សាលា​រាជធានី​ច្រាន​ចោល​ សំណើរ​សុំ​ធ្វើ​មហា​បាតុកម្ម​ លើក​ទី​៣​របស់​គ​បក្ស​សង្គ្រោះ​ជាតិ​

10/18/2013 0 Comments A+ a-

សាលា​រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​សុក្រ​នេះ សម្រេច​ច្រានចោល សំណើរ​សុំ​ធ្វើ​មហា​បាតុកម្ម​លើក​ទី​៣ របស់​គណបក្ស​សង្គ្រោះ​ជាតិ ទាមទាររក​យុត្តិធម៌ លទ្ធផល​បោះឆ្នោត ដោយ​អះអាង​ថា បារម្ភ​ពី​សន្តិសុខ​ជាតិ។​
​កាលពី​ថ្ងៃ​ទី​១៦ ​ខែតុលា ឆ្នាំ​២០១៣ គណបក្ស​សង្គ្រោះ​ជាតិ បាន​ជូនដំណឹង​ទៅ​សាលា​រាជធានី​ភ្នំពេញ ពី​គម្រោង​ធ្វើ​មហា​បាតុកម្ម​លើក​ទី​៣ របស់ខ្លួន នៅ​ទីលាន​ប្រជាធិបតេយ្យ ចំនួន​៣​ថ្ងៃ គឺ​ចាប់ពី​ថ្ងៃ​ទី​២៣​ ដល់​ថ្ងៃ​២៥​ ខែតុលា។ សេចក្តីជូនដំណឹង​បញ្ជាក់ថា មហា​បាតុកម្ម​នោះ​មាន សម្តែង​មតិ ប្រគំ​តន្ត្រី និង​ការដើ​រហែ​ក្បួន យក​ញត្តិ​ដែល​មាន​ស្នាម​មេដៃ​អ្នក​គាំ​ទ្រច្រើន​លាន​នាក់ ដាក់​ទៅ អង្គការសហប្រជាជាតិ តាមរយៈ​ឧត្តមស្នងកា​រ​សហប្រជាជាតិ ប្រចាំ​កម្ពុជា និង​ដាក់​នៅ​ស្ថានទូតបរទេស​មួយ​ចំនួន​ទៀត ដូចជា ស្ថានទូត​អាមេរិក ​បារាំង ជប៉ុន និង​ស្ថានទូត​ចិន ជាដើម​។​
​អ្នកនាំពាក្យ​សាលា​រាជធានី​ភ្នំពេញ លោក ឡុង ឌី​ម៉ង់ ឲ្យ​VOD ដឹងថា ក្រោយ​ជួបពិភាក្សា ជាមួយ​តំណាង​គណបក្ស​សង្គ្រោះ​ជាតិ នា​ថ្ងៃ​សុក្រ​ទី​១៨​ ខែ​តុលា​នេះ សាលា​រាជធានី ចាត់ទុកថា គម្រោង​ធ្វើ​បាតុកម្ម​នោះ ហួស​ពី​ដែន​សមត្ថកិច្ចរបស់ខ្លួន ប៉ុន្តែ​ស្ថាប័ន​នេះ បាន​សុំ​គោលការណ៍ ទៅ​ក្រសួង​មហាផ្ទៃ​ដើម្បី​សម្រេច។
​អ្នកនាំពាក្យ​ក្រសួង​មហាផ្ទៃ​លោក ខៀវ សុភ័គ អះអាងថា លោកកំពុង​ពិភាក្សាករណីនេះ។​
​អ្នកនាំពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ លោក យឹម សុវណ្ណ យល់ថា ការធ្វើ​មហា​បាតុកម្ម​នេះ ជា​សិទ្ធិ​ស្របច្បាប់របស់​ពលរដ្ឋ ដែល​ប្រទេស​ប្រកាន់លិ​ទ្ធិប្រ​ជា​ធិបតេយ្យ ត្រូវតែ​គោរព។ លោក​ថា ការរារាំងធ្វើ​បាតុកម្មអហិង្សា​នេះ ជា​ចេតនា នយោបាយ ដែល​ចង់​លាក់បាំង​ការលួចបន្លំ​សន្លឹកឆ្នោត​ ៖ "​អត់​មាន​ធ្វើ​អ្វី​ខុសច្បាប់ អត់​មាន​យក​លេស​សព្វ​គ្រប់បែបយ៉ាង របៀបនេះ នេះ​ជា​លេស ដែល​មិន​សម​ហេតុផល ជា​លេស​នយោបាយ ដែល​មិន​ហ៊ាន ប្រឈមមុខ​នឹង​ការពិត ហើយ​មិន​ដោះស្រាយ​បញ្ហា​"​។
​ការធ្វើ​មហា​បាតុកម្ម​ចំនួន​ពីរ​លើក​កន្លងមក​ របស់​គណបក្ស​សង្គ្រោះ​ជាតិ ពុំ​មាន​ការ​ហែក្បួន​នោះទេ​។ ប៉ុន្តែ​ក្រុម​អ្នកឃ្លាំមើល អះអាងថា ហិង្សា​បានកើត​ដោយសារតែ​សមត្ថកិច្ច​ព្យាយាម​បិទផ្លូវ​ មិន​ឲ្យ​អ្នក​ធ្វើ​ឆ្លងកាត់​តាម​ផ្លូវ​សំខាន់ៗ បណ្តាលឲ្យ​មាន​ការបាញ់​សម្លាប់​ពលរ​ដ្ឋ​ម្នាក់​នៅ​ជិត​ស្ពាន​ក្បាលថ្នល់ កាលពី​ខែ​កញ្ញា ​ឆ្នាំ​២០១៣៕