រដ្ឋាភិបាលឡាវបានការពារគម្រោងសាងសង់ទំនប់វារីអគ្គិសនីដនសាហុង
ទំនប់ដនសាហុង ឡាវ—រដ្ឋាភិបាលឡាវបាន ការពារគោលជំហររបស់ខ្លួនទាក់ទងនឹងគម្រោងសាងសង់ទំនប់វារី អគ្គិសនីដនសាហុង នាភាគខាងត្បូងប្រទេសឡាវដោយនិយាយថា ពួកគេបានធ្វើ កិច្ចការភាគច្រើនដែលពួកគេអាចធ្វើបាន ដើម្បីឆ្លើយតបទៅនឹង កង្វល់នានារបស់ប្រទេសដែលនៅខ្សែទឹកខាងក្រោមនិងក្រុមអ្នកជំនាញ ឯករាជ្យ អំពីផលប៉ះពាល់នៃចរាចរត្រីនិងលំហូរទឹក ដែលអាចបណ្តាលមក ពីការកសាងទំនប់ដនសាហុង។លោកសាយ មុន្នីនៃវីអូអេបានធ្វើបទសម្ភាសន៍ផ្តាច់មុខមួយជាមួយ លោកបណ្ឌិតដាវវង្ស ផនកែវ (Daovong Phonekeo) ជាអគ្គនាយកនៃនាយកដ្ឋានផែនការ និងគោលនយោបាយថាមពលនៃក្រសួងរ៉ែ និងថាមពលរបស់ប្រទេសឡាវ នៅក្នុងដំណើរទស្សនកិច្ចមួយរបស់លោកទៅ កាន់ទីតាំងនៃទំនប់ដែលមានចម្ងាយប្រមាណតែ២គីឡូម៉ែត្រពីព្រំដែន កម្ពុជា កាលពីខែធ្នូកន្លងទៅនេះ។
លោក សាយ មុន្នី អ្នកយកព័ត៌មានវីអូអេខ្មែរពេលចុះយកព័ត៌មានអំពីគម្រោងសាងសង់ទំនប់វារីអគ្គិសនី
សូមលោកអ្នកនាងតាមដានស្តាប់បទសម្ភាសន៍នេះទាំងស្រុងដូចតទៅ៖
សំណួរ៖ ជម្រាបសួរ លោកដាវវង្ស ផនកែវ។ ដូចលោកបានជ្រាបហើយថា មាន ការព្រួយបារម្ភជាច្រើនអំពីផលប៉ះពាល់នៃគម្រោងទំនប់ដនសាហុងរបស់ ប្រទេសឡាវ ជាពិសេសទាក់ទងនឹងបញ្ហាចរាចររបស់ត្រី និងលំហូរទឹកតាមបណ្តោយទន្លេមេគង្គទាំងមូល។ តើលោកឆ្លើយតបយ៉ាង ដូចម្តេចទៅនឹងការព្រួយបារម្ភទាំងនេះ?
ចម្លើយ៖ យើងបានដឹងអំពីការព្រួយបារម្ភទាំងនោះ។ យើងបានចាប់ ផ្តើមសិក្សាគម្រោងនេះតាំងពីឆ្នាំ២០០៦មក ហើយរហូតមកដល់ពេលនេះ យើងមានព័ត៌មាន និងទិន្នន័យជាច្រើន។ យើងជឿជាក់យ៉ាងខ្លាំងថា វិធានការកាត់បន្ថយ ផលប៉ះពាល់ដែលយើងនឹងធ្វើនឹងមានឥទ្ធិពលតិចតួចណាស់ទៅលើចរាចរ ត្រីនៅខ្សែទឹកខាងក្រោម និងខាងលើ។
ដូចលោកឃើញស្រាប់ហើយ ឥឡូវយើងកំពុងធ្វើការទៅលើច្រកទាំងពីរ ដើម្បីជំនួសច្រកដនសាហុង សម្រាប់ឲ្យត្រីហែលឆ្លងកាត់។ ដូច្នេះ យើង មានភស្តុតាងដ៏ល្អតាមលក្ខណៈវិទ្យាសាស្ត្រ ដែលបង្ហាញថា ត្រីអាចប្រើប្រាស់ច្រកផ្សេងទៀត ដើម្បីហែលឆ្លងកាត់ បាន។ ហេតុដូច្នេះហើយ យើងគិតថា វានឹងគ្មានផលប៉ះពាល់ទៅលើប្រទេសនៅ ខ្សែទឹកខាងក្រោមទេ។
សំណួរ៖ ប៉ុន្តែ អ្នកវិទ្យាសាស្ត្រមួយចំនួននិយាយថា ច្រកទាំងពីរ គឺច្រក សាដាម និងច្រកសាមភឿកទំនងជាមិនអាចជំនួសបានទេ ដោយសារ ច្រកទាំងពីរមានទំហំតូច និងរាក់ជាងច្រកដនសាហុង។ ហើយប្រភេទត្រី ដែលធ្លាប់តែហែលឆ្លងកាត់ច្រកដនសាហុងអស់ជាច្រើនជំនាន់មកហើយ ក៏ ប្រហែលជាមិនស៊ាំនឹងច្រកជំនួសទាំងពីរនោះដែរ។
ចម្លើយ៖ មានការយល់ខុសថា ត្រីផ្លាស់ទីតែតាមច្រកដនសាហុងតែមួយ គត់។ ប្រសិនបើយើងសួរប្រជាជននៅទីនេះ ត្រីអាចហែលឆ្លងកាត់តាមគ្រប់ច្រក នានា។ របាយការណ៍ខ្លះនិយាយថា ត្រីភាគច្រើនហែលឆ្លងកាត់តែតាមច្រក ដនសាហុង ពីព្រោះច្រកផ្សេងៗទៀតមានទំហំតូចជាង និងត្រីត្រូវរាំង ខ្ទប់ដោយកំណកដីល្បាប់ និងថ្ម ហើយគ្មាននរណាធ្វើអ្វីមួយនៅលើច្រកដនសាហុង ដូច្នេះត្រី អាចហែលឆ្លងកាត់យ៉ាងស្រួល។
ពីមុន គ្មានបទបញ្ញត្តិណាមួយឡើយ ដូច្នេះ អ្នកនេសាទបានដាក់លប នៅតាមច្រកផ្សេងៗ ដែលធ្វើឲ្យត្រីភ័យខ្លាច មិនអាចប្រើប្រាស់ច្រក ទាំងនោះបាន។ អញ្ចឹងហើយបានជារដ្ឋាភិបាលបានដាក់បទបញ្ញតិ្តមួយចំនួន មិនមែនត្រឹម តែលើច្រកដែលត្រូវធ្វើទំនប់នោះទេ គឺនៅគ្រប់ច្រកទាំងអស់ គឺ ហាមមិនឲ្យអ្នកនេសាទដាក់លបកាត់តាមច្រកទាំងនោះឡើយ។ ពួកគេនៅតែ អាចនេសាទដោយប្រើប្រាស់វិធីងាយៗ ដូចជាប្រើសន្ទូច ឬសំណាញ់ជាដើម ប៉ុន្តែមិនមែនលបទេ។ នៅពេលដែលអ្នកប្រើប្រាស់លប ត្រីមិនអាចហែលឆ្លងកាត់បានទេ។ អញ្ចឹងហើយបានជាយើងដាក់បទ បញ្ញត្តិស្តីពីរបៀបធ្វើនេសាទនៅតាមច្រកទាំងនោះ ដើម្បីកែលម្អ ចរាចរត្រី។
សំណួរ៖តើវាជាការណ៍ពិតទេ ដែលថា ច្រកដនសាហុង គឺជាច្រកតែមួយគត់ដែលត្រីអាចហែលឆ្លងកាត់ចុះឡើងបានពេញមួយឆ្នាំនោះ?
ចម្លើយ៖ទេ វាមិនពិតទេ ដែលថា ច្រកដនសាហុង គឺជាច្រកតែមួយគត់ ដែលត្រីហែលឆ្លងកាត់នោះ។ យើងមើលឃើញថា វាប្រហែលជាច្រកដែលសំខាន់ ជាងគេ ប៉ុន្តែមិនមែនជាច្រកតែមួយគត់នោះទេ។
សំណួរ៖ អ្នកខ្លះលើកឡើងថា នៅរដូវប្រាំង ច្រកដនសាហុង គឺជាច្រកតែមួយគត់ដែលមានទឹកហូរកាត់បាន ដោយសារ វាមានជម្រៅជ្រៅជាងគេ។ ចំណែកឯច្រកដទៃទៀត មិនមានទឹកច្រើនទេ?
ចម្លើយ៖ មិនពិតទេ។ យើងអាចមើលឃើញលំហូរទឹកពីច្រកពីរផ្សេងទៀត ដែលអ្នកជំនាញយកមកពិសោធន៍នៅពេលនេះ គឺថា លំហូរទឹកនៅលើច្រក ហ៊ូសាដាម និងច្រកហ៊ូសាមភឿកគឺមានបរិមាណច្រើនជាងលំហូរទឹកនៅលើ ច្រកហ៊ូសាហុងកាលពី១០ឆ្នាំមុន។ នេះមានន័យថា លំហូរឥឡូវនេះ គឺ ស្រដៀងគ្នា ដូច្នេះមានន័យថា មានទឹកគ្រប់គ្រាន់ដើម្បីឲ្យត្រីអាច ប្រើប្រាស់បាន។ អញ្ចឹងហើយបានជាយើងចង់បង្ហាញ និងអញ្ជើញភាគីពាក់ព័ន្ធទាំងអស់ឲ្យមកមើលដល់ទីតាំងផ្ទាល់ ពីព្រោះប្រសិនបើពួកគេអានតែកាសែត ឬរបាយការណ៍ ហើយមិនឃើញទីកន្លែងផ្ទាល់ទេ នោះពួកគេមិនអាចឃើញទិដ្ឋភាព ជាក់ស្តែងបានល្អនោះទេ។ អញ្ចឹងហើយបានជាយើងចង់ឲ្យមនុស្សគ្រប់គ្នា មកមើលអ្វីដែលយើងកំពុងធ្វើ។ នេះគឺជាវិធីដ៏ងាយបំផុតដើម្បីឲ្យយល់ថា ទំនប់នេះនឹងគ្មានផលប៉ះពាល់ធំដុំណាមួយឡើយ។
សំណួរ៖ តើទំនប់ដនសាហុងនេះ មានសារៈសំខាន់យ៉ាងដូចម្តេចទៅសម្រាប់ប្រទេសឡាវ?
ចម្លើយ៖ ជាការណ៍ពិតណាស់ សម្រាប់ប្រទេសឡាវ ទំនប់ណាក៏ដោយគឺ មានសារៈសំខាន់ខ្លាំងណាស់ ពីព្រោះឡាវគ្មានជម្រើសអ្វីផ្សេងដើម្បី ពង្រីកសេដ្ឋកិច្ចរបស់ខ្លួននោះទេ។ យើងជាប្រទេសដែលសម្បូរ ភ្នំ។ យើងគ្មានដីច្រើនសម្រាប់ធ្វើស្រែនោះទេ។ យើងក៏គ្មានសមុទ្រ។ ដូច្នេះ យើងមិនអាចយកត្រីពីសមុទ្រមកចិញ្ចឹមប្រជាជនយើងបានទេ។ ហើយជាការណ៍ពិតណាស់ យើងក៏គ្មានធនធានធម្មជាតិ ដូចជាឧស្ម័ន ឬប្រេងកាតដែរ។ ដូច្នេះជម្រើសតែមួយគត់របស់យើងគឺអភិវឌ្ឍថាមពល វារីអគ្គិសនី។ ដូចខ្ញុំនិយាយពីខាងដើមស្រាប់ ប្រទេសរបស់យើងគឺ ជាប្រទេសសម្បូរភ្នំ ដូច្នេះវាសមស្របសម្រាប់ការអភិវឌ្ឍវារី អគ្គិសនី ពីព្រោះយើងមានទីខ្ពស់ៗ ហើយយើងមានទន្លេជាច្រើនដែលហូរចូលទៅក្នុងទន្លេមេគង្គ។ នេះគឺជា ស្ថានភាពអំណោយផលពីធម្មជាតិដើម្បីអភិវឌ្ឍវារីអគ្គិសនីដ៏ល្អ។
សំណួរ៖ តើប្រទេសឡាវ ឬក៏ក្រុមហ៊ុនម៉ាឡេស៊ី Mega First នឹងសាងសង់ទំនប់ដនសាហុងនេះ នៅពេលណា?
ចម្លើយ៖ យើងរំពឹងថា នឹងចាប់ផ្តើមធ្វើវានៅរដូវប្រាំងនេះ បន្ទាប់ពីបញ្ចប់ការ ពិគ្រោះយោបល់ជាមុន។ ដំណើរការពិគ្រោះយោបល់ជាមុននេះនឹងបញ្ចប់នៅ ថ្ងៃទី២៥ខែមករា ឆ្នាំ២០១៥។ បន្ទាប់ពីនោះ ក្រុមហ៊ុននឹងចុះ ហត្ថលេខាជាមួយក្រុមហ៊ុនជាប់កិច្ចសន្យាមួយចំនួន ពីព្រោះយើងមានក្រុមហ៊ុនជាប់កិច្ចសន្យាជាច្រើន។ យើងមានខាង ស៊ីវិល ខាងគ្រឿងម៉ាស៊ីន។ល។ ដូច្នេះក្រុមហ៊ុនជាប់កិច្ចសន្យាផ្សេងៗ គ្នានឹងចុះកិច្ចសន្យាដើម្បីចាប់ផ្តើមធ្វើការងារ។ បន្ទាប់មកនឹង មានការប្រមូលផ្តុំកម្លាំងគ្នានៅក្នុងជំរំមួយ ដែលចំណាយពេលប្រមាណ ពីរខែ។ បន្ទាប់ពីនោះទៅ ពួកគេអាចចាប់ផ្តើមការងារជីកកកាយ និងសាងសង់បានហើយ។ គម្រោងនេះនឹងត្រូវបញ្ចប់រួចរាល់នៅឆ្នាំ២០១៨។
សំណួរ៖ ក្រុមអ្នករិះគន់ខ្លះនិយាយថា ដំណើរការពិគ្រោះយោបល់ជាមុន នេះ គឺគ្រាន់តែជាដំណើរការដែលគ្មានន័យ គ្មានខ្លឹមសារអ្វីទាំង អស់ ពីព្រោះ ទោះបីជាប្រទេសខ្លះ ដែលជាសមាជិកនៃគណៈកម្មការទន្លេមេគង្គ មិនចង់ឲ្យមានការសាងសង់ ទំនប់នេះក៏ដោយ ក៏ប្រទេសឡាវនៅតែអាចសង់បាន ប្រសិនបើខ្លួនចង់នោះ។
ចម្លើយ៖ សម្រាប់ការអភិវឌ្ឍទន្លេមេគង្គ យើងមិនត្រូវការឯកច្ឆ័ន្ទ ឬទាល់តែព្រមព្រៀងគ្នាទាំងអស់នោះទេ។ គោលបំណងនៃការពិគ្រោះយោបល់ ជាមុននេះ គឺដើម្បីផ្តល់ឲ្យប្រទេសជាសមាជិកផ្សេងទៀតនូវព័ត៌មាន ហើយត្រូវស្តាប់ការព្រួយបារម្ភពីបណ្តាប្រទេសជាសមាជិកទាំង នោះ ហើយបន្ទាប់មកយើងនឹងសិក្សាពីក្តីព្រួយបារម្ភទាំងនោះ។ ប្រសិន បើការព្រួយបារម្ភនោះ សមហេតុសមផល ហើយពិតជាមានការព្រួយបារម្ភ អញ្ចឹងមែន យើងនឹងកាត់បន្ថយផលប៉ះពាល់ និងសហការជាមួយគ្នា។ ហើយយើងអាចបង្ហាញអ្វីដែលក្រុមហ៊ុនអភិវឌ្ឍ ទំនប់អាចធ្វើបាន ដែលនឹងមិនធ្វើឲ្យមានផលប៉ះពាល់ធ្ងន់ធ្ងរ។
ខ្ញុំគិតថា ប្រសិនបើគេនិយាយថា ដំណើរការពិគ្រោះយោបល់ជាមុននេះ គ្មានប្រយោជន៍ វាមិនត្រឹមត្រូវទេ។ ប្រសិនបើយើងមិនពិគ្រោះគ្នា ជាមុន តើប្រទេសដទៃទៀតអាចផ្តល់ក្តីកង្វល់របស់ពួកគេមកឲ្យយើងជា ផ្លូវការយ៉ាងដូចម្តេចបាន? យើងមិនអាចស្តាប់តែអង្គការក្រៅ រដ្ឋាភិបាល ឬក៏មនុស្សមួយចំនួន ដែលនិយាយដោយគ្មានមូលដ្ឋាន ឬភស្តុតាងណាមួយនោះទេ។ ខ្ញុំបានឮក្តីកង្វល់ខ្លះថា ប្រសិនបើ ទំនប់ដនសាហុងត្រូវបានសាងសង់មែន នោះនឹងមានការបាត់បង់ទឹក៥០%។ ខ្ញុំគិតថា នោះគឺជាអំណះអំណាង ដែលគ្មានន័យសោះ។ តើយើងអាចរក្សាទឹកទុកបាន៥០%បានយ៉ាង ដូចម្តេចទៅ? បើទោះជាយើងចង់ ក៏យើងមិនអាចធ្វើបានដែរ។
សំណួរ៖ ប៉ុន្តែប្រទេសបីទៀត ដែលជាសមាជិកនៃគណៈកម្មការទន្លេមេគង្គបានសម្តែងក្តីកង្វល់របស់ពួក គេកន្លងមក។ តើប្រទេសឡាវបានឆ្លើយតបទៅនឹងកង្វល់របស់ពួកគេយ៉ាង ដូចម្តេច?
ចម្លើយ៖ យើងបានឆ្លើយតបទៅនឹងក្តីព្រួយបារម្ភទាំងនោះហើយ។ យើង បានជួលអ្នកផ្តល់ប្រឹក្សា។ យើងបានជួលអ្នកជំនាញការឲ្យមកមើល គម្រោងនិងផលប៉ះពាល់។ ប្រសិនបើផលប៉ះពាល់ទាក់ទងនឹងត្រី យើងជួល អ្នកជំនាញខាងត្រីឲ្យមកសិក្សា។ ដូចខ្ញុំនិយាយពីខាងដើមអញ្ចឹង ការសិក្សានេះមិនមែនធ្វើឆ្នាំមុនទេ។ ពួកគេបានសិក្សាតាំងពី ឆ្នាំ២០០៧មកម្ល៉េះបន្ទាប់ពីរដ្ឋាភិបាលបានចុះកិច្ចព្រមព្រៀង យោគយល់គ្នា (MoU)។ វាបានកន្លងទៅជិត៧ឆ្នាំទៅហើយ ហើយយើងបាន ប្រមូលភស្តុតាងជាច្រើន។ប្រសិនបើមានផលប៉ះពាល់ យើងនឹងកាត់បន្ថយ វា។ របៀបកាត់បន្ថយគឺអាចទទួលយកបាន។
ខ្ញុំគិតថា អ្នកដែលមានការព្រួយបារម្ភ ត្រូវតែមកទីនេះ មកមើល អ្វី ដែលយើងកំពុងធ្វើឲ្យជាក់ស្តែង មិនមែនគ្រាន់តែស្តាប់អ្នកផ្សេង ដែលមិនដឹងថា យើងកំពុងធ្វើអ្វីនោះទេ។ ខ្ញុំយល់ថា អ្នកខ្លះគិតថា យើងកំពុងរាំងខ្ទប់ទន្លេមេគង្គទាំងមូលតែម្តង អញ្ចឹងហើយបានជា ពួកគេបារម្ភ ពីព្រោះពួកគេមិនដឹងការណ៍ពិត។ ខ្ញុំយល់ពីពួកគេ។ អញ្ចឹងហើយបានជាយើងចង់ឲ្យមានការពិគ្រោះយោបល់នេះដើម្បីយើងផ្តល់ ព័ត៌មានដល់ពួកគេ។ យើងអញ្ជើញប្រព័ន្ធផ្សព្វផ្សាយ អង្គការក្រៅ រដ្ឋាភិបាលឲ្យមកមើល ដើម្បីពន្យល់ពួកគេ និងស្តាប់ក្តីកង្វល់របស់ ពួកគេ។ ដូច្នេះ កុំនៅតែផ្ទះ ហើយនិយាយថា «ខ្ញុំបារម្ភណាស់ខ្លាច អត់មានត្រីឆ្លងកាត់បាន»។ល។ ដោយមិនបានឃើញអ្វីដែលយើងកំពុង ធ្វើ។ នេះប្រហែលមិនមែនជារបៀបដ៏ត្រឹមត្រូវនោះទេ។ ខ្ញុំឃើញថា អង្គការក្រៅរដ្ឋាភិបាលមួយចំនួន ដែលពីមុននិយាយថា ពួកគេបារម្ភខ្លាំងណាស់ ប៉ុន្តែពួកគេមិនដែលមកមើលទីតាំងផ្ទាល់ទេ ពេលដែលយើងអញ្ជើញពួកគេ។ យើងបានរៀបចំទស្សនកិច្ចសិក្សាចំនួនពីរ លើករួចមកហើយ ប៉ុន្តែអង្គការទាំងនោះមិនដែលចូលរួមទេ។ ពួកគេ និយាយថា ទំនប់នេះគ្មាននិរន្តរភាព និងមានផលប៉ះពាល់ច្រើន ប៉ុន្តែ ពួកគេមិនដែលមកទេ ដោយរួមទាំងទស្សនកិច្ចសិក្សា ដែលរៀបចំដោយលេខាធិការដ្ឋាននៃគណៈកម្មការទន្លេមេគង្គនេះផងគឺ ពួកគេមិនចូលរួម។ ដូច្នេះខ្ញុំមិនដឹងថាត្រូវធ្វើដូចម្តេចទេ មិន ដឹងពន្យល់ពួកគេយ៉ាងម៉េច ឬផ្តល់ព័ត៌មានដល់ពួកគេយ៉ាងដូចម្តេចទេ។
យើងមិនអាចដើរគោះទ្វារគ្រប់គ្នាដើម្បីផ្តល់ព័ត៌មានឲ្យគេនោះ ទេ។ វាច្រើនពេក។ យើងមិនអាចធ្វើបានទេ។ វាហួសពីអ្វីដែលយើងអាច ធ្វើបាន។
សំណួរ៖ ឥឡូវ លោកអាចជម្រាបបានទេ ថាតើប្រទេសឡាវគ្រោងសាងសង់ ទំនប់វារីអគ្គិសនីប៉ុន្មាននៅលើទន្លេមេនៃទន្លេមេគង្គ ហើយប៉ុន្មាន ទៀតនៅលើដៃទន្លេនេះ។
ចម្លើយ៖ នៅលើទន្លេមេគង្គ ដោយផ្អែកតាមរបាយការណ៍ពីគណៈកម្មការ ទន្លេមេគង្គ យើងបានកំណត់យកគម្រោងចំនួន៥ នៅផ្នែកខាងលើទីក្រុង វៀងច័ន្ទ និងគម្រោងចំនួនពីរទៀតនៅភាគខាងត្បូង។ ដូច្នេះ ប្រទេស ឡាវ មាន៧គម្រោងដែលអាចអភិវឌ្ឍបាន។ យើងក៏មានគម្រោងរួមគ្នាជាមួយ ប្រទេសថៃ ចំនួន២ទៀត។ បើប្រទេសថៃយល់ព្រមអភិវឌ្ឍ យើងអាចអភិវឌ្ឍ បាន។ បើថៃមិនយល់ព្រម យើងក៏មិនអាចអភិវឌ្ឍបានដែរ ព្រោះគម្រោង ទាំងពីរជាគម្រោងរួមគ្នា។
នៅលើដៃទន្លេមេគង្គ ឥឡូវយើងមានគម្រោងដែលកំពុងដំណើរការសាងសង់ ចំនួន១៤គម្រោងដែលអាចផលិតថាមពលបានប្រមាណ៥ពាន់មេហ្គាវ៉ាត់ និង គម្រោងប្រមាណ៥០ទៀតកំពុងស្ថិតក្នុងដំណាក់កាលសិក្សានៅឡើយ ដែលគ្រោង នឹងផ្តល់ថាមពលប្រមាណ៩ពាន់មេហ្គាវ៉ាត់ទៀត។សំណួរ៖តើលោកមានអ្វី បន្ថែមជាចុងក្រោយទេ?
ចម្លើយ៖ខ្ញុំចង់បញ្ជូនសារមួយចំនួនថា អ្នកត្រូវតែស្តាប់ភាគី ទាំងពីរគឺអ្នកនៅខ្សែទឹកខាងក្រោម និងអ្នកដែលចង់អភិវឌ្ឍ។ អ្នកត្រូវតែស្តាប់ការណ៍ពិតទាំងអស់។ ខ្ញុំយល់ថា អ្នកខ្លះដែលកំពុងប្រឆាំងនឹងទំនប់របស់ឡាវ គឺដើម្បី កុំឲ្យមានការសាង សង់ទំនប់ដទៃទៀត ដូចជានៅក្នុងប្រទេសកម្ពុជាជាដើម ឬមួយក៏ពួកគេ មានរបៀបវារៈអាថ៌កំបាំងណាមួយ។ យើងមិនដឹងទេ ប៉ុន្តែយើងកំពុង ព្យាយាមនិយាយថា សូមអ្នកទាំងអស់គ្នាមើលទំនប់ទាំងអស់ម្តងមួយៗ ពី ព្រោះទំនប់មិនដូចគ្នាទេ។ ទំនប់ទាំងនេះមានទិដ្ឋភាពនិងលក្ខណៈ សម្បត្តិផ្សេងៗគ្នា។ អញ្ចឹងហើយ សូមមកមើលដោយផ្ទាល់និងផ្តល់យោបល់ របស់លោកអ្នកទៅតាមអ្វីដែលលោកអ្នកបានឃើញ។ កុំគ្រាន់តែនិយាយហើយ និយាយទៀត ដោយមិនបានឃើញទីតាំងគម្រោងផងនោះ។ នេះជាអ្វីដែលខ្ញុំ ចង់ផ្តល់អនុសាសន៍ដល់អ្នកទាំងឡាយ អង្គការទាំងឡាយ ដែលជឿថា យើងមិន បានធ្វើអ្វីសោះនោះ។ តាមពិតយើង បានធ្វើអ្វីៗ ដែលយើងអាចធ្វើបានភាគច្រើន ដូចជាការជួលអ្នកជំនាញការនិងស្តាប់ មនុស្សគ្រប់គ្នា ហើយនឹងយោបល់គ្រប់យ៉ាង ដើម្បីធ្វើឲ្យវិធានការបន្ថយផលប៉ះពាល់ មានលក្ខណៈប្រសើរឡើងនិងកាត់បន្ថយផលប៉ះពាល់ឲ្យដល់កម្រិតតិចតួច បំផុត។
សំណួរ៖ បាទ សូមអរគុណសម្រាប់ពេលវេលារបស់លោក។
ចម្លើយ៖ បាទមិនអីទេ។ សូមអរគុណ៕ ប្រភពៈ VOA