សូម​បញ្ឈប់​ដាក់​ទណ្ឌកម្ម​លើ​អ្នកក្រ​ទៀត​ទៅ​!

1/22/2015 0 Comments A+ a-

«ឱ​ភ្នំពេញ​អើយ បី​ឆ្នាំ​នឹក​អ្នក​គ្មាន​ល្ហើយ​ក្នុង​ឱរា​…​» បទ​នេះ​ច្រៀង​ដោយ​អ្នកស្រី សូ ចន្នី និង​ជា​បទចម្រៀង​ដែល​តែងតែ​ចាក់​ផ្សាយ រៀងរាល់​ពេល​ប្រារព្ធ​ពិធី​បុណ្យ​រំឭក​ខួប​ថ្ងៃ​ទី​៧ ខែ​មករា​ម្តងៗ ដែល​ជា​ថ្ងៃ​រំដោះ​ខួប​ដួលរលំ របប​ខ្មែរក្រហម​តាំងពី​ឆ្នាំ ១៩៧៩ មក​ម្ល៉េះ។
កាល​នោះ​ម្នាក់ៗ គ្រាន់តែ​ឮ​បទ​នេះ​ភ្លាម ធ្វើឲ្យ​នឹក​ឃើញ​ថា បាន​រស់​ដោយ​សុខស្រួល​ហើយ តែ​មក​ដល់​ពេល​នេះ​ហើយ​បែរ​ជា​ប្រជាពលរដ្ឋ​ខ្មែរ​មួយ​ភាគ​ធំ​នៅ​តែ​ក្រីក្រ​ រួម​ទាំង​មន្ត្រីរាជការ​ទៀត​។ ពួកគាត់​ភាគច្រើន សុខចិត្ត​ធ្វើ​ចំណាកស្រុក ពី​ស្រុក​មួយ​ទៅ​ស្រុក​មួយ ពី​ខេត្ត​មួយ ទៅ​ខេត្ត​មួយ ហើយ​ខ្លះ​ឆ្លង​ទៅ​ធ្វើ​កម្មករ អង្គុយ​សុំទាន និង​ចូលទៅ​កាប់​ព្រៃ​នៅ​ប្រទេស​គេ ដើម្បី​រស់​ទៅ​វិញ បើ​ទោះបី​ជា​ដឹង​ថា មាន​បញ្ហា​ប្រឈម​មុខ​នឹង​គ្រោះថា្នក់​ខ្ពស់ យ៉ាង​ម៉េច​ក៏ដោយ​។
111_0រ្តី​ខ្មែរ​ម្នាក់​មាន​ទម្ងន់​និង​កូនប្រុស​តូច​កំពុង​អង្គុយ​សុំទាន​ក្នុង​ក្រុង​បាងកក​ពី​ចុង​ឆ្នាំ​មុន
មាន​ចម្ងល់​សួរ​ថា មូលហេតុ​អ្វីបាន​ជា​ពលរដ្ឋ​ខ្មែរ នៅ​តែ​នាំគ្នា​ធ្វើ​ចំណាក​ស្រុក​ភ្លូកទឹក​ភ្លូកដី​ទៀត? និយាយ​ពី​សេដ្ឋកិច្ច​វិញ មាន​កំណើន​ប្រចាំ​ឆ្នាំ​រង្វង់​ពី ៧ ទៅ​ ៨ ​ភាគរយ ហើយ​ប្រជាជន​រស់​ក្រោម​បន្ទាត់​ភាព​ក្រីក្រ​វិញ ធ្លាក់ចុះ​តាំងពី ៣៦ ដល់​ ១៩ ភាគរយ​ទៀត រឿង​អី​បានជា​ការ​ធ្វើ​ចំណាកស្រុក​ចេះ​តែ​កើនឡើង រហូត​ស្ងាត់​ស្រុក​ទៀត មិន​គួរ​ឲ្យ​ជឿ​?
តើ​មកពី​បញ្ហា​អត់ឃ្លាន ឬ​ក៏​ការ​ចង់​មាន​ចង់​បាន​ពេក​បាន​ជា​សុខចិត្ត​ទៅ​ប្រឈម​មុខ​នឹង​ គ្រោះថ្នាក់​ខ្លាំង​ម្ល៉េះ​? គ្រាន់តែ​របាយការណ៍​ត្រួសៗ នៅ​ឆ្នាំ​២០១៣ តម្រួត​ថៃ​បាញ់​ពលរដ្ឋ​ខ្មែរ​ចូល​ឆ្លងដែន​កាប់ព្រៃ​ស្លាប់​អស់ ៤៧ នាក់ ហើយ​នៅ​ឆ្នាំ ២០១៤ កាលពី​ឆ្នាំ​ទៅ​ក៏​នៅ​តែ​បាញ់​ស្លាប់​អស់​៧​នាក់​ទៀត​និង​ដឹក​ពលករ​ខ្មែរ​ រាប់​ម៉ឺន​នាក់ មកចាក់​ចោល​តាម​ច្រក​ព្រំដែន ដូច​ចាក់​សំរាម​អ៊ីចឹង ហើយ​នៅ​ដើម​ឆ្នាំ​នេះ មាន​តាំង​ពី​ការ​បាញ់​សម្លាប់​ស្ត្រី​ខ្មែរ​ទៀត សូម្បីតែ​តម្រួត​ថៃ​ក៏​សារភាព​ថា​បាន​បាញ់​បុរស​ខ្មែរ ៤ នាក់​ដែរ ហើយ​កាលពី​សប្តាហ៍​មុន​នេះ​លឺ​ថា​មាន​ការ​ដុត​មនុស្ស​ស្លាប់ ២​ នាក់​នៅ​តាម​ព្រំដែន​ ខ្មែរ-ថៃ​ ដែល​កំពុង​តែ​សង្ស័យ​សាកសព​នោះ​ជា​ជនជាតិ​ខ្មែរ​។
រីឯ​មន្ត្រី​នៅ​ទី​នោះ បែរ​ជា​នាំគ្នា​លាក់​ព័ត៌មាន​បិទជិត តែ​ដោយសារ​តែ​សារព័ត៌មាន ចេះ​ចេញ​ផ្សាយ​បានជា​នាំ​គ្នា​ខំ​ដុតដៃ​ដុតជើង​តាម​ការទូត​ផង​តែ​នៅពេល​ដែល​ ជួប​ប្រជុំ​រវាង​ការទូត​ប្រទេស​ទាំង​ពីរ​កាលពី​សប្តាហ៍​មុន​នេះ​ហាក់​ដូចជា​ រឿងធម្មតា បាន​ត្រឹមតែ​ចរចា និង​អនុស្សរណៈ​យោគយល់​តែ​ថៃ​នៅ​បាញ់​ខ្មែរ​ស្លាប់​យ៉ាងគឃ្លើន​ដដែល​ រដ្ឋាភិបាល​ទាំង​២​គ្មាន​ឆន្ទៈ​រក​ដំណោះស្រាយ​ពិតប្រាកដ​គឺ​បាន​តែ​នៅលើ​ ក្រដាស​និង​ថៃ​បាន​ត្រឹមតែ​សុំទោស​តែ​ប៉ុណ្ណោះ​។
តែ​ផ្ទុយទៅ​វិញ ប្រទេស ​វៀតណាម ​វិញ​គ្រាន់តែ​រដ្ឋាភិបាល​ខ្មែរ​បាន​ចាប់​បញ្ជូន​ប្រជាជន​វៀតណាម​ដែល​រស់នៅ​ ស្រុក​ខ្មែរ​ខុសច្បាប់​តែ​ជាង​ ១ ​ពាន់​នាក់​សោះ រដ្ឋមន្ត្រី​ក្រសួង​នគរបាល​ជាតិ​វៀតណាម មក​សុំ​ជួប​ជាមួយ​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ​ខ្មែរ​ដើម្បី​ចុះហត្ថលេខា កិច្ចសហប្រតិបត្តិការ​រួម​គ្នា​ផ្សេងៗ​ភ្លាម​កាលពី​ថ្ងៃ​សុក្រ​សប្តាហ៍​មុន​ ។
បច្ចុប្បន្ន​នេះ បញ្ហា​ចំណាកស្រុក​ក្លាយ​ទៅ​ជា​គ្រោះមហន្តរាយ​មួយ​ទៅ​ហើយ ដូច​កាលពី​ជំងឺ​អេដស៍​ចូល​ស្រុក​ខ្មែរ​ដំបូងៗ មាន​ពាក្យ​ចចាមអារ៉ាម​ថា​៖​ «​អេដស៍​មិន​ខ្លាច​ទេ​ខ្លាច​តែ​អត់!​» នៅពេល​នេះ យក​ពាក្យ​ទាំងនេះ​មក​គិត​ឡើង​វិញ​អាច​ត្រូវ ព្រោះ​អ្នក​ផ្ទុក​ជំងឺ​អេដស៍​មាន​ថ្នាំ​ពន្យារ​ជីវិត​បាន រីឯ​អត់​បាយ​វិញ​តែ​អត់​គឺ​ស្លាប់​ហើយ​។
អ៊ីចឹង​ហើយ​មាន​តែ​ធ្វើ​ចំណាកស្រុក​ប្រថុយប្រថាន​ទៅ ក្រែង​បាន​រស់ បើ​ទោះ​ទៅ​ដល់​ណា​ក៏​ទៅ​ដែរ​គេ​ធ្វើ​បាប​គេ​មើល​ងាយ​មើលថោក​យ៉ាងម៉េច​ក៏​ សុខចិត្ត​ទៅ​ដែរ ព្រោះ​អ្នក​ដែល​សម្រេចចិត្ត​ទៅ​ទាំង​ព្រាត់​កូន ព្រាត់​ប្តី ព្រាត់​ប្រពន្ធ គឺ​អ្វីៗ​ហាក់បី​ដូចជា​អស់​រលីង​ពី​ខ្លួន ដីស្រែ​គ្មាន ដីចម្ការ​ត្រូវ​គេ​ច្បាម​យក​អស់ ទៅ​ប្តឹង​តុលាការ​វិញ​ចាញ់​អ្នក​មាន​អំណាច​រហូត ហើយ​នាំគ្នា​ធ្វើ​បាតុកម្ម​ត្រូវ​គេ​បង្ក្រាប​ដេញប៉ផាប់​ចាប់ពភីង ដូច​ពាក្យ​ថា​ចិន​ដេញ​ខ្មែរ ខ្មែរ​ដេញ​ខ្មោច ឥឡូវ​នេះ​កាន់តែ​យ៉ាប់​ទៅ​ទៀត​ព្រោះ​អស់​ដី​ខ្មោច​ដេញ​ទៀត​។
រីឯ​អ្នក​មាន​ដីស្រែ​ហើយ​នៅតែ​ធ្វើ​ស្រែ​ប្រវាស់​នឹង​មេឃ​ដដែល​បាន​ ទិន្នផល​មក ឈ្មួញ​ឲ្យ​តម្លៃ​ថោក​ពេក​រដ្ឋាភិបាល​មិន​រក​ទីផ្សារ​ឲ្យ បើ​ប៉ះ​ជា​ទឹកលិច​ផង​ខូច​សំណាប​ខ្ទេចខ្ទី​។ យ៉ាងណា​មិញ ឧកញ៉ាៗ​ស្រុកខ្មែរ​វិញ​ខំ​រកស៊ី​កេងប្រវ័ញ្ច និង​ប្លន់​ដីធ្លី​តែ​ពី​អ្នកក្រ​ទេ ភាគ​តិច​ណាស់​ដែល​មាន​គំនិត​ជួយ​អ្នកក្រ​ផ្តល់​ការងារ​ធ្វើ​នៅ​ស្រុក​ភូមិ​ ដែល​ពួកគាត់​រស់នៅ​នោះ​។
បើ​និយាយ​ពី​មន្ត្រីរាជការ​សាមញ្ញ​នៅ​តាម​ក្រសួង និង​ស្ថាប័ន​នានា​វិញ ប្រាក់ខែ​តិច ហើយ​នៅពេល​ចុះ​បេសកកម្ម​ធ្វើ​ដំណើរ​តាម​បណ្តា​ខេត្ត​នានា​វិញ គឺ​ត្រូវ​យក​លុយ​ពី​ផ្ទះ​ខ្លួនឯង​ទៅ​ចាយ​សិន បើ​មក​ធ្វើ​សំណើ​បើក​ថវិកា​បេសកកម្ម​ដែល​បាន​ចុះ​នោះ​វិញ នៅពេល​ដំណើរការ​បើក​លុយ​ម្តងៗ​គឺ​ស៊ី​ពេល​យ៉ាង​ហោច​ណាស់​១​ខែ​ទៅ​២​ខែ​ក៏​ មាន ចុះ​បើ​ពួកគាត់​ ១ ​ខែ​ត្រូវ​ចុះ​បេសកកម្ម​ ៣​ ដង​វិញ តើ​ពួកគាត់​បាន​លុយ​មកពី​ណា បើ​គ្រាន់តែ​ចាយ​ប្រចាំ​ថ្ងៃ​មិន​គ្រាន់​ផង​នោះ? ​នេះ​ក៏​ជា​ទណ្ឌកម្ម​មន្ត្រី​ក្រីក្រ​ផង​ដែរ​។
ម្យ៉ាង​វិញ​ទៀត បើ​និយាយ​ពី​យុទ្ធសាស្ត្រ និង​កំណែទម្រង់​ស៊ីជម្រៅ​របស់​រាជរដ្ឋាភិបាល​វិញ ឲ្យ​តែ​ហា​ឡើង សុទ្ធតែ​ក្នុង​គោលបំណង កាត់បន្ថយ​ភាពក្រីក្រ​ទាំងអស់ តែ​ដល់​ពេល​អនុវត្ត​ជាក់ស្តែង មាន​សកម្មភាព​ភាគច្រើន​តែ​នៅលើ​ក្រដាស​ទេ ព្រោះ​ការងារ​ធ្វើ​តែ​ដដែល​ផ្តោត​តែ​ទៅលើ​សាងសង់​ស្ពាន​ថ្នល់​និង​ផ្លូវលំ ជួសជុល​មិន​ស្វាង ព្រោះ​មាន​ផលចំណេញ​ច្រើន​រឿង​នយោបាយ​ដើម្បី​ឲ្យ​ប្រជាពលរដ្ឋ​មើល​ឃើញ​ ជាក់ស្តែង​ថា​បាន​ធ្វើ​សម្បើម​ណាស់ និង​សប្បាយ​ស៊ី​លុយ​ក្រៅ​រឿង​ដេញ​ថ្លៃ​គម្រោង​ធ្វើ​ផ្លូវ​ជាមួយ​ក្រុមហ៊ុន​ ហ្នឹង​ធ្វើ​ជាប់​។ តែ​មិន​សូវ​អើពើ​សកម្មភាព​សំខាន់ៗ​ផ្សេង​ទៀត​ដូចជា ការ​ដំឡើង​ប្រព័ន្ធ​ធារាសាស្រ្ត​ធ្វើ​ប្រឡាយ​ទឹក​ឲ្យ​មាន​ទឹក​គ្រប់គ្រាន់​ ធ្វើ​ស្រែចម្ការ ការ​រក​ទីផ្សារ​កសិផល​មាន​តម្លៃ​សមរម្យ ការ​បង្កើត​សិប្បកម្ម​នៅ​តាម​សហគមន៍ ក្រៅតែ​ពី​ការងារ​ធ្វើ​រោងចក្រ​ដែល​មាន​ស្រាប់​នៅ​តាម​ទីក្រុង​នោះ ដើម្បី​ទប់ទល់​នឹង​ការ​ធ្វើ​ចំណាកស្រុក​របស់​ប្រជាពលរដ្ឋ​នោះ។
យ៉ាងណា​មិញ​ដូច​លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន​ក៏​ធ្លាប់​លើក​ឡើង​ថា​៖ «​ត្រូវ​យក​ស្លឹកត្នោត​មក​ខ្ចប់​ស្ករផែន​» មានន័យ​ខំ​រក​ចំណូល​នៅ​នឹង​កន្លែង​ដើម្បី​អភិវឌ្ឍ​នៅ​នឹង​កន្លែង ហើយ​បង្កើន​ការងារ​ឲ្យ​ប្រជាពលរដ្ឋ​ទៀត​។ ឧទាហរណ៍​ដូច​ប្រាក់ចំណូល​របស់​សេវា​ច្រកចេញ​ចូល​តែ​មួយ​របស់​ក្រុង ស្រុក និង​ខណ្ឌមាន ​៣៦ ​កន្លែង​បាន​ជាង​ ១,៥ លាន​ក្នុង​រយៈ​ ១០ ខែ​ដំបូង​នៃ​ឆ្នាំ​ ២០១៤ កន្លង​ទៅ​នេះ ហើយ​ថវិកា​ទាំងនេះ គួរ​យក​មក​អភិវឌ្ឍ​ទីកន្លែង​របស់​ខ្លួន​ដើម្បី​ឲ្យ​បង្ហាញ​ប្រជាពលរដ្ឋ​ថា ថវិកា​ដែល​គាត់​ប្រើ​សេវា​ហ្នឹង​គេ​យក​មក​ធ្វើ​នៅ​សហគមន៍​របស់​គាត់​ដើម្បី​ ឲ្យ​មាន​គណនេយ្យភាព និង​ចូលរួម​កាត់បន្ថយ​ភាពក្រីក្រ​ផង​ដែរ​។
ជាង​នេះ​ទៅ​ទៀត គោលបំណង​ធំ​របស់​កំណែទម្រង់​វិមជ្ឈការ និង​វិសហមជ្ឈការ (D&D)​ ​ដើម្បី​ផ្តល់​អំណាច​មក​រដ្ឋបាល​ថ្នាក់​ក្រោម​ជាតិ​គឺ​ដើម្បី​កាត់បន្ថយ​ ភាពក្រីក្រផង​ដែរ​។ មក​ទល់​ពេល​នេះ​ហើយ​គ្មាន​ទាន់​ឃើញ​មុខងារ​ជា​កាតព្វកិច្ច​ណា​មួយ​ដែល​ ក្រសួង និង​ស្ថាប័ន​ថ្នាក់​ជាតិ​ដែល​ត្រូវ​ផ្ទេរ​ទាំង​មុខងារ ទាំង​ធនធាន​ថវិកា ទាំង​ធនធាន​មនុស្ស​មក​រដ្ឋបាល​ថ្នាក់​ក្រោម​ជាតិ​នៅ​ឡើយ​ទេ​អ៊ីចឹង​សួរ​ថា តើ​ពួកគាត់​នៅ​ថ្នាក់​ក្រោម​ជាតិ​មាន​អំណាច​ឯណា​ទៅ​ដោះស្រាយ​ជូន​ ប្រជាពលរដ្ឋ​?
បើ​នៅ​មាន​បញ្ហា​ប្រជាពលរដ្ឋ​មក​ប្តឹង ឬ​ក៏​សុំ​ឲ្យ​ជួយ​ដោះស្រាយ​ម្តងៗ គឺ​រដ្ឋបាល​ថ្នាក់​ក្រោម​ជាតិ​មិន​អាច​ដោះស្រាយ​បាន​ទេ គឺ​ពួកគាត់​បាន​ត្រឹមតែ​រាយការណ៍​ជូន​ថ្នាក់​លើ​ដដែល​ជា​ដដែល ដូច្នេះ​រដ្ឋបាល​ថ្នាក់​ក្រោម​ជាតិ​ជាពិសេស​ថ្នាក់​ក្រុង-ស្រុក​ដែល​នៅ​កៀក​ នឹង​ពលរដ្ឋ​ផង សព្វថ្ងៃ​នេះ ហាក់បី​ដូចជា​បាន​ត្រឹមតែ​ជា​អ្នកនាំពាក្យ​តែ​ប៉ុណ្ណោះ​ព្រោះ​គ្មាន​សិទ្ធិ​ អំណាច​ទៅ​អារកាត់​បាន​ទេ គឺ​អ្វីៗ​ស្ថិត​លើ​ថ្នាក់​ជាតិ​ប្រមូលផ្តុំ​អំណាច​ដដែល​។ មាន​អី​មក​អភិវឌ្ឍ​នៅ​នឹង​កន្លែង​បាន​ទៅ?
សរុបមក​វិញ បទចម្រៀង​«​ឱ​ភ្នំពេញ​អើយ»​ជា​ក្តីសង្ឃឹម​តាំងពី​ថ្ងៃ​ទី​៧ ខែ​មករា ឆ្នាំ​១៩៧៩ មក​ទល់​បច្ចុប្បន្ន​នេះ ៣៦ ឆ្នាំ​ទៅ​ហើយ ទាំង​អ្នកក្រ ទាំង​មន្ត្រីរាជការ​មួយ​ចំនួន​បាន​ត្រឹមតែ​សង្ឃឹម​ដល់​ពេល​ណា​រដ្ឋ​ដំឡើង​ ប្រាក់ខែ​គ្រប់គ្រាន់ ពេលណា​លែង​ក្រីក្រ​រហូត​ដល់​អ្នកក្រ​ទ្រាំ​រង់ចាំ​ក្តីសង្ឃឹម​លែង​បាន​គឺ​ មាន​តែ​ធ្វើ​ចំណាកស្រុក​។ តើ​ពេល​ណា​បាន​បញ្ឈប់​ដាក់ទណ្ឌកម្ម​អ្នកក្រ​? ប្រភពៈ ភ្នំពេញប៉ុស្តិ៍