ប្រជាពលរដ្ឋនៅ​ឃុំ​រកាដែល​មក​ពិនិត្យ​រក​មេរោគ​អេដស៍​មាន​ទៅ​ដល់​ជាង​១៥០០នាក់​​

12/25/2014 0 Comments A+ a-

ប្រធាន​មណ្ឌល​សុខភាព​រកានៅ​ស្រុក​សង្កែខេត្ត​បាត់ដំបង​ឲ្យ​ដឹងថា ​រហូត​មក​ដល់​ពេល​នេះ​ប្រជា​ពលរដ្ឋ​ដល់​​ទៅ​​ជាង​១៥០០នាក់​ហើយ ដែលបាន​មក​ស្វែង​រក​សេវា​ធ្វើ​តេស្ត​ឈាម​រក​មេរោគ​អេដស៍​នៅ​មណ្ឌល​សុខភាព បន្ទាប់​ពី​មេរោគ​នេះ​ត្រូវ​បាន​ឆ្លង​ទៅ​មនុស្ស​ជាង​១០០នាក់​ដែល​រស់នៅ​ ក្នុង​ឃុំ​​រកា។​
ប្រធាន​មណ្ឌល​សុខភាព​រកា លោក ប៊ី បេងស៊ ប្រាប់​VODនៅ​ថ្ងៃ​អង្គារ​នេះ​ថា​ ចាប់​ពី​ថ្ងៃ​ទី​៨​ដល់​ថ្ងៃ​ទី​២៣​ខែ​ធ្នូនេះ ប្រជា​ពលរដ្ឋ​ដែល​មក​ធ្វើ​តេស្ត​ឈាម​រក​មេរោគ​អេដស៍​មាន​ទៅ​ដល់​១៥៣៧នាក់។ ​លោក​បន្ត​ថា​លោក​មិន​ទាន់​ដឹង​ពី​មូល​ហេតុ​ពិត​ប្រាកដ​នៃ​ការ​រីក​រាល​ដាល​ នៃ​មេរោគ​​អេដស៍​នៅឡើយ​ទេ តែ​លោក​ថា​ប្រជា​ពលរដ្ឋ​ភាគ​ច្រើនដែល​មាន​ផ្ទុក​មេ​រោគ​អេដស៍​​លើ​ក​ឡើ​ងថា​ ពួក​គេ​បាន​ប្រើ​ថ្នាំ​ចាក់​សារ៉ូម​​របស់​លោក​គ្រូ​ពេទ្យ យ៉ែ​ម ជ្រិន ដែល​កំពុងត្រូវ​បាន​​ឃុំខ្លួន​បណ្តោះ​អាសន្ន។​
hhhh-2014-12-23ប្រធាន​មណ្ឌល​សុខភាព​រកា លោក ប៊ី បេងស៊
រហូត​មក​ដល់ពេល​នេះ មន្រ្តីជំនាញ​ក្រសួង​សុខាភិបាល​សហការ​ជាមួយ​អង្គការ​អន្តរ​ជាតិ​ផ្នែក​ សុខភាព​ ចាប់​​ផ្តើម​ធ្វើ​ការ​ស្ទង់​មតិ​ទៅ​​លើ​ប្រជា​ពលរដ្ឋ​នៅ​ភូមិ​​រការ​ខេត្ត​ បាត់​ដំបង ដើម្បី​រក​មូល​ហេតុ​ពិត​នៃ​ការ​ចម្លង​មេ​រោ​គ​អេដស៍​​ទៅ​ប្រជា​ពលរដ្ឋ​ជាង​ ១០០នាក់។ លទ្ធ​ផល​បណ្តោះ​អាសន្ន​នៃ​ការស្ទង់​មតិ​នេះ​ នឹង​ត្រូវ​ចេញ​ផ្សាយ​​នៅ​សប្តាហ៍​ក្រោយ។​
លោក​វេជ្ជ​បណ្ឌិត​Didier Fontenille នាយកវិទ្យាស្ថាន​ប៉ាស្ទ័រ​នៅ​កម្ពុជា ប្រាប់​VOD​កាល​ពីសប្តាហ៍​មុន​ថា​ចំនួន​​សំណាកឈាម​ដែល​ត្រូវ​បាន​ធ្វើ​ តេស្តថាវិជ្ជមាន​បាន​កើនឡើង​ពី​ចំនួន​៩០​ កាល​ពីថ្ងៃសុក្រ​​ ទី​១៩​ខែ​ធ្នូ​ រហូត​មក​ដល់​ចំនួន១៤០​រហូត​មកដល់​រសៀលថ្ងៃ​សៅរ៍ ទី២០​ខែ​ធ្នូ។ លោកបន្ថែ​ម​ថា​ចំនួន​នេះ​អា​ច​នឹង​មាន​ច្រើន​ជាង​នេះ​បន្ត​ទៀត ដោយ​សារ​សំណាក​ឈាម​ត្រូវបាន​ផ្តល់ជាប​ន្ត​បន្ទាប់​ពី​ខេត្ត​បាត់​ដំបងដោយ​ ក្រសួង​សុខាភិបាល​​។ លោកមិន​អាចបញ្ជាក់​ថា​តើ​មាន​សំណាក​ឈាម​ប៉ុន្មាន​ដែល​ត្រូវ​បាន​ផ្តល់​ សម្រាប់​ការ​ធ្វើ​តេស្ត​រហូត​មកដល់​ពេលនេះ​នៅ​ឡើយ​ទេ​ តែ​លោក​​ថា​ក្នុង​ការ​ធ្វើ​តេស្តឈាម​ក៏​មានសំណាក​ឈាមមួយ​ចំនួន​​ អវិជ្ជមានផងដែរ។
រហូត​មក​ដល់​ពេល​នេះ លោក Didier Fontenille មិន​ត្រូវ​បាន​អនុញ្ញាត​ឲ្យ​ឆ្លង​ឆ្លើយ​ព័ត៌មាន​ពី​ចំនួន​មនុស្ស​ដែល​រក​ឃើញ ​ថា​មាន​មេរោគ​អេដស៍​នោះ​ទេ​ ដោយ​ទុក​ឲ្យ​មន្រ្តី​ខ្មែរ​ជាឆ្លើយ​តប​នឹង​សារព័ត៌មាន​វិញ​។​
ព្រះរា​ជ​អាជ្ញា​សាលា​ដំបូង​ខេត្ត​បាត់​ដំបង លោក នួន សាន បាន​សម្រេច​ចោទ​លោកគ្រូពេទ្យយ៉ែម ជ្រិន​ លើ​​ចំណុច​៣នៃបទ​ចោទគឺ​ទី​១ ​ការ​ចម្លងជំងឺ​អេដស៍​ទៅ​អ្នក​ដទៃ ទី​២ ពាក់​ព័ន្ធ​នឹង​ក្រមព្រហ្មទណ្ឌ(អំពើ​ឃោរ​ឃៅ​មាន​ទារុណ​កម្ម​) និង​ទី​៣ ពាក់​ព័ន្ធ​នឹង​ខុស​វិជ្ជា​ជីវៈពេទ្យ។ លោក​ យ៉ែម ជ្រិន ទំនង​នឹង​ត្រូវ​ជាប់​ពន្ធ​នា​គារ​មួយ​ជីវិត។
កន្លង​ទៅ ស្នង​ការ​រង​នគរ​បាល​ខេត្ត​បាត់ដំបង លោក ជេត វន្នី ប្រាប់​VODថា ​លោក យ៉ែម ជ្រិន ​ជា​គ្រូពេទ្យមិន​មាន​អាជីពច្បាស់​លាស់ ហើយ​មាន​ការ​ធ្វេសប្រហែស​ក្នុង​ការ​ងារ និង​ការ​ប្រើ​ប្រាស់​សម្ភារៈ​មិន​មាន​អនាម័យ។លោក​បន្ត​ថា​តាម​រយៈ​ការ​សាក​ សួរ  គ្រូពេទ្យ​ឈ្មោះ យ៉ែម ជ្រិន បាន​សារភាព​ថា​ខ្លួន​ព្យាបាល​អ្នក​ជំងឺ​ដោយ​ធ្វេសប្រហែស និង​បាន​ប្រើ​សឺរាំង​ដដែល​ៗ​សម្រាប់​អ្នក​ជំងឺ។ ​លោក​បញ្ជាក់ថា​«គាត់​[យ៉ែម ជ្រិន]ប្រើ​សឺរាំង​មិន​មាន​អនាម័យ ត្រឹម​ត្រូវ​តាម​វិជ្ជា​ជីវៈ»៕ ប្រភពៈ VOD