កម្ពុជា​ទទួល​បាន​ចំណាត់ថ្នាក់​ទាប​ក្នុង​តារាង​នៃ​ការ​រីកចម្រើន​របស់​ប្រទេស​ជាង​១០០

12/02/2014 0 Comments A+ a-


image (6)
វិទ្យាស្ថាន លីហ្គាថុម (Legatum) ដែល​មាន​មូលដ្ឋាន​នៅ​ទីក្រុង​ឡុង ប្រទេស​អង់គ្លេស បង្ហាញ​របាយការណ៍​តារាង​នៃ​ការ​រីក​ចម្រើន​ក្នុង​បណ្ដា​ប្រទេស​ជាង ១០០​ប្រទេស​ក្នុង​ទ្វីប​អឺរ៉ុប អាហ្វ្រិក និង​អាស៊ី។ ក្នុង​របាយការណ៍​ប្រចាំ​ឆ្នាំ​២០១៤​នេះ ប្រទេស​កម្ពុជា ត្រូវ​បាន​ដាក់​ក្នុង​លេខ​រៀង ១១២ ក្នុង​ចំណោម​ប្រទេស ១៤២​ប្រទេស។ កម្ពុជា​ទទួល​បាន​ចំណាត់ថ្នាក់​ទាប​ជាង​ប្រទេស​ជិត​ខាង​ដូចជា​ប្រទេស​វៀតណាម ថៃ និង​ឡាវ។
វិទ្យាស្ថាន លីហ្គាថុម ដាក់​ចំណាត់ថ្នាក់​ឲ្យ​ប្រទេស​កម្ពុជា សម្រាប់​ឆ្នាំ​២០១៤​នេះ ទាប​ជាង​គេ​បង្អស់​ក្នុង​រយៈ ៦​ឆ្នាំ ចាប់​ពី​ឆ្នាំ​២០០៩ មក។ របាយការណ៍​ស្ដីពី​ការ​រីក​ចំរើន​សម្រាប់​ឆ្នាំ​២០១៤ បោះ​ពុម្ពផ្សាយ​នៅ​ដើម​ខែ​វិច្ឆិកា នេះ បាន​សិក្សា​ទៅ​លើ​វិស័យ​មួយ​ចំនួន ដូចជា​វិស័យ​សេដ្ឋកិច្ច ស្ថានភាព​សហគ្រាស និង​ឱកាស​ស្វែង​រក​ការងារ​ធ្វើ អភិបាលកិច្ច អប់រំ សុខភាព សុវត្ថិភាព និង​សន្តិសុខ សិទ្ធិ​សេរីភាព​ផ្ទាល់​ខ្លួន និង​មូលធន​សង្គម។
របាយការណ៍​បង្ហាញ​ថា កម្ពុជា​ទទួល​បាន​ពិន្ទុ​ទាប​ជាង​គេ​ក្នុង​បណ្ដា​ប្រទេស​ជិត​ខាង។ ប្រទេស​ថៃ ទទួល​បាន​ចំណាត់​ថ្នាក់​ទី ៥១ វៀតណាម ស្ថិត​នៅ​លេខ​រៀង ៥៦ និង​ឡាវ​លេខ​រៀង​ទី ៩៣ ចំណែក​កម្ពុជា​វិញ ទទួល​បាន​លេខ​រៀង ១១២។ ដោយ​ឡែក​ប្រទេស​ដែល​ទទួល​បាន​ចំណាត់ថ្នាក់​លេខ​មួយ​ដែល​ល្អ​ជាង​គេ​បំផុត គឺ​ប្រទេស ន័រវែស (Norway) ចំណែក​ប្រទេស​ទទួល​បាន​ពិន្ទុ​អាក្រក់​បំផុត គឺ​សាធារណរដ្ឋ​អាហ្វ្រិក​កណ្ដាល (Central African Republic)។
របាយការណ៍​វិទ្យាស្ថាន លីហ្គាថុម បង្ហាញ​ថា កាល​ពី​ឆ្នាំ​២០០៩ កម្ពុជា​ទទួល​បាន​ចំណាត់ថ្នាក់​លេខ​១០១។ ចំណាត់ថ្នាក់​នេះ​បាន​ល្អ​ប្រសើរ​ជាង​កាល​ពី​ឆ្នាំ​២០១០ និង ២០១១ គឺ​លេខ ៩៥ និង ៩៤ ប៉ុន្តែ​ចាប់​តាំង​ពី​ឆ្នាំ​២០១១ មក ចំណាត់ថ្នាក់​កម្ពុជា បន្ត​ធ្លាក់​ចុះ​រហូត។
​អ្នក​វិភាគ​ឯករាជ្យ​បណ្ឌិត កែម ឡី បញ្ជាក់​ថា របាយការណ៍​នេះ​ឆ្លុះ​បញ្ចាំង​ការពិត​ពី​ស្ថានភាព​នៅ​កម្ពុជា ដែល​កំពុង​ដើរ​ថយក្រោយ​ជាង​ប្រទេស​មួយ​ចំនួន​នៅ​ក្នុង​តំបន់​អាស៊ី​អាគ្នេយ៍៖ «សំខាន់​រឿង​ការងារ យើង​អត់​ចាប់​អារម្មណ៍ យើង​អត់​មាន​ប្រេង​ដូច​ប្រទេស​ប្រ៊ុយណេ ទេ មនុស្ស​ម្នាក់ៗ​ត្រូវ​តែ​មាន​ការងារ​ធ្វើ​ទើប​បាន​លុយ។ យើង​អត់​តាមដាន​អត្រា​មាន​ការ​ងារ​ធ្វើ​តើ​មាន​រងគ្រោះថ្នាក់ ឬ​ក៏​អត់? គោលនយោបាយ​ប្រាក់ខែ​គោល​វា​សមរម្យ​ឬ​អត់? ប្រសិនបើ​យើង​មិន​ធ្វើ​ទេ វា​ធ្វើ​មាន​គម្លាត​អ្នក​ក្រ​ច្រើន ឲ្យ​ថៅកែ​ចំណេញ​ច្រើន តែ​កម្មករ​ហូប​អត់​គ្រប់ ឲ្យ​បាត់បង់​ឱកាស​ថែម​ទៀត ហើយ​យើង​ត្រូវ​គ្រប់គ្រង​ក្រុមហ៊ុន​យក្ស​មួយ​ចំនួន​ទៀត​ដែល​ចង់​ស៊ី​គេ ពីព្រោះ​ក្រុមហ៊ុន​នោះ ធ្វើ​ឲ្យ​រាំង​ស្ទុះ​សេដ្ឋកិច្ច​ណាស់ ហើយ​អត់​ឲ្យ​គេ​ចូល​ទេ»
បណ្ឌិត កែម ឡី បន្ថែម​ទៀត​ថា ដើម្បី​ឲ្យ​កម្ពុជា មាន​ការ​រីកចម្រើន​លូតលាស់​នោះ មនុស្ស​គ្រប់រូប​ត្រូវ​ចេះ​បែងចែក​ភោគផល​ឲ្យ​ស្មើៗ​គ្នា​ក្នុង​សង្គម៖ «ជា​រួម អ្នក​ធំ អ្នក​មាន​ល្មម​ចង់​មាន​ចង់​បាន​ហួសហេតុ។ សំណូមពរ​របស់ខ្ញុំ​ចង់​ឲ្យ​មាន​គោលនយោបាយ​គាំទ្រ​អ្នកក្រ​ឲ្យ​មាន​សមធម៌។ ស្រុក​ខ្មែរ​រីកចម្រើន​មិន​មែន​រឿង​ឧស្សាហកម្ម មិន​មែន​វិនិយោគ​ស្រុក​ខ្មែរ​យើង រឿង​កសិកម្ម អេកូ​ទេសចរណ៍ បើ​ប្រឹង​វិនិយោគ​ដី​សម្បទាន​សេដ្ឋកិច្ច ហើយ​ភ្លេច​អេកូ​ទេសរណ៍ ខ្ញុំ​គិត​ថា ងើប​មិន​រួច​ទេ​ស្រុក​ខ្មែរ​យើង»
ផ្ទុយ​ទៅ​វិញ តំណាងរាស្ត្រ​គណបក្ស​ប្រជាជន​កម្ពុជា លោក ឈាង វុន បដិសេធ​របាយការណ៍​វិទ្យាស្ថាន លីហ្គាថុម។ លោក​បញ្ជាក់​ថា ស្ថានភាព​ប្រជាធិបតេយ្យ និង​សន្តិសុខ​នៅ​កម្ពុជា បច្ចុប្បន្ន​នេះ មាន​លក្ខណៈ​ល្អ​ប្រសើរ​ជាង​ប្រទេស​ថៃ ទៅ​ទៀត។
របាយការណ៍​វិទ្យាស្ថាន លីហ្គាថុម សិក្សា​ទៅលើ​មូលដ្ឋាន​ចំនួន ៨​សំខាន់ៗ ក្នុង​នោះ​រួមមាន​វិស័យ​សេដ្ឋកិច្ច ដែល​ជា​កត្តា​មួយ​អាច​ជំរុញ​ឲ្យ​មាន​កំណើន​ប្រាក់​ចំណូល និង​សុខុមាលភាព​សម្រាប់​ពលរដ្ឋ។ ការ​សិក្សា​មើល​ទៅ​លើ​ម៉ាក្រូ​សេដ្ឋកិច្ច លទ្ធផល​និង​ក្តី​រំពឹង​ទុក​ក្នុង​វិស័យ​សេដ្ឋកិច្ច កំណើន​សេដ្ឋកិច្ច និង​ប្រសិទ្ធភាព​នៃ​វិស័យ​សេដ្ឋកិច្ច។ ចំណែក​មូលដ្ឋាន​ទី​២ គឺ​សហគ្រាស និង​ឱកាស​ស្វែង​រក​ការងារ​ធ្វើ។ ការសិក្សា​ផ្ដោត​ទៅ​លើ​បរិយាកាស​នៃ​សហគ្រាស​ដែល​អនុញ្ញាត​ឲ្យ​ពលរដ្ឋ​មាន​ឱកាស​បង្កើត​គំនិត​ថ្មីៗ និង​ការ​បង្កើត​ឱកាស​ដើម្បី​ឲ្យ​ពលរដ្ឋ​មាន​គំនិត​កែច្នៃ ដើម្បី​បង្កើន​ប្រាក់​ចំណូល និង​សុខុមាលភាព។ មូលដ្ឋាន​ទី​៣ គឺ​អភិបាលកិច្ច។
ការ​សិក្សា​បង្ហាញ​ថា ពលរដ្ឋ​ទទួល​បាន​ការ​សប្បាយ​រីករាយ​ក្នុង​ប្រទេស​ដែល​មាន​លទ្ធិប្រជាធិបតេយ្យ ជាង​ប្រទេស​ដែល​គ្មាន​លទ្ធិប្រជាធិបតេយ្យ។ អភិបាលកិច្ច​ប្រកប​ដោយ​យុត្តិធម៌​និង​ប្រសិទ្ធភាព​អាច​បង្កើន​ចំណូល​ពលរដ្ឋ។ មូលដ្ឋាន​ទី​៤ គឺ​វិស័យ​អប់រំ ការ​បង្កើន​ចំណេះ​ដឹង​ដល់​ពលរដ្ឋ​អាច​ជំរុញ​ឲ្យ​មាន​កំណើន​សេដ្ឋកិច្ច និង​អាច​ជំរុញ​ឲ្យ​ការ​រស់​នៅ​ប្រកប​ដោយ​ភាព​រីករាយ និង​ការ​ពេញ​ចិត្ត។ ទី​៥ គឺ​សុខភាព។ ពលរដ្ឋ​ដែល​អាច​ទទួល​បាន​សុខភាព​ផ្នែក​រាងកាយ​និង​ចិត្ត​ល្អ អាច​ជំរុញ​ឲ្យ​បង្កើន​ប្រាក់​ចំណូល​បាន។ ទី​៦ បញ្ហា​សុវត្ថិភាព​និង​សន្តិសុខ ក៏​អាច​បណ្ដាល​ឲ្យ​ប៉ះពាល់​ដល់​ឱកាស​ក្នុង​ការ​រក​ប្រាក់​ចំណូល និង​សុខុមាលភាព​ពលរដ្ឋ​ដែរ។ ទី​៧ ផ្ដោត​លើ​សិទ្ធិ​សេរីភាព​បុគ្គល។ បុគ្គល​ដែល​មាន​សិទ្ធិ​សម្រេច​វាសនា​ខ្លួន​ឯង​ទទួល​បាន​ភាព​រីករាយ​ក្នុង​ជីវិត ហើយ​សង្គម​ដែល​មាន​សេរីភាព​នឹង​អាច​បង្កើត​ឲ្យ​មាន​ប្រាក់​ចំណូល​ខ្ពស់។ ទី​៨ ជា​មូលដ្ឋាន​សិក្សា​ចុង​ក្រោយ គឺ​មូលធន​សង្គម។ មូលធន​សង្គម​នឹង​អាច​កើត​មាន​ឡើង​នៅ​ពេល​ដែល​មនុស្ស​ជឿជាក់​ទៅ​លើ​គ្នា និង​មាន​ការ​ជួយ​ជ្រោមជ្រែង​ពី​គ្រួសារ និង​មិត្តភ័ក្ដិ នឹង​អាច​ជំរុញ​បង្កើន​ប្រាក់​ចំណូល​ពលរដ្ឋ។
​របាយការណ៍​បង្ហាញ​ទៀត​ថា ក្នុង​វិស័យ​ទាំង​៨ ដែល​បាន​សិក្សា​នោះ អភិបាលកិច្ច​នៅ​កម្ពុជា មាន​លក្ខណៈ​ទន់​ខ្សោយ ចំណែក​វិស័យ​សេដ្ឋកិច្ច​កម្ពុជា ក៏​មិនសូវ​ល្អ​ប្រសើរ​ដែរ។ ប្រសិនបើ​ប្រៀបធៀប​ទៅ​នឹង​ប្រទេស​ឡាវ ថ្វីត្បិតតែ​សេដ្ឋកិច្ច​ឡាវ មិន​ល្អ​ប្រសើរ​ដូច​កម្ពុជា តែ​អភិបាលកិច្ច​វិស័យ​អប់រំ សន្តិសុខ និង​សុវត្ថិភាព សិទ្ធ​សេរីភាព​ផ្ទាល់​ខ្លួន និង​មូលធន​សង្គម មាន​លក្ខណៈ​ល្អ​ប្រសើរ​ជាង​កម្ពុជា៕
ប្រភពពី វិទ្យុអាស៊ីសេរី