ACU ជំរុញ​ឲ្យ​ប៉ុស្តិ៍នគរបាល​ ច្រកទ្វារ​ព្រំដែន​អន្តរជាតិ​ ចាំ​យាម​ខេត្តកោះកុង​កែ លម្អ​ការងារ​របស់​ខ្លួន​​

10/18/2013 0 Comments A+ a-

អង្គភាព​ប្រឆាំង​អំពើពុករលួយ (ACU) ជំរុញ​ឲ្យ​ប៉ុស្តិ៍នគរបាល​ច្រកទ្វារ​ព្រំដែន​អន្តរជាតិ​ចាំ​យាម ​ខេត្ត​កោះកុង កែលម្អ​ការងារ​របស់​ខ្លួន បន្ទាប់​ពី​អង្គភាព​បានទទួល​ពាក្យបណ្តឹង​តាម​ទូរស័ព្ទ​ពាក់ព័ន្ធ​ការ​យក​លុយ​របស់​ពល​រដ្ឋ​ដែល​ទៅ​ធ្វើការ​ ដោយ​ខុស​ច្បាប់​នៅ​ប្រទេស​ថៃ​។
​ការជំរុញ​នេះ​ធ្វើ​ទ្បើង បន្ទាប់​ពី​នាយ​ប៉ុស្តិ៍​នគរបាល​ច្រកទ្វារ​ព្រំដែន​អន្តរជាតិ​ចាំ​យាម ​ខេត្ត​កោះកុង លោក សួស សុខ​តា​រ៉ា កាលពីដើម​ខែ​កញ្ញា ឆ្នាំ​២០១៣ បាន​ផ្ញើ​លិខិត​ទៅ​ប្រធាន​អង្គភាព​ប្រឆាំង​អំពើពុករលួយ លោក ឱម យ៉ិនទៀង ដើម្បី​ឆ្លើយបំភ្លឺ​ពី​ការចោទប្រកាន់​លោក​ថា ​បាន​យក​លុយ​ពី​ពលរដ្ឋ​ដែល​ឆ្លងដែន​ទៅ​ធ្វើការ​នៅ​ថៃ​ចំនួន ១២០០​បាត (៣៨.៧៨​ដុ​លា្ល​រ​អាមេរិក​) ក្នុង​ម្នាក់ និង ៤០០​បាត (១២.៩ ដុល្លារ​អាមេរិក​) ក្នុង​ម្នាក់​នៅពេល​ពួកគាត់​ត្រ​ទ្ប​ប់​មក​ប្រទេស​កំណើត​វិញ និង​ការ​យក​លុយ​ពី​ទ្បាន​ដឹកទំនិញ និង​រថយន្ត​គ្រប់​ប្រភេទ នៅពេល​ឆ្លងកាត់​ច្រកព្រំដែន​។​​
ពាក្យបណ្តឹង និង​លិខិត​ឆ្លើយឆ្លង​រវាង​លោក​វរសេនីយ៍ឯក សួស សុខ​តា​រ៉ា និង​លោក​ឱម យ៉ិនទៀង ត្រូវ​បាន​អង្គភាព​ប្រឆាំង​អំពើពុករលួយ ​ផ្សាយ​នៅ​លើ​គេហទំព័រ​របស់ខ្លួន នៅ​ថ្ងៃ​សុក្រ​នេះ​។  
​ក្នុង​លិខិត​ឆ្លើយ​បំភ្លឺ​របស់​ខ្លួន ចុះ​ថ្ងៃ​ទី​៦ ខែ​កញ្ញា លោក សួស សុខ​តា​រ៉ា អះអាងថា ប៉ុស្តិ៍​មិនមាន​គោលការណ៍​ទារលុយ​ពី​ពលរដ្ឋ​ខ្មែរ និង​រថយន្ត​ដឹកទំនិញ​ទេ ហើយក៏​មិន​តម្រូវ​ឲ្យ​មន្ត្រីក្រោមឱវា​ទ​ ប្រព្រឹត្ត​នូវ​បាតុភាព​អសកម្ម​ដូច​ការ​លើកទ្បើង​នោះ​ទ្បើយ​។​
​លោក ឱម យ៉ិនទៀង បាន​ទទួល​យក​ជា​បណ្តោះ​អាសន្ន ​នូវ​ការឆ្លើយបំភ្លឺ​របស់​លោក សួស សុខ​តា​រ៉ា និង​ស្នើ​ឲ្យ​បិទ​ផ្សាយ​លិខិត​បំភ្លឺ​ ដែលមាន​៣​ទំព័រ​ជា​សាធារណៈ នៅ​ប៉ុស្តិ៍​នគរបាល​ច្រកទ្វារ​ព្រំដែន​អន្តរជាតិ​ចាំ​យាម​ខេត្ត​កោះកុង ដើម្បី​ឲ្យ​ម្ចាស់​បណ្តឹង​បាន​ជ្រាប​ពី​ដំណោះស្រាយ ​របស់​អង្គភាព​ប្រឆាំង​អំពើពុករលួយ​។​
​អ្នកសម្របសម្រួល​សមា​គម​ការពារ​សិទ្ធិមនុស្ស​អាដហុក (Adhoc) ប្រចាំ​ខេត្ត​កោះកុង លោក នាង បូ​រា​ទីណូ ស្វាគមន៍​ចំណាត់ការ​អង្គភាព​ប្រឆាំង​អំពើពុករលួយ ប៉ុន្តែ​ស្នើ​ឲ្យ​អង្គភាព​នេះ​ចាត់​វិធានការ​រឹតបន្តឹង​ខ្លាំង​ជាង​នេះ ​៖ "ចំណាត់ការទៅលើច្រកព្រំដែនហ្នឹង គួតែ​រឹតបន្ដឹងបន្ថែមទៀតពីព្រោះថា ការ​មានវិធានការនេះ គ្រាន់តែជា​ មានវិធានការមួយ​មិនទាន់បាន​​ស៊ីជម្រៅ ហើយមិនទាន់មានភាពច្បាស់លាស់ ក្នុងការចំណាត់ការក្នុងការយកលុយយកកាក់ ចឹងប្រជាពលរដ្ឋ​ដែលគាត់ចង់ទៅចំណាក់ស្រុក ដែលខុសច្បាប់​ហ្នឹងគឺវាស្រួលណាស់" ។
​កន្លងមក អង្គការ​សង្គម​ស៊ីវិល ​ដែល​ធ្វើការ​លើ​បញ្ហា​ចំណាកស្រុក​របស់​ពលរដ្ឋ ក៏​ធ្លាប់​លើកទ្បើង​ពី​អំពើពុករលួយ​របស់​មន្ត្រី​នៅ​តាម​ព្រំដែន​មួយ​ចំនួន ដែល​យក​លុយ​ពី​ពលរដ្ឋ ដែល​ធ្វើឲ្យ​អត្រា​ចំណាកស្រុក​ខុសច្បាប់​កើន​ទ្បើង​៕