ក្តៅ​ៗ! ប្រទះ​ឃើញ​ទ្វារ​យន្តហោះ ជិត​កន្លែង ​QZ8501បាត់​ពី​រ៉ាដា

12/30/2014 0 Comments A+ a-

មន្ត្រី​ឥណ្ឌូណេស៊ី​បាន​និយាយ​ថា ​បាន​ប្រទះ​ឃើញ​ជណ្ដើរ​សង្គ្រោះ​បន្ទាន់ ទ្វារ​យន្តហោះ និង​បំណែក​មួយ​ចំនួន​ទៀត អណ្ដែត​លើ​ផ្ទៃ​សមុទ្រ អំឡុង​ពេល​រុក​រក​ពី​លើ​អាកាស​នៅ​ថ្ងៃ​អង្គារ​នេះ។ នេះ​បើ​តាម​ការ​ចុះ​ផ្សាយ​របស់​សារព័ត៌មាន Channel News Asia កាល​ពី​មុន​នេះ​បន្តិច។

4

ទីតាំង​ដែល​ប្រទះ​ឃើញ​បំណែក​ទាំង​នោះ មាន​ចម្ងាយ​ប្រហែល ១០​គីឡូម៉ែត្រ ពី​កន្លែង​ដែល​យន្តហោះ​ចាប់​បាន​ដោយ​រ៉ាដា​លើក​ចុង​ក្រោយ។ “យើង​បាន​ប្រទះ​ឃើញ​បំណែក​ធំៗ​ប្រហែល​១០ ហើយ​និង​របស់​តូច​ៗ​ពណ៌​ស​ជា​ច្រើន​ទៀត​ដែល​មិន​អាច​ថត​បាន”។ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​មន្រ្តី​​កម្លាំង​ទ័ព​អាកាស​ឥណ្ឌូណេស៊ី លោក Agus Dwi Putranto នៅ​ក្នុង​សន្និសីទ​មួយ។

លោក Putranto ក៏​បាន​បង្ហាញ​​រូបថត​ជា​ច្រើន​សន្លឹក ដែល​មាន​ដូច​ជា​ទ្វារ​យន្តហោះ ជណ្ដើរ​រំអិល​ខ្លួន​ពេល​មាន​អាសន្ន និង​ប្រអប់​រាង​​ការ៉េ។ អ្នក​ថត​រូប​ឲ្យ​ទីភ្នាក់ងារ​ព័ត៌មាន​បារាំង AFP ដែល​រួម​ដំណើរ​នៅ​លើ​យន្តហោះ​នោះ ក៏​និយាយ​ផង​ដែរ​ថា បាន​ឃើញ​បំណែក​មួយ​ចំនួន​ ក្នុង​នោះ​មាន​ទាំង ពោង​សង្គ្រោះ​ជីវិត អាវ​ពោង និង​បំពង់​វែង​ពណ៌​ទឹក​ក្រូច​ជា​ច្រើន។

ជើង​ហោះ​ហើរ ​QZ8501 របស់​ក្រុមហ៊ុន AirAsia ដែល​ដឹក​មនុស្ស​ទាំង​អស់ ១៦២​នាក់ បាន​បាត់​ពី​រ៉ាដា​ពេល​កំពុង​ធ្វើ​ដំណើរ​ចេញ​ពី​ប្រទេស​ឥណ្ឌូណេស៊ី ឆ្ពោះ​ទៅ​សិង្ហបុរី កាល​ពី​ព្រឹក​ថ្ងៃ​អាទិត្យ។ រហូត​មក​ដល់​ពេល​នេះ ការ​រុករក​នៅ​តែ​បន្ត​ធ្វើ​រហូត ខណៈ​ប្រភព​មួយ​ចំនួន​ដាក់​ការ​សង្ស័យ​ថា យន្តហោះ​នេះ​អាច​លិច​បាត់​ទៅ​ក្រោម​បាត​សមុទ្រ៕ ​​​​
​​
1

បំណែក​ផ្សេងៗ ដែល​ថតបាន​ពី​លើ​អាកាស
3

2
 ប្រែ​សម្រួល៖ គង់ វិសាល
ប្រភព៖ channelnewsasia