Xiaomi បោះ​​​មួយ​ជំហាន​ទៀត ឥឡូវ​ក្លាយជា​​ក្រុមហ៊ុន​បច្ចេកវិទ្យា​ឯកជន​ដ៏​មាន​តម្លៃ​បំផុត​លើ​លោកជាមួយ​ប្រាក់​ទុន​​ ៤៥ពាន់​លាន​ដុល្លារ​

12/30/2014 0 Comments A+ a-

Xiaomi បោះ​​​មួយ​ជំហាន​ទៀត ឥឡូវ​ក្លាយ​ខ្លួន​ជា​​ក្រុមហ៊ុន​បច្ចេកវិទ្យា​ឯកជន​ដ៏​មាន​តម្លៃ​បំផុត​លើ​លោកជាមួយ​ប្រាក់​ទុន​​ ៤៥ពាន់​លាន​ដុល្លារ​ប្រភព៖​ forbes
ក្រុមហ៊ុន ​ទូរស័ព្ទ Xiaomi ដែល​គេ​ចាត់ទុក​ជា​ក្រុមហ៊ុន​មួយ​មាន​សន្ទុះ​កើនឡើង​ចំណែក​ទីផ្សារ​ស្មាតហ្វូន​យ៉ាងឆាប់​​រហ័ស​ជាងគេ ពេល​នេះ​ទុន ​បាន​កើន​ឡើង​ដល់​ ១,១ពាន់​លាន​ដុល្លារ​បន្ថែម និង​បាន​ក្លាយ​ខ្លួន​ជា​ក្រុមហ៊ុន​បច្ចេកវិទ្យា​ឯកជន​ដ៏​មាន​តម្លៃ​បំផុត​មួយ​លើ​ពិភពលោក ជាមួយ​តម្លៃ​ទីផ្សារ ៤៥ពាន់​លាន​ដុល្លារ​អាមេរិក។ ដោយ​ផ្អែក​តាម​បណ្ដាញ​ព័ត៌មាន​រ៉យទ័រ​កាលពី​ពេល​ថ្មីៗ​នេះ។ 

លោក Lei Jun នាយក​ប្រតិបត្តិ​ក្រុមហ៊ុន Xiaomi បាន​និយាយ​នៅ​លើ blog គេហទំព័រ weibo កាលពី​ថ្ងៃ​ច័ន្ទ​នេះ ដោយ​អះអាង​បញ្ជាក់​ប្រាប់​ប្រព័ន្ធ​ផ្សព្វផ្សាយ អំពី​ការ​កើនឡើង​ទុន​បម្រុង និង​ក្លាយ​ខ្លួន​ជា​ក្រុមហ៊ុន​មាន​តម្លៃ​ទីផ្សារ​ដល់ ៤៥ពាន់​លាន​ដុល្លារ​នេះ គឺ​ដោយសារ​សមាន​ការ​ចូល​រួម​បណ្ដាក់​ទុន​ពី បណ្ដា​វិនិយោគិន រួម​ទាំង​បណ្ដា​ក្រុមហ៊ុន​ផ្ដល់​មូលនិធិ​សមធម៌​ក្នុង​ការ​វិនិយោគ​ជាមួយ Xiaom មួយ​ចំនួន​មាន៖ ក្រុមហ៊ុន All-Stars Investment, DST Global, Hopu Investment Management និង Yungfeng Capital ក៏​រួម​បញ្ចូល​ទាំង​មូលនិធិ​ទ្រព្យ​សម្បត្តិ​ក្រុមហ៊ុន​សិង្ហបុរី GIC។ 

យោង​តាម​របាយការណ៍​របស់​ស្ថាប័ន​វិភាគ និង​ស្រាវជ្រាវ​ផ្នែក​ទីផ្សារ Strategy Analytics ឱ្យ​ដឹង​ថា ពេល​នេះ ក្រុមហ៊ុន​ទូរស័ព្ទ Xiaomi បាន​បោះ​ជំហាន​យ៉ាង​រហ័ស​យក​តំណែង​ជា​ក្រុមហ៊ុន​លក់​ទូរស័ព្ទ​លំដាប់​លេខ៣ លើ​ពិភពលោក​បន្ទាប់​ពី​ក្រុមហ៊ុន Samsung (លេខ១) និង Apple (លេខ២)។ ចំណែក​ពេល​នេះ Xiaomi បាន​បន្ត​បោះ​ថែម​មួយ​ជំហាន​ទៀត ក្លាយ​ខ្លួន​ជា​ក្រុមហ៊ុន​ឯកជន​មួយ​ដែល​មាន​តម្លៃ​បំផុត​លើ​ពិភពលោក។ ប្រាក់​ទុន​របស់ Xiaomi ក្នុង​ពេល​បច្ចុប្បន្ន​គឺ​មាន ៤៥ពាន់​លាន​ដុល្លារ​អាមេរិក កើន​ឡើង​ជាង ១០ពាន់​លាន​ដុល្លារ​ត្រឹមតែ​រយៈពេល ១ឆ្នាំ ពី​២០១៣ មក ២០១៤ ហើយ​ស្មើ​នឹង ១ភាគ៣ នៃ​ប្រាក់​ទុន​របស់​ក្រុមហ៊ុន​កុំព្យូទ័រ​លេខ​១ លើ​លោក Lenovo Group Ltd។ 

របាយការណ៍​របស់ Strategy Analytics បាន​ឱ្យ​ដឹង​ថា ក្រុមហ៊ុន​ម្ចាស់​ទូរស័ព្ទ Mi4 រាង​ដូច iPhone 6 នេះ បាន​ក្ដាប់​ចំណែក​ទីផ្សារ​ស្មាតហ្វូន​ពិភពលោក ៦% នៅ​ត្រីមាស​ចន្លោះ​ខែ កក្កដា-កញ្ញា ដែល​គិត​ជា​តួលេខ​សរុប​លក់​បាន ៣២០លាន​គ្រឿង ។ 

Xiaomi ក្រៅពី​ផលិត​ទូរស័ព្ទ ក៏​ជា​ក្រុមហ៊ុន​អភិវឌ្ឍ Software និង​សេវាកម្ម​ផង​ដែរ ដែល​បច្ចុប្បន្ន​កំពុង​អភិវឌ្ឍ​ខ្លួន​ជា​ក្រុមហ៊ុន​អ៊ីនធឺណិត​ផង​ដែរ។ ​បច្ចុប្បន្ន​ក្រុមហ៊ុន​មាន​ដៃ​គូ​សហការ​ក្នុង​ការ​អភិវឌ្ឍ​ឧបករណ៍​​ប្រព័ន្ធ​អេកូ ផ្ដល់​ការ​គាំទ្រ​ភ្ជាប់​បណ្ដាញ​អ៊ីនធឺណិត​បាន និង​ឧបករណ៍​ប្រើប្រាស់​ផ្សេងៗ​ទៀត​ក្រៅ​ពី​ស្មាតហ្វូន៕


​ប្រែ​សម្រួល៖ លី ឈៀន
ប្រភព៖​ reuters