និស្សឆ្នាំទី២ ផ្នែកគណនេយ្យ ឈ្មោះ លីដា អាយុ ១៨ឆ្នាំត្រូវរថយន្តដឹក ខ្សាច់បុក កិនបាក់ចង្កេះ ធ្លាយពោះវៀន

12/25/2014 0 Comments A+ a-

-ប្រជាពលរដ្ឋនិងសមត្ថកិច្ច ឃាត់ខ្លួនបុរសម្នាក់ ដែលបង្គាប់ ឲ្យអ្នកបើក រថយន្តរត់គេចខ្លួន
ភ្នំពេញ ៖ នារីវ័យក្មេងម្នាក់ បានរងរបួសយ៉ាងធ្ងន់ធ្ងរ ដោយសាររថយន្ត ដឹកដីខ្សាច់មួយ គ្រឿងបើកបុក និងកិនពីលើ ខណៈនារីកំពុងជិះម៉ូតូម៉ាក ស្កុបពី ធ្វើដំណើរតាម បណ្តោយផ្លូវលេខ៣៧១ លុះដល់ចំណុច ច្រកផ្លូវចូល ទៅក្រុមហ៊ុនស៊ីនទ្រី ស្ថិតក្នុងភូមិត្នោតជ្រុំ៤ សង្កាត់បឹងទំពុន ខណ្ឌមានជ័យ  កាលពីវេលា ម៉ោង១ និង ៣០នាទីថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០១៤ ។
សមត្ថកិច្ចបានឲ្យដឹងថា នារីរងគ្រោះ ឈ្មោះ លីដា អាយុ ១៨ឆ្នាំ ស្នាក់នៅសង្កាត់ដង្កោ ខណ្ឌដង្កោ ជានិស្សឆ្នាំទី២ ផ្នែកគណនេយ្យ ។
តាមសេចក្តីរាយការណ៍ ពីកន្លែងកើតហេតុបានឲ្យដឹងថា រថយន្តបង្កហេតុម៉ាក ហ៊ីយ៉ាន់ដាយ ពណ៌បៃតង ឆ្នូតស ពាក់ស្លាកលេខ ភ្នំពេញ 3A-1248 បើកបរដោយបុរសម្នាក់ មិនស្គាល់អត្តសញ្ញាណ និងម៉ូតូរបស់ ជនរងគ្រោះម៉ាក ស្កុបពី ពណ៌សលាយផ្កាឈូក ពាក់ស្លាកលេខ ភ្នំពេញ 1BV-9809 ។
ប្រភពដដែលបានបន្តថា មុនពេលកើតហេតុ គេបានសង្កេតឃើញ នារីរងគ្រោះ បានជិះម៉ូតូម្នាក់ឯង ក្នុង ទិសដៅពីត្បូងទៅជើង តាមផ្លូវបេតុង (ផ្លូវទៅក្រុមហ៊ុនស៊ីនទ្រី)  ខណៈជិះមកដល់ចំណុចខាងលើ ស្រាប់តែម៉ូតូរងគ្រោះគេចពីម៉ូតូ មួយគ្រឿងទៀត ហើយជាន់ហ្រ្ចាំង បណ្តាលឲ្យរអិល កង់ដួល ខ្ទាតចូល កណ្តាលថ្នល់ ស្របពេលនោះ រថយន្តបង្ក ធ្វើដំណើរតាមលេខ៣៧១ ក្ន្ងទិសដៅពីលិចទៅកើត មកដល់ ចំណុច កើតហេតុ បានបើកបត់ស្តាំ ចុះពីផ្លូវលេខ៣៧១ ចូលច្រកផ្លូវបេតុង ទៅ ក៏កិនពីលើតែម្តង ។ ភ្លាមៗនោះ រថយន្តរួមទាំងអ្នកបើកបរ តហរូវបានប្រជាពលរដ្ឋ ឃាត់បាន ប៉ុន្តែមួយសន្ទុះ ក្រោយមក ស្រាប់តែមាន តំណាងក្រុមហ៊ុនដឹកខ្សាច់ បានមកដោះស្រាយ ហើយបានបើកទ្វាររថយន្តបង្ក និងបង្គាប់ ឲ្យអ្នកបើកបរលោតចុះពីលើរថយន្ត រត់គេចខ្លួនបាត់ស្រមោល ។
សេចក្តីរាយការណ៍ នៅកន្លែងកើតហេតុ បានបន្តថា ដោយឃើញដូច្នេះ សមត្ថកិច្ច និងប្រជាពលរដ្ឋ ក៏បានចាប់ខ្លួនតំណាងក្រុមហ៊ុនដឹកខ្សាច់ ដែលបង្គាប់អោយ អ្នកបើកបរថយន្តបង្ករត់គេចខ្លួននោះ ជាជំនួសវិញ ដើម្បីដោះស្រាយបន្ត ។
បន្ទាប់ពីកើតហេតុសមត្ថកិច្ចមូលដ្ឋាន សហការជាមួយនគរបាល ចរាចរខណ្ឌមានជ័យ ចុះអន្តរាគមន៍វាស់វែងនាំយករថយន្តបង្កហេតុ និងម៉ូតូរបស់ជនរងគ្រោះទៅរក្សាទុក នៅអធិការដ្ឋាននគរបាលខណ្ឌមាន ជ័យ ដើម្បីដោះស្រាយទៅតាមផ្លូវច្បាប់ ចំណែកឯនារីរងរបួសត្រូវ បញ្ជូនទៅព្យាបាល នៅមន្ទីរពេទ្យបង្អែកមានជ័យ ដោយស្ថានភាពរបួសធ្ងន់ធ្ងរ ក៏បានដឹកបញ្ជូនទៅសង្គ្រោះ ឯមន្ទីរពេទ្យកាល់ម៉ែត ៕
ផ្ដល់សិទ្ធដោយ៖ ដើមអម្ពិល