រឿងបាក់ទំនប់ តាកាវ កំហុសមកពីការ គ្រប់គ្រងរបស់មនុស្ស មិនមែនគ្រោះ ធម្មជាតិនោះទេ

10/14/2013 0 Comments A+ a-

ផ្តល់សិទ្ទិដោយ៖​looking today.com
- ប្រជាពលរដ្ឋ រងការជន់លិចទឹក ស្តីបន្ទោស អាជ្ញាធរអប្សរា មិនបើកទ្វារទឹក
- រាជរដ្ឋាភិបាលគួរបញ្ជូន មន្រ្តីជំនាញក្រសួង ធនធានទឹក ចុះមកសិក្សា និងគ្រប់គ្រងទឹកតំបន់នោះ
សៀមរាប៖ រហូតមកដល់ព្រឹកថ្ងៃទី១២ ខែតុលា ឆ្នាំ២០១៣ ស្ថានភាពទឹកជំនន់ បណ្តាលមកពីទឹកភ្លៀងក្នុងខេត្ត សៀមរាប បានធូរស្រាលជាច្រើនហើយ បើទោះបីតំបន់ខ្លះមិនទាន់ស្រកចុះជាស្ថាពរក៏ដោយ។ ដោយឡែកស្ថាន ភាពទឹកជំនន់ ដែលបណ្តាលមកពីបាក់ទំនប់តាកាវ ក៏បានធូរស្រាលផងដែរ ប៉ុន្តែប្រជាពលរដ្ឋជាង ២០គ្រួសារ រស់នៅក្បែរទំនប់តាកាវ បាននិងកំពុងទទួលរងការលិចនៅឡើយ ហើយផលដំណាំរួមផ្សំរបស់គាត់ និងបន្លែធ្លាប់ លក់រាល់ថ្ងៃត្រូវរលួយគ្មានសល់ ធ្វើឲ្យជីវភាពរបស់ពួកគាត់កាន់តែមានបញ្ហា និងជួបការលំបាកបន្ថែម។
គួររំលឹកថា កាលពីវេលាម៉ោង ៧យប់ថ្ងៃទី០៥ ខែតុលា ឆ្នាំ២០១៣ ទំបន់តាកាវ បានបាក់ធ្វើឲ្យទំហំទឹកដ៏ច្រើន សន្ធឹកសន្ធាប់បានហូរបុកចូលទៅតំបន់ប្រាសាទអង្គរ និងមួយផ្នែកទៀត ចូលក្រុងសៀមរាប ដែលទម្រាំធ្វើការជួស ជុលឲ្យរួចជាបណ្តោះអាសន្នពីកងកម្លាំងវិស្វកម្មរបស់សម្តេចតេជោ ហ៊ុន សែន នោះ ត្រូវចំណាយពេល ៤-៥ថ្ងៃ ឯណោះ។
មូលហេតុចម្បងធ្វើឲ្យទំនប់តាកាវឈានដល់ការបាក់ជាលើកទីមួយក្នុងប្រវត្តិសាស្រ្ត ត្រូវបានប្រជាពលរដ្ឋជាម្ចាស់ ស្រុក និងមន្ត្រីជំនាញផ្នែកទឹក ព្រមទាំងប្រភពព័ត៌មានមួយចំនួនទៀត បានលើកឡើងថា មិនមែនបណ្តាលមកពី គ្រោះធម្មជាតិភ្លៀងធ្លាក់ខ្លាំងពេកនោះទេ តែកំហុសគ្រប់យ៉ាងផ្តើមចេញពីការគ្រប់គ្រងប្រព័ន្ធរបស់មនុស្ស។ ក្នុង នោះកំហុសដែលធ្ងន់ធ្ងរ ត្រូវបានប្រជាពលរដ្ឋជាម្ចាស់ស្រុកស្តីបន្ទោសថា មកពីអាជ្ញាធរអប្សរាគ្មានជំនាញគ្រប់ គ្រងពីស្ថានភាពទឹក មិនព្រមបើកទ្វារទឹក បង្ហូរទឹកចេញធ្វើឲ្យទឹកចាល់ខ្លាំង ហើយហូរច្រោះបាក់ទំនប់តែម្តង។
ក្នុងកិច្ចសម្ភាសន៍ជាមួយលោក សយ សុភាព អគ្គនាយកមជ្ឈមណ្ឌលព័ត៌មានដើមអម្ពិល និងសហការី ពេលចុះ ទៅយកព័ត៌មានផ្ទាល់នៅទំនប់តាកាវ នាព្រឹកថ្ងៃទី១២ ខែតុលា ឆ្នាំ២០១៣ ប្រជាពលរដ្ឋម្ចាស់ស្រុកជាអ្នកដើរបង់ សំណាញ់ និងមគ្គុទេសក៍ភាសាបារាំងផងនោះ បាននិយាយថា លោកជាសាក្សីទី១ ដែលបានឃើញមូលហេតុនាំ ឲ្យបាក់ទំនប់តាកាវ។ ពោលដំបូងឡើយ ដោយសារទឹកច្រើនពេក និងចាល់ខ្លាំង បានធ្វើឲ្យទឹកហូរច្រោះតាមខ្នង ទំនប់ត្រឹមកម្រិតមួយតិចតួចប៉ុណ្ណោះ ហើយបើអាជ្ញាធរពាក់ព័ន្ធ ជាពិសេសអាជ្ញាធរអប្សរាបើកទ្វារបង្ហូរទឹកចេញ និងយកដីទៅបិទ និងទប់ស្កាត់ទាន់ពេលវេលានោះ វាមិនមានបញ្ហា និងរងផលប៉ះពាល់ធ្ងន់ធ្ងរបែបនេះឡើយ។
ខណៈកំពុងរើសត្រីចេញពីសំណាញ់ ជាមួយភរិយារបស់ខ្លួន និងកូនស្រីអាយុជាង១ខួប បុរសរូបនេះ បានស្តី បន្ទោសចំពោះការគ្រប់គ្រងរបស់អាជ្ញាធរអប្សរាថា មិនព្រមបើកទ្វារទឹកទុករហូតដល់បាក់ទំនប់យ៉ាងដូច្នេះ ធ្វើឲ្យ លិចលង់កាន់តែខ្លាំង ជាពិសេសផ្ទះប្រជាពលរដ្ឋនៅក្បែរនោះ អមដោយដើមឈើ និងផលដំណាំរបស់ពួកគាត់ បានលិច និងខូចខាតទាំងស្រុងតែម្តង។
ប្រជាពលរដ្ឋម្ចាស់ស្រុកម្នាក់ទៀត លោក ចៅ គាំង អាយុ ៥៤ឆ្នាំ មានសក់វែងប្រះស្មា ដែលរស់តំបន់ទំនប់តាកាវ តាំងពីចាប់កំណើតនោះ បានបញ្ជាក់ពីហេតុការណ៍បាក់ទំនប់តាកាវថា បណ្តាលមកពីបិទទ្វារទឹកមិនបង្ហូរទឹកចេញ ទើបធ្វើឲ្យមានរឿងបែបនេះ។
លោក ចៅ គាំង ដែលរស់នៅ និងរកស៊ីលក់បន្លែមួយថ្ងៃបានចន្លោះពី ១៥.០០០-២០.០០០រៀល បានបញ្ជាក់ថា «អស់លោកធ្វើឲ្យផ្ទះប្រជាពលរដ្ឋលិចទឹក នេះជាកំហុសរបស់អស់លោក ហេតុអ្វីអស់លោកមិនបើកទ្វារទឹក»។
ប្រជាពលរដ្ឋម្ចាស់ស្រុក និងជាអ្នករងគ្រោះដែរនោះ បានអះអាងថា បើអាជ្ញាធរអប្សរាមិនបានបិទទ្វារទឹកពីខែមិថុ នា ឬខែកក្កដា មកនោះ ក៏មិននាំឲ្យមានទឹកកើនឡើង និងទឹកចាល់រហូតបាក់ទំនប់យ៉ាងដូច្នេះដែរ។
លោក ចៅ គាំង បានឲ្យដឹងថា លោកបានផ្តល់ជាយោបល់ខ្លះទៅមន្រ្តីអាជ្ញាធរអប្សរា និងមន្រ្តីអាជ្ញាធរខេត្តខ្លះផង ដែរ តែពួកគេមិនទទួលយកយោបល់របស់គាត់ឡើយ ហើយគិតថា គ្មានអ្វីកើតឡើងនោះឡើយ។ ផ្ទុយទៅវិញ ផលប៉ះពាល់បានកើតឡើង និងធ្ងន់ធ្ងរថែមទៀតផង នេះក៏ព្រោះតែភាពមានៈមិនទទួលយកយោបល់របស់អ្នក ដទៃ និងគិតថា គេចេះដឹងមិនដល់ខ្លួន។
លោក ចៅ គាំង បានចូលរួមផ្តល់យោបល់ទៅប្រមុខរាជរដ្ឋាភិបាលថា នៅពេលក្រោយអាជ្ញាធរអប្សរា អាចបង្ហូរ ទឹកជាធម្មតា ចាប់ពីអំឡុងខែមិថុនា ដល់ខែវិច្ឆិកា ហើយអាចបិទទៅវិញនៅដើមខែវិច្ឆិកា ពេលនោះមានភ្លៀងធ្លាក់ ចុងរដូវខ្លាំង ដូច្នេះអាចមានទឹកច្រើនរក្សាទុកក្នុងទំនប់វិញជាក់ជាមិនខានឡើយ។
មន្ត្រីជំនាញផ្នែកទឹក បានថ្លែងឲ្យដឹងថា ការសិក្សាពីបញ្ហាទឹកត្រូវធ្វើឡើងតាមលក្ខណៈជាប្រព័ន្ធ និងមានការយកចិត្តទុកដាក់ ព្រមទាំងយល់ដឹងពីស្ថានភាព ទូទៅរបស់ទឹក។ មន្រ្តីជំនាញរូបនេះ អះអាងថា កាលពី អំឡុងថ្ងៃទី២-៣ ខែតុលា ទឹកភ្លៀងបានធ្លាក់នៅភ្នំគូលែនចំនួន ១៦០មិល្លីម៉ែត្រ ធ្វើឲ្យទឹកស្ទឹងសៀមរាបមានផ្ទៃ រងទឹកភ្លៀង រហូតដល់ ១៣៤លានម៉ែត្រគូប ដូច្នេះបើការបង្ហូរទឹកចេញតាមទ្វារបារាយណ៍ គឺប្រើរយៈពេល ១៥៥ ថ្ងៃទើបអស់ ព្រោះទ្វារទឹកបារាយណ៍មាន កម្រិតបង្ហូរទឹកចេញលឿនបំផុតត្រឹម ១០ម៉ែត្រគូបក្នុងមួយវិនាទី។
បើតាមមន្រ្តីជំនាញដដែល ស្ថានភាពទឹកជំនន់បើកើតឡើងសាជាថ្មី ឬនៅឆ្នាំក្រោយការបញ្ចៀសទឹកគួរបង្ហូរទៅ តាមស្ទឹងសៀមរាប ឬក៏ស្ទឹងពួក ដែលអាចជៀសផុតពីការលិចលង់ និងរងផលប៉ះពាល់ធ្ងន់ធ្ងរក្នុងក្រុងសៀមរាប។
ដោយឡែកមជ្ឈដ្ឋានមួយចំនួន បានយល់ឃើញថា រាជរដ្ឋាភិបាលកម្ពុជា គួរតែបញ្ជូនមន្រ្តីជំនាញរបស់ក្រសួងធន ធានទឹក ដែលគ្រប់គ្រង និងទទួលខុសត្រូវរួមពីបញ្ហាទឹកនៅក្នុងប្រទេសកម្ពុជាទៅសិក្សានៅខេត្តសៀមរាប ជាពិ សេសតំបន់រងការលិចលង់ខ្លាំង បូករួមទាំងស្ថានភាពទំនប់តាកាវ។ ជាពិសេសគួរផ្តល់ភារកិច្ចគ្រប់គ្រង់ទឹកនៅ ទំនប់តាកាវនេះ ទៅមន្រ្តីជំនាញ មិនគួរទុកឲ្យមន្រ្តីគ្មានជំនាញជាអ្នកគ្រប់គ្រងនោះទេ ដើម្បីកុំឲ្យមានបញ្ហាដដែល កើតមាននៅពេលក្រោយទៀត។
បើតាមប្រភពព័ត៌មាន តាំងពីដើម រហូតដល់ពេលបច្ចុប្បន្ន ការគ្រប់គ្រងទឹករបស់អាជ្ញាធរអប្សរា បូករួមទាំងការធ្វើ ទ្វារទឹកមិនបានសុំយោបល់ ឬអនុញ្ញាតឲ្យមន្រ្តីជំនាញរបស់ក្រសួងធនធានទឹក ចូលរួមពិភាក្សានោះឡើយ ។
សូមបញ្ជាក់ថា ក្រោយការបាក់ទំនប់តាកាវភ្លាមៗ អភិបាលខេត្តសៀមរាប និងមន្ទីរធនធានទឹកខេត្ត ព្រមទាំងមន្រ្តី ពាក់ព័ន្ធមួយចំនួនទៀត បានចុះទៅជួយអន្តរាគមន៍ ប៉ុន្តែពេលទៅដល់ទំនប់តាកាវ ត្រូវរង់ចាំមន្រ្តីអាជ្ញាធរអប្សរា យកម៉ារ៉ាវេណមកបើកទ្វារទឹក ជិត៥ម៉ោង ពោលរហូតដល់ម៉ោង ១១យប់ឯណោះ ខណៈដែលស្ថានភាពទឹកកំពុង តែធ្ងន់ធ្ងរខ្លាំង។
យ៉ាងណាក៏ដោយ បញ្ហាបានកន្លងផុតទៅ កំហុស និងការគ្រប់គ្រងនៅពេលក្រោយ ត្រូវតែមានការសិក្សាឲ្យបាន ត្រឹមត្រូវ ហើយប្រជាពលរដ្ឋរំពឹងថា មានតែសម្តេចនាយករដ្ឋមន្រ្តីប៉ុណ្ណោះ ជាអ្នកមានអធិបញ្ជាក្នុងការសម្រេច និង ធ្វើការអារកាត់ចំពោះបញ្ហាទាំងអស់នេះ។
សម្រាប់ប្រជាពលរដ្ឋ បើទោះបីមកដល់ពេលនេះ ទឹកមិនទាន់ស្រកអស់ពីក្រោមផ្ទះរបស់គាត់ និងកំពុងជួបបញ្ហា លំបាកក្នុងជីវភាពក៏ដោយ ប៉ុន្តែពួកគាត់បានទទួលជំនួយសង្រ្គោះពីរាជរដ្ឋាភិបាល និងសប្បុរសជន ក៏ដូចជាមន្រ្តី កាកបាទក្រហមផងដែរ។ មិនតែប៉ុណ្ណោះនៅថ្ងៃស្អែកទី១៣ ខែតុលា សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន នឹងនាំអំណោយចែកជូនប្រជាពលរដ្ឋរងគ្រោះក្នុងខេត្តសៀមរាបនេះផងដែរ៕
Photo by DAP-News
Photo by DAP-News
Photo by DAP-NEWS
Photo by DAP-NEWS
Photo by DAP-NEWS
Photo by DAP-News
Photo by DAP-News
Photo by DAP-News
Photo by DAP-News
Photo by DAP-News
Photo by DAP-News
Photo by DAP-News
Photo by DAP-News
Photo by DAP-News
Photo by DAP-News
Photo by DAP-News
Photo by DAP-News
Photo by DAP-NEWS
Photo by DAP-NEWS
Photo by DAP-NEWS
Photo by DAP-NEWS
Photo by DAP-NEWS
Photo by DAP-NEWS
Photo by DAP-NEWS
Photo by DAP-NEWS
Photo by DAP-NEWS
Photo by DAP-NEWS
Photo by DAP-NEWS
Photo by DAP-NEWS
Photo by DAP-NEWS
ការដួលរលំដើមស្នាល់ លើប្រាង្គប្រាសាទបុរាណព្រះខ័ន ត្រូវបានគេអះអាងថា បណ្តាលមកពីជំនន់ទឹកភ្លៀងហូរហៀរចេញពីទំនប់តាកាវ