អ៊ីវ៉ា ហាក់ជ្រុះបាត់ទីផ្សារ ក្នុងឆ្នាំ២០១៤

12/30/2014 0 Comments A+ a-

ភ្នំពេញ៖ បន្ទាប់ពីបញ្ចេញឥទ្ធិពល នៅក្នុងទីផ្សារសិល្បៈចម្រៀង រហូតធ្វើឱ្យ កេរ្តិ៍ឈ្មោះល្បី ខ្ទរខ្ទារ តាមរយៈរូបសម្រស់ និង ការបង្ហើរ នូវទឹកដម សំឡេងពីរោះ ក្នុងCD និង VCD របស់ផលិតកម្មសាន់ដេរ នាអំឡុងឆ្នាំ២០១២-២០១៣ រួចមកពេលនេះតារាចម្រៀងស្រី សាច់សម៉ដ្ឋខៃ រលើបរលោង កញ្ញា អ៊ីវ៉ា ហាក់ស្ងប់ស្ងាត់ បាត់មុខពីពិភពសិល្បៈ មិនសូវលេចមុខច្រើន ដូចកាលពីគ្រាដំបូងនោះឡើយ។
គេនៅចាំបានថា តារាចម្រៀង អ៊ីវ៉ា កាលពីពីរឆ្នាំមុន មិនថាឡើយ យុវវ័យនោះទេ សូម្បីតែចាស់ៗក៏បានស្គាល់ និង បានគាំទ្រនាងច្រើន គួរសម តាមរយៈការបង្ហាញសមត្ថភាព ចម្រៀង-សម្តែង នៅលើឆាកប្រគំតន្រ្តីនានាទាំង ក្នុងក្រុងភ្នំពេញ និងចេញតាមបណ្តាខេត្ត។ មិនតែប៉ុណ្ណោះ អ៊ីវ៉ា ក៏ធ្លាប់ទទួលបាន ការកោតសរសើរ ពីសំណាក់ទស្សនិកជន ចំ ពោះឥរិយាបទ និងឫកពារ មិនថាការតុបតែងខ្លួន ស្លៀកពាក់ និងពាក្យនិយាយស្តី ជាមួយអ្នកគាំទ្រ ។
មជ្ឈដ្ឋានអ្នកនិយម តាមដានវិស័យសិល្បៈ បានលើកឡើងស្រដៀងគ្នាថា ចាប់តាំងពីចុងឆ្នាំ២ ០១៣ រហូតមកដល់ចុងឆ្នាំ២០១៤នេះ តារាចម្រៀង អ៊ីវ៉ា គេដូចជាមិនសូវ បានឃើញបង្ហាញមុខក្នុងការឡើងចម្រៀង តាមឆាកប្រគំតន្រ្តី ឬចេញបទចម្រៀង ក្នុងវ៉ុល CD-VCD ច្រើនដូចពេលមុនៗ ឡើយ ពោលគឺចាប់តាំងពីនាងទទួល រងនូវរឿងអាស្រូវស្នេ ហា ផ្ទួនៗគ្នា និងក្រោយមកទៀត ក៏ជួបប្រទះនូវរឿងសោកសង្វេគ ព្រោះអ្នកម្តាយ ជាទីស្រឡាញ់ ត្រូវបានលាចាកលោក ទៅចោលនាង។
ប្រភពបានលើកឡើងថា កត្តានេះហើយ ជាហេតុនាំឱ្យតារាស្រី អ៊ីវ៉ា មានការធ្លាក់ចុះ នូវប្រជាប្រិយភាព ខណៈមួយរយៈចុងក្រោយនេះ ក៏កំពុងតែមាន តារាចម្រៀងស្រីឯទៀត បានទាញយកចំណែកទីផ្សារ ច្រៀងអស់មួយភាគធំផងដែរ។
ជាមួយគ្នានេះ ក៏មានបញ្ចេញមតិថា  ចាប់តាំងពីចុងឆ្នាំ២០១៣មកម្ល៉េះ ដែលពួកគេមិនសូវបានឃើញវត្តមាន របស់ អ៊ីវ៉ា បង្ហាញមុខច្រើន ក្នុងការឡើងច្រៀងដូចតារាល្បីៗ មួយចំនួនទៀតឡើយ ។ ប្រភពបានបន្ថែមថា បើនៅតែបែបនេះទៀតច្បាស់ជាធ្វើឱ្យអាជីពសិល្បៈ របស់នាង កាន់តែធ្លាក់កូដខ្លាំង ហៅលែងឮ នៅពេលខាងមុខ។
គេហទំព័រ បានស្វែងរកការបកស្រាយ ពីសំណាក់ កញ្ញា អ៊ីវ៉ា នៅរសៀល ថ្ងៃទី ២៩  ខែធ្នូ ឆ្នាំ២០១៤នេះដែរ ប៉ុន្តែលេខទូរស័ព្ទ របស់នាង មិនអាចទំនាក់ទំនងបាន ៕
ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល