កូន​ក្រមុំ​ជាប់​ពិរុទ្ធ​គ្រួសារ​ស្វាមី​នៅ​តែ​មាន​ទំនុក​ចិត្ត

1/19/2015 0 Comments A+ a-

ដោយសារ​តែ​ចង់​ឮ​បទ​ភ្លេង​បាយ​ខុន​ចងដៃ ដើម្បី​បាន​ក្រាប​សំពះ​ផ្ទឹម​មុខ​មេបា​តាម​គន្លង​ប្រពៃណី កូនក្រមុំ​ដែល​បន្ទុំ​សម្រស់​ចាំតែ​ថ្ងៃ​ទ្រង់គ្រឿង​មង្គល ខណៈ​ពេលា​រៀប​​អាពាហ៍ពិពាហ៍​ខិតជិត​ចូល ដ្បិតតែ​មិន​មាន​ប្រាក់​កាស​ចាត់​ចែង​ពិធី ទើប​កើត​ចិត្តធំ​ហ៊ាន​ចេញ​ធ្វើជា​ចោរ​ដៃ​ឆៅ​ប្លន់​ម៉ូតូ​រក​លុយ​មក​រៀបការ​ ប្តី​បំពេញ​មុខ​មាតាបិតា។ តែ​គួរ​ឲ្យ​ស្តាយ​ទង្វើ​ប្រាស់​ចាក​គន្លង​ច្បាប់​បាន​ត្រឹម​តែ​បន្សល់​នូវ​ វិប្បដិសារី​ក្នុង​ជីវិត និង​រឿង​អាស្រូវ​ឈ្មោះ​ជាប់​ជា​កូនក្រមុំ​ជាប់​ពិរុទ្ធ​ទៅវិញ។
13_0ព្រះសង្ឃ​​សូត្រ​មន្ត​​នាំ​ពរ​ជ័យ​សិរី​សួស្ដី​ដល់​គូស្វាមីភរិយាថ្មី​គឺ​ លោក មាស សុខគុជ និង​កូន​ក្រមុំ​ជាប់​ពិរុទ្ធ​នាង ខុន ស្រីឌី​។ រូបថត សហការី
បើទោះជា​កំពុង​ជាប់ពិរុទ្ធ​ពី​បទ​ប្លន់ និង​ប៉ុនប៉ង​មនុស្សឃាត​ដោយ​ចាក់​ជន​រងគ្រោះ​ធ្លាយ​ពោះវៀន​ក្ដី ក៏​យុវតីវ័យ​ ២០ ​ឆ្នាំ​រស់​នៅ និង​បម្រើ​ការ​ជា​កម្មការិនី​នៅ​ក្រុង​បាវិត​ឈ្មោះ ខុន ស្រីឌី នៅតែ​អាច​សម្រេច​បំណង​រៀបការ​យ៉ាង​អធិកអធម ខណៈ​ស្វាមី​​កំពុង​ឱប​ជាប់​ទ្រូង​ក៏​នៅតែ​បង្ហាញ​ភក្ដីភាព​ស្រឡាញ់​ភរិយា​ឥត ​ប្រួល​ប្រែ ទាំង​ជំនឿ​ចិត្តមុត​មាត់​​ថា ប្រពន្ធ​ម្ចាស់​​ចិត្ត​របស់​ខ្លួន​មិន​មែន​ជា​ជន​ឧក្រិដ្ឋ​នោះ​ឡើយ។
កាលពី​ថ្ងៃ​១១​រោជ ខែបុស្ស ត្រូវ​នឹង​ថ្ងៃ​សុក្រ​ទី​១៥ ខែមករា ឆ្នាំ ២០១៥ សំឡេង​ភ្លេង​ការ​បន្លឺ​ឡើង​កងរំពង​ពេញ​ភូមិ ក៏​ជា​ស្នូរ​ដាស់​អស់​ភ្ញៀវកិត្តិយស​ដែល​កាន់​ធៀប​អញ្ជើញ បញ្ជាក់​ថា ខុន ស្រីឌី ដែល​បាន​ជាប់​ឃុំ​ក្នុង​​ពន្ធនាគារ​រយៈពេល​ ១៣ ​ថ្ងៃ​មុន​នឹង​​ត្រូវ​បាន​តម្កល់​ប្រាក់​ធានា​ដោះ​លែង​ឲ្យ​មក​​រៀប​ការ​នឹង​ កំលោះ មាស សុខគុជ ជា​កម្មករ​រោងចក្រ​ដូចគ្នា​នោះ ពួកគេ​មិន​បាន​រំសាយ​ថ្ងៃ​ពេលា​ជ័យ​ដោយ​សារ​មាន​ព្រឹត្តិ​ការណ៍​ដ៏​អាម៉ាស់​ នោះ​ឡើយ​។​
12_0រោង​ការ​នៅ​មុខ​ផ្ទះ​កូន​ក្រមុំ​នៅ​ថ្ងៃ​រៀបអាពាហ៍ពិពាហ៍។​ រូប​ថត សហការី
ក្នុង​ថ្ងៃ​មង្គលការ កូន​កំលោះ មាស សុ​ខគុជ ថែមទាំង​បាន​និយាយ​ប្រាប់​ម្ដាយក្មេក​ថា ខ្លួន​មិន​ខ្វល់​ពី​រឿង​ទោស​កំហុស​អ្វី​របស់​ភរិយា​ឡើយ ហើយ​លោក​ក៏​មិន​ជឿ​ថា​ នាង​ជា​មនុស្ស​អាក្រក់​ដូច​ការ​ចោទ​ប្រកាន់​ដែរ។
នៅក្រោម​ស្នូរ​ភ្លេង​ការចាក់​យ៉ាង​ទ្រហឹងអឺងកង ម្ដាយ​ឪពុក​​កូន​ក្រមុំ​ជាប់ពិរុទ្ធ បាន​ជួប​​សម្ភាស​ផ្ទាល់​ជាមួយ ​កម្ពុជា​ចុង​សប្តាហ៍ ដោយ​អះ​អាង​ថា៖ «គ្មាន​រឿង​អ្វី​ដែល​ថា ពិធី​រៀប​អាពាហ៍ពិពាហ៍​​កូនស្រី​ខ្ញុំ​មិនអាច​ដំណើរ​ការ​នោះទេ ហើយ​ពិធី​ក៏​​មិនមែន​ពិធី​ក្លែងក្លាយ ឬ​ជប់លៀង​​បន្លំ​ភ្នែក​ញាតិ​ដែរ គឺ​​ពិធី​រៀប​អាពាហ៍ពិពាហ៍​ពេញ​លក្ខណៈ​ពីរ​យប់​បី​ថ្ងៃ​ធម្មតា»។
បើទោះជា​មាន​របាយការណ៍​ភ្លូកទឹកភ្លូកដី​និយាយ​ពីបទ​ល្មើស​របស់​កូនស្រី​ ខ្លួន​ក្ដី ក៏​លោក ខុន ស៊ីថា ជា​ឪពុក​នៅតែ​អះអាង​ជាមួយនឹង​សម្ដី​ខ្លាំង​ម៉ាត់ៗ​ដដែលៗ​ថា​៖ «​អ្នក​ណា​ថា​​កូន​ខ្ញុំ​ប្លន់​ម៉ូតូ​យក​លុយ​ការ​ប្តី ផ្សព្វផ្សាយ​ខ្វះ​ភាព​យុត្តិធម៌ មិន​ដឹង​ការពិត គ្មាន​បាន​សម្ភាស»។

លោក​ថា​៖ «​ម៉េច​ត្រឹម​អា​លុយ​មួយ​ពាន់​ពីរពាន់​ដុល្លារ​ហ្នឹង ម៉ែឪ​ប៉ុង​ដែរ រកលុយ​ការ​ប្តី​ឲ្យ​កូន​មិនបាន​? កុំថាឡើយ​ការកូន​មួយ​​ហ្នឹង ហើយ​ការ​មួយទៀត​ក៏​ខ្ញុំ​រកលុយ​បានការ​ដែរ​។ ចុះ​ចាំបាច់​អី​កូន​ទៅ​ប្លន់​គេ​យកលុយ​ការ​ប្តី​។ ពាក្យ​នេះ​ជា​ពាក្យ​បង្កាច់បង្ខូច​កូន​ខ្ញុំ​ទាំងស្រុង​»​។

ក្នុង​ទឹកមុខ​មាំ ឪពុក​រូបនេះ​ថ្លែងថា៖ «កូន​ខ្ញុំ​ប្លន់​ម៉ូតូ​នោះ​ជា​រឿង​មូល​បង្កាច់​ទាំង​ស្រុង។ រឿងនេះ​បើតាម​កូន​ខ្ញុំ​ប្រាប់ខ្ញុំ ជា​រឿង​ខាង​ប្រុស​នោះ​ប៉ង​ចាប់​រំលោភ​កូនស្រី​ខ្ញុំ​ទេ ហើយ​ថា​​នាង​ចាក់​ធ្លាយ​ពោះ​ចេញ​ពោះវៀន​នោះ​ក៏​មិន​ពិត​ដែរ។ វា​គ្រាន់តែ​មុត​ឆូត​ហ្នឹង​។ នាង​ថា​ពេល​នោះ ប្រវាយ​ប្រតប់គ្នា​ក៏ត្រូវ​ទៅ​»​។​
លោក ខុន ស៊ីថា បាន​ថ្លែង​ចោទ​ជា​ចម្ងល់​ថា៖ «មនុស្ស​ស្រី​ណា​ទៅ​ប្លន់​កើត មនុស្ស​ប្រុស​មាន​គ្នា​បីនាក់ កូនស្រី​ខ្ញុំ​ម្នាក់ឯង​គិត​មើលទៅ?»។
11_3រូបថត​កូន​កំលោះ​ក្រមុំ​​នៅ​មុខ​រោង​ការ​កាលពី​ម្សិលមិញ​។​ រូប​ថត សហការី​
ករណី​ស្ត្រី​ជិត​ចូល​រោង​ការ​ប្លន់​ម៉ូតូ​យក​លុយ​រៀបការ​ប្តី​កាលពី​ ថ្ងៃទី​២៥ ខែធ្នូ ឆ្នាំ​២០១៤ តាម​របាយការណ៍​ពី​ខាង​សមត្ថកិច្ច​បានបង្ហាញ​ថា ខុន ស្រី​ឌី បាន​សារភាព​ថា នាង​ពិត​ជា​មាន​ចេតនា​​ប្លន់​ម៉ូតូ រួម​ទាំង​ខ្សែក​ខ្សែដៃ​មែន ដើម្បី​យក​លុយ​រៀប​ការ​ប្តី ព្រោះ​លុយ​ថ្លៃ​បណ្ណាការ​ខាង​ប្រុស​ឲ្យ​នាង​ត្រូវបាន​នាង​យក​លេង​ល្បែង​ចាញ់ ​អស់។ នាង​ត្រូវ​បាន​សម្រេច​ឲ្យ​ជាប់​ឃុំ។ លុះ​បាន​រយៈពេល ១៣ ​ថ្ងៃ​ក៏​ត្រូវ​ក្រុម​គ្រួសារ​​ឪពុកម្តាយ​ធានា​សុំ​នៅ​ក្រៅ​ឃុំ ដោយ​តម្កល់​ប្រាក់​ចំនួន​ ៤ ​លាន​រៀល​ដើម្បី​យក​កូន​ស្រី​មក​រៀបការ​តាម​ប្រពៃណី​។​
អ្នកស្រី យ៉ាន ស៊ី ជា​ម្តាយកូន​ក្រមុំ​ជាប់​ពិ​រុទ្ធ បាន​បដិសេធ​នឹង​ព័ត៌មាន​ដែល​ថា កូនស្រី​គាត់​ញៀន​​អបាយមុខ​ យក​ប្រាក់​បណ្ណាការ​​ទៅ​លេង​ល្បែង​ចាញ់​​អស់​ទើប​បែកគំនិត​ធ្វើ​ចោរប្លន់។
អ្នកស្រី​ប្រាប់ថា​៖ «​កូន​ខ្ញុំ ស្រីឌី នាង​សូម្បី​ទៅធ្វើ​ការ​ក៏​មិនដែល​ទៅ​ម្នាក់ឯង​ដែរ​។ បើ​ឪ​វា​មិន​បាន​ជូន ក៏​ប្អូន​ដែរ ហើយ​ដូចគ្នា ពេល​ត្រឡប់​មក​វិញ​ក៏​ទៅ​ទទួល​ដែល មិន​ឲ្យ​នាង​ទៅ​ណា​មក​ណា​ម្នាក់​ឯង​ដែរ ហើយ​អា​រឿង​ថា កូន​ខ្ញុំ​លេង​ល្បែង​នោះ​វា​ដូច​ជាការ​បង្កាច់បង្ខូច​កូន​ខ្ញុំ​ទាំង​ ស្រុង»។
ជាមួយគ្នា​នោះ​អ្នកស្រី​លើក​ឡើងថា​៖ «​បើសិនជា​កូន​ខ្ញុំ​អាក្រក់​ថ្នាក់​ហ្នឹង ចោរ​ផង លេង​ល្បែង​ផង ចាំបាច់​អី សុខគុជ និង​ក្រុម​គ្រួសារ​គេ​នៅ​អាណិត​ស្រឡាញ់ និង​រៀបការ​ជាមួយ​នោះ។ គេ​នឹង​ប្តឹង​ឲ្យ​ខ្ញុំ​សង់​បណ្ណាការ​មួយ​ជាន់​ទៀត​ហើយ តែ​នេះ​គេ​មើល​ឃើញ​កូន​ខ្ញុំ​មិន​ដូច​គេ​ចោទ»។
យ៉ាងណា​ រឿងនេះ​នៅ​មិនទាន់​ចប់​នៅ​ឡើយទេ ខណៈ​តុលាការ​គ្រាន់តែ​ចេញ​ដីកា​ឲ្យ​ពិរុទ្ធ​ជន​ស្រី​វ័យក្មេង​នៅ​ក្រៅ​ឃុំ​ មួយ​រយៈ ដើម្បី​បាន​មក​រៀបការ​តាម​ប្រពៃណី​តាម​ការ​គ្រោង​ទុក​តែ​ប៉ុណ្ណោះ។ តុលាការ​នឹង​បន្ត​នីតិវិធី តែ​មិនទាន់​កំណត់​កាល​បរិច្ឆទ​ច្បាស់លាស់​នៅឡើយ​។​
សម្ដី​មេភូមិ​បាន​ថ្លែងប្រាប់​ពី​រឿង​អាពាហ៍ពិពាហ៍​កាល​ពី​ម្សិល​ថា៖ «​ស្រី​ឌី និង​កូន​កំលោះ មាស សុខគុជ គ្មានអ្វី​រំខាន​ទេ​។ ភ្ញៀវក៏​មក​ចូលរួម​ធម្មតា ច្រើន​តាម​ការ​អញ្ជើញ ហើយ​យប់​មិញ​ចាក់​ធុង​បាស់​រាំ​​ទល់​ជិត​ភ្លឺ»៕ ប្រភពៈ ភ្នំពេញប៉ុស្តិ៍