បក្ស​ប្រឆាំង​និង​សង្គម​ស៊ីវិល​ប្រតិកម្ម​នឹង​ព័ត៌មាន​ប្រាក់​ចំណូល​ពី​អង្គរវត្ត

1/22/2015 0 Comments A+ a-

តំណាងរាស្ត្រ​បក្ស​ប្រឆាំង និង​មន្ត្រី​អង្គការ​មិន​មែន​រដ្ឋាភិបាល ចាត់​ទុក​ព័ត៌មាន​ពី​ប្រាក់​ចំណូល​បាន​ពី​អ្នក​ទេសចរ​ចូល​ទៅ​ទស្សនា​អង្គរ របស់​អាជ្ញាធរ​អប្សរា​ថា មិន​គ្រប់គ្រាន់​សម្រាប់​បញ្ជាក់​ពី​តម្លាភាព​ក្នុង​ការ​គ្រប់គ្រង​ចំណូល​ បាន​នៅ​ឡើយ​ទេ។ ការ​លើក​ឡើង​នេះ​បន្ទាប់​ពី​អាជ្ញាធរ​អប្សរា បាន​ចេញ​សេចក្ដី​ប្រកាស​ព័ត៌មាន​មួយ​នៅ​ថ្ងៃ​ទី​២០ ខែ​មករា ដោយ​បង្ហាញ​តែ​តួ​លេខ​ពី​ចំនួន​អ្នក​ទេសចរ​ដែល​ទៅ​ទស្សនា​អង្គរ និង​ចំណូល​ដែល​បាន​ពី​ការ​លក់​ប័ណ្ណ​អោយ​អ្នក​ទេសចរ​អន្តរជាតិ​ប្រចាំ​ឆ្នាំ ​២០១៤ ដោយ​ប្រៀបធៀប​នឹង​ឆ្នាំ​២០១៣។
imageភ្ញៀវទេសចរ​ជាតិ និង​អន្តរជាតិ ដើរឆ្លងស្ពាន​នៃ​កស្សិណ​ខាងលិច ដើម្បី​ចូល​ទៅទស្សនា​ប្រាសាទអង្គរវត្ត​ កាល​ពី​​ថ្ងៃទី១០ ​ខែធ្នូ ​ឆ្នាំ​២០១៣
តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ និង​មន្ត្រី​អង្គការ​មិន​មែន​រដ្ឋាភិបាល​ប្រាថ្នា​អោយ​អាជ្ញាធរ​អប្សរា​ បង្ហាញ​របាយការណ៍​ជាក់លាក់ ដោយ​មាន​ការ​ចូលរួម​ត្រួត​ពិនិត្យ​ពី​ក្រុម​ការងារ​ចម្រុះ​គណបក្ស និង​អង្គការ​មិនមែន​រដ្ឋាភិបាល ឬ​ពី​ស្ថាប័ន​ជំនាញ​ឯករាជ្យ។
ការ​លើក​ឡើង​នេះ​បន្ទាប់​ពី​អាជ្ញាធរ​អប្សរា ចេញ​សេចក្ដី​ប្រកាស​ព័ត៌មាន​មួយ​បញ្ជាក់​ថា ក្នុង​ឆ្នាំ​២០១៤ មាន​ភ្ញៀវ​ទេសចរ​ជាង ៥​លាន​នាក់ (៥.០២៣.៨៨៧) ក្នុង​នោះ​ភ្ញៀវ​អន្តរជាតិ​មាន​ចំនួន​ជាង ២​លាន​នាក់ (២.០៥៩.៧០២) បាន​ទៅ​ទស្សនា​អង្គរ​ដោយ​ទិញ​ប័ណ្ណ ក្នុង​ប្រាក់​ចំណូល​ទទួល​បាន​ជិត ៦០​លាន​ដុល្លារ (៥៩.៣៤២.០០០)។ ចំនួន​នេះ​បង្ហាញ​ថា ភាគច្រើន​នៃ​អ្នក​ចូល​ទស្សនា​អង្គរ​បាន​ទិញ​ប័ណ្ណ​ដែល​មាន​តម្លៃ ២០​ដុល្លារ។ ទោះ​យ៉ាងណា​ប្រាក់​ចំណូល​នេះ​កើន​ឡើង​បើ​ប្រៀបធៀប​នឹង​ឆ្នាំ​២០១៣ ដែល​មាន​ចំនួន​ជិត ៥៨​លាន​ដុល្លារ (៥.៧៦៨.៦៨០)។
លោក សុន ឆ័យ តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ បន្ត​ចាត់​ទុក​តួលេខ​ដែល​បង្ហាញ​ដោយ​អាជ្ញាធរ​អប្សរា​ថា មាន​ការ​ខ្វះខាត ពុំ​ទាន់​មាន​តម្លាភាព​ពិតប្រាកដ។ លោក សុន ឆ័យ សង្ស័យ​ពី​ភាព​ខុសគ្នា​ខ្លាំង​រវាង​តួលេខ​ដែល​អាជ្ញាធរ​នេះ​បាន​ផ្ដល់​អោយ​ គណៈកម្មការ​ទី​២​រដ្ឋ​សភា​នៅ​ពេល​ចុះ​សាកសួរ៖ «ក្នុង​ករណី​បែប​នេះ ដរាប​ណា​អប្សរា​មិន​បង្ហាញ​ភស្តុតាង​​​​ជាក់ស្ដែង​អំពី​អ្នក​ទេសចរ​ពិត​ ប្រាកដ​តាម​រយៈ​ឯកសារ​ណា​មួយ​នោះ​ទេ ដោយ​គ្រាន់តែ​បញ្ជាក់​ចំនួន​ពីមុន​ថា មាន​តែ​មួយ​លាន​ប្រាំ​មួយ​សែន ឥឡូវ​ថា កើន​ដល់​២​លាន​​​​​​​ក្នុង​ពេល​តែ ​១​ខែ ២​ខែ ហ្នឹង មិន​អាច​អោយ​អប្សរា​​រួច​ខ្លួន​ទេ។ ត្រូវ​តែ​មាន​ការ​ស្រាវជ្រាវ​ត្រឹមត្រូវ​មួយ​ យើង​ត្រូវ​តែ​មាន​ក្រុម​សវនកម្ម​មួយ​​ គឺ​យើង​អាច​ជួល​អ្នកឯកទេស ឬ​ក៏​អ្នក​ដែល​មាន​ជំនាញ ដើម្បី​ធ្វើ​ការ និង​គេច​អោយ​ផុត​ពី​ឥទ្ធិពល​នយោបាយ»
របាយការណ៍​រយៈពេល ១០​ខែ ក្នុង​ឆ្នាំ​២០១៤ ដដែល របស់​អាជ្ញាធរ​អប្សរា​បាន​បង្ហាញ​ថា ភ្ញៀវ​ទេសចរ​បរទេស​ដែល​ចូល​ទស្សនា​អង្គរ មាន​ចំនួន​ប្រមាណ​ជាង ១,៦​លាន​នាក់ និង​មាន​ចំណូល​សរុប​ជាង ៤៧​លាន​ដុល្លារ។
ចំណែក​តំណាង​សម្ព័ន្ធ​គណនេយ្យ​ភាព​​សង្គម​ប្រចាំ​អាស៊ី​បូព៌ា និង​ប៉ាស៊ីហ្វិក លោក សន ជ័យ ហៅ​ការ​បង្ហាញ​ប្រាក់​ចំណូល​នេះ​ថា ជា​ជំហាន​ថ្មី​មួយ​នៃ​ការ​បើក​ចំហ​ព័ត៌មាន ដែល​សាធារណជន​ចង់​ដឹង។ ប៉ុន្តែ​លោក​ថា គួរតែ​មានការ​បើក​ទូលាយ​ជាង​នេះ​បន្ថែម​ទៀត ដើម្បី​អោយ​សាធារណជន​ជឿជាក់។ លើស​ពី​នេះ​លោក​ថា គួរ​តែ​មាន​ក្រុមការងារ​ចម្រុះ ដើម្បី​ផ្ទៀងផ្ទាត់​របាយការណ៍​របស់​អប្សរា។
លោក សន ជ័យ ក៏​បាន​ស្នើ​អោយ​អាជ្ញាធរ​អប្សរា​បង្កើត​ប្រព័ន្ធ​ព័ត៌មាន​អេឡិចត្រូនិក ដែល​អាច​ផ្ដល់​ព័ត៌មាន​ជាប់​ជា​ប្រចាំ​ពី​ចំនួន​អ្នក​ទេសចរ និង​ការ​ចំណាយ​របស់​ពួក​គេ​ក្នុង​ការ​ចូល​ទស្សនា​អង្គរ៖ «ភ្ញៀវ​ម្នាក់​ មក​ទស្សនា​ប៉ុន្មាន​ថ្ងៃ? ក្នុង​មួយ​ខែ​មាន​ភ្ញៀវ​ប៉ុន្មាន? អាច​ធ្វើ​អោយ​ឃើញ​ពី​បច្ចុប្បន្នភាព​នៃ​បញ្ជី​ឈ្មោះ​អ្នក​ទស្សនា​ហ្នឹង​ តែម្ដង ហើយ​ពេល​ហ្នឹង​យើង​អាច​គុណ​រក​ប្រាក់​ចំណូល​ឃើញ​ ពេល​នោះ​វា​នឹង​អាច​ជួយ​រួម​ចំណែក​ដោះស្រាយ​ការ​មន្ទិល​សៅហ្មង​ពី​អ្នក​ ឃ្លាំ​មើល​អភិបាលកិច្ច​ បី​បក្ស​ប្រឆាំង ជាពិសេស​គឺ​ប្រជាពលរដ្ឋ​កម្ពុជា មាន​ការ​ទុក​ចិត្ត​លើ​ប្រព័ន្ធ​គ្រប់​គ្រង​ទិន្នន័យ​​ថ្មី​ហ្នឹង ខ្ញុំ​ជឿ​ថា មិន​ពិបាកធ្វើ​ទេ​នៅ​ពេល​ដែល​ឆន្ទៈ​មាន​ពិត​ប្រាកដ»
អនុប្រធាន​គណៈកម្មការ​ហិរញ្ញវត្ថុ ធនាគារ និង​សវនកម្ម​នៃ​រដ្ឋសភា លោក សុន ឆ័យ ធ្លាប់​លើក​ឡើង​ថា ភ្ញៀវ​ទេសចរ​ដែល​ចូល​ទស្សនា​អង្គរ​ក្នុង​ឆ្នាំ​២០១៤ មាន​ប្រហែល​ជា ៣​លាន​នាក់ ហើយ​ភ្ញៀវ​ភាគ​ច្រើន​ទិញ​ប័ណ្ណ​ចូល​ទស្សនា​រយៈពេល ៣​ថ្ងៃ ក្នុង​តម្លៃ ៤០​ដុល្លារ។ ប៉ុន្តែ​ការ​អះអាង​នោះ​ត្រូវ​បាន​អាជ្ញាធរ​អប្សរា​ច្រាន​ចោល និង​ចាត់​ទុក​ជា​ការ​មួល​បង្កាច់​ការ​ពិត គ្មាន​មូលដ្ឋាន​ច្បាស់​លាស់ ដែល​ធ្វើ​ឲ្យ​ប៉ះពាល់​ធ្ងន់ធ្ងរ​ដល់​កិត្យានុភាព និង​ភាព​ត្រឹមត្រូវ​ក្នុង​ការ​បំពេញ​បេសកកម្ម​របស់​អាជ្ញាធរ​ជាតិ​អប្សរា៕ ប្រភពៈ RFA