ស្ត្រីអាជីវករ ដូរលុយ លក់មាស ត្រូវជនសង្ស័យ ៤នាក់ បន្លំលួចលុយ អស់ជាច្រើន នៅកៀនស្វាយ

12/27/2014 0 Comments A+ a-

កណ្តាល : ស្ត្រីអាជីវករលក់មាស ដូរលុយម្នាក់ត្រូវចោរប្រុស-ស្រី មានគ្នាប្រមាណ ៤នាក់ ខ្លះចូលទិញកាតទូរស័ព្ទ ខ្លះ ដូរលុយ ហើយម្នាក់បន្លំខ្លួន ចូលទៅក្នុងផ្ទះប្រមូលលុយ ពីក្នុងថតតុអស់ជាច្រើនលានរៀល ។
ករណីក្រុមជនសង្ស័យ បន្លំលួចលុយនេះ កើតឡើង នៅម៉ោង ១១និង១៥នាទី ថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០១៤ ស្ថិតក្នុងផ្ទះ ជនរងគ្រោះ នៅផ្សារព្រែកថ្មី ភូមិកំពង់ស្វាយ២ ឃុំកំពង់ស្វាយ ស្រុកកៀនស្វាយ ខេត្តកណ្ដាល  ។
លោក ប៉ា សំអិត អធិការស្រុកកៀនស្វាយ បានឲ្យដឹងថា ជនរងគ្រោះឈ្មោះ លន គឹមសៀន ភេទស្រី អាយុ៤៩ ឆ្នាំ ជនជាតិខ្មែរ មានមុខរបរ លក់មាស ដូរលុយ មានទីលំនៅភូមិកំពង់ស្វាយ២ ឃុំកំពង់ស្វាយ ស្រុកកៀនស្វាយ ខេត្ត កណ្ដាល ។
លោកអធិការបន្តថា បើតាមប្រជាពលរដ្ន ដែលឃើញហេតុការណ៍នេះ បានរៀបរាប់ថា ជនសង្ស័យមិនស្គាល់មុខ មាន គ្នា៤នាក់ ស្រីម្នាក់មានអាយុចាប់ពី២៤ឆ្នាំឡើងទៅ ជិះម៉ូតូចំនួនពីរគ្រឿង ម៉ាកសេ ១២៥ ពណ៌ខ្មៅ មានមួយគ្រឿង ពាក់ស្លាកលេខ 1222  ។
សេចក្តីរាយការណ៍បញ្ជាក់ថា នៅថ្ងៃខែឆ្នាំ និងពេលម៉ោងកើតហេតុខាងលើ ជនរងគ្រោះ នៅលក់ដូរក្នុងផ្ទះតែម្នាក់ឯង ស្របពេលនោះ ជនសង្ស័យម្នាក់ បានមកឈប់ម៉ូតូខាងមុខផ្ទះ ហើយស្រែករកទិញកាតទូរស័ព្ទ ហើយឲ្យជនរងគ្រោះ យកកាត និងយកលុយឲ្យថ្លៃកាត និងជនសង្ស័យ ២នាក់ទៀត មានស្រីម្នាក់ បានឈតថ្លៃទិញសាច់ឆ្កែជិតនោះ ដើម្បី បាំងមុខមិនឲ្យអ្នកលក់សាច់ឆ្កែមើលឃើញ ជាការទុកឱកាសឲ្យជនសង្ស័យម្នាក់ទៀតដើរសសៀរៗ ក្បែរមាត់ទ្វារផ្ទះ ពីក្រោយខ្នង ជនរងគ្រោះ ចូលក្នុងផ្ទះបើកថតតុដាក់បា្រក់ និងមាស យកលុយរៀលអស់ចំនួន ១០លានរៀល និង ប្រាក់ដុល្លារ មាសមួយចំនួនទៀត ។
ក្រោយពីធ្វើសកម្មភាពលួចរួច ក្រុមជនសង្ស័យបាននាំគ្នា ជិះម៉ូតូឌុបគ្នាឡើងទៅច្បារអំពៅ ភ្នំពេញបាត់ទៅ ដោយ សុវត្ថិភាព  ។ មួយសន្ទុះក្រោយមក ទើបជនរងគ្រោះដឹងថា មានក្រុមជនសង្ស័យទាំងនេះ បន្លំលួចយកលុយនិងមាស ពីក្នុងថតតុដាក់លុយ ហើយក៏ស្រែកឆោឡោ ផ្អើលដល់សមត្ថកិច្ច ចុះមកសួរនាំ និងកំណត់មុខសញ្ញា ក្រុមជនសង្ស័យ ដើម្បីស្រាវជ្រាវតាមចាប់យកមកផ្តន្ទាទោសតាមច្បាប់ ៕
______________
ផ្តល់សិទ្ទិដោយ៖dap-news