ស្រវឹងស្រា បើក ម៉ូតូ បុកបង្គោល ស្លាកផ្សព្វផ្សាយ ពាណិជ្ជកម្ម ស្លាប់ម្នាក់ របួសធ្ងន់២នាក់

12/19/2014 0 Comments A+ a-

ភ្នំពេញ ៖ យុវជនម្នាក់ បានស្លាប់ភ្លាមៗ នៅនឹងកន្លែងកើតហេតុ និងពីរនាក់ រងរបួសធ្ងន់ ដោយសារជិះ ម៉ូតូមួយគ្រឿង ក្នុងល្បឿនលឿន យកចង្កូតមិនទាន់ ជ្រុលទៅបុក បង្គោលផ្សព្វផ្សាយ ពាណិជ្ជកម្ម កណ្តាល ទ្រូងផ្លូវ កាលពីវេលាម៉ោង៩និង៤០នាទីយប់ថ្ងៃទី១៨ខែធ្នូ ឆ្នាំ២០១៤ ស្ថិតនៅតាម បណ្តោយ ផ្លូវ២០០៤ ក្នុងភូមិត្រពាំងល្វា សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ។
អ្នកឃើញហេតុការណ៍ បាននិយាយថា ជនរងគ្រោះទាំងបីនាក់ ជិះម៉ូតូ ម៉ាកសេ១២៥ ពណ៌ខ្មៅ ស៊េរីឆ្នាំ២០១០ ពាក់ស្លាកលេខ ភ្នំពេញ 1AK-3725 អ្នកបើកបរនិង អ្នករួមដំណើរ ពុំត្រូវបានគេ ស្គាល់ឈ្មោះនោះទេ មានអាយុ ប្រហែលជាង២០ឆ្នាំ ក្នុងនោះស្លាប់ម្នាក់ នៅនឹងកន្លែង និង២នាក់ រងរបួសធ្ងន់ ត្រូវបានគេដឹកបញ្ជូនទៅកាន់ មន្ទីរពេទ្យដើម្បីជួយសង្គ្រោះជាបន្ទាន់។
ប្រភពបានបន្តថា យុវជនទាំងបីនាក់នេះ ទំនងជាស្រវឹងស្រា បើកបរក្នុងទិសដៅពីកើតទៅលិច លុះដល់ចំណុច កើតហេតុមិនដឹង ជាមានរឿងអ្វី ស្រាប់តែបានរ៉េចង្កូតជ្រុល ទៅបុកបង្គោលផ្សព្វផ្សាយ ពាណិជ្ជកម្ម ដាក់ចំកណ្តាលនឹងថ្មរបាំងពុះចែក ទ្រូងផ្លូវបណ្តាល ឲ្យដួលម៉ូតូបោកខ្ទប និងបង្គោល ផ្សព្វផ្សាយ ពាណិជ្ជកម្មនោះ ចំណែកអ្នកបើកបរបានផ្លោង ទៅបុកនិងថ្មរបាំងពុះចែកទ្រូង បាកករយះ ក្បាលស្លាប់ភ្លាមៗនិងពីរនាក់ទៀត គ្រាន់តែរងរបួសធ្ងន់ ។
ក្រោយកើតហេតុ នគរបាលមូលដ្ឋានបានចុះជួយអន្តរាគមន៍  ហៅរថយន្តសង្គ្រោះ ដឹកជនរងគ្រោះទៅកាន់មន្ទីរពេទ្យ ចំណែកឯសាកសព ត្រូវប្រគល់ទៅឲ្យ ក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី៕
______________
ផ្តល់សិទ្ទិដោយ៖dap-news