ប៊ីរីយ៉ា ​​រៀប​ការ​ក្រោម​ការ​រិះ​គន់​

12/22/2014 0 Comments A+ a-

ល្ងាច​ថ្ងៃ​ទី០៩ ខែធ្នូ​នេះ តារា​សម្ដែង​ល្បី​ឈ្មោះ ​នាង​ ​តាំង គីម​ចាំង ហៅ​ប៊ីរីយ៉ា  នឹង​​សំពះ​ផ្ទឹម​ចូល​រោង​​ជា​មួយ​​គូ​ស្នេហ៍​​។ ​ប៉ុន្តែ​នៅ​ពេលមង្គល​ការ​ឈាន​ចូល​មក​ដល់​ទៅ​​ហើយ សាមី​ខ្លួន​នៅ​តែ​​​បន្ត​​បិទ​បាំង ធ្វើ​ឲ្យ​មាន​ការ​រិះ​គន់​ជា​ទូទៅ។
​តារា​សម្ដែង​​កូន​កាត់​ឥណ្ឌា​នាង​ប៊ីរីយ៉ាមិន​ព្រម​ទទួល​ស្គាល់​ទាល់​តែ ​សោះ​ថានាង​ពិត​ជា​ត្រូវ​​រៀប​ការ​នៅ​ថ្ងៃ​​ទី​១០ខែធ្នូ​ស្អែកនេះ​ ក្នុង​ពេល​ដែល​ភ្ញៀវ​ពន្លឺ​របស់​នាងសុទ្ធ​តែ​បញ្ជាក់​បែប​នេះ​។ នាង និង​កូន​កំលោះ​​ឈ្មោះ តាំង ហៃឡេង ហៅ Iron Fox  វ័យ​​ប្រមាណ​ជាង៣០​ឆ្នាំ ​ ចូល​រោងនៅ​ថ្ងៃ​​អង្គារទី​៩ ខែធ្នូ​នេះ ​​ដោយ​ត្រូវ​ប្រារព្ធពិធី​​​ទទួល​ភ្ញៀវ នៅ​ថ្ងៃ​​ទិវាសិទ្ធិមនុស្ស​១០ធ្នូ​​ស្អែក​។ អ្នក​ទាំង​ពីរ​​​ទទួល​ភ្ញៀវ​នៅ​​​អគារC ក្នុង​បរិវេណម៉ុង​ឌីយ៉ាល់ ​ដោយ​​​​​​គ្រោង​ទទួល​ភ្ញៀវ​ជាង​៥០០​នាក់។ ​ភ្ញៀវ​ដែល​នាង​អញ្ជើញ​​បាន​ទទួល​ដំណឹង​រួច​ហើយ ដើម្បី​​​ឲ្យ​ចូល​រួមក្នុង​មង្គល​​ទាំង​មូល​។ ប៉ុន្តែ​គួរ​ឲ្យ​ភ្ញាក់​ផ្អើល ​នាង​ប៊ីរីយ៉ា ជា​កូន​ក្រមុំ បែរ​ជា​ប​ន្ត​​​មិនទទួល​ស្គាល់ និង​ប្រឹង​​ប្រកែក​ទាំង​មិន​ខ្វល់​ពី​ការ​រិះ​គន់​។ មហាជន​ដែល​តាមដានបាន​សម្ដែង​អារម្មណ៍​ខក​ចិត្ត និង​រិះ​គន់​ ដែល​នាង​​ដល់​ថ្ងៃ​រៀប​​ទៅ​ហើយ ​បែរ​ជា​​ប្រកែក ដូច​​ខ្លាច​មាន​ការ​ដឹង​ឮ​ទៅធ្វើ​ឲ្យ​មាន​ការ​រំខាន​​មង្គល​ការ​។
img_6202-2014-12-09នាង​ ​តាំង គីម​ចាំង ហៅ​ប៊ីរីយ៉ា កាលពីកន្លងទៅ
​​ក្នុង​បទ​សម្ភាសន៍​ជា​មួយ​VOD  កាល​ពី​ព្រឹក​ថ្ងៃ​​ទី​៨ ខែ​ធ្នូ តាម​ទូរស័ព្ទ​ នាង​អះ​អាង​ថា អត់​មាន​ពិធី​​ហ្នឹង​ទេ​។ ​ក្រោយ​ពី​​ប​ន្ត​ការ​​សាក​សួរ​ នាង​បាន​​ចុច​បិទ​ទូរស័ព្ទ ដោយ​យក​លេស​ថា​ស្ដាប់​មិន​ឭ។ នាង​បាន​តប​នឹង​សំណួរ​ពាក់​ព័ន្ធ​នឹង​មង្គល​ការ​​នេះ​ថា «​អត់​មាន​ ផង!(គ្មាន​​រឿង​រៀប​ការ​ដូច​ការ​ចុះ​ផ្សាយ​) ​អូ​បង​ខ្ញុំសុំ​ទោស ទូរស័ព្ទ​ខ្ញុំ​ពិបាក​​និយាយ​ណាស់ ​អាឡូៗៗ (រួច​ចុច​បិទ)»​។ នេះ​មិន​មែន​ជា​លើក​ទី​១ទេ ដែល​នាង​ប្រកែក​ចំពោះ​ការ​សាក​សួរ និង​ចុច​បិទ​ទូរស័ព្ទ​ កុំ​ឲ្យ​មាន​ការ​​សួរ​នាំ​ពី​ដំណឹង​រៀប​ការ។ ​ ប៊ីរីយ៉ា ត្រូវ​គេ​ចាត់​ទុក​ថា​ ​ជា​​តារា​ល្បី​ទី​២​ហើយ ​បន្ទាប់​ពីឌុច សុភា ដែល​កាល​រៀប​ការ​ក៏​បាន​បិទ​បាំង​បែប​នេះ​​ដូច​គ្នា ដោយ​បាន​ទាំង​ហាម​ប្រាម​អ្នក​កាសែត មិន​ឲ្យ​ឈាន​ជើង​​ចូល​រង្វង់​ទីតាំងរៀប​ការ ព្រោះ​ខ្លាច​​មាន​ការ​ប្រមាញ់​​ទិដ្ឋភាព​រៀប​ការមក​ចុះ​ផ្សាយ​ទៀត​ផង​។
គេ​មិន​ដឹង​ថា​មង្គល​ការ​របស់​ប៊ីរីយ៉ា នឹង​​​​រារាំង​​​វត្តមាន​អ្នក​កាសែតដូច​គ្នា​នឹង​មង្គល​ការ​ របស់តារាសម្តែងអ្នកនាង ​ឌុច សុភា​ កាល​ពី​មុន​ឬ​យ៉ាង​ណា​​នោះ​ទេ។ ប៉ុន្តែ​មាន​កា​រប៉ាន់​ស្មានថា ប្រហែល​​មិន​អាច​ដូច្នោះ​កើត​ទេ ដោយ​សារ​តែ​គូ​ស្នេហ៍​របស់​នាង មិន​មាន​ឥទ្ធិពល​ដូច​អតីត​ស្វាមី​របស់​ឌុច សុភា។
​នៅជំនួប​កាល​ពីពេ​ល​ថ្មី​ៗ ប៊ីរីយ៉ា​បាន​គេច​ពី​ការ​​ជជីកសួរដូច​គ្នា​ ប៉ុន្តែ​​នាង​បាន​​បញ្ជាក់​ថា ​ដំណឹង​រៀប​ការ​នៅ​ថ្ងៃ​​ទី​១០ ធ្នូ​ មិន​​មែន​ជា​ការ​ពិត​។ រំលឹក​ដល់ពាក្យ​​សម្តីនាង​និយាយ​ថា«​ខ្ញុំ​ដូច​ ជា​អត់​មាន​រៀប​ការ​អី​នៅ​ថ្ងៃ​១០​ធ្នូ​នឹង​ផង បើ​ខ្ញុំ​ការ​មែន ម៉ិច​អត់​ដឹង ​​បើ​គេ​ច្បាស់​ប្រហែល​គេ​ជា​អ្នក​រៀប​ការ​ដឹង! សម្រាប់​ខ្ញុំ​អត់​មាន​ផង​!»។ ពាក្យ​សម្ដី និង​ទង្វើ​បិទបាំង​របស់​នាង បាន​រុញ​ឲ្យ​​​​អ្នក​​ដឹង​រឿង​ គិត​មិន​យល់​ពី​ទិស​ដៅ និង​បំណង​​ពិត​ប្រាកដ​របស់​តារា​​បង្ហាញ​ម៉ូដ​ប្រចាំ​ក្រុម​Sun Model  រូប​នេះ​។
លោក ​លី ពីរ៉ានុត ​​សមាជិក​​ក្នុង​​ក្រុម​បង្ហាញ​ម៉ូដ​របស់​Sun Model  ​និយាយ​ថា ​ប៊ីរីយ៉ា ​អញ្ជើញ​​លោក​រួចហើយ ​ទើប​លោក​សម្ដែង​ការ​ភ្ញាក់​ផ្អើល​ នៅ​ពេល​ឮ​​ថា​នាង​ប្រកែក​ ក្នុង​ពេល​មង្គលការ​បាន​ចូល​មក​ដល់​។ លោក​និយាយ​ថា«​​ប៊ីរីយ៉ា​ហៅ​ខ្ញុំ​តើ​បង​ថ្ងៃ​១០​(ធ្នូ)ហ្នឹង​ តែ​សំបុត្រ​ ​ខ្ញុំ​​ភ្លេច​ពេល​ទៅ​លេង​ផ្ទះ​​នៅ​​​បន្ទាយ​មាន​ជ័យបាត់​ហើយ!  ប៉ុន្តែ​​មាន​អី ក្រុម​Sun Model  គេ​មាន​សំបុត្រ​តើ  ទោះ​​ខ្ញុំ​អត់​មាន(​សំបុត្រ)​ ក៏​ដឹង​ថាគាត់​ការ​ថ្ងៃ​១០(​ធ្នូ) នៅ​ម៉ុងឌីយ៉ាល់​អគារCដែរ!»។ លោក​មិន​ហ៊ាន​បញ្ចេញ​ទស្សនៈ​ឡើយ ពាក់​ព័ន្ធ​នឹង​រឿង​ប៊ីរីយ៉ា​បិទ​បាំង​​ដំណឹង​រៀប​ការនេះ។
លោក ​សុខ សេរីវឌ្ឍនា ​ពិធីករ និង​ជា​តារា​សម្ដែង​មួយ​រូប​បាន​​បញ្ជាក់​ដូច​គ្នា​ដែរ​ថា បាន​ត្រៀម​ខ្លួន​​ស្រេច​ហើយ​ចូល​រួម​មង្គល​ការ​របស់​នាង​។ លោក​និយាយ​ថា«​ថ្ងៃ​១០​ហ្នឹង​(ធ្នូ) ខ្ញុំទៅ​ការ​គាត់​តើ​បង! ព្រោះ​ឮ​ថា​គាត់​មិន​សូវ​ហៅ​តារា​ច្រើន​ផង បើ​ចោល​អាក្រក់​មើល​ណាស់​!»។ លោក​អះ​អាង​ថា ​ស្វាមី​របស់​ប៊ីរីយ៉ា មិន​មែន​​ជា​តារា​សិល្បៈ​នោះ​ទេ ប៉ុន្តែ​លោក​​មិនច្បាស់​ពី​​បុរស​រូប​នេះឡើយ​។ លោក​និយាយ​ថា«​ខ្ញុំ​អត់​បាន​ទទួល​សំបុត្រ​គាត់​ទេ ប៉ុន្តែ​​គាត់​ខល​ប្រាប់ ហើយ​ខ្ញុំ​ឲ្យ​ទុក​​នៅ​អាផល្លីកា(ពិធីការិនី​ប៉ុស្ដិ៍​លេខ​៣) ចាំ​ដល់​ពេល​ទៅ ​បាន​ខល​រក​គ្នា​!»។ ​លោក​អះ​អាងថា​នាង​ប្រហែល​មាន​ហេតុ​ផល​ផ្ទាល់​ខ្លួន ទើប​មិន​ទាន់​ចង់​និយាយ​ពី​រឿង​នេះ​៕ ប្រភពៈ VOD