លោក ហ៊ុន សែន​៖ ឱកាស​​វិនិយោគ​​នៅ​​កម្ពុជា​​គឺ​ជា​ឱកាស​​មាស

1/23/2015 0 Comments A+ a-

នៅឯ​សភាពា​ណិជ្ជកម្ម​ស្វីស និង​នៅ​ចំពោះមុខ​ពាណិជ្ជករ​ចម្រុះ​សាសន៍​ប្រហែល​១០០​នាក់ លោកនាយក​រដ្ឋមន្ត្រី​កម្ពុជា​បាន​ថ្លែង​កាលពី​ម្សិលមិញ​ថា នៅ​កម្ពុ​ជាមាន«ឱកាស​មាស»​សម្រាប់​​វិនិយោគិន​បរទេស។ ក្នុង​វេទិកា​វិនិយោគ​នោះ លោក ហ៊ុន សែន បានបង្ហាញ​កត្តា​អំណោយ​ផល និង​គម្រោងថ្មីៗនានា​នៅ​កម្ពុជា ដែល​អ្នករកស៊ី«មិនអាច​មើលរំលង​បាន»។
HunSenatswissលោក​នាយករដ្ឋមន្ត្រី​ហ៊ុន​ សែន បានធ្វើបទ​បង្ហាញ​ដល់​អ្នកវិនិយោគបរទេស
ម្សិល​មិញ លោក​នាយក​រដ្ឋមន្ត្រី​កម្ពុជា ដែល​កំពុង​ចូលរួម​កិច្ចប្រជុំ​ប្រចាំឆ្នាំ​នៃ​វេទិកា​សេដ្ឋកិច្ច​ពិភព​លោក ឆ្នាំ​២០១៥ នៅ​ក្រុង​ដា​វ៉ូស​ក្លូ​ស្ទឺ​រ បាន​បង្ហាញ​នូវ​កត្តា​អំណោយ​ផល​ទាំងឡាយ និង​​គម្រោងថ្មីៗ ដែល​កម្ពុ​ជាមាន​សម្រាប់​សម្រួល​ដល់​ការបណ្ដាក់ទុន​រកស៊ី​នៅ​កម្ពុជា។ នៅ​ចំពោះមុខ​អ្នកវិនិយោគទុន​ប្រហែល១០០នាក់ មកពី​ប្រទេស​ស្វី​ស អាមេរិក អឺរ៉ុប និង​អាស៊ី ក្នុង​វេទិកា​វិនិយោគ ដែល​រៀបចំឡើង​ដោយ​សភាព​ណិ​ជ្ជ​កម្ម​ស្វី​ស លោក ហ៊ុន សែន បាន​អះអាងថា កម្ពុ​ជាមាន«ឱកាស​មាស»សម្រាប់​វិនិយោគិន​បរទេស។
យោងតាម​ទូរទស្សន៍​ជាតិ​កម្ពុជា លោក ហ៊ុន សែន បាន​លើកឡើងថា កម្ពុជា​ជា​ប្រទេស​បើក​ចំហ មាន​កម្លាំង​ពលកម្ម​វ័យក្មេង​ដែល​ស្រេកឃ្លាន​ចំណេះដឹង​ខ្ពស់  មាន​ហេដ្ឋា​រចនា​សម្ព័ន្ធ​កាន់​​តែ​​ប្រសើរឡើង មាន​កំណើនប្រជាជន​ថ្នាក់កណ្តាល មាន​កំណើន​លទ្ធភាព​ទិញ​ទំនិញ​ត្បិត​ចំណូល​ កើនឡើង​លឿន មាន​ភាព​អំណោយផល​ពី​កត្តា​ភូមិសាស្ត្រ​នយោបាយ និង​មាន​កិច្ចសហប្រតិបត្តិការ​ល្អ​ជាមួយ​សហគមន៍​អន្តរជាតិ។
ប្រភព​ដដែល​រាយការណ៍​បន្ត​តាម​សម្ដី​របស់​ប្រមុខ​រដ្ឋាភិបាល​កម្ពុជា​ទៀតថា «ក្នុង​រយៈពេល​ជាង​ពីរ​ទសវត្សរ៍​ចុងក្រោយ​នេះ សេដ្ឋកិច្ចកម្ពុជា​បាន​កើន​ឡើងជា​មធ្យម​ប្រមាណ ៧,៧%ក្នុង មួយឆ្នាំ បើទោះបីជា​ត្រូវ​ប្រឈម​នឹង​ភាពមិនប្រាកដប្រជា​និង​ហានិភ័យ​ជាច្រើន​ទាំង​ ក្នុង និង​ក្រៅប្រទេស​ក៏ពិតមែន» ហើយ​ថា«កំណើន​នៃ​ការវិនិយោគ​ក្នុង​ឆ្នាំ២០១៤ បានបង្ហាញ​ឱ្យ​ឃើញ​​ពី​ចំណាប់អារម្មណ៍​កាន់តែច្រើន​លើ​សក្តានុពល និង​កាលានុវត្តភាព​វិនិយោគ​នៅ​កម្ពុជា ជាពិសេស​ការជឿជាក់​លើ​សមត្ថភាព​របស់​រាជ​រដ្ឋាភិបាល​ក្នុងការ​ដឹកនាំ​និង​ គ្រប់គ្រង​ប្រទេស»។
របាយការណ៍​របស់​ទ​ទក​បានឱ្យដឹង​ផងដែ​រថា ក្នុង​អនាគត​ដ៏​ខ្លី រដ្ឋាភិបាល​កម្ពុជា​នឹង​បញ្ចេញ​គោលនយោបាយ​អភិវឌ្ឍន៍​វិស័យ​ឧស្សាហកម្ម​ ឆ្នាំ២០១៥-២០២៥ ដែល​លើកកម្ពស់​ការ​វិនិ​យោគ​​ផ្ទាល់​ពី​បរទេស។ ទន្ទឹមនឹង​នេះដែរ សេចក្តីរាយការណ៍​ពី​ប្រទេស​ស្វី​ស​នោះ​បញ្ជាក់ថា កម្ពុជា​ដែល​បាន និង​កំពុង​ធ្វើកំណែទម្រង់​ស្ថាប័ន ពង្រឹង​អភិបាលកិច្ច ពង្រឹង​ធនធានមនុស្ស និង​កែលម្អ​ហេដ្ឋារចនាសម្ព័ន្ធ​រូបវន្ត​នោះ នឹង​កែប្រែ​ច្បាប់​មួយចំនួនទៀត​ដូចជា ច្បាប់​ស្តីពី​កា​រវិន​យោគ និង​ច្បាប់​ស្តីពី​សារពើពន្ធ ព្រមទាំង​នឹង​ដាក់ឱ្យអនុវត្ត​ក្របខ័ណ្ឌ​នៃ​ការអភិវឌ្ឍ​សហគ្រាស​ធុន​តូច និង​មធ្យម ដែលមាន​ភាពស៊ីសង្វាក់​គ្នា​ជាមួយនឹង​គោលនយោបាយ​អភិវឌ្ឍន៍​វិស័យ​ឧស្សាហកម្ម។
អ្នក​រាយការណ៍​ពិសេស​របស់​ទូរទស្សន៍​ជាតិ​កម្ពុជា គូស​បញ្ជាក់​ថា លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ចាត់​ទុក​ថា ចរាចរណ៍​រូបិយ​ប័ណ្ណ​បរទេស​យ៉ាង​ទូលំ​ទូ​លាយ​នៅ​កម្ពុជា និង​ការ​អនុញ្ញាត​ឱ្យ​​វិនិយោគិន​បរទេស​អាច​បណ្តាក់ទុន​វិនិ​យោគ​១០០​ភាគ​រយ ​នៅក្នុង​ប្រទេស​នេះ ដោយ​មិន​ចាំ​បាច់​មាន​ភាគហ៊ុន​ក្នុងស្រុក ជា​ចំណុច​ខ្លាំង​របស់​កម្ពុជា ដែល​អ្នក​រក​ស៊ី​ធំ«មិនត្រូវ​មើល​រំលង»ផងដែរ៕ ប្រភពៈ RFI