ប្រជាពលរដ្ឋ រស់នៅក្នុងខណ្ឌឫស្សីកែវ ខឹងនឹងក្លិនដ៏ស្អុយអសោចន៍ ចេញពីគំនរសំរាម

10/14/2013 0 Comments A+ a-

ភ្នំពេញ: ប្រជាពលរដ្ឋ រស់នៅក្នុង​ខណ្ឌឫស្សីកែវ បាន​ខឹងសម្បារ និង​ប្រ​តិ្ត​កម្ម​យ៉ាងខ្លាំង ចំពោះ​ក្លិន​ដ៏​ស្អុយ​អសោច​ន៍ ចេញពី​គំន​សំរាម នៅតាម​ដងផ្លូវ​នានា ជាពិសេស​នៅតាម​មុខផ្ទះ​របស់​ពួកគាត់ ដែល​ទុក​ច្រើន​ថ្ងៃ មិនឃើញ​ក្រុមហ៊ុន​ស៊ីន​ទ្រី មក​ប្រមូល​សោះ អស់​រយៈពេល​១​អាទិត្យ​មកហើយ​។ ពោលគឺ​កន្លែង​ខ្លះ គរ​ចោល​តាំង​ពីមុន​បុណ្យ​ភ្ជុំបិណ្ឌ​មកម្ល៉េះ មាន​ចេញ​ដង្កូវ​វារ​ពេញ​ផ្លូវ ហើយ​កើតជា​រុយ​ដូច​ឃ្មុំ​។ មិន​ត្រឹមតែ​មិន​មក​ប្រមូល​សំរាម​ទេ ហើយ​ក្រុមហ៊ុន​ស៊ីន​ទ្រី បាន​តំឡើងថ្លៃ​ម​ន្ថែ​ម​ទៀត​។ គំនរ​សំរាម​ទាំងនោះ គឺជា​ហេតុ​ធ្វើឱ្យប៉ះពាល់​យ៉ាងខ្លាំង​ដល់​បរិស្ថាន និង​សុខភាព​របស់​ប្រជាពលរដ្ឋ ពិសេស​គឺ​ប៉ះពាល់​យ៉ាងធ្ងន់ធ្ងរ​ដល់​សុខភាព​ផ្លូវដង្ហើម​ចំពោះ​កុមារ​តូចៗ​។​
​ប្រជាពលរដ្ឋ​នៅ​ម្តុំ​ផ្សារ​ធំ ទួល​សង្កែ (​ផ្សារ​សាំ​ហាន់​) ភូមិ​ទួល​សង្កែ សង្កាត់​ទួល​សង្កែ ខណ្ឌឫស្សីកែវ បាន​ខឹង​នឹង​ក្រុមហ៊ុន ស៊ីន​ទ្រី​យ៉ាងខ្លាំង ដែល​ខកខាន​ជាច្រើន​ថ្ងៃ​មកហើយ មិន​មក​ប្រមូល​សំរាម​សោះ ដោយ​ទុក​គរ​ចោល​នៅមុខ​ផ្ទះ​របស់​ពួកគាត់ ចេញ​ទឹក​ជះក្លិន​ស្អុយ​អសោច​ន៍ ហូបបាយ​មិន​ចូល​ទេ ហើយ​កើតជា​រុយ​យ៉ាងច្រើន ពេល​ហូ​យ​បាយ ត្រូវ​ហូប​ដាក់​មុង​ទាំង​ថ្ងៃ ទើបបាន បើ​មិន​ដូច្នេះ​ទេ មិនអាច​ហូបបាយ​កើត​ឡើយ​។ បញ្ហា​នេះ​បាន​ប៉ះពាល់​យ៉ាងធ្ងន់ធ្ងរ​ដល់​អនាម័យ បរិស្ថាន​របស់​ទីក្រុង ជាងនេះទៅទៀត ក្លិន​ដ៏​ស្អុយ​ទាំងនេះ វា​ប៉ះពាល់​ដល់​សុខភាព​របស់​ប្រជាពលរដ្ឋ និង​កុមារ​តូចៗ​។​
​ប្រភព​ខាងលើ បាន​បន្តថា ក្រុមហ៊ុន​ស៊ីន​ទ្រី​នេះ ទុក​សំរាម​រហូតដល់ ៤-៥​ថ្ងៃ​ឡើងទៅ ប៉ុន្តែ​បើ​លុយ​វិញ ក្រុមហ៊ុន​បាន​សុំ​តម្លើង​ថ្ងៃ​រាល់​ខែ ដោយ​បង់ថ្លៃ​ជាមួយ​សេវា​អគ្គិសនី មិន​បាត់​មួយ​សេន​ណា​ឡើយ ។​
​ប្រជាពលរដ្ឋ​បាន​សំណូមពរ ឱ្យ​លោកនាយក​ក្រុមហ៊ុន​ស៊ីន​ទ្រី មេត្តាជួយ​ព​ន្លឿ​ន​ឱ្យ​រថយន្ត​ដឹក​សំរាម​ទៅយក​សំរាម​កុំឱ្យ​ខកខាន ដូច្នេះ​ទៀត ព្រោះ​ពួកគាត់​ពិបាក​ក្នុង​ការរស់នៅ​យ៉ាងខ្លាំង និង​សំណូមពរ​ទៅ​អាជ្ញាធរ​ពាក់ព័ន្ធ ពិសេស​លោក​អភិបាល​រាជធានី​ភ្នំពេញ មេត្តា​គិតគូរ​ពី​សុខភាព​របស់​ប្រជាពលរដ្ឋ​ផង ព្រោះ​ក្លិនស្អុយ​ដែល​ចេញពី​គំនរ​សំរាម​ជាច្រើន​ទាំងនេះ កំពុងតែ​គំរាមកំហែង​ដល់​សុខភាព​ពួកគាត់​យ៉ាងខ្លាំង​៕​
ប្រភពពី CEN