Google ទំនង​បិទ​ហាង​​លក់​វ៉ែនតា Google Glass

1/19/2015 0 Comments A+ a-

វ៉ែនតា Google Glassប្រភព៖​ forbe, theverge
ក្រុមហ៊ុន Google កំពុង​ផ្អាក ឬ​អាច​ឈប់​ចេញ​លក់ Google Glass ដែល​ជា​ផលិតផល​វ៉ែនតា​ឆ្លាតវៃ​របស់​ខ្លួន។ នេះ​បើ​យោង​តាម​សារព័ត៌មាន BBC និង Financial Times។ វ៉ែនតា Google Glass ត្រូវ​បាន​សាធារណជន​កោត​សរសើរ​ចំពោះ​បច្ចេកវិទ្យា​ច្នៃ​ប្រឌិត​ខ្ពស់ សម្រាប់​មនុស្ស​សម័យ​ថ្មី ប៉ុន្តែ​នៅ​ទាស់​ត្រង់​តម្លៃ​វ៉ែនតា​នេះ​មាន​តម្លៃ​ថ្លៃ​កប់​ពពក​ដល់​ទៅ ១០០០ផោន ឬ​ប្រហែល ១១៦០ដុល្លារ ជាហេតុ​ធ្វើឲ្យ​សាធារណជន​ញាក់សាច់​នឹង​តម្លៃ មិន​ហ៊ាន​ទិញ​ប្រើ ដោយ​យល់​ថា ខ្ជះខ្ជាយ​ប្រាក់​ទៅ​វិញ។

ហាង​លក់​នៅ​ទីក្រុង​ឡុងដុង​បាន​បិទ​ទ្វា ហើយ​សាធារណជន​ក៏​នឹង​មិន​អាច​ទិញ​វ៉ែនតា​ឆ្លាតវៃ Google Glass តាម​អនឡាញ​បាន​ទៀត​នោះ​ទេ​នៅ​រយៈពេល​ប៉ុន្មាន​ថ្ងៃ​ខាង​មុខ។ អតីត​នាយក​ប្រតិបត្តិ​ក្រុមហ៊ុន Nest និង​ជា​អ្នក​បង្កើត​ផលិតផល (Product creator) លោក Tony Fadell បាន​ប្ដូរ​តួនាទី​ទទួល​ខុសត្រូវ​លើ​ក្រុម​ការងារ​ផលិតផល​វ៉ែនតា​ឆ្លាតវៃ​វិញ​ម្ដង ដើម្បី​តាមដាន​ថា​តើ ផលិតផល​នេះ​អាច​រស់រាន​ឡើងវិញ​ជាមួយ​កំណែប្រែ​ទម្រង់​ថ្មី​អ្វី​ឬ​ទេ។ លោក Ivy Rossបច្ចុប្បន្ន​ជា​ប្រធាន​គ្រប់គ្រង​ការ​អភិវឌ្ឍ​វ៉ែនតា នឹង​រាយការណ៍​ស្ថានភាព Google Glass ទៅ​លោក Fadell។

Thad-Google-Glass-GVU-AR



សារព័ត៌មាន BBC បាន​និយាយ​ថា ក្រុមការងារ​ថ្មី​របស់​លោក Fadell “នឹង​ផ្ដោត​លើ​ការ​អភិវឌ្ឍ​វ៉ែនតា​ក្រោម​កំណែប្រែ​ថ្មី​សម្រាប់​អនាគត”។ បម្លាស់​ប្ដូរ​រចនាសម្ព័ន្ធ​ខ្លះ ស្ថិត​ក្រោម​ការ​គ្រប់គ្រង​របស់​លោក Fadell ត្រូវ​បាន​ក្រុមហ៊ុន Google ប្ដេជ្ញា​ចិត្ត នឹង​អភិវឌ្ឍ​ជំនាន់​វ៉ែនតា​ឱ្យ​ជោគជ័យ ទទួល​បាន​ការ​គាំទ្រ​ប្រើ​ច្រើន។ កន្លង​ទៅ Google Glass ត្រូវ​បាន​លក់​តែ​ក្នុង​ទម្រង់​ជា​គំរូ​បឋម (prototype) ក្រោយ​កម្មវិធី Glass Explorer របស់​ក្រុមហ៊ុន Google។

វ៉ែនតា​នេះ​ត្រូវ​បាន​ឌីហ្សាញ​​រូបរាង​ទំនើប​ទាន់​សម័យ មាន​ស៊ុម​ផលិត​ពី​សារធាតុ​ទីតាញ៉ូម និង​កញ្ចក់​បាំង​ពន្លឺ។ លក្ខណៈ​ពិសេស​នៅ​លើ Google Glass មាន​ដូច​ជា៖
-កម្រិត resolution ស្មើ​នឹង​អេក្រង់​ទំហំ ២៥អ៊ីញ
-កាមេរ៉ា​ទំហំ មេហ្គាភិចហ្សែល ថត​បាន 720p
-តំណភ្ជាប់​មាន Wi-Fi 802.11b/g និង Bluetooth
-អង្គ​ចងចាំ​ទំហំ 12GB អាច sysnc ជាមួយ​សេវាកម្ម cloud របស់ Google
-សាក​ថ្ម​ដោយ​ប្រើ​ឆ្នាំង​សាក និង​ខ្សែ Micro USB
-មាន​កម្មវិធី MyGlass អាច​ឱ្យ​អ្នក​ប្រើ​ភ្ជាប់​ជាមួយ​ស្មាតហ្វូន​ទាំង Android និង iOS

ប្រែ​សម្រួល៖ លី ឈៀន
ប្រភព៖​ businessinsider