យន្តហោះ​ពីរ​គ្រឿង​ទៀត​របស់ AirAsia ជួប​បញ្ហា​ម្សិល​មិញ

12/31/2014 0 Comments A+ a-

បន្ទាប់​ពី​បាត់​ជើង​ហោះហើរ QZ8501 របស់​ក្រុមហ៊ុន AirAsia ដែល​ទើប​រក​ឃើញ​កាល​ពី​រសៀល​ម្សិល​មិញ យន្តហោះ​ពីរ​គ្រឿង​ទៀត​របស់​ក្រុមហ៊ុន​អាកាសចរណ៍​ដដែល​នេះ ក៏​ជួប​បញ្ហា​ដូច​គ្នា នៅ​ប្រទេស​ថៃ និង​ហ្វីលីពីន។

១. ជើង​ហោះ​ហើរ FD3254 (នៅ​ប្រទេស​ថៃ)

1

ជើង​ហោះហើរ FD3254 ដែល​កំពុង​ហោះ​ចេញ​ពី​អាកាសយានដ្ឋាន​អន្តរជាតិ ដនមឿង (Don Mueang International Airport) ឆ្ពោះ​ទៅ​ក្រុង ខុន​ខេន (Khon Kaen) ប្រទេស​ថៃ បាន​ជួប​បញ្ហា​មិន​ប្រក្រតី ដែល​តម្រូវ​ឲ្យ​អាកាសយានិក បង្ខំ​ចិត្ត​បក​ក្បាល​ត្រលប់​ក្រោយ​វិញ​ជា​បន្ទាន់។

អ្នក​នាំ​ពាក្យ​ក្រុមហ៊ុន AirAsia នៅ​ថៃ បាន​និយាយ​ថា បន្ទាប់​ពី​ហោះហើរ​ចេញ​ពី​អាកាសយានដ្ឋាន​ដនមឿង អ្នក​បញ្ជា​យន្តហោះ​ជើង​ហោះ​ហើរ FD3254 ​បាន​លឺ​សំឡេង​មិន​ស្រួល​ចេញ​ពី​កន្លែង​ដាក់​ឥវ៉ាន់។ ដើម្បី​ការពារ​សុវត្ថិភាព អាកាសយានិក​ក៏​បញ្ជា​យន្តហោះ​នោះ​ត្រឡប់​ទៅ​ក្រោយ​វិញ​ភ្លាមៗ និង​ធ្វើការ​ចុះចត​ដោយ​សុវត្ថិភាព​នៅ​អាកាសយានដ្ឋាន​អន្តរជាតិ​ដនមឿង។ ​​​

២. ជើង​ហោះហើរ Z2272 (នៅ​ប្រទេស​ហ្វីលីពីន)

2

នៅ​ប្រទេស​ហ្វីលីពីន ជើង​ហោះ​ហើរ Z2272 ដែល​កំពុង​ដឹក​ដំណើរ និង​ក្រុមការងារ​​សរុប ១៥៩​នាក់ ​ហោះ​ចេញ​ពី​ក្រុង​ម៉ានីល បាន​រត់​ខុស​ផ្លូវ​ពេល​ចុះ​ចត​នៅ​​អាកាស​យានដ្ឋាន​ក្រុង Kalibo។ ភ្លាម​ៗ​នោះ អ្នក​ដំណើរ​ទាំង​អស់​ត្រូវ​គេ​ជម្លៀស​ចេញ​ពី​យន្តហោះ តាម​ច្រក​សុវត្ថិភាព។

ហេតុការណ៍​អាក្រក់​នេះ កើត​ឡើង​ដោយសារ​ការ​ចុះ​ចត ចំ​ពេល​អាកាសធាតុ​មិន​អំណោយ​ផល។ អ្នក​នាំ​ពាក្យ​របស់​មន្ត្រី​ប៉ូលិស​ហ្វីលីពីន លោក Nida Gregas បាន​ប្រាប់​ទីភ្នាក់ងារ​ព័ត៌មាន AFP ថា ហេតុការណ៍​នេះ មិន​បណ្ដាល​ឲ្យ​អ្នក​ដំណើរ​ណា​ម្នាក់​រង​របួស​ទេ៕
ដោយ៖ គង់ វិសាល
ប្រភព៖ todayonline,  channelnewsasia