ដឹងថាអ្នកណាធ្វើអោយសិង្ហបុរី​​រីកចំរើនដល់សព្វថ្ងៃទេ?

1/09/2015 0 Comments A+ a-


លោក​លីក្វាន់យូប្រភព៖​ todayonline.com

លោក​លីក្វាន់យូ​ជា​នាយក​រដ្ឋមន្ត្រី​សិង្ហបុរី​ពី​ឆ្នាំ១៩៥៩ ដល់​ឆ្នាំ១៩៦១ ហើយ​បាន​ដឹក​នាំ​ប្រទេស​ដែល​មាន​ទំហំ​ផ្ទៃ​ដី​តូច​នេះ ឲ្យ​រីក​លូតលាស់​សេដ្ឋកិច្ច រហូត​ដល់​ប្រទេស​នេះ​មាន​ឈ្មោះ​បោះ​សំឡេង​ក្លាយ​ជា​កូន​នាគ​អាស៊ី ឬ​ខ្លា​អាស៊ី។ សិង្ហបុរី​ក្នុង​អំឡុង​ពេល​ដែល​លោក​លីក្វាន់យូ​គ្រប់គ្រង មាន​ទំហំ​សេដ្ឋកិច្ច​ធំ​ជាង​ប្រទេស​ណាៗ​ទាំង​អស់​នៅ​ក្នុង​តំបន់​អាស៊ីអាគ្នេយ៍ ឬ​អាស៊ាន។

​ថ្វី​ត្បិត​លោក​លែង​​កាន់​​តំណែង​ជា​នាយក​រដ្ឋ​មន្ត្រី​សិង្ហបុរី ក៏​លោក​នៅ​តែ​ជា​បុគ្គល​​ដែល​មាន​ទឹកមាត់​ប្រៃ​នៅ​ក្នុង​ឆាក​នយោបាយ​សិង្ហបុរី រហូត​ដល់​លោក​ត្រូវ​បាន​ផ្ដល់​ងារ​ជា​គរុគណ​ (mentor) សម្រាប់​ផ្ដល់​ឱវាទ​ដល់​គណៈ​រដ្ឋ​មន្ត្រី​សិង្ហបុរី​ថែម​ទៀត​ផង។ ​បច្ចុប្បន្ន​លោក​ចូល​និវត្ត​ពី​ឆាក​នយោបាយ​ទាំង​ស្រុង ប៉ុន្តែ​ដើម្បី​ទុក​ជា​ការ​សិក្សា​ស្វែង​យល់ ទើប គេហទំព័រ TheBNEWS សូម​នាំ​មក​ជូន​អស់​លោក​អ្នក​នូវ​ជីវប្រវត្តិ​លោក​មក​ចុះ​ផ្សាយ​នៅ​ក្នុង​ទំព័រ​នេះ។

​ថ្ងៃ​ខែ​ឆ្នាំ​កំណើត ៖ ១៦ ​កញ្ញា ១៩២៣ (អាយុ ៩១ ឆ្នាំ)
ស្រុក​កំណើត ៖ ប្រទេស​សិង្ហបុរី
កម្រិត​វប្បធម៌ ៖ សញ្ញាបត្រ​ផ្នែក​ច្បាប់​ពី​សាកលវិទ្យាល័យ​ខេមប្រ៊ីជ (Cambridge University)
វិស័យ​នយោបាយ ៖ ជា​ស្ថាបនិក​គណបក្ស​ចលនា​ប្រជាជន (People's Action Party)
ប្រវត្តិ​ការងារ ៖ នាយក​រដ្ឋ​មន្ត្រី​សិង្ហបុរី ១៩៥៩ – ១៩៩០ (កាន់​អំណាច ៣១ ឆ្នាំ)

លោក​លីក្វាន់យូ​កើត​ក្នុង​ត្រកូល​អ្នក​មាន​ជីវភាព​ធូរធារ (អ្នក​វណ្ណៈ​កណ្ដាល)។ ឪពុកម្ដាយ​របស់​លោក​ជាប់​សែស្រឡាយ​ចិន និង​បាន​ទៅ​រស់​នៅ​ប្រទេស​សិង្ហបុរី​តាំង​ពី​ទសវត្ស​ទី​១៩។ តាំង​ពី​ក្មេង​មក​ម៉្លេះ លោក​លីក្វាន់យូ​ត្រូវ​ឪពុក​ម្ដាយ​ឲ្យ​រៀន​ភាសា​អង់គ្លេស​ជា​ភាសា​ទី​មួយ លុះ​ពេល​លោក​ចាប់​អាជីព​នយោបាយ លោក​រៀន​ភាសា​ចិន និង​ភាសា​ម៉ាឡេ។ ក្រោយមក លោក​បាន​ទៅ​សិក្សា​មុខវិជ្ជា​ច្បាប់​នៅ​សាកលវិទ្យាល័យ​ខេមប្រ៊ីជ ប្រទេស​អង់គ្លេស។ នៅ​ទី​នោះ​លោក​ជា​អ្នក​ដែល​មាន​និន្នាការ​នយោបាយ​សង្គម​និយម (socialist)។.

នៅ​ពេល​ដែល​កងទ័ព​ជប៉ុន​ចូល​កាន់កាប់​ប្រទេស​សិង្ហបុរី​ក្នុង​សង្គ្រាម​លោក​លើក​ទីពីរ កាល​ពី​ខែកុម្ភៈ ឆ្នាំ១៩៤២ លោក​លីក្វាន់យូ​អាយុ ១៩ ឆ្នាំ។ ​ព្រឹត្តិការណ៍​នេះ​ជះ​ឥទ្ធិពល​ខ្លាំង​បំផុត​សម្រាប់​ផ្នត់​គំនិត​របស់​លោក​។ កាលណោះ លោក​ត្រូវ​បង្ខំ​ចិត្ត​ឈប់​រៀន​កណ្ដាល​ទី ហើយ​ត្រូវ​គេ​បង្ខំ​ឲ្យ​រៀន​ភាសា​ជប៉ុន និង​ក្រោយមក​ទៀត លោក​មាន​ការងារ​ជា​អ្នក​បកប្រែ។ គឺ​​នៅ​ពេល​នោះ​ហើយ ​ដែល​លោក​​ដុះ​គំនិត​ជាតិ​និយម​។ លោក​យល់​ច្បាស់​ថា​ទាំង​ពួក​ជប៉ុន និង​ទាំង​ពួក​អង់គ្លេស (ដែល​ជា​ម្ចាស់​អាណានិគម​លើ​ប្រទេស​សិង្ហបុរី ហើយ​ទើប​តែ​ត្រូវ​ជប៉ុន​វាយ​ឡើយ​ខ្ចាត់ខ្ចាយ) គ្មាន​សិទ្ធិ​អំណាច​អ្វី​ត្រូវ​មក​ត្រួត​ត្រា​ប្រទេស​សិង្ហបុរី​នោះ​ទេ។ ក្រោយមក លោក​លីក្វាន់យូ រក​វិធី​រំដោះ​ប្រទេស ដើម្បី​នាំ​ឯករាជ្យ​ភាព ​ជូន​ជាតិ​មាតុភូមិ។

គំនិត​ជាតិ​និយម​របស់​លោក​លីក្វាន់យូ ចាប់​ផ្ដើម​ចេញ​ជា​រូបរាង​នៅ​ពេល​លោក​ទៅ​បន្ត​ការ​សិក្សា​នៅ​ប្រទេស​អង់គ្លេស​។ ក្រោយ​ពេល​បញ្ចប់​សង្គ្រាម​លោក​លើក​ទីពីរ (១៩៤៥) លោក​បាន​ទៅ​រៀន​នៅ​ប្រទេស​អង់គ្លេស​នៅ​សាកលវិទ្យាល័យ​សេដ្ឋកិច្ច London School of Economics ​និង​បន្ទាប់​មក​ទៀត លោក​រៀន​មុខ​វិជ្ជា​ច្បាប់​នៅ​សាកល​វិទ្យាល័យ​ខេមប្រ៊ីជ (Cambridge University) ប្រទេស​អង់គ្លេស​។ លោក​រៀន​បាន​ពិន្ទុ​ខ្ពស់​បំផុត និង​បំពេញ​តួនាទី​ជា​និស្សិត​ឆ្នើម​នៅ​ក្នុង​សៀវភៅ​សិក្ខាគារិក​ (Academic Record)។

...កូរ៉េ​ខាង​ជើង​មាន​ធនធាន​មនុស្ស​ខ្លាំង អាច​ផលិត​អ្វី​ក៏បាន តែ​ហេតុដូច​ម្ដេច​ក៏​ក្រ​ដុន​ដាប​ខ្លាំង​ម៉្លេះ?...

អំពី​អាជីព​នយោបាយ
លោក​លីក្វាន់យូ​បាន​វិល​ត្រឡប់​ទៅ​សិង្ហបុរី​វិញ​នៅ​ឆ្នាំ១៩៥០ និង​រៀប​ការ​ប្រពន្ធ​នៅ​ឆ្នាំ​ដដែល។ ដំបូង លោក​ធ្វើ​ការ​នៅ​ក្នុង​ក្រុមហ៊ុន​ផ្នែក​ផ្ដល់​ប្រឹក្សា​ច្បាប់ ហើយ​បន្ទាប់​មក​លោក​បើក​មុខ​របរ​ផ្ទាល់​ខ្លួន។ ​អាស្រ័យ​ដោយសារ​លោក​មាន​ចំណូល​ចិត្ត​ខាង​វិស័យ​នយោបាយ​ជាង​អាជីព​ដទៃ​ទៀត លោក​ក៏​ផ្ដួច​ផ្ដើម​គំនិត​បង្កើត​គណបក្ស​នយោបាយ​ក្រោម​ការ​ជួយ​គាំទ្រ​ពី​មិត្ត​ភក្ដិ​ចាស់ៗ។

នៅ​ថ្ងៃទី ២១ ខែវិច្ឆិកា ឆ្នាំ១៩៥៤ គណបក្ស «ចលនា​ប្រជាជន – People's Action Party» ត្រូវ​បាន​បង្កើត​ជា​ផ្លូវ​ការ ដែល​មាន​លោក​លីក្វាន់យូ​ជា​អគ្គលេខាបក្ស (secretary-general)។ នៅ​ក្នុង​ព្រឹត្តិការណ៍​បោះឆ្នោត​សកល​ថ្ងៃ​ទី​៣០ ខែឧសភា ១៩៥៩ គណបក្ស​ចលនា​ប្រជាជន ឈ្នះ​ឆ្នោត​គ្រប់​មណ្ឌល​ទាំង​អស់។ ​ថ្ងៃ​ទី​០៣ ខែមិថុនា ឆ្នាំ១៩៥៩ ​សិង្ហបុរី​មាន​រដ្ឋាភិបាល​ថ្មី​ដែល​ប្រសូត​ចេញ​ពី​ការ​បោះឆ្នោត។ ពីរ​ថ្ងៃ​ក្រោយ​មក លោក​លីក្វាន់យូ​ ​និង​មិត្ត​ភក្ដិ​របស់​លោក​បង្កើត​គណៈ​រដ្ឋ​មន្ត្រី​ ដោយ​មាន​លោក​លីក្វាន់យូ​ជា​នាយក​រដ្ឋ​មន្ត្រី។

គណបក្ស «ចលនា​ប្រជាជន​» របស់​លោក​លីក្វានយូ​ជាប់​ឆ្នោត​ជា​បន្តបន្ទាប់​។ លោក​លីក្វាន់យូ​ត្រូវ​បាន​ប្រជាជន​បោះឆ្នោត​ផ្ដល់​សេចក្ដី​ទុក​ចិត្ត​ ឲ្យ​​កាន់​តំណែង​ជា​នាយក​រដ្ឋ​មន្ត្រី​នៅ​ក្នុង​អាណត្តិ​បន្តបន្ទាប់​ទៀត​ដូច​ជា​ឆ្នាំ​១៩៦៣ – ១៩៦៥ – ១៩៧២ – ១៩៧៦ – ១៩៨០ – ១៩៨៤។ ​នៅ​ក្នុង​ខែវិច្ឆិកា ឆ្នាំ១៩៩០ ពេល​កំពុង​កាន់​តំណែង​សុខៗ លោក​លីក្វាន់យូ បាន​ប្រកាស​លាលែង​ពី​តំណែង​ជា​នាយក​រដ្ឋ​មន្ត្រី​កណ្ដាល​ទី ប៉ុន្តែ​នៅ​រក្សា​តួនាទី​នៅ​ក្នុង​ជួរ «គណបក្ស​​ចលនា​ប្រជាជន» រហូត​ទៅ​ទល់​នឹង​ឆ្នាំ១៩៩២ ទើប​លោក​លាលែង​ពី​តំណែង​នៅ​ក្នុង​បក្ស​ទៀត។

រង្វាយ​តម្លៃ​ និង​សរុប​សេចក្ដី
​លោក​លីក្វាន់យូ បាន​ដឹក​នាំ​ប្រទេស​សិង្ហបុរី​ប្រកប​ដោយ​ប្រសិទ្ធភាព​ខ្ពស់​ក្នុង​ការ​នាំ​ប្រទេស​ជាតិ ឲ្យ​ស្គាល់​តែ​សុខ​សន្តិភាព សុវត្ថិភាព វិបុលភាព និង​សុភមង្គល។ របៀបដឹកនាំ​របស់​លោក​ មាន​ចរិត​លក្ខណៈ «អាជ្ញានិយម – authoritarianism»។ ក្រោម​ការ​ដឹក​នាំ​របស់​លោក​កាល​ពី​អំឡុង​ទសវត្ស​ទី៨០ ​ចំណូល​ប្រចាំ​ឆ្នាំ​សម្រាប់​ប្រជាពលរដ្ឋ​សិង្ហបុរី​ម្នាក់ៗ ​គឺ​ខ្ពស់​លំដាប់​ទី​ពីរ​បន្ទាប់​ពី​ប្រទេស​ជប៉ុន(នៅ​តំបន់​អាស៊ី​បូព៌ា ៖ ចិន – ជប៉ុន - តៃវ៉ាន់ - កូរ៉េខាងជើង និង​ត្បូង)។ ​បច្ចុប្បន្ន សិង្ហបុរី​ជា​មជ្ឈមណ្ឌល​ហិរញ្ញវត្ថុ​សំខាន់​ជាង​គេ​នៅ​តំបន់​អាស៊ីអាគ្នេយ៍៕


ប្រែ​សម្រួល ៖ អន សំអាង

​ប្រភព ៖ សព្វវចនាធិប្បាយ Wikipedia - ​សព្វវចនាធិប្បាយ Britannica – គេហទំព័រ http://biography.yourdictionary.com/ - គេហទំព័រ biography.com