អាជ្ញាធរ​អប្សរា​ប្រតិកម្ម​តប​នឹង​ការ​រិះគន់​របស់​លោក សុន ឆ័យ

12/30/2014 0 Comments A+ a-

image (1)អាជ្ញាធរ​អប្សរា​ដែល​ជា​ស្ថាប័ន​ថែរក្សា​ការពារ​ប្រាសាទ​បុរាណ​ក្នុង​ខេត្ត​សៀមរាប បាន​សរសេរ​ជា​លាយលក្ខណ៍អក្សរ​ប្រតិកម្ម​នឹង​ការ​រិះគន់​របស់​លោក សុន ឆ័យ ថា​កំពុង​ភូត​កុហក​សាធារណជន​ជុំវិញ​រឿង​ប្រាក់​ចំណូល​ដែល​បាន​ពី​ការ​លក់​សំបុត្រ​ឱ្យ​បរទេស​ចូល​ទស្សនា​អង្គរវត្ត។
ប្រតិកម្ម​នេះ​ធ្វើ​ឡើង​បន្ទាប់​ពី​គណៈកម្មការ​សេដ្ឋកិច្ច ហិរញ្ញវត្ថុ ធនាគារ និង​សវនកម្ម​នៃ​រដ្ឋសភា បាន​ចុះ​ស្រាវជ្រាវ​អំពី​ចំណូល​ទេសចរណ៍ ហើយ​សមាជិក​សភា​ពី​គណបក្ស​ប្រឆាំង​អះអាង​ថា គេ​បាន​រក​ឃើញ​ភាព​មិន​ប្រក្រតី​ជុំវិញ​ការ​កេង​បន្លំ​ប្រាក់​ចំណូល​ជាតិ​ដែល​បាន​ពី​ការ​លក់​សំបុត្រ​ឱ្យ​បរទេស​ចូល​ទស្សនា​អង្គរវត្ត និង​ការ​ជួល​ដី​ជា​ច្រើន​ហិកតារ​ផ្សេង​ទៀត។
ប្រមុខ​អាជ្ញាធរ​អប្សរា​ចោទ​ប្រកាន់​លោក សុន ឆ័យ ជា​អ្នកតំណាងរាស្ត្រ​នៃ​គណបក្ស​សង្គ្រោះ​ជាតិ និង​ជា​អនុ​ប្រធាន​គណៈកម្មការ​សេដ្ឋកិច្ច ហិរញ្ញវត្ថុ ធនាគារ និង​សវនកម្ម​នៃ​រដ្ឋសភា​ថា កំពុង​កេង​យក​ចំណេញ​នយោបាយ ដោយ​និយាយ​បំផ្លើស និង​មួលបង្កាច់​អាជ្ញាធរ​ជាតិ ក៏​ដូចជា​រដ្ឋាភិបាល​ខុស​ពី​ការ​ពិត។
មន្ត្រី​នៃ​ស្ថាប័ន​នេះ ប្រតិកម្ម​ថា អ្វី​ដែល​លោក សុន ឆ័យ អះអាង​ជុំវិញ​រឿង​អាជ្ញាធរ​អប្សរា​លាក់បាំង​ព័ត៌មាន​ធ្វើ​ឱ្យ​បាត់​ចំណូល​ជាតិ​រាប់​លាន​ដុល្លារ​ដែល​បាន​ពី​ការ​លក់​សំបុត្រ​ចូល​ទស្សនា​អង្គរវត្ត និង​ការ​ជួល​ដី​ក្នុង​បុរី​វប្បធម៌​ទេសចរណ៍​នោះ គឺ​ជា​រឿង​មិន​ពិត។
អគ្គនាយក​អាជ្ញាធរ​អប្សរា គឺ​លោក ប៊ុន ណារិទ្ធ។ លោក​មាន​ប្រសាសន៍​កាល​ពី​រសៀល​ថ្ងៃ​ច័ន្ទ ទី​២៩ ខែ​ធ្នូ ថា ក្នុង​ពេល​ដែល​គណៈកម្មការ​សេដ្ឋកិច្ច ហិរញ្ញវត្ថុ ធនាគារ និង​សវនកម្ម​នៃ​រដ្ឋសភា ៩​រូប ជួប​ប្រជុំ​ជាមួយ​អាជ្ញាធរ​អប្សរា​កាល​ពី​ថ្ងៃ​ទី​២២ ខែ​ធ្នូ កន្លង​ទៅ គឺ​លោក សុន ឆ័យ ដែល​ជា​អនុប្រធាន​គណៈកម្មការ​នេះ មិន​មាន​ឯកសារ​នៅ​ក្នុង​ដៃ​ជា​ភស្តុតាង​ដែល​អាច​សំអាង​អំពី​តួលេខ​នៃ​ទេសចរណ៍​បរទេស​មក​ទស្សនា​អង្គរ​ទេ ហេតុ​អ្វី​បានជា​លោក​ហ៊ាន​អះអាង​ថា ចំណូល​ដែល​បាន​ពី​ការ​លក់​សំបុត្រ​ឱ្យ​អ្នក​ទេសចរ​បរទេស​ចូល​ទស្សនា​អង្គរវត្ត ១៥០​លាន​ដុល្លារ​អាមេរិក ក្នុង​១​ឆ្នាំៗ​ទៅ​វិញ?
លោក ប៊ុន ណារិទ្ធ បញ្ជាក់​ទៀត​ថា នៅ​ពេល​ជួប​ប្រជុំ​គឺ​លោក សុន ឆ័យ បាន​សុំ​ឯកសារ​ចំនួន​អ្នក​ទេសចរ​បរទេស​ដែល​ចូល​ទស្សនា​អង្គរ​រយៈពេល ១០​ខែ​ឆ្នាំ​២០១៤ ចំនួន​ជាង ១.៦​លាន​នាក់ និង​អាច​ទទួល​បាន​ចំណូល​ជាង ៤៧​លាន​ដុល្លារ​ប៉ុណ្ណោះ ប៉ុន្តែ​ហេតុ​អ្វី​ក៏​យក​ទៅ​គុណ​ឃើញ​ចំណូល​ខុស​ពី​តួលេខ​របស់​រដ្ឋ៖«គាត់​ទទួល​ឯកសារ​ពី​ខ្ញុំ​ទៅ គាត់​ថា បាន​ឯកសារ​បាន​ទិន្នន័យ​ល្អ​ហើយ​ចាំ​គាត់​យក​ទៅ​ពិចារណា​រួច​ចប់​ទៅ​ស្រាប់តែ​ឭ​សូរ​មាន​ប្រសាសន៍​តាម​វិទ្យុ តាម​ទូរទស្សន៍​អ៊ីចឹង។ ខ្ញុំ​ក៏​ឆ្លើយ​តាម​របៀប​ហ្នឹង​សិន​កុំ​ឱ្យ​មតិ​មហាជន​អាច​យល់​ច្រឡំ»
កាល​ពី​ថ្ងៃ​ទី​២៥ ខែ​ធ្នូ កន្លង​ទៅ អាជ្ញាធរ​អប្សរា​បាន​សរសេរ​សេចក្ដី​បំភ្លឺ​មួយ​ដោយ​វាយ​ប្រហារ​លោក សុន ឆ័យ ថា បាន​និយាយ​បំផ្លើស មួលបង្កាច់ បំភាន់​មតិ​សាធារណជន​ជាតិ និង​អន្តរជាតិ ឱ្យ​យល់​ច្រឡំ​ទៅ​លើ​ស្ថាប័ន​អប្សរា និង​រដ្ឋាភិបាល ថា​ជា​អ្នក​ដែល​ធ្វើ​ឱ្យ​បាត់បង់​ចំណូល​ជាតិ។ អាជ្ញាធរ​អប្សរា​វាយ​ប្រហារ​ទៀត​ថា អ្វី​ដែល​លោក សុន ឆ័យ ធ្វើ​គឺ​គ្រាន់តែ​ជា​គំនុំ​សង​សឹក​ផ្ទាល់ខ្លួន ដោយសារ​រូប​គាត់​ត្រូវ​បាន​អាជ្ញាធរ​អប្សរា​ធ្លាប់​រឹប​អូស​យក​ដី​ទំហំ ៣​ហិកតារ និង​ក៏​ជា​ការ​កេង​ចំណេញ​ផ្នែក​នយោបាយ​ដែរ។
ទោះ​យ៉ាង​ណា វិទ្យុ​អាស៊ីសេរី មិន​អាច​ទាក់ទង​លោក សុន ឆ័យ ដើម្បី​សុំ​ការ​ឆ្លើយ​តប​ជុំវិញ​រឿង​នេះ​បាន​ថា​យ៉ាង​ណា​នៅ​ឡើយ។ ក៏ប៉ុន្តែ​នៅ​មុន​ពេល​ដែល​ជួប​ប្រជុំ​ជាមួយ​អាជ្ញាធរ​អប្សរា ១​ថ្ងៃ លោក សុន ឆ័យ ធ្លាប់​បញ្ជាក់​ជំហរ​ថា លោក​នឹង​ធ្វើ​ការងារ​ដែល​ពាក់ព័ន្ធ​នឹង​ផលប្រយោជន៍​ជាតិ គឺ​មិន​គិត​ពី​រឿង​ផ្ទាល់​ខ្លួន​ទេ៖ «ជា​គោលការណ៍​ខ្ញុំ​អត់​មានបំណង​យក​តួនាទី​ទៅ​គិត​ពី​រឿង​ផ្ទាល់​ខ្លួន​ទេ ខ្ញុំ​មាន​បញ្ហា​ជាមួយ​អាជ្ញាធរ​អប្សរា​មែន ប៉ុន្តែ​ខ្ញុំ​គិត​រឿង​ប្រយោជន៍​ពលរដ្ឋ​ទូទៅ»
​អាជ្ញាធរ​អប្សរា​បញ្ជាក់​ថា ក្រៅ​តែ​ពី​ការ​សរសេរ​លិខិត​ប្រតិកម្ម​ឆ្លើយ​តប​លោក សុន ឆ័យ ពេល​នេះ គេ​នៅ​មិន​ប្រាកដ​ថា តើ​គេ​ត្រូវ​មាន​វិធានការ​ប្រឆាំង​នឹង​លោក សុន ឆ័យ ដែល​បន្តុះបង្អាប់​រដ្ឋាភិបាល​ខុស​ពី​ការ​ពិត​នោះ​ដែរ ឬ​ក៏​យ៉ាងណា​ទៀត​ទេ៕
ប្រភពពី វិទ្យុអាស៊ីសេរី