អាវុធហត្ថចាប់ខ្លួន ប្តីប្រព័ន្ធ២នាក់ ដែលបន្លំលួចលក់ អចលនទ្រព្យ អ្នកដទៃ

12/27/2014 0 Comments A+ a-


MSP-1024
ភ្នំពេញ៖ កម្លាំងអាវុធហត្ថ រាជធានីភ្នំពេញ នៅវេលាម៉ោងជាង៩ ព្រឹកថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០១៤នេះ បានចុះទៅចាប់ខ្លួន ប្តីប្រពន្ធ២នាក់ នៅក្បែរបុរីពិភពថ្មី រាជធានីភ្នំពេញ ដែលជាប់ពាក់ព័ន្ធ នឹងការលួចលក់ អចលនទ្រព្យ របស់អ្នកដទៃ កាលពី៣ឆ្នាំមុន។
មន្រ្តីអាវុធហត្ថ រាជធានីភ្នំពេញ បានឱ្យដឹងថា ជនជាប់ចោទ ២នាក់ប្តីប្រពន្ធនេះ រួមមានឈ្មោះ ព្រំ អាង អាយុ៦០ឆ្នាំ (ជាប្តី) និង ឈ្មោះ ឆាយ សារឹម អាយុ៥០ឆ្នាំ ។ពួកគេរស់នៅសង្កាត់ភ្នំពេញថ្មី ដែលការចាប់ខ្លួននេះ បានធ្វើឡើងទៅតាមសាលក្រមកំបាំងមុខ និងសាលដីកាបង្គាប់ឱ្យចាប់ខ្លួន របស់សាលាដំបូងរាជធានីភ្នំពេញ ។
សូមជំរាបថា កាលពីថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០១៤ កន្លងទៅ សាលាដំបូងរាជធានីភ្នំពេញ បានចេញសាលក្រមកំបាំងមុខមួយ ដោយតម្រូវឱ្យ ប្តីប្រពន្ធ២នាក់ មានឈ្មោះព្រំ អាង (ប្តី) និង ឆាយ សារឹម (ប្រពន្ធ) រស់នៅសង្កាត់ភ្នំពេញថ្មី សងប្រាក់ជំងឺចិត្ត ទៅជនរងគ្រោះជាដើមបណ្តឹងឈ្មោះ សុង ស្រីណន្នារី ចំនួន៦០លានរៀល ហើយបង្គាប់ឱ្យ សមត្ថកិច្ច តាមចាប់ខ្លួនប្តីប្រពន្ធទាំងពីរនាក់នេះ ផងដែរ ៕

___________________
ផ្តល់សិទ្ធិដោយ៖ Lookingtoday