អភិបាល​ខេត្ត​ព្រះសីហនុ​ព្រមាន​ចាត់​វិធានការ​ចំពោះ​ការ​ចាក់​ដី​រំលោភ​យក​ឆ្នេរ​សមុទ្រ

12/22/2014 0 Comments A+ a-

ថ្នាក់​ដឹក​នាំ​ខេត្ត​ព្រះសីហនុ បន្ត​ចាត់​វិធានការ​ក្តៅ​ទៅ​លើ​ជន​ទាំង​ឡាយ​ណា ដែល​ធ្វើ​សកម្មភាព​ចាក់​ដី​ទន្ទ្រាន​យក​ដី​តាម​តំបន់​ឆ្នេរ​នានា នៅ​មូលដ្ឋាន​ខេត្ត​ទេសចរណ៍​ជាប់​មាត់​សមុទ្រ​មួយ​នេះ។ ជន​ប្រព្រឹត្តិ​កំហុស​ឆ្គង​នេះ ជំហាន​ដំបូង អាជ្ញាធរ​ឲ្យ​ធ្វើ​កិច្ចសន្យា​បញ្ឈប់​សកម្មភាព​ចាក់​ដី​ចូល​សមុទ្រ ប៉ុន្តែ​បើ​មិន​គោរព​តាម​កិច្ចសន្យា អាជ្ញាធរ​នឹង​មាន​វិធានការ​តាម​ផ្លូវ​ច្បាប់។
សារ​ព្រមាន​នឹង​ចាត់​វិធានការ​តាម​ផ្លូវ​ច្បាប់​របស់ លោក ឈិត សុខុន អភិបាល​ខេត្ត​ព្រះសីហនុ ធ្វើ​ឡើង​បន្ទាប់​ពី​មាន​មនុស្ស​មួយ​ចំនួន​នៅ​តំបន់​ឆ្នេរ​ទំនប់​រលក និង​តំបន់​ឆ្នេរ​ផ្សេង​ទៀត​នា​មូលដ្ឋាន​នេះ បាន​បន្ត​សកម្មភាព​ចាក់​ដី​រំលោភ​យក​ឆ្នេរ​ធ្វើ​កម្មសិទ្ធិ ឬ​សង់​សំណង់​រឹងមាំ​ផ្សេងៗ។
imagessសំណង់​រឹងមាំ​ដែល​សង់​នៅ​ជាប់​ឆ្នេរ​ខេត្ត​ព្រះសីហនុ។ រូបថត​ថ្ងៃ​ទី​៨ ខែ​តុលា ឆ្នាំ​២០១៤
អភិបាល​ខេត្ត​រូប​នេះ​បាន​ប្រាប់​វិទ្យុ​អាស៊ីសេរី នៅ​ថ្ងៃ​សៅរ៍ ទី​២០ ខែ​ធ្នូ ថា នឹង​មិន​អនុញ្ញាត​ឲ្យ​ជន​គ្រប់​រូប ទោះ​មាន​សែស្រឡាយ ឬ​បុណ្យ​ស័ក្តិ​ធំ​ប៉ុណ្ណា​ក៏ដោយ ធ្វើ​សកម្មភាព​ចាក់​ដី​រំលោភ​យក​ដី​តាម​តំបន់​ឆ្នេរ​បន្ត​ទៀត​ទេ។ លោក​បន្ត​ថា ភាព​មិន​ប្រក្រតី​នៃ​ការ​រំលោភ​ចាក់​ដី ឬ​ព័ទ្ធ​របង​ហ៊ុមព័ទ្ធ​ឆ្នេរ​ពី​អតីត​កាល​ជា​ករណី​មួយ​ផ្សេង ប៉ុន្តែ​នៅ​ក្នុង​អាណត្តិ​ដឹក​នាំ​របស់​លោក គឺ​មិន​អនុញ្ញាត​ឲ្យ​មាន​សកម្មភាព​រំលោភ​យក​ឆ្នេរ​សមុទ្រ​ធ្វើ​កម្មសិទ្ធិ​ ទៀត​ទេ។
យ៉ាង​នេះ​ក្តី លោក ឈិត សុខុន មិន​បកស្រាយ​ទៅ​លើ​សកម្មភាព​រំលោភ​យក​ដី​តំបន់​ឆ្នេរ ឬ​ការ​ស្ថាបនា​សំណង់​រឹងមាំ​របស់​ក្រុមហ៊ុន ឬ​ឯកជន​មួយ​ចំនួន​នា​ពេល​កន្លង​ទៅ ថា​នឹង​ត្រូវ​អនុវត្ត​បែប​ណា​ទេ។ ប៉ុន្តែ​លោក​ថា បញ្ហា​មិន​ប្រក្រតី​ដែល​កើត​មាន​នៅ​តាម​តំបន់​ឆ្នេរ​ខេត្ត​ព្រះសីហនុ ទុក​ឲ្យ​រដ្ឋាភិបាល​ជា​អ្នក​សម្រេច​នា​ថ្ងៃ​ខាង​មុខ៖ «យើង​ទុក​ឲ្យ​ឆ្នេរ ​សមុទ្រ​ខេត្ត​ព្រះសីហនុ រក្សា​ឲ្យ​នៅ​ធម្មតា​រៀង​ទៅ ហើយ​រង់ចាំ​មាន​ច្បាប់​ផ្សេងៗ​ចេញ​មក ចាំ​យើង​អនុវត្ត​តាម​ហ្នឹង​ទៀត​នា​ថ្ងៃ​ខាង​មុខ។ ប៉ុន្តែ​បច្ចុប្បន្ន​នេះ មិន​អនុញ្ញាត​ឲ្យ​មាន​ការ​ចាក់​ដី​រំលោភ​យក​ឆ្នេរ​សមុទ្រ​ធ្វើ​កម្មសិទ្ធិ ឬ​សង់​សំណង់​រឹងមាំ​ទៀត​ទេ»
វិធានការ​ទប់ស្កាត់​មិន​ឲ្យ​មាន​សកម្មភាព​ចាក់​ដី ឬ​ព័ទ្ធ​របង​ហ៊ុមព័ទ្ធ​រំលោភ​ដី​នៅ​តាម​តំបន់​ឆ្នេរ​សមុទ្រ ធ្វើ​កម្មសិទ្ធិ​របស់​អភិបាល​ខេត្ត​ព្រះសីហនុ ទទួល​បាន​ការ​សាទរ​ពី​មន្ត្រី​សង្គម​ស៊ីវិល ដែល​ធ្វើ​ការងារ​ពាក់ព័ន្ធ​សិទ្ធិ​មនុស្ស និង​សិទ្ធិ​ដីធ្លី​ជាដើម។
មន្ត្រី​សម្រប​សម្រួល​អង្គការ​លីកាដូ (Licadho) ខេត្ត​ព្រះសីហនុ លោក ប៊ួន ណារិទ្ធ មាន​ប្រសាសន៍​ថា សកម្មភាព​ព័ទ្ធ​របង​ថ្ម ឬ​ចាក់​ដី​រំលោភ​យក​តំបន់​ឆ្នេរ​ធ្វើ​កម្មសិទ្ធិ អាជ្ញាធរ​ខេត្ត​នេះ​ត្រូវ​តែ​ទប់ស្កាត់​ឲ្យ​មាន​ប្រសិទ្ធភាព។ ជាង​នេះ លោក​ស្នើ​ដល់​អាជ្ញាធរ​ខេត្ត​ព្រះសីហនុ ត្រូវ​សុំ​គោលការណ៍​ពី​រដ្ឋាភិបាល ឬ​រដ្ឋសភា ដើម្បី​ដក​ដី​តំបន់​ឆ្នេរ​ពី​ក្រុមហ៊ុន ឬ​ឯកជន ដែល​ហ៊ុមព័ទ្ធ​របង​ថ្ម ហើយ​គ្មាន​សកម្មភាព​អភិវឌ្ឍន៍ មក​ជា​សម្បត្តិ​រដ្ឋ​វិញ។
មន្ត្រី​សិទ្ធិ​មនុស្ស​រូប​នេះ​បន្ថែម​ថា សព្វថ្ងៃ​នេះ​ឆ្នេរ​សមុទ្រ​ខេត្ត​ព្រះសីហនុ ភ្ញៀវ​ទេសចរ​អាច​ចុះ​ងូត​ទឹក ឬ​ដើរ​កម្សាន្ត​ពេញ​និយម គឺ​មាន​តែ​ឆ្នេរ​អូរឈើទាល មាន​ទីតាំង​នៅ​ទល់​មុខ​ផ្ទះ​លំហែ​កាយ​របស់​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន មួយ​ទេ ដែល​មាន​សោភ័ណភាព​ល្អ និង​មាន​អនាម័យ។ ប៉ុន្តែ​ឆ្នេរ​ក្រៅ​ពី​នេះ​មួយ​ចំនួន​គ្មាន​អនាម័យ និង​ឆ្នេរ​ខ្លះ​ទៀត ត្រូវ​គ្រប់គ្រង​ដោយ​ក្រុមហ៊ុន ឬ​ឯកជន ហើយ​មិន​អនុញ្ញាត​ឲ្យ​ភ្ញៀវ​ទេសចរ​ដើរ​ឆ្លង​កាត់​បាន​ទូលំទូលាយ​ទេ មាន​ដូចជា ឆ្នេរ​ឯករាជ្យ និង​ឆ្នេរ​សុខា ជាដើម៖ «បើ​អភិបាល​ខេត្ត​ ព្រះសីហនុ អាច​រក្សា​ដី​តំបន់​ឆ្នេរ​សមុទ្រ​កុំ​ឲ្យ​មាន​ការ​រំលោភ​មាន​ប្រសិទ្ធភាព វិស័យ​ទេសចរណ៍​នៅ​តំបន់​ឆ្នេរ​ខេត្ត​នេះ នឹង​កើន​ច្រើន​ថែម​ទៀត​នា​ថ្ងៃ​អនាគត។ សូម​ឯកឧត្តម ឈិត សុខុន រៀបចំ​នីតិវិធីៗ​ផ្សេងៗ​ដើម្បី​ដាក់​ជូន​សម្ដេច​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ពិនិត្យ និង​ឈាន​ដល់​សម្ដេច​មាន​វិធានការ​តាម​ផ្លូវ​ច្បាប់ រឹប​អូស​យក​ដី​នៅ​តាម​តំបន់​ឆ្នេរ​ពី​ឯកជន និង​ក្រុមហ៊ុន​មក​ជា​សម្បត្តិ​រដ្ឋ​វិញ។ ជាង​នេះ ត្រូវ​បើក​របង​ថ្ម​ហ៊ុមព័ទ្ធ​ដី​នៅ​តាម​តំបន់​ឆ្នេរ​មួយ​ចំនួន មក​ជា​សម្បត្តិ​រដ្ឋ​វិញ។ ឆ្នេរ​ទាំង​នោះ​មាន​ដូចជា ឆ្នេរ​ឯករាជ្យ និង​ឆ្នេរ​អារីស្តុន ជាដើម»
ទាក់ទិន​បញ្ហា​នេះ សមាជិក​ក្រុមប្រឹក្សា​ខេត្ត​ព្រះសីហនុ លោក សុខ សាវ៉ាត ទទួល​ស្គាល់​ថា ឆ្នេរ​ភាគ​ច្រើន​នា​មូលដ្ឋាន​ខេត្ត​ជាប់​មាត់​សមុទ្រ​មួយ​នេះ ត្រូវ​ក្រុមហ៊ុន និង​មន្ត្រី​មាន​អំណាច​ក្នុង​ជួរ​រដ្ឋាភិបាល​កាន់​កាប់។ លោក​បន្ត​ថា បច្ចុប្បន្ន​ភ្ញៀវ​ទេសចរ​ភាគ​ច្រើន ពិសេស​ភ្ញៀវ​បរទេស ច្រើន​និយម​ទៅ​កម្សាន្ត​នៅ​តាម​កោះ ព្រោះ​ឆ្នេរ​ទីប្រជុំជន​ខេត្ត​ព្រះសីហនុ មិន​មាន​ឆ្នេរ​សម្រាប់​ឲ្យ​ពួក​គេ​ដេក​សំដិល ឬ​គេង​អាំង​ថ្ងៃ​ទេ និង​ឆ្នេរ​ភាគ​ច្រើន​គ្មាន​អនាម័យ ឬ​មាន​ការ​បង្ហូរ​ទឹក​ស្អុយ​ចូល​សមុទ្រ ដោយ​មិន​ឆ្លង​កាត់​អាង​ចម្រោះ​ទឹក​ស្អាត ជាដើម៖ «ច្បាប់​រដ្ឋធម្មនុញ្ញ​ បាន​ចែង​ថា ដី​សមុទ្រ​ដី​ទន្លេ​បាត​សមុទ្រ ដី​ឆ្នេរ ឬ​ភ្នំ​ជាដើម សុទ្ធតែ​ជា​សម្បត្តិ​របស់​រដ្ឋ​ទាំងអស់។ ដូច្នេះ បើ​មាន​បុគ្គល​ណា​មួយ​មក​បិទ​កន្លែង​សាធារណៈ​យក​ធ្វើ​ជា​របស់​ឯកជន គឺ​ជា​ការ​រំលោភ​ច្បាប់​រដ្ឋធម្មនុញ្ញ​ធ្ងន់ធ្ងរ។ ហើយ​បញ្ហា​នេះ រដ្ឋាភិបាល ឬ​អាជ្ញាធរ​ខេត្ត មិន​គួរ​ទុក ឬ​អនុញ្ញាត​ឲ្យ​ឆ្នេរ​សមុទ្រ​ខេត្ត​ព្រះសីហនុ ដែល​ទុក​សម្រាប់​លំហែ​កាយ​របស់​ភ្ញៀវ​ទេសចរ ក្លាយ​ជា​កម្មសិទ្ធិ​ឯកជន ឬ​ក្រុមហ៊ុន​នោះ​ទេ។ បញ្ហា​នេះ រដ្ឋាភិបាល​គួរ​តែ​ពិចារណា​ដក​ហូត​ដី​តំបន់​ឆ្នេរ​ទាំង​នោះ មក​ជា​សម្បត្តិ​រដ្ឋ​គ្រប់គ្រង ដើម្បី​ទាក់ទាញ​វិស័យ​ទេសចរណ៍​ឲ្យ​បាន​ច្រើន​ថែម​ទៀត​នា​ថ្ងៃ​អនាគត»
ទាក់ទិន​បញ្ហា​នេះ​ដែរ លោក កឹម សុខា អនុប្រធាន​ទី​១​រដ្ឋសភា និង​ជា​អនុប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ បាន​ឲ្យ​វិទ្យុ​អាស៊ីសេរី ដឹង​ថា ចាប់​ពី​ឆ្នាំ​២០១៥ ត​ទៅ លោក​នឹង​លើក​យក​បញ្ហា​រំលោភ​យក​ដី​តំបន់​ឆ្នេរ​សមុទ្រ​ខេត្ត​ព្រះសីហនុ ទៅ​ពិភាក្សា​ជាមួយ​រដ្ឋាភិបាល និង​ដាក់​ជូន​គណៈកម្មការ​ជំនាញ​ក្នុង​រដ្ឋសភា ដើម្បី​ពិភាក្សា និង​ឈាន​ដល់​រឹប​អូស​មក​ដី​តំបន់​ឆ្នេរ​មួយ​ចំនួន​ពី​ឯកជន ឬ​ក្រុមហ៊ុន​ដាក់​ជា​សម្បត្តិ​រដ្ឋ​វិញ៕ ប្រភពៈ RFA