ចាប់ជនល្មោភកាម ចាប់រំលោភក្មេងស្រីអាយុ១៤ឆ្នាំ

12/22/2014 0 Comments A+ a-

កំពង់ឆ្នាំង ៖ យុវជនម្នាក់ ត្រូវបានមន្ត្រីនគរបាល ព្រហ្មទណ្ឌកម្រិតធ្ងន់នៃស្នងការដ្ឋាន នគរបាលខេត្ត ចាប់ឃាត់ខ្លួន កាលពីព្រឹកថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០១៤ តាមពាក្យប្តឹងចោទ ប្រកាន់ពី ឪពុក-ម្តាយ ក្មេងស្រីរងគ្រោះថា បានចាប់រំលោភកូនស្រី គាត់អាយុ១៤ឆ្នាំ បានសម្រេចកាលពីយប់ថ្ងៃទី១៧ ខែធ្នូ នៅចំណុច វិហារចាស់ ស្ថិតក្នុងភូមិកាន់យួរ ឃុំមេលំ ស្រុកបរិបូរណ៍ ខណៈដែលជនសង្ស័យរូបនោះ ជូនក្មេងស្រីរងគ្រោះត្រឡប់មកផ្ទះវិញ ។
មន្រ្តីនគរបាលនៃ ស្នងការដ្ឋាន នគរបាលខេត្ត បានឱ្យដឹងថា ជនសង្ស័យក្នុងការចាប់រំលោភក្មេងស្រី ជាអនីតិជនរូបនោះមាន ឈ្មោះ ហ៊ី សុខចាន់ អាយុ១៨ឆ្នាំ មានទីលំនៅ ភូមិជំទាវបុត្រី ឃុំផ្សារ ស្រុកបរិបូរណ៍ ចំណែកក្មេងស្រីរងគ្រោះមាន អាយុ១៤ឆ្នាំ មានទីលំនៅភូមិជាមួយគ្នា ។
កាលពីថ្ងៃទី១៧ ធ្នូ ឆ្នាំ២០១៤ ក្មេងស្រីរងគ្រោះ បានទៅស៊ីឈ្នួលច្រូតស្រូវអោយ ឈ្មោះ អ៊ិន មន នៅភូមិជាមួយគ្នា ក្នុងពេលនោះដែរឈ្មោះ ហ៊ី សុខចាន់ ក៏ត្រូវបានឈ្មោះអ៊ិន មន ជួលឱ្យទៅបោកស្រូវដែរ ព្រោះឈ្មោះនេះ មានម៉ាស៊ីនបោកស្រូវ ។
លុះដល់ម៉ោងជិត៨យប់ ក្មេងស្រីរងគ្រោះ ត្រូវត្រឡប់មកផ្ទះវិញ ពេលនោះម្ចាស់ស្រែក៏បានឱ្យមនុស្សជូនក្មេងស្រីនោះ មកផ្ទះវិញ ដែលមានគ្នាទាំងអស់៦នាក់ (ប្រុស៣ ស្រី៣) ក្នុងនោះ មានក្មេងស្រីរងគ្រោះដែរ ។ ពេលជូនមកដល់វិហារចាស់ ស្រាប់តែនារី២នាក់ ផ្សេងទៀតបានប្រាប់ថា ភ្លេចកាបូប ហើយក៏បានត្រឡប់មកយកកាបូបវិញ ជាមួយមនុស្សប្រុស២នាក់ទៀតផង ពេលនោះនៅសល់តែក្មេងស្រីរងគ្រោះ និងជនសង្ស័យតែ២នាក់ប៉ុណ្ណោះ ។ 
ពេលឃើញឱកាសស្ងាត់ ជនសង្ស័យឈ្មោះ ហ៊ី សុខចាន់ បានលួងលោមសុំ ស្រឡាញ់នាង តែនាងប្រកែកថា អត់ទេ ព្រោះនាងនៅរៀន ជនសង្ស័យរូបនោះបានចាប់នាងរំលោភរហូតបានសម្រេច ហើយបន្ទាប់មក ជនសង្ស័យបានជូនក្មេងស្រីរងគ្រោះទៅដល់ក្រោយផ្ទះ នាងហើយគេចខ្លួនមកផ្ទះវិញ ។ លុះព្រឹកស្អែកឡើង ក្មេងស្រីរងគ្រោះបានប្រាប់ឪពុកមារបស់ខ្លួន បន្ទាប់មកឪពុកមា របស់នាងក៏បានទូរសព្ទ័ទៅប្រាប់ម្តាយនាង ដែលទៅធ្វើការនៅឯទន្លេ ទើបនៅថ្ងៃទី ១៩ ខែធ្នូ ម្តាយក្មេងស្រីរងគ្រោះបានដាក់ពាក្យប្តឹង ទើបសមត្ថកិច្ចចាប់ឃាត់ខ្លួនជនសង្ស័យនៅព្រឹកថ្ងៃទី២០ ខែធ្នូ នេះតែម្តង ។
ជនសង្ស័យបានសារភាពថា ខ្លួនពិតជាបានចាប់នាងរំលោភពិតប្រាកដមែន ហើយត្រូវបានសមត្ថកិច្ច នគរបាលកសាងសំណុំរឿងបញ្ជូនទៅតុលាការចាត់ការតាមនិតិវិធីច្បាប់ ៕


ផ្ដល់សិទ្ធដោយ៖ ដើមអម្ពិល