឆាឆៅ​ការដ្ឋាន​ទឹក​ស្អាត?» ប្អូន​ខ្ញុំ​សួរ​កាត់។
តែ​អ៊ំ​នោះ​នៅ​ស្ងៀម​បន្តិច​ហាក់​ចង់​អូស​បន្លាយ​ភាព​ងឿង​ឆ្ងល់​របស់​ពួក​យើង​រួច​ទើប​ដាច់ចិត្ត​ពោល​ឡើង​បន្ត​ទាំង​ដង្ហើម​ធំ៖
«ល្បង​ស៊ីម​មិន​មែន​មក​ឆាឆៅ​ទេ! គាត់​មក​នេះ​ប្រហែល​មាន​បំណង​សំខាន់​អី​មួយ តែ​គេ​មិនព្រម​ស្ដាប់​គាត់ មិន​ព្រម​ជឿ​គាត់!»
ពួក​យើង​នៅ​ស្ងៀម​ចំហ​មាត់​ធ្លុង​នៅ​ពេល​អ៊ំ​​ចំណាស់​និយាយ​បន្ត៖
«កាល​ពី​១៥​ឆ្នាំ​មុន ល្បង​ស៊ីម​ជា​អាចារ្យ​ម្នាក់​តែ​គាត់​នៅ​ខេត្ត​ទេ អត់​ចាំ​ថា​ខេត្ត​អី​ដែរ តែ​គាត់​បាន​ឆ្លង​កាត់​ទីនេះ​ដោយ​ចៃដន្យ។ កាល​ហ្នឹង​កន្លែង​ថ្នល់​ជីក​លូ​ទឹក​សព្វ​ថ្ងៃ​ជា​បរិវេណ​ដី​មណ្ឌល​ក្មេង​កំព្រា​នៅ​ឡើយ​គឺ​មិនទាន់​ពង្រីក​ធ្វើ​ជា​ផ្លូវ​កាត់​ទទឹង​ទេ។ ល្បងស៊ីម​មិន​ដែល​ស្គាល់​ខ្ញុំ​សោះ ស្រាប់តែ​គាត់​ចូល​មក​រក​ខ្ញុំ​នៅ​ប៊ុយរ៉ូ​ហើយ​ប្រាប់​ថា ខ្ញុំ​ត្រូវ​តែ​អនុញ្ញាត​ឲ្យ​គាត់​ធ្វើ​ពិធី​សង្កត់​យ័ន្ត​មួយ​នៅ​ម្ដុំ​នោះ។ គាត់​ថា​មាន​ខ្មោច​តៃហោង​កាច​ណាស់​វា​នៅ​ចាំ​នៅ​ដី​នោះ ​វា​អាច​ធ្វើ​ឲ្យ​មាន​បញ្ហា​ដល់​អ្នក​ផង។ ដោយសារ​សាលា​យើង​មាន​ក្មេង​ច្រើន​ទោះ​បី​ជា​ខ្ញុំ​កាល​ហ្នឹង​មិន​សូវ​ជឿ​ដែរ​តែ​គិត​ថា​បណ្ដោយ​តាម​គាត់​ចុះ​ក៏​ឲ្យ​គាត់​ធ្វើ​ពិធី​ដាក់​យ័ន្ត​កប់​ទៅ​ក្រោម​ដី​អស់​មួយ​កំណាត់​ព្រឹក។»
ឃើញ​ពួក​ខ្ញុំ​នៅ​ស្ងៀម​ដូច​ចោរ​លួច​សេះ​ អ៊ំ​សីហា​និយាយ​បន្ត៖
«ល្បង​ស៊ីម​នាំ​អាចារ្យ​ចូល​កន្លែង​ជីក​លូ សង្ស័យ​តែ​គាត់​ចង់​មើល​យ័ន្ត​របស់​គាត់​ទេ!»
ខ្ញុំ​ងាក​មើល​មុខ​គ្នា។ នៅ​តាម​ផ្លូវ​ត្រលប់​ទៅ​វិញ​ ​ខ្ញុំ​បាន​ព្យាយាម​ពន្យល់​បង​ស្មៀន​ឲ្យ​យល់​ពី​ដំណើរ​រឿង​ទាំងអស់​ហើយ​ប្រាប់​គាត់​ថា​ខ្ញុំ​កំពុង​សង្ស័យ​ជុំវិញ​ការ​ទាក់ទង​គ្នា​រវាង​យ័ន្ត​ដែល​អ៊ំ​សីហា​និយាយ និង​រឿង​មនុស្ស​ស្លាប់​ទាំង​បួន​នាក់​ពិសេស​គឺ​ហេតុការណ៍​រន្ធត់​ទី៥​ដែល​ខ្ញុំ​បន់ស្រន់​កុំ​ឲ្យ​កើត​ឡើង​នៅ​ម៉ោង​១​រំលង​អធ្រាត្រ​ថ្ងៃ​ទី​១៤​នេះ​ដូច​ការ​ស្មាន​របស់​ខ្ញុំ​ឲ្យ​សោះ។
បង​ស្មៀន​យល់​សាច់​រឿង​អស់​ហើយ​សន្យា​ថា​នឹង​ជួយ​និយាយ​ជាមួយ​អ្នក​កាន់​ការដ្ឋាន​នោះ​ឲ្យ ប៉ុន្តែ​សំខាន់​យើង​ត្រូវ​រក​លោកតា​ស៊ីម​នោះ​ឲ្យ​ឃើញ​សិន​ទើប​ដឹង​ថា​យ័ន្ត​នោះ​នៅ​ឯណា?
ខ្ញុំ​មក​ដល់​Officeហើយ​ចាប់ផ្ដើម​សរសេរ​អត្ថបទ​ដ៏​ព្រឺក្បាល​មួយ​ឈ្មោះ​ថា យ័ន្ត​អាថ៌កំបាំង​នៅ​ក្នុង​បរិវេណ​អតីត​មណ្ឌល​កុមារ​កំព្រា​និង​មរណភាព​អតីត​​អ្នក​លក់ដូរ​​នៅ​ក្បែរ​របង​នោះ​បួន​នាក់​បន្ត​បន្ទាប់​គ្នា។
បង​និពន្ធ​នាយក​ហៅ​ខ្ញុំ​ជួប។ ខ្ញុំ​ត្រៀម​ខ្លួន​ទទួល​យក​ការ​បន្ទោស​របស់​គាត់​ឲ្យ​ហើយ​តែ​ទោះ​យ៉ាងណា​ខ្ញុំ​ត្រូវ​តែ​ព្យាយាម​និយាយ​ទាល់​តែ​បាន​បោះ​ពុម្ព​រឿង​នេះ​ចេញ។
«ចូល​មក​ឌី»
សំឡេង​​គាត់​​មិនសូវ​កាច​ដូច​កាល​ពី​ម្សិល​ទេ។ សំខាន់​ក្នុង​បន្ទប់ ក្រៅ​ពី​គាត់​គឺ​មាន​យុវជន​ម្នាក់​ផ្សេង​ទៀត​កំពុង​អង្គុយ​នៅ​ទីនោះ​ជាស្រេច។​ ខ្ញុំ​អត់​សូវ​រវល់​នឹង​គេ​ដែល​កំពុង​អង្គុយ​លើ​កៅអី​សម្លឹង​មក​ខ្ញុំ​ទេ តែ​ខ្ញុំ​ផ្ដោត​ភ្នែក​លើ​សំណុំ​អត្ថបទ​ខ្ញុំ​ដែល​ស្ថិត​លើ​ដៃ​បង​និពន្ធ​នាយក។
«បង​ឯង​មិន​សម​ថា​ជេរ​ខ្ញុំ​នៅ​មុខ​ភ្ញៀវ​បង​ឯង​ទេ​ដឹង?»ខ្ញុំ​នឹក​ក្នុង​ចិត្ត​ស្ងាត់​ៗ។
«ឌី! បង​ចង់​ឲ្យ​ឌី​ទៅ​តាម​សាក្សី​ដើម្បី​សរសេរ​អត្ថបទ​កែង​ផ្លូវ​១០៣!»
ខ្ញុំ​អរព្រើត​ដែល​លទ្ធផល​ចេញ​មក​ខុស​ការ​រំពឹង​ទុក។ ខ្ញុំ​ស្ទុះ​ទៅ​ក្បែរ​គាត់​ហើយ​សួរ​តិចៗ៖
«អាឡូវ​បង​ឯង​ជឿ​រឿង​អ្នក​ស្លាប់​ទី​៥​នោះ​ហើយ​?»
សូមរង់ចាំតាមដានភាគបន្តនៅថ្ងៃព្រហស្បតិ៍ស្អែកនេះ